ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ជាតិ​ចាម​រស់​ស្មើ​ភាព​គ្នា​ជា​មួយ​ពល​រដ្ឋ​ខ្មែរ​នៅ​កម្ពុជា


បន្ទាប់​ពី​នគរ​ចម៉្បា​បាន​ចាញ់​សង្រ្គាម​ធ្លាក់​ទៅ​ក្នុង​ដៃ​ប្រទេស​វៀតណាម​កាល​ពី​សត​វត្សរ៍​ទី​១៥​មក​ ជន​ជាតិ​ចាម​បាន​បែក​ខ្ញែក​ទៅ​តាម​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ដោយ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។​ នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ស្រុក​ក្រូច​ឆ្មារ​នៃ​ខេត្ត​កំពង់​ចាម​ ជន​ជាតិ​ចាម​ដែល​ជា​សាសនិក​អ៊ិស្លាម​នោះ​កំពុង​ប្រតិបត្តិ​ជំនឿ​សាសនា​របស់​ពួក​គេ​យ៉ាង​ទូលំ​ទូលាយ។

លោក​ ពេជ្រ​ សំណាង​ រាយ​ការណ៍​ពិស្តារ​អំពី​រឿង​នេះ​ពី​ខេត្ត​កំពង់​ចាម​ជូន​ដូច​ត​ទៅ៖

នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់​ចាម​គឺ​ជា​ភូមិ​ចាម​មួយ​ដែល​គេ​ហៅ​ថា​ ភូមិ​៥​ឬភូមិ​ស្វាយ​ឃ្លាំង។​ នៅ​ទី​នេះ​ គេ​ឃើញ​បុរស​ចាម​ចំណាស់ៗ​មួយ​ក្រុម​ដែល​មាន​មួក​កន្តឹប​នៅ​លើក្បាល​គ្រប់​គ្នា​កំពុង​ថ្វាយ​បង្គំ​ក្នុង​វិហារ​ដ៏​ធំ​មួយ​យ៉ាង​ស្ងប់​ស្ងាត់។​ ចំណែក​ស្រីៗ​ចាម​ដែល​មាន​កន្សែងគ្រប​ក្បាល​ផង​នោះ​ កំពុង​អង្គុយ​ក្រោម​ផ្ទះ​ជជែក​គ្នា​ពី​នេះ​ពី​នោះ​ផង​ដែរ។

លោក​ យ៊ូសុះ​ ពន់​យ៉ាមីន​ ហាកឹម​ឬ​មេ​ដឹក​នាំ​សហគមន៍​ចាម​ក្នុង​ភូមិ​ស្វាយ​ឃ្លាំង​និង​ជា​អនុ​អ៊ីមាំ​ស្រុក​ ក្រូច​ឆ្មារ​ផងដែរ​នោះ​ មាន​ប្រសាសន៍​នៅ​លើ​ផ្ទះ​របស់​លោក​នៅ​អែប​នឹង​វិហារ​អ៊ិស្លាម​នេះ​ថា​ ជន​ជាតិ​ ចាម​ក្នុង​ភូមិ​ស្រុក​របស់​លោក​រីក​រាយ​ចំពោះ​សិទ្ធិ​សេរី​ក្នុង​ការ​ប្រតិ​បត្តិ​សាសនា​អ៊ិស្លាម​នៅ​ក្នុង​ប្រទេសកម្ពុជា។

“រាល់​ថ្ងៃ​ហ្នឹង ​ចាម​ខ្ញុំ​មាន​សិទ្ធិ​ទាំង​អស់ ​មាន​កាត​កាន់​ អត្ត​សញ្ញាណ​ប័ណ្ណ ​មាន​សិទ្ធិ​សេរីភាព។​ ខ្ញុំ​មាន​ ដី​មាន​មាន​ធ្លី។ ​បង​ប្អូន​ខ្មែរ​ធ្វើ​យ៉ាង​ម៉ិច។ ​ខ្ញុំ​អាច​ធ្វើ​អញ្ចឹង​បាន​ដែរ។​ អញ្ចឹង​បាន​ថា​ ពួក​ខ្ញុំ​ជា​ជាតិ ​អញ្ចឹង​ ខ្ញុំ។ ​អរគុណ​ដែល​ខ្មែរ​ស្រឡាញ់​ជន​ជាតិ​ចាម​ខ្ញុំ”។

ជន​ជាតិ​ចាម​មាន​ដើម​កំណើត​ចេញ​ពី​អតីត​អាណាចក្រ​ចម្ប៉ា​ដែល​លាត​សន្ធឹង​ពី​ភាគ​ខាង​ត្បួង​ប្រទេស​ចិន​រហូត​ដល់​ឈូង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម។​ ក្នុង​សត​វត្សរ៍​ទី​១៥​ ក្រោយ​ពី​នគរ​ចម្ប៉ា​ចាញ់​សង្គ្រាម​អូស​បន្លាយ​អស់​ជា​ច្រើន​សត​វត្សរ៍។​ នគរ​នេះ​ក៏​ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ប្រទេស​វៀតណាម។​ នៅ​ពេល​នោះ​ ជន​ជាតិ​ចាម​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​តាម​បណ្តា​ប្រទេស​ជិត​ខាង​មួយ​ចំនួន ​រួម​មាន​ម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី ​ចិន​និង​កម្ពុជា​ ជា​ដើម​ នេះ​បើ​យោង​តាម​លោក​អ៊ីស្សា​ ឧស្មាន​ អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យ​អំពី​ជន​ជាតិ​ចាម​ នៅ​កម្ពុជា។

នៅ​កម្ពុជា​ គេជឿ​ថា​ ជន​ជាតិ​ចាម​បាន​មក​រស់​នៅ​មុន​គេ​នៅ​តាម​ដង​ទន្លេ​មេគង្គ​នៃ​ខេត្ត​កំពង់​ចាម​ ជា​ពិសេស​គឺ​នៅ​ស្រុក​ក្រូច​ឆ្មារ​នេះ។​ ហើយ​បច្ចុប្បន្ន​ប្រជា​ជន​ចាម​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មាន​ចំនួន​ជិត​៣​៥០០០​នាក់​ក្នុង​ចំណោម​ប្រជា​ជន​ចាម​សរុប​ប្រមាណ​៥​សែន​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក​ យ៊ូសុះ​ ពន់​យ៉ាង​មីន​ មាន​ប្រសាសន៍​ថា ​លោក​សប្បាយ​ចិត្ត​ណាស់​ដែល​ប្រទេស​កម្ពុជា​បាន​ ចាត់​ទុក​ជន​ជាតិ​របស់​លោក​ជា​ជាតិ​សាសន៍​តែ​មួយ។

“ខ្ញុំ​រាល់​ថ្ងៃ​ ខ្ញុំ​អរគុណ ​ខ្ញុំ​ត្រេក​អរ​បំផុត​ដែល​បង​ប្អូន​ខ្មែរ​ទុក​ខ្ញុំ​ជា​ជាតិ​តែ​មួយ ​ព្រោះ​ខ្ញុំ​អត់​មាន​ប្រទេស។​ ខ្ញុំ​កើត​មក​វា​អភ័ព្វ​ណាស់។​ ជន​ជាតិ​ចាម​ខ្ញុំ​កើត​មក​អត់​មាន​ប្រទេស​រស់​នៅ​ដូច​គេ ​ហើយ​គេ​ទទួល​ស្គាល់ ​គេ​យក​ខ្ញុំ​ទៅ​ធ្វើ​ជា​ជាតិ​គេ​តែ​មួយ។​ ខ្ញុំ​អរគុណ​ណាស់ ​ហើយ​មិន​មែន​ត្រឹម​ខ្ញុំ​ទេ​ ចាម​ខ្ញុំ​ទាំង​អស់ ​គេ​យល់​ឃើញ​អញ្ចឹង​ទាំង​អស់​គ្នា​ហ្នឹង"។

លោក​យ៊ូសុះ​ ពន់​យ៉ាមីន​បន្ថែម​ថា​ ជន​ជាតិ​ចាម​ក្នុង​ស្រុក​របស់​លោក​ក៏​ត្រេក​អរ​ចំពោះ​ការ​បើក​សិទ្ធិ​ សេរី​ភាព​ពេញ​លេញ​របស់​ប្រទេស​កម្ពុជា​សម្រាប់​ការ​ប្រតិ​បត្តិ​ជំនឿ​សាសនា​អ៊ិស្លាម​ក្នុង​ចំណោម​ជន​ជាតិ​របស់​លោក។

ជន​ជាតិ​ចាម​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ិស្លាម​ត្រូវ​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​អាឡោះ​ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​ ៥​ដង។ ​ការ​ថ្វាយ​បង្គំ​អាច​ធ្វើ​នៅ​ផ្ទះ​ឬ​នៅ​វិហារ​តូចៗ​នៅ​ជិត​ផ្ទះ​ដែល​គេ​ហៅ​ថា ​ស៊ូ​រ៉ាវ​ក៏​បាន ​លើក​លែង​តែ​ថ្ងៃ​សុក្រ​ ដែល​តម្រូវ​ឱ្យ​ពួក​គេ​ទៅ​ថ្វាយ​បង្គំ​ជុំ​គ្នា​នៅ​ក្នុង​វិហារ​ធំ​ក្នុង​ភូមិ​ជា​ចាំ​បាច់។

ខុស​ពី​ព្រះ​ពុទ្ធ​សាសនា​ដែល​ប្រជា​ជន​ខ្មែរ​ភាគ​ច្រើន​គោរព​បូជា​ សាសនា​អ៊ិស្លាម​តម្រូវ​ឱ្យ​ប្រជា​ជន​ចាម​ដែល​កាន់​សាសនា​នេះ​តម​អាហារ​ក្នុង​រដូវ​បុណ្យ​រ៉ាម៉ាដន​ដែល​ជា​ទូទៅ​គេ​ធ្វើ​នៅ​ក្នុង​ខែ​សីហា​ ឬ​កញ្ញា។​ ហើយ​អ៊ិស្លាម​សាសនិក​ទាំង​នេះ​ត្រូវ​ទទួល​ជឿ​តែ​ទៅ​លើ​គម្ពីរ​កូអាន​និង​ព្រះ​អាឡោះ​តែ​មួយ​ ប៉ុណ្ណោះ។

ថ្វី​ត្បិត​តែ​ជន​ជាតិ​ចាម​មាន​វប្បធម៌ ​និង​ភាសា​ផ្ទាល់​របស់​ខ្លួន​ក៏​ដោយ​ ប្រទេស​កម្ពុជា​បាន​រក្សា​និង​ការ​ពារ​សិទ្ធិ​សម្រាប់​ពួក​គេ​ក្នុង​ការ​គោរព​ប្រតិ​បត្តិ​សាសនា​អ៊ិស្លាម​របស់​ពួក​គេ។

រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​បាន​ចែង​ថា ​ព្រះ​ពុទ្ធ​សាសនា​គឺ​ជា​សាសនា​របស់​រដ្ឋ​ ប៉ុន្តែ​ ប្រជា​ពល​រដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​គ្រប់​គ្រាន់​ក្នុង​ការ​គោរព​សាសនា​ផ្សេង​ទៅ​តាម​ជំនឿ​ផ្ទាល់របស់​ខ្លួន។

លោក​ អ៊ី ​សាហាក់ ​អភិបាល​ស្រុក​ក្រូច​ឆ្មារ​ មាន​ប្រសាសន៍​ថា ​ជន​ជាតិ​ចាម​នៅ​ក្នុង​ស្រុក​របស់​លោកមាន​ការ​អភិវឌ្ឍន៍​យ៉ាង​ច្រើន​ផ្នែក​ការ​ប្រតិ​បត្តិ​សាសនា​របស់​ពួក​គេ ​ដោយ​សារ​គោល​នយោ​បាយបើក​ទូលាយ​ខាង​សាសនា​របស់​កម្ពុជា។

“បង​ប្អូន​អ៊ិស្លាម​ឥឡូវ​អភិវឌ្ឍន៍​ច្រើន​ណាស់ ​ហើយ​ភាគ​ច្រើន​ឥឡូវ​គឺ​ស៊ីវិល័យ​ វិហារ​កើត​សឹង​តែ​គ្រប់​ភូមិ ​ស៊ូរ៉ាវ​ វិហារ​គ្រាន់​តែ​នៅ​ក្នុង​ស្រុកក្រូច​ឆ្មារ​នេះ១៥​វិហារ​ ហើយ​ស៊ូរ៉ាវ​៥៧​ ស៊ូរ៉ាវ​ ហើយ​សិទ្ធិ​សេរី​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ គាត់​ចង់​ធ្វើ​អ្វី​ទៅ​ណា​មក​ណា​ក៏​គ្មាន​ការ​ហាម​ឃាត់”។

បើ​ទោះ​ជា​មាន​ភាព​ខុស​គ្នា​ខាង​ជំនឿ​សាសនា​និង​ទំនៀម​ទម្លាប់​ក្នុង​ការ​រស់​នៅ​ក៏​ដោយ​ ក៏​ជា​ទូទៅ​ ប្រជា​ជន​ខ្មែរ​និង​ចាម​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​ភាព​សុខដុមរមនា​ដែរ។

ពី​ខេត្ត​កំពង់​ចាម​ ខ្ញុំ ​ពេជ្រ​ សំណាង​ VOA​សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG