ពិព័រណ៍សិល្បៈស្តីពីជំនាញនិងសមិទ្ធិផលស្នាដៃសំរិទ្ធិខ្មែរនឹងត្រូវដាក់តាំងបង្ហាញជាលក្ខណៈ អន្តរជាតិលើកដំបូងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៥ ខែឧសភាខាងមុខនេះ រហូតដល់ថ្ងៃទី ២៣ ខែមករាឆ្នាំ២០១១។
ពិព័រណ៍ដែលមានរយៈពេលជាង៨ខែនេះនឹងរៀបចំនៅសារៈមន្ទី Arthur M. Sackler ហើយនឹងដាក់តាំងបង្ហាញរូបចម្លាក់និងវត្ថុសិល្បៈ បង្កើតឡើងតាំងពីសម័យបុរេប្រវត្តិរហូតដល់ក្នុងយុគសម័យអង្គរដែលមានអាយុកាលប្រមាណជា១៦០០ឆ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សារៈមន្ទី Arthur M. Sackler ឱ្យដឹងថា ពិព័រណ៍នេះត្រូវបានគេដាក់ឈ្មោះថា “ព្រះអាទិទេពអង្គរ គ្រឿងសំរឹទ្ធមកពី សារៈមន្ទីរជាតិកម្ពុជា” ហើយមានវត្ថុសិល្បៈចំនួន៣៦ដុំ ដែលជាស្នារដៃជម្រើសល្អបំផុតយកមកពីសារៈមន្ទីជាតិកម្ពុជានឹងត្រូវដាក់បង្ហាញឱ្យភ្ញៀវចូលទស្សនា។
លោកស្រី Louise Allison Cort សមាជិកក្រុមរៀបចំនិងស្រាវជ្រាវ បាននិយាយថា ៖
“ពិព័រណ៍នេះបង្ហាញនូវស្នាដៃដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ជាងចម្លាក់សំរឹទ្ធខ្មែរ។ រូបចម្លាក់សំរឹទ្ធទាំងនេះគឺជាការបង្ហាញដ៏ល្អឥតខ្ចោះនូវវត្ថុសិល្បៈតាមបែបសាសនារបស់ខ្មែរ"។
គ្រឿងចម្លាក់ដែលយកមកដាក់តាំងមានដូចជា កោដ និង កណ្តឹង ដែលជាវត្ថុមានតម្លៃខ្ពស់និងពិបាករកបានដែលមានតាំងពីសម័យអង្គរ រូបចម្លាក់ព្រះអង្គសំរឹទ្ធដែលទើបជីកបានក្នុងឆ្នាំ២០០៦ និង រូបចម្លាក់បែបសាសនាហិណ្ឌូនិងព្រះពុទ្ធសាសនា។
ពិព័រណ៍នេះកើតឡើងពីកិច្ចសហការរវាងសារៈមន្ទីFreer និង Sackler ជាមួយនឹងសារៈមន្ទីជាតិកម្ពុជា ដើម្បី បង្កើតកម្មវិធី អភិរក្សនៅឯសារៈមន្ទីជាតិ ស្វែងរកការអភិវឌ្ឍចម្បងៗក្នុងផ្នែកចម្លាក់សំរិទ្ធិ ក៏ដូចជាការអភិវឌ្ឍវប្បធម៌និងសាសនា ដែលបានរួមបញ្ចូលគ្នាក្នុងយុគសម័យអង្គរ ឱ្យក្លាយទៅ ជាទម្រង់ក្បាច់ចម្លាក់សំរិទ្ធិ និងគ្រឿង សម្អិត សម្អាង របស់ខ្មែរមួយដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែមេសាកន្លងមកនេះ។
ពិព័រណ៍នេះនឹងត្រូវបន្តយកទៅដាក់តាំងបង្ហាញនៅសារៈមន្ទី J. Paul Getty ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា នៅខែកុម្ភៈ ឆ្នាំ២០១១ ផងដែរ។