នាយករដ្ឋមន្ដ្រីកម្ពុជាបានបដិសេធ នៅថ្ងៃនេះ ថា ពុំមានការទទួលសំណូកពុករលួយពីក្រុមហ៊ុនរុករករ៉ែអូស្ដ្រាលីទេ។
ថ្លែងនៅក្នុងកិច្ចបើកវេទិការាជរដ្ឋាភិបាល វិស័យឯកជន នៅក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃ អង្គារនេះ លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន ច្រានចោលសេចក្ដីរាយការណ៍ដែលថា ក្រុមហ៊ុនរុករករ៉ែដ៏ធំមួយរបស់ប្រទេសអូស្ដ្រាលី គឺក្រុមហ៊ុន ប៊ីអេចភី បៀលលានតុន (BHP Billionton) ផ្ដល់ប្រាក់សំណូកដល់រដ្ឋាភិបាលកម្ពុជា។
កាលពីសប្ដាហ៍មុនសារព័ត៌មានអូស្រ្ដាលី និងសារព័ត៌មានប្រទេសអង់គ្លេស បានស្រង់ប្រភពក្រុម ហ៊ុនដោយនិយាយពីការស៊ើបអង្កេតលើការផ្ដល់ប្រាក់សំណូកពុករលួយដល់មន្រ្ដីរដ្ឋាភិបាល ដែលទឹកប្រាក់អាចកើនដល់២៥០០០០០ដុល្លារអាមេរិកសម្រាប់ការរុករករ៉ែបុកស៊ីត នៅក្នុងខេត្តមណ្ឌលគិរី ភាគឦសានប្រទេសកម្ពុជា។
លោក ហ៊ុន សែន មានប្រសាសន៍ នៅចំពោះមុខក្រុមមន្រ្តីរដ្ឋាភិបាលរបស់លោក និងមន្រ្ដីទូតថា មិនមានការពុករលួយបែបនេះទេ។
«យើងចោទជាសំណួរអញ្ចេះថា តើក្នុងឋានៈជាប្រទេសអូស្ដា្រលី អាចធ្វើការសូកប៉ាន់បានទេ? វាមិនអាចទៅរួចទេ។ រឿងនេះ វាមាននៅក្នុងកុងត្រា មិនមែនលុយក្រោមតុទេ សុំបញ្ជាក់»។
លោកប្រមុខរដ្ឋាភិបាលខ្មែរបញ្ជាក់បន្ថែមថា ប្រាក់ដែលទទួលរងការចោទប្រកាន់នោះ ត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុនវិនិយោគ ថា ជាមូលនិធិសង្គម ដែលមួយផ្នែកនៃប្រាក់នេះ ត្រូវលោកបញ្ជាឲ្យយកទៅសាងសង់វារីអគ្គិសនីនៅក្នុងខេត្តពោធិសាត់ និងទឹកប្រាក់មួយ ផ្នែកទៀតត្រូវក្រុមហ៊ុនយកទៅកសាងសាលារៀន និងមន្ទីរពេទ្យនៅក្នុងខេត្តមណ្ឌលគិរី។
នៅព្រឹកថ្ងៃអង្គារដដែលនេះ ថ្លែងពន្យល់ក្នុងកិច្ចប្រជុំសភាដែលពិភាក្សាលើកិច្ចព្រមព្រាងស្ដីពីពហុភាវូបនីយកម្ម និងការផ្ដួចផ្ដើមគំនិតឈាងម៉ៃ លោកគង់ វិបុល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ថវិកាចំនួន១៥00 000 ដុល្លារក្នុងចំណោមប្រាក់ដែលត្រូវបានចោទប្រកាន់ចំនួន២៥០០ ០០០ ដុល្លារត្រូវបានដាក់បញ្ចូលទៅក្នុងរតនាគារជាតិ និងប្រាក់១លានទៀតសល់ពីនោះ ត្រូវប្រគល់ឲ្យកាកបាទក្រហមកម្ពុជា សម្រាប់ការរ៉ាប់រងការសង់សាលារៀន ឬមន្ទីរពេទ្យ នៅក្នុងខេត្តមណ្ឌលគិរី។
ក្រុមហ៊ុន BHP Billionton បានទទួលសិទ្ធិរុករករ៉ែនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០០៦ ហើយបានដកថយទៅវិញ២ឆ្នាំបន្ទាប់មក។ តំណាងក្រុមហ៊ុនមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ប្រទេសកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន២០ ដែលទទួលបានសិទ្ធិរុករកនិងស្រាវជ្រាវរ៉ែលោហៈ នៅតាមបណ្ដាតំបន់មួយចំនួនជាពិសេសក្នុងខេត្តប៉ែកឦសានប្រទេស។ កម្ពុជារំពឹងថា ការធ្វើអាជីវកម្មរ៉ែលោហៈទាំងនេះ នឹងលេចចេញជារូបរាងនៅក្នុងអំឡុងឆ្នាំ២០១៥៕