សាលាក្ដីខ្មែរក្រហមបានបដិសេធការស្នើសុំឲ្យដោះលែងអតីតមេដឹកនាំខ្មែរក្រហមសំខាន់ៗ ចំនួនបីនាក់ជាបណ្ដោះអាសន្ន ដោយសំអាងថា លើមូលហេតុចាំបាច់សម្រាប់ការកាត់ទោស។
អតីតមេដឹកនាំកំពូលៗខែ្មរក្រហមដែលកំពង់រង់ចាំការកាត់ទោស គឺអៀង សារី ខៀវ សំផន និងអៀង ធីរិទ្ធមិនអាចស្ថិតនៅក្រៅមន្ទីរឃុំឃាំងជាបណ្ដោះអាសន្នទេ។
អង្គបុរេជំនុំជម្រះរបស់សាលាក្ដីខ្មែរក្រហមបានសម្រេចយ៉ាងដូច្នេះនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានបើកសវនាការជាបន្ដបន្ទាប់កាលពីចុងឆ្នាំ២០០៩ និងដើមឆ្នាំ ២០១០នេះលើបណ្ដឹងឧទ្ធរណ៍ប្រឆាំងទៅនឹងសេចក្ដីសម្រេចបន្ដការឃុំខ្លួនជនជាប់ចោទសង្ស័យ ដែលមានវ័យចំណាស់ទាំងបីនាក់នេះ ពីសំណាក់សហចៅក្រមស៊ើបអង្កេត។
លោកចៅក្រមប្រាក់ គឹមសាន ប្រធានអង្គបុរេជំនុំជម្រះ បានប្រកាសសាលដីកាសម្រាប់ជនជាប់ចោទទាំងបី ម្ដងមួយៗ ដាច់ដោយឡែកពីគ្នា។
“អង្គបុរេជំនុំជម្រះសម្រេចជាឯកឆន្ទតម្កល់ដីកាសម្រេចពន្យារថេរវេលានៃការឃុំខ្លួនរបស់សហចៅក្រមស៊ើបអង្កេត បដិសេធបណ្ដឹងឧទ្ធរណ៍នេះចោលជាអសាបង់។ សាលដីកានេះបិទផ្លូវតវ៉ា"។
សូមបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមអាចធ្វើការពន្យារពេលការឃុំខ្លួនជនសង្ស័យមួយឆ្នាំម្ដងៗត្រឹមតែបីឆ្នាំតែប៉ុណ្ណោះ ហើយនេះគឺជាការពន្យារពេលការឃុំខ្លួនបណ្ដោះអាសន្ន ជនជាប់ចោទទាំងបីជាចុងក្រោយ ខណៈដែលការឃុំខ្លួនបណ្ដោះអាសន្ននេះត្រូវដល់ទីបញ្ចប់នៅចុងឆ្នាំ២០១០នេះ។
នៅក្នុងសាលដីកានេះ អង្គបុរេជំនុំជម្រះបានយល់ឃើញថា វិធានការណ៍នៃការបន្ដថេរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ននៅតែជាវិធានការណ៍ចាំបាច់ដើម្បីរារាំងជនត្រូវចោទមិនឲ្យដាក់ ការកៀបសង្កត់ ទៅលើសក្សី ឬបំផ្លាញភស្ដុតាង។ លើសពីនេះទៀតគឺ ដើម្បីធានាឲ្យមានវត្តមានរបស់ជនជាប់ចោទក្នុងការកាត់ទោស ដើម្បីការពារសុវត្ថិភាពជនត្រូវចោទ និងរក្សា សណ្ដាប់ធ្នាប់សាធារណៈ។ ម្យ៉ាងវិញទៀត អង្គបុរេជំនុំជម្រះបានរកឃើញថា ជនជាប់ចោទទាំងបីបានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។
លោក អាង ឧត្តម សហមេធាវីការពារក្ដីរបស់អៀង សារី ចាត់ទុកថា នេះគឺជាអំណះអំណាង ដដែលៗរបស់អង្គបុរេជំនុំជម្រះ។
“រឿងដដែល។ គាត់អត់មានពិចារណាមើលស្ថានភាពរបស់ជនត្រូវចោទផង។ សាកល្បងសិនទៅ ពេលខ្ញុំស្នើ។ បើមានបញ្ហាយកវិញទៅ បានទេតើ"។
លោកផាត់ ពៅស៊ាង សហមេធាវីការពារក្ដីឲ្យលោកស្រី អៀង ធីរិទ្ធ មានប្រសាសន៍ថា ការសម្រេចរបស់អង្គបុរេជំនុំជម្រះមិនត្រឹមត្រូវទេ ត្បិតកូនក្ដីរបស់លោក មានវ័យកាន់តែចាស់ជរាទៅហើយ ពុំមានលទ្ធភាពបំផ្លាញភស្តុតាងឬបង្កអសន្ដិសុខសង្គមឡើយ។
សូមបញ្ជាក់ថា អៀង សារី អាយុ៨៤ឆ្នាំ អតីតរដ្ឋមន្រ្តីការបរទេស ពាក់អាវពណ៌ទឹកប៊ិចដៃវែង និងពាក់វ៉ែនតាស បានសើចញញឹមមុននឹងចូលក្នុងបន្ទប់ប្រកាសសាលដីកាកាលពីព្រឹកមិញ មុននឹងប្រែទឹកមុខទៅជាសភាពដូចធម្មតាវិញ។ ប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អាយុ៧៨ឆ្នាំ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចបានបង្ហាញមុខក្នុងការប្រកាសសាលដីការបស់ខ្លួនដែរ វៀរលែងតែខៀវ សំផន ដែលអវត្តមានដោយសារតែពុំមានសហមេធាវីចូលរួម។
អតីតមេដឹកនាំខ្មែរក្រហមទាំងបីនាក់ ត្រូវចោទប្រកាន់ចំពោះអំពើឃោរឃៅ ដែលបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាជិត២លាននាក់ស្លាប់បាត់បង់ជីវិត។ ហើយការកាត់ទោសពួកគេ ក្នុងសំណុំរឿងលេខ០០២ ដែលរួមមាននួន ជា អតីតប្រធានសភាខ្មែរក្រហមនិងអាចមានឌុច អតីតប្រធានគុកទួលស្លែងផងដែរ ត្រូវគេរំពឹងថា អាចនឹងប្រព្រឹត្តទៅនៅក្នុងរវាងចុងឆ្នាំ២០១០ នេះ ឬនៅដើមឆ្នាំក្រោយ៕