អ្នកស្រីនុច សារីតា ប្រែសម្រួលសេចក្តីរាយការណ៍ពិសេសអំពីកសិកម្មនេះ៖
ថ្ងៃនេះយើងខ្ញុំនឹងណែនាំលោកអ្នកអំពីរបៀបដាំមើមការ៉ុត។ មើមការ៉ុតងាយស្រួលនឹងដាំដុះនិងងាយនឹងប្រមូលផល។ ការ៉ុតមានរសជាតិឆ្ងាញ់ ហើយមើមការ៉ុតមានជាតិ Carotene ច្រើន ដែលរាងកាយមនុស្សយើងចម្រាញ់ទៅជា Vitamine A ។ Caroteneគឺជាសារជាតិពណ៌លឿងទុំក្នុងបន្លែមានដូចជាការ៉ុត ល្ពៅ ដំឡូងពណ៌លឿង ម្ទេស ក្រហមជាដើម ដែលមានប្រយោជន៍ជួយឲ្យភ្លឺភ្នែក និងកាត់បន្ថយគ្រោះថ្នាក់មហារីកសួត។
នៅពេលមនុស្សគិតពីមើមការ៉ុត គេតែងមានអារម្មណ៍នឹកទៅដល់រូបភាពបន្លែដែលមានរាងវែង ស្តើងនិងពណ៌លឿងទុំ។ ក៏ប៉ុន្តែមើមការ៉ុតមានខ្នាតនិងសណ្ឋានខុសៗគ្នា ហើយមិនមែនគ្រប់មើមការ៉ុតទាំងអស់មានពណ៌លឿងទុំទេ។
ឧទាហរណ៍ មើមការ៉ុតនៃទីផ្សារក្រុងប៉ារីសមានទំហំខ្លួនប្រមាណ៥សង់ទីម៉ែត្រ។ ពួកមើមការ៉ុតឈ្មោះ Imperator មានរាងស្តើងនិងមានប្រវែងប្រមាណ២៥សង់ទីម៉ែត្រ។ ចំណែកមើមការ៉ុតពណ៌សរបស់ Belgique វិញ មានពណ៌សដូចឈ្មោះដែលហៅ។
ដើម្បីលទ្ធផលល្អ មើមការ៉ុតគួរដាំក្នុងដីខ្សាច់ដែលមិនបៀមទឹកយូរ។ ដីដែលដាំនោះក៏មិនត្រូវមានដុំថ្មដែរ។
ដើម្បីរៀបចំសួនដាំមើមការ៉ុត លោកអ្នកត្រូវជីកគាស់ដីនិងត្រឡប់ដីឲ្យធូរ។ បន្ទាប់មក ច្របល់ដីជាមួយនឹងកម្ទេចឈើឬជីរធម្មជាតិធ្វើពីលាមកសត្វ។
ធាតុអាកាស ស្ថានភាពនិងអាយុដីនឹងមានឥទ្ធិពលដល់រសជាតិមើមការ៉ុត។ ក្រុមអ្នកជំនាញការនិយាយថា ថ្ងៃក្តៅ យប់ត្រជាក់ និងសីតុណ្ហភាពដីមធ្យម ជាស្ថានភាព ប្រសើរបំផុតសម្រាប់ការដាំមើមការ៉ុតឲ្យមានរសជាតិឆ្ងាញ់។
មើមការ៉ុតត្រូវការពេលដើម្បីធ្វើឲ្យលូតលាស់រសជាតិស្កររពេញលេញ។ ជាតិស្ករនេះផ្តល់រស់ជាតិមើមការ៉ុតឲ្យផ្អែមឆ្ងាញ់។ បើប្រមូលផលឆាប់ពេក មើមការ៉ុតនឹងមិនមាន ជាតិស្ករគ្រប់គ្រាន់ទេ។ ក៏ប៉ុន្តែមើមការ៉ុតអស់រសជាតិផ្អែម ប្រសិនបើទុកវាយូរពេក ក្រដកចេញពីដី។
វិធីប្រសើរបំផុតដើម្បីស្មានថា មើមការ៉ុតដល់ពេលដកហើយឬនៅនោះគឺគេមើល ពណ៌របស់វា ជាធម្មតា បើមើមការ៉ុតមានពណ៌កាន់តែភ្លឺថ្លា ការ៉ុតនោះកាន់តែឆ្ងាញ់។
មនុស្សជាច្រើនមិនដឹងថា មើមការ៉ុតអាចដាំដុះបាននៅក្នុងខែនៃរដូវរងារទេ។ ប្រសិនបើសិសិររដូវមិនត្រជាក់គ្រប់គ្រាន់រហូតដល់កកដីទេនោះ នោះលោកអ្នកអាចដាំ និងប្រមូលផលមើមការ៉ុតតាមវិធីដូចគ្នានឹងនៅក្នុងរដូវក្តៅដែរ។
ប្រសិនបើដីត្រជាក់នៅក្នុងតំបន់លោកអ្នកជាការងាយស្រួល លោកអ្នកគ្រប ចម្ការការ៉ុតដោយស្លឹកឈើ ឬចំបើងឲ្យបានស្រទាប់ក្រាស់។ ធ្វើដូចនេះអាចការពារដីកុំឲ្យកកបាន។ លោកអ្នកអាចដកយកគម្របស្លឹកឈើ ឬចំបើងចេញបាន ហើយប្រមូល ភោគផលខណៈដែលជាការចាំបាច់ត្រូវប្រមូល។
មើមការ៉ុតជាបន្លែដ៏មានប្រជាប្រីយ៍បំផុតមួយរបស់ពិភពលោក។ ការ៉ុតអាចចម្អិន និងធ្វើម្ហូបបានច្រើនមុខ ឬ បើបានលាងឲ្យស្អាត មើមការ៉ុតនេះអាចទទួលបានភ្លាមៗពេលទើបដកចេញពីដី៕