ប្រាក់ចំណូលជាតិនៅតាមច្រកព្រំដែនអន្តរជាតិជាប់ជាមួយប្រទេសថៃ ឡាវ និងវៀតណាម នៅតែមានការបាត់បង់នៅក្នុងអំពើពុករលួយ។
តំណាងរាស្ត្រគណបក្សគ្រប់គ្រងអំណាចលោក ជាម យៀប បានសរសេរបណ្តឹងតវ៉ា ជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីចំនួនមន្ត្រីបំពេញការងារចម្រុះច្រើនជ្រុលពេក នៅតាម ច្រកព្រំដែនអន្តរជាតិដែលអាចធ្វើឱ្យបាត់បង់ប្រាក់ចំណូលជាតិទៅក្នុងអំពើពុករលួយ។
ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីលោកបានចុះទៅត្រួតពិនិត្យនៅតាមច្រកព្រំដែន អន្តរជាតិមួយចំនួន ដូចជាច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ច្រកព្រំដែនអន្តរជាតិនៅអូរស្វាយខេត្តស្ទឹងត្រែង និងច្រកព្រំដែនអន្តរជាតិស្មាច់ខេត្តកំពង់ ចាម កាលពីពេលថ្មីៗនេះ។
លោកជាម យៀប បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ VOA នៅក្នុងការិយាល័យរបស់ លោកកាលពីថ្ងៃព្រហស្បតិ៍ថា ច្រកព្រំដែនអន្តរជាតិនិមួយៗ មានបែបបទរដ្ឋបាលច្រើន និង មានក្រុមអាជ្ញាធរចម្រុះបម្រើការច្រើនជាង១០០០នាក់ ពីមន្ត្រីប៉ូលិស យោធា គយ កាំកុង ត្រូល និងអាជ្ញាធរមូលដ្ឋាន។
លោក ជាម យៀប បានបន្ថែមថា ការប្រមូលផ្តុំថវិកាពីប្រភពចំណូលជាតិ តែងតែរបេះទៅ តាមការរពឹសដៃរបស់បុគ្គលមួយចំនួនតូច ដែលកំពុងតែអនុវត្តការងារនៅតាមច្រកព្រំដែន អន្តរជាតិទាំងនោះ។
"ច្រកប៉ោយប៉ែត មានយោធាការពារព្រំដែន យោធាការពារមាតុភូមិ ប៉ូលិសអន្តោប្រវេសន៍ ប៉ូលិសសេដ្ឋកិច្ច ប៉ូលិសចរាចរណ៍ និងប៉ូលិសតំណាងឱ្យអគ្គស្នងការ ខេត្ត ស្រុក និងឃុំ ព្រមទាំងសមត្ថកិច្ចជាច្រើនផ្សេងៗទៀត សរុបជាង១០០០នាក់។ មន្ត្រីជាង១០០០នាក់រពឹស ដៃម្នាក់តែ៥បាត ឬ១០០០០រៀល ឬ៥០០០រៀល ដើម្បីបរិភោគ។ វាក៏អស់ច្រើនដែរ»។
លោកស៊ុម ចាន់គា មន្ត្រីសម្របសម្រួលនៃសមាគមសិទ្ធិមនុស្ស Adhoc បានថ្លែងថា "យើងឱ្យឈ្មោះសកម្មភាពរបស់ក្រុមមន្ត្រីថា យក្សចុះស៊ីកំពឹស ឬ ត្រីក្អាត។ យើងឃើញថា ត្រី ក្អាតតូចតាចប្រៀបបាននឹងអ្នកអូសរទេសដែលមានតម្លៃ១០០០រៀល ឬ ២០០០រៀល មិនត្រូវបានលើកលែងឱ្យដែរ"។
លោកស៊ុម ចាន់គា បានថ្លែងថា ក្រុមមន្ត្រីចម្រុះ មកពីស្ថាប័នយោធា ប៉ូលិស ភ្នាក់ងារគយ ភ្នាក់ងារកាំកុងត្រូល និងមន្ត្រីមូលដ្ឋាន បានអង្គុយប្រចាំទារប្រាក់ពីពួកអ្នកដឹកទំនិញឆ្លងកាត់ព្រំដែនពីប្រទេសថៃចូលមកកម្ពុជា និងពីកម្ពុជាចូលទៅថៃ។
លោកចៅ វាសនា អ្នកជំនួញម្នាក់ បានបញ្ជាក់ថា លោកបានទិញត្រីខកំប៉ុង ទឹកម្ទេស ទឹកស៊ី អ៊ីវ ទឹកក្រូច ថង់ប្លាស្ទិក ទឹកក្រូច និងទឹកបរិសុទ្ធ ពីប្រទេសថៃ យកមកលក់នៅក្នុងប្រទេស កម្ពុជា ដោយត្រូវចំណាយប្រាក់ក្រៅផ្លូវការ១០០០០រៀល ស្មើនឹង២,៥ដុល្លារអាមេរិកក្នុង១លើកទៅឱ្យក្រុមអាជ្ញាធរជាច្រើននៅច្រកព្រំដែនអន្តរជាតិនេះ។
លោកអាន វណ្ណៈ អភិបាលរងក្រុងប៉ោយប៉ែត បានថ្លែងថា ចំនួនមន្ត្រីធ្វើការនៅច្រកព្រំដែន អន្តរជាតិ មន្ត្រីយោធាការពារព្រំដែន និងមន្ត្រីច្រកឆ្លងកាត់តូចនៅតាមព្រំដែនជាច្រើនទៀត អាចមានចំនួនជាង១០០០នាក់។
លោកជាម យៀបបានស្នើសុំទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួង ពាក់ព័ន្ធទាំងអស់ឱ្យកាត់បន្ថយចំនួនមន្ត្រីនៅតាមច្រកព្រំដែនអន្តរជាតិ ឱ្យមកនៅត្រឹមចំនួន ពាក់កណ្តាល ដើម្បីជៀសវាងការបាត់បង់ចំណូលនៅតាមច្រកព្រំដែនអន្តរជាតិទាំងនេះ៕