មានការផ្ទុះគ្រាប់មីនធំមួយនៅក្នុងខេត្តប៉ៃលិន កាលពីថ្ងៃសៅរ៍ ហើយបានបណ្ដាលឲ្យមាន ជនរងគ្រោះសរុបចំនួន១២នាក់។ ភាគច្រើននៃជនរងគ្រោះគឺជាស្រ្ដី។
លោក គង់ សុឋានរិទ្ធ សូមជូនព័ត៌មាននេះពីទីក្រុងភ្នំពេញ
អ្នកភូមិចំនួនបីនាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងមនុស្សចំនួន៩នាក់ផ្សេងទៀតបានរង របួស នៅក្នុងការផ្ទុះមីនតោនមួយកាលពីរសៀលថ្ងៃសៅរ៍នៅក្នុងខេត្តប៉ៃលិន។ ភាគច្រើននៃជនរងគ្រោះគឺជាស្រ្ដី នេះបើយោងតាមប្រភពពីមន្ដ្រីប៉ូលិសខេត្ត។
គ្រោះថ្នាក់នេះបានកើតឡើង នៅវេលាប្រមាណជាម៉ោង៣:៣០នាទីរសៀល ខណៈដែលជនរងគ្រោះទាំងនេះ កំពុងជិះរថយន្ដច្នៃមួយគ្រឿងរួមគ្នាឆ្ពោះទៅធ្វើស្រែចម្ការរបស់ពួកគេ នៅតាមផ្លូវដីមួយ។ ហើយនៅពេលដែលអ្នកភូមិទាំងនេះធ្វើដំណើរទៅដល់ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលស្ថិតនៅចម្ងាយជាង៣០គម ប៉ែកឦសាន ពីទីរួមក្រុងប៉ៃលិន រថយន្ដច្នៃនោះ បានកិនលើគ្រាប់មីនដែលកប់នៅក្នុងដី ហើយបានផ្ទុះឡើងភ្លាមមួយរំពេច។
លោក អ៊ុន សេរីរ័ត្ន ស្នងការរងខេត្តប៉ៃលិន បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា គ្រាប់មីននេះ គឺជាគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្រ្គាម។
“មីននៅសល់ពីសម័យសង្គ្រាម។ វានៅសល់តាមផ្លូវហ្នឹង ហើយដោយផ្អែកតាមរដូវវស្សាដីវាផុង វាភ្លៀង វាជ្រាយ អាចទៅប៉ះអញ្ចឹង។ សរុបទៅស្លាប់បី ប្រុសម្នាក់ ស្រី២។ របួស៩នាក់ ស្រី៧ ប្រុស២។ សុទ្ធតែអ្នកទៅបង្កបង្កើនផល ដូចជាដាំដំឡូង ពោត ជាដើម"។
មន្ដ្រីប៉ូលិសដដែលបញ្ជាក់ថា អ្នករបួសទាំង៩នាក់កំពុងតែសម្រាកព្យាបាលនៅក្នុងពេទ្យខេត្ត ក្នុងនោះ អ្នករបួសចំនួន៤នាក់មានសភាពធ្ងន់ធ្ងរជាងគេ។
ខេត្តប៉ៃលិន ដែលមានប្រជាពលរដ្ឋរស់នៅសរុបប្រមាណជា៥០ម៉ឺននាក់ គឺជាខេត្តដែលប្រជាពលរដ្ឋទទួលរងគ្រោះច្រើនជាងគេ លំដាប់លេខ៣បន្ទាប់ពីខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងឧត្ដរមានជ័យ។ ខេត្តនេះបានបញ្ចប់សង្រ្គាមប្រទាញប្រទង់រវាងខ្មែរនិងខ្មែរដូចគ្នានៅឆ្នាំ១៩៩៦ នៅពេលដែលពួកខ្មែរក្រហមបានចុះចូលជាមួយរដ្ឋាភិបាលទាំងស្រុង។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់បានឲ្យដឹងថា មានប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនរងគ្រោះដោយសារគ្រាប់មីនជាមធ្យមប្រចាំឆ្នាំ ចំនួន៤៤ ករណីនៅក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ។
“២ឆ្នាំកន្លងមកនេះ។ ២០០៨-២០០៩ នេះ មានប្រមាណ៤៤ករណី កម្រិតអ្នកស្លាប់ គឺប្រមាណជា២០% គឺស្លាប់ "។
បន្ទាប់ពីឆ្លងផុតសង្រ្គាមស៊ីវិលអស់រយៈពេលបីទសវត្សមក ប្រទេសកម្ពុជាបានគ្រប ដណ្ដប់ទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះស្ទើរគ្រប់ខេត្តទាំងអស់។ ហើយប្រទេសនេះ បានសន្យាជាមួយសហគមន៍ផ្ដល់ជំនួយថា នឹងបោសសម្អាតយុទ្ធភ័ណ្ឌដ៏គ្រោះថ្នាក់ទាំងនេះឲ្យអស់ នៅក្នុងរង្វង់១០ឆ្នាំទៀត៕