កូនប្រុសរបស់អតីតអ្នកផ្តួចផ្តើមការបះបោរប្រឆាំងនឹងខ្មែរក្រហមម្នាក់ព្យាយាមតាមដាននិងចូលរួមក្នុងដំណើរការរបស់សាលាក្តីកាត់ទោសអតីតមេដឹកនាំនៃរបបនោះ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ឪពុករបស់ខ្លួនដែលត្រូវពួកខ្មែរក្រហមនាំយកទៅសម្លាប់ចោលមុនពេលមានការងើបឡើងបះបោររបស់ជនជាតិចាមប្រឆាំងនឹងពួកខ្មែរក្រហម។
លោកលី ស៊ូកី កសិករម្នាក់នៅក្នុងភូមិទី៥ឬភូមិស្វាយឃ្លាំងក្នុងស្រុកក្រូចឆ្មារនៃខេត្តកំពង់ចាម បានតាមដានយ៉ាងជាប់លាប់នូវដំណើរការរបស់តុលាការក្នុងការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម តាមរយៈការមើលទូរទស្សន៍ និងការស្តាប់ព័ត៌មានតាមវិទ្យុ ជាដើមដើម្បីឱ្យដឹងការវិវត្តថ្មីៗនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម។
មានមាឌតូចល្អិតនិងសក់ផ្កាថ្កូវបះច្រូងឡើងលើ លោក ស៊ូកីបច្ចុប្បន្នវ័យ៤៤ឆ្នាំគឺជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ក្នុងចំណោមដើមបណ្តឹងរដ្ឋប្បវេណីជាជនជាតិចាមចំនួន២២៨នាក់ដែលបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមនៅក្នុងសំណុំរឿងក្តីលេខ០០២ ដែលជាប់ពាក់ព័ន្ធនឹងជនជាប់ចោទចំនួន៥រូប រួមមានខៀវ សំផន នួន ជា អៀង សារី អៀង ធីរិទ្ធនិងកាំង ហ្កិចអ៊ាវ ហៅឌុច នេះបើផ្អែកតាមមន្ត្រីនៃសាលាក្តីខ្មែរក្រហម។
លោក លី ស៊ូកីដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមទាំងនោះគឺដើម្បីទាមទាររកយុត្តិធម៌សម្រាប់ឪពុករបស់លោកដែលត្រូវបានពួកខ្មែរក្រហមចាប់យកទៅសម្លាប់ចោលកាលពីជាង៣ទសវត្សន៍មុន។
«ខ្ញុំត្រូវតែប្តឹង ព្រោះខ្ញុំត្រូវតែរកយុត្តិធម៌ឱ្យគាត់។ គាត់ស្លាប់អត់មានមូលហេតុអីផង។ ស្លាប់ទទេៗ ដូចវាអត់កើត។ យើងត្រូវតែរកយុត្តិធម៌ឱ្យគាត់ផង ឱ្យគាត់បានស្ងប់ផង»។
លោក ស៊ូកី ដែលនៅពេលនោះមានអាយុប្រមាណ១០ឆ្នាំបានរំឭកឡើងវិញទាំងទឹកភ្នែករលីងរលោងនៅខាងមុខផ្ទះឈើប្រក់សង្កីរបស់លោកថា នៅពេលនោះក្រុមខ្មែរក្រហមមានគ្នាប្រមាណ២០នាក់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃបានចូលមកព័ទ្ធផ្ទះដើម្បីចាប់ខ្លួនឪពុករបស់លោកតែពីរបីខែប៉ុណ្ណោះមុនពេលដែលប្រជាជនចាមនៅភូមិស្វាយឃ្លាំងនេះងើបឡើងបះបោរប្រឆាំងនឹងពួកខ្មែរក្រហមវិញនៅក្នុងខែកញ្ញា ឆ្នាំ១៩៧៥។
«ពេលកើតហេតុ មួយហ្នឹងមាឌធំបន្តិច ដោះក្រមាហើយ ប៉ុន្តែវានិយាយចាមថាឱ្យទៅហៅឪពុកហ្អែងម៉ោ។ ព្រោះកាលនោះខ្ញុំមិនសូវចេះខ្មែរដែរហ្នឹង ព្រោះវាដឹងថាយើងមិនសូវចេះខ្មែរបានវានិយាយចាម បានដឹងថា វាចាម។ ចាមម្នាក់ក្នុងចំណោមហ្នឹង រួចទៅឪពុកខ្ញុំគេចងតែម្តង។ ពេលហ្នឹងខ្ញុំស្រែកយំ។ ខ្ញុំនឹកគិតថា ឪពុកខ្ញុំខុសអីបានជាចងដូចសត្វធាតុ»។
លោកស៊ូកីបន្តថា នៅពេលឪពុករបស់លោកដើរចេញពីផ្ទះសំដៅទៅរកពួកខ្មែរក្រហមដែលកំពុងឈររង់ចាំចងស្លាបសេកគាត់នឹងក្រម៉ារបស់ពួកគេនោះ ឪពុករបស់លោកក៏ក្រព័ទ្ធដៃមកក្រោយ ហើយធ្វើជាសញ្ញាឱ្យលោកវិលត្រឡប់ចូលផ្ទះវិញ កុំឱ្យរត់តាមគាត់ក្រែងលោពួកខ្មែរក្រហមយកទៅសម្លាប់ចោលដែរ។ ព្រឹត្តិការណ៍នោះនៅតែដក់ជាប់ក្នុងចិត្តរបស់លោក ស៊ូកី។
បច្ចុប្បន្នជាឪពុកនៃកូន៥នាក់លោក លី ស៊ូកីបានព្យាយាមស្វែងរកព័ត៌មាន ឬរូបថតរបស់ឪពុកលោកនៅឯសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ឬគុកទួលស្លែងផងដែរ បើទោះជាលោកមិនមានសង្ឃឹមថា អាចរកឃើញអ្វីដែលចង់រកនោះក៏ដោយ។
លោក លី ស៊ូកីក៏បានចូលរួមតាមដានការកាត់ទោសអតីតមេគុកទួលស្លែង លោក កាំង ហ្គិចអ៊ាវ ហៅ ឌុចក្នុងសាលសវនាការដោយផ្ទាល់តាំងពីឆ្នាំ២០០៩មកផងដែរ ដើម្បីស្វែងរកការណ៍ពិតអំពីអ្វីដែលបានកើតឡើងចំពោះឪពុករបស់លោកបន្ទាប់ពីពួកខ្មែរក្រហមបានចាប់ខ្លួនយកទៅបាត់នោះ។
ឪពុករបស់លោកស៊ូកី គឺលោក សាន់ ម៉ាត់លី ត្រូវគេដឹងថា ជាជនជាតិចាមដែលមានចំណេះដឹងម្នាក់ នៅក្នុងភូមិ ហើយក៏ជាអ្នកចួលរួមផ្តួចផ្តើមគំនិតជាមួយអ្នកភូមិចាមផ្សេងទៀតនៅក្នុងការរៀបចំផែនការបះបោរប្រឆាំងនឹងពួកខ្មែរក្រហមនៅពេលនោះផងដែរ។
លោកស៊ូកី បានអះអាងថា ឪពុករបស់លោកតែងជួបពិភាក្សាជាមួយចាស់ៗនិងអ្នកចេះដឹងជាជនជាតិចាមផ្សេងទៀតនៅក្នុងភូមិ នៅពេលដែលគាត់មានឱកាស ដើម្បីរិះរកមធ្យោបាយដោះស្រាយជាមួយការគាបសង្កត់របស់ពួកខ្មែរក្រហមទៅលើជនជាតិចាមនិងសាសនាអ៊ិស្លាម។
ដូចព្រះពុទ្ធសាសនានិងសាសនាផ្សេងទៀតដែរ សាសនាអ៊ិស្លាមនៅពេលនោះត្រូវបានបង្ខំឱ្យរំលាយចោលដោយពួកខ្មែរក្រហមតាមរយៈគោលនយោបាយបំបាត់សាសនារបស់ពួកគេ។
ពួកខ្មែរក្រហមបានបិទវិហារអ៊ិស្លាមចោលនិងប្រមូលគម្ពីរសាសនានេះយកទៅដុតចោល ហើយកាត់សក់នារីអ៊ិស្លាមឱ្យខ្លី។ ក្រុមកម្មុយនីស្តម៉ៅនិយមដែលស្លៀកពាក់ខ្មៅនិងពាក់ស្បែកជើងកង់ឡាននេះ ក៏ហាមឃាត់ជនជាតិចាមមិនឱ្យថ្វាយបង្គំឬយកកន្សែងគ្របក្បាលនិងមុខ ហើយថែមទាំងបង្ខំឱ្យពួកគេចិញ្ចឹមនិងហូបសាច់ជ្រូកទៀតផង ដែលសុទ្ធសឺងជាទង្វើខុសនឹងច្បាប់របស់សាសនាអ៊ិស្លាម។
ជនជាតិចាមដែលមិនព្រមធ្វើតាមបទបញ្ជានេះ ដូចជាឪពុករបស់ លោកលី ស៊ូកីជាដើមសុទ្ធសឺងតែជាគោលដៅនៃការចាប់ខ្លួនយកទៅសម្លាប់ចោលពីសំណាក់ពួកខ្មែរក្រហមហើយ។
ជនជាតិចាមដែលស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលជាង៣ឆ្នាំនៃរបបខ្មែរក្រហមត្រូវគេប៉ាន់ប្រមាណ
ថា មានចំនួនពី៤ទៅ៥សែននាក់ក្នុងចំណោមប្រជាជនដែលស្លាប់សរុបជិត២លាននាក់នៅចន្លោះឆ្នាំ១៩៧៥ដល់៧៩នោះ នេះបើផ្អែកតាមឯកសាររបស់មជ្ឈមណ្ឌលកម្ពុជា។
លោក ស៊ូកី មានប្រសាសន៍ថា លោកចង់ឃើញយុត្តិធម៌មួយដ៏ឆាប់សម្រាប់អ្នកស្លាប់ទាំងនេះដោយរួមទាំងឪពុករបស់លោកផង។
«គ្រាន់តែពាក្យមួយម៉ាត់ថា សួមឱ្យតុលាការរកយុត្តិធម៌ឱ្យសម្រាប់អ្នកដែលបានស្លាប់ទៅ រួមទាំងឪពុកខ្ញុំផ្ទាល់»។
សាលាក្តីខ្មែរក្រហមនឹងកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗចំនួនបួន រូបរួមមានលោកខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម លោកនួន ជា អតីតប្រធានរដ្ឋសភា លោកអៀង សារី អតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស ហើយនិងលោកស្រីអៀងធីរិទ្ធ អតីតរដ្ឋមន្រ្តីសង្គមកិច្ច ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ដំណើរការកាត់ទោសទៅលើជនជាប់ចោទទាំងបួននាក់នៅក្នុងករណី០០២ដែលអាចរួមបញ្ជូលទាំងជនជាប់ចោទកាំង ហ្គិចអ៊ាវ ហៅឌុចផងដែរនោះ ត្រូវគេគ្រោងនឹងចាប់ផ្តើមធ្វើនៅដើមឆ្នាំ២០១១ខាងមុខនេះ៕