លោកអ៊ូ ធួក សូមជូនសេចក្ដីប្រែសម្រួល៖
ប្រទេសជិតខាងនៃប្រទេសថៃបានតាមដានមើលស្ថានការណ៍នៃភាពវឹកវរនយោបាយនៅក្នុងទីក្រុង បាងកក ដោយមានចិត្ដព្រួយបារម្ភកាន់តែខ្លាំងឡើង។ សមាគមនៃប្រទេស អាស៊ីភាគអាគ្នេយ៍ និយាយថា បាតុកម្មនៅទីនោះ អាចរាលដាល ធ្វើឲ្យមានអស្ថិរភាពសេដ្ឋកិច្ចនិងនយោបាយទូទាំងតំបន់។ រដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានអំពាវនាវឲ្យមានការចរចាគ្នា ដើម្បីដោះស្រាយវិបត្តិ ដោយសន្ដិវិធី ហើយស្នើផ្ដល់ជំនួយ លោកក៏បាននិយាយអះអាងជាថ្មីថា នយោបាយរបស់ប្រទេសឥណ្ឌូនេស៊ី នឹងមិនចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជិតខាងទេ។
សមាគមប្រទេសអាស៊ីភាគអាគ្នេយ៍ បានអំពាវនាវទៅកាន់រដ្ឋាភិបាលថៃនិង ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល សុំឲ្យមានចិត្ដអត់ធ្មត់ និងតាមស្វែងរកការដោះស្រាយតាមរយៈការចរចាគ្នា និងការផ្សះផ្សារជាតិ។ រដ្ឋមន្ដ្រីនៃប្រទេសសិង្ហបូរី និងពីប្រទេសឥណ្ឌូនេស៊ីបានចេញសេចក្ដីថ្លែងការណ៍ស្រដៀងគ្នានេះដែរ។
ចាប់តាំងពី ខែមិនា មនុស្ស២៦នាក់បានស្លាប់ ហើយជិតមួយពាន់នាក់របួស ដោយសារការផ្ទុះគ្រាប់បែក និងការប្រឈមមុខដាក់គ្នារវាងប៉ូលិស និងបាតុករប្រឆាំងរដ្ឋាភិបាល នៅក្នុងរាជធានីបាងកក មានឈ្មោះថា ក្រុមអាវក្រហម។ ក្រុមអាវក្រហមទាំងនោះ ច្រើនតែមកពីតំបន់ជនបទនិង អ្នកក្រីក្រនៅទីក្រុងដែលទាមទារឲ្យមានការបោះឆ្នោតថ្មីមូយ។ បាតុកម្មបានធ្វើឲ្យរំខានដល់ពាណិជ្ជកម្មនឹង ទេសចរណ៍ ដែលចូលមកទស្សនាប្រទេសថៃ។
អ្នកនាំពាក្យរបស់រដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Teuku Faizasyahនិយាយថា លោកមានការព្រួយបារម្ភអំពីអស្ថិរភាពក្នុងប្រទេសថៃ អាចនាំឲ្យមានវិបត្ដិសេដ្ឋកិច្ចអាស៊ីសារជាថ្មី ដូចកាលពីឆ្នាំ១៩៩៧។ រួចការដួលរលំប្រាក់បាតអាចធ្វើឲ្យបាត់បង់សេចក្ដីទុកចិត្ដរបស់ក្រុមវិនិយោគនៅតំបន់។
«ពេលវេលានៅខ្ចីពេកដើម្បីធ្វើការវាស់វែងអំពីការប៉ះពាល់ ផ្ទាល់នៃការអភិវឌ្ឍន៍នៅក្នុងប្រទេសថៃមកលើសេដ្ឋកិច្ចតែយើងនៅតែ សង្ឃឹមថាវានិងមិនបង្កើតស្ថានការដូចគ្នាកាលពីសម័យឆ្នាំ១៩៩០ ទេ នៅពេលដែលជម្ងឺឆ្លងរាលដាល ប៉ះពាល់គ្នា នាំឲ្យរលាយដល់សេដ្ឋកិច្ចនៅក្នុងតំបន់របស់យើង។ តែយើងសង្ឃឹមថានេះជាករណីដាច់ឡែក រួចយើងមានសេចក្ដីសង្ឃឹមថា ជាមួយនិងកិច្ចប្រឹងប្រែងរបស់យើងរួមគ្នា យើងអាចដោះស្រាយរួចនូវស្ថានការណ៍តាមសន្ដិវិធី។
លោក Michael Montesano នៃវិជ្ចាស្ថានកិច្ចការអន្ដរជាតិនៅក្នុងប្រទេសសិង្ហបូរី និយាយថា នៅពេលនេះ ក្រុមវិនិយោគបរទេសបានមើលឃើញវិបត្ដិនេះជាករណីពិសេសរបស់ប្រទេស ថៃតែឯកឯង។ តែលោកនិយាយថា ខណៈដែលបាតុកម្មនៅតែមានបន្ដ វិនិយោគក្នុងតំបន់អាចត្រូវប៉ះពាល់ដែរ។
«ការប៉ះពាល់តែមួយគួរឲ្យយើងខ្លាចគឺអ្នកនៅក្រៅតំបន់ដែលមើល ឃើញតំបន់តាមលក្ខណៈទាំងស្រុង ហើយដែលមានចិត្ដគំនិតគិតជាមុនថា មានអស្ថិរភាពនិងវិបត្ដិនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ហើយអ្នកនោះមើលឃើញវិបត្ដិនៅក្នុងប្រទេសមួយ មានចិត្ដរអា មិនចង់មានការពាក់ព័ន្ឋនឹងវិនិយោគ និងសេដ្ឋកិច្ច ព្រមទាំងសកម្មភាពផ្សេងៗនៅទូទាំងតំបន់»។
ការបាក់បែកខ្វែងគំនិតគ្នានៅក្នុងនយោបាយរបស់ប្រទេសថៃបានកើន កម្រិតជាទៀងទាត់កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះចាប់តាំង ពីកងយោធាបានធ្វើរដ្ឋប្រហារបណ្ដេញអតីតនាយករដ្ឋមន្ដ្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ចេញពីតំណែង កាលពីឆ្នាំ២០០៦។
ទោះបីជនជាតិថៃវណ្ណៈកណ្ដាលនៅទីក្រុងនិងឥស្សរជនចាត់ទុក លោកថាក់ស៊ីនជាអ្នកពុករលួយ លោកនៅតែមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមកសិករ និងជនក្រីក្រ ពីព្រោះតែកម្មវិធីប្រឆាំងភាពក្រីក្ររបស់លោក។ ក្រុមអ្នកគាំទ្ររបស់លោកថាក់ស៊ីនបានចាត់ទុករដ្ឋាភិបាល បច្ចុប្បន្នថា មិនស្របច្បាប់ ពីព្រោះបានឡើងកាន់អំណាចតាមសេចក្ដីសម្រេចរបស់រដ្ឋសភាក្រោយពី តុលាការបានបណ្ដេញរដ្ឋាភិបាលជាប់ឆ្នោតពីរនិយមលោកថាក់ស៊ីនចេញពី តំណែងកាលពីឆ្នាំ២០០៨។
ប្រទេសសិង្ហបូរី និងឥណ្ឌូនេស៊ី ស្នើសុំចូលទៅជួយដោះស្រាយវិបត្ដិនៅក្នុងប្រទេសថៃ តែលោក Faizasyahនិយាយថា វាមានប្រយោជន៍លុះត្រាភាគីទាំងពីរ ចេញសេចក្ដីស្នើ។
«យើងមិនចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជិតខាងទេ។ យើងចង់បញ្ជាក់ច្បាស់ថា បើយើងអាចមានមធ្យោបាយជួយក្នុងការចរចាគ្នាយោងទៅតាមសេចក្ដីស្នើរបស់រដ្ឋាភិបាលផងនិង ភាគីដទៃផងក្នុងស្ថានការណ៍នេះ យើងមុខជាទៅទីនោះដើម្បីផ្ដល់ជំនួយណាមួយដែលយើងអាចធ្វើបាន»។
លោក Montesano និយាយថា ទម្លាប់របស់សមាគមប្រទេសអាស៊ីអាគ្នេយ៍ ដែលមិនចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ព្រមទាំងចិត្ដមិនចង់របស់រដ្ឋាភិបាលថៃសុំស្នើឲ្យជួយនឹងធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងជួយផ្សះផ្សារពីសំណាក់ប្រទេសនៃតំបន់។ លោក Montesano និយាយទៀតថា អ្វីដែលប្រទេសជិតខាងប្រទេសថៃ អាចធ្វើទៅបានដើម្បីចៀសវាងមិនឲ្យមានចលនាបាតុកម្ម ដូចគ្នាមិនឲ្យរាលដាលថែមទៀតគឺដោះស្រាយការណ៍ព្រួយបារម្ភរបស់ជនក្រីក្រ និងមិនត្រូវដកសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសគេទេ។
«ខ្ញុំយល់ថា ប្រទេសដទៃនៅតំបន់អាចធ្វើការប្រសើរ បើប្រសិនជាគេពិនិត្យមើលឫស្ស៊ីគល់នៃវិបត្ដិរបស់ប្រទេសថៃ ហើយសួរខ្លួនឯងថា តើសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួនមិនជាកម្មវត្ថុនៃវិបត្ដិដូចគ្នាឬទេ?»
លោកថ្លែងថា ក្រៅពីនោះ ប្រទេសជិតខាងរបស់ប្រទេសថៃ និងប្រទេសដទៃក្នុងពិភពលោក គ្រាន់តែអាចឈរមើលតែបុណ្ណោះ ថាតើវិបត្ដិនោះនឹងចេញទៅដូចម្ដេចទៀត៕