ក្រសួងការបរទេសកម្ពុជាបានព្រមានមន្រ្ដីការទូតនៅក្នុងប្រទេសកម្ពុជាទាំងអស់ កុំឲ្យជ្រៀត ជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ក៏ប៉ុន្ដែពុំទាន់មានមូលហេតុច្បាស់លាស់ណាមួយអំពីការព្រមាននេះនៅឡើយទេ។
ប្រទេសកម្ពុជាបានព្រមានស្ថានទូតនានាក្នុងទីក្រុងភ្នំពេញ កុំឲ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ហើយបានរំឭកថា មន្ដ្រីបេសកកម្មទូតត្រូវតែគោរពទៅតាមគោលការណ៍ទូតជាសកល។
នៅក្នុងកំណត់ទូតចុះថ្ងៃទី ២៦ខែមេសា ក៏ប៉ុន្ដែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា កន្លងមកមានករណីជាច្រើន ដែលប្រមុខបេសកកម្មទូតមួយចំនួនមានឥរិយាបថដូចជាមន្រ្ដីអភិបាលរបស់ប្រទេសខ្លួនប្រចាំនៅប្រទេសកម្ពុជា។ ហើយពួកគេបានធ្វើការរិះគន់ និងផ្ដល់មេរៀនដល់រដ្ឋាភិបាលកម្ពុជាទៀតផង។
កំណត់ទូតរបស់ក្រសួងការបរទេសដដែលបានសង្កត់ធ្ងន់ថា ឥរិយាបថមន្ដ្រីទូតទាំងនេះ មិនអាច ទទួលយកបានទេ ដោយសំអាងថា ប្រទេសកម្ពុជាមិនមែនជាប្រទេសអស្ថេរភាព និងជាប្រទេស ផ្ដាច់ការដែលគេហៅថា Banana Republicនោះទេ។
ក្រសួងការបរទេសកម្ពុជាក៏បានរំឭកទៅដល់ស្ថានទូតនានា ឲ្យគោរពតាមខ្លឹមសារនៃអនុសញ្ញាទី ក្រុងវីយែន ដែលកំណត់ភារកិច្ចរបស់ប្រេសិតការទូតមិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាម្ចាស់ផ្ទះ។
គេនៅមិនទាន់ដឹងពីមូលហេតុជាក់ស្ដែងនៃសេចក្ដីព្រមាននេះនៅឡើយទេ ក៏ប៉ុន្ដែលោក កួយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ថា សេចក្ដីព្រមាននេះ បណ្ដាលមកពីមន្ដ្រីទូតនៅក្នុងប្រទេសកម្ពុជាមួយចំនួន បានប្រព្រឹត្តលើសពីព្រំដែនការងាររបស់ខ្លួន។
“កន្លងមកគឺថា មានមន្រ្ដីការទូតមួយចំនួន បានបំពេញការងាររបស់គាត់ហួសពីព្រំដែននៃអាណត្តិការងារ ដែលគាត់បានទទួលពីប្រទេសរបស់គាត់"។
ដោយឡែកទាំងលោក ចន ចនសុន អ្នកនាំពាក្យស្ថានទូតអាមេរិក លោកស្រី ឡួរ៉ង់ ប៊ែណាឌី អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញ ទាំងលោកទ្រីញ បាកឹម អ្នកនាំពាក្យស្ថានទូតវៀតណាម មិនធ្វើអត្ថាធិប្បាយទៅលើលិខិតកំណត់ទូតនេះទេ។ ដោយឡែកស្ថានទូតជប៉ុន អាល្លឺម៉ង់ និងស្ថានទូតចិន មិនបានធ្វើការឆ្លើយតមទេ ខណៈពេលដែល វីអូអេសំឡេងសហរដ្ឋអាមេរិក បាន ស្នើសុំសេចក្ដីអត្ថាធិប្បាយទៅតាមប្រព័ន្ធផ្ញើសារអេឡិចត្រូនិច។
ប្រទេសកម្ពុជាត្រូវពឹងផ្អែកទៅលើជំនួយបរទេសជាមធ្យមចំនួន៦០០លានដុល្លាររអាមេរិកក្នុងមួយ ឆ្នាំៗ។
លោក សុន ឆ័យ តំណាងរាស្ដ្រមកពីគណបក្សជំទាស់សម រង្ស៊ី មានប្រសាសន៍ថា ការរិះគន់អំពីការ រំលោភសិទ្ធិមនុស្ស អំពីអំពើពុករលួយ ការរិះគន់អំពីបញ្ហាបរិស្ថាន រួមទាំងអាចមានការស្នើសុំឲ្យមានការបញ្ជូនរបាយការណ៍ដុល្លារអំពីពុករលួយទាក់ទងទៅនឹងក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសអូស្ដា្រលី ប៊ីអេចភី បៀលលីនតុន អាចជាមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលខ្មែរ មានការខឹងសម្បារហើយបានចេញលិខិតព្រមានការទូតនេះ។
យ៉ាងណាក៏ដោយលោកសុន ឆ័យ និយាយថា ប្រទេសកម្ពុជាគួរតែទទួលយកអនុសាសន៍មួយចំនួនរបស់សហគមន៍អន្ដរជាតិ។
“គួរតែយកការលើកឡើងរបស់គេ ដើម្បីធ្វើការកែលំអ ធ្វើយ៉ាងណាឲ្យប្រទេសយើងហ្នឹង ឆាប់បាន ក្លាយទៅជាប្រទេសដែលមាននីតិរដ្ឋ គោរពលើសិទ្ធិមនុស្ស និងអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យបាន ត្រឹមត្រូវ"។
លោកស្រី ពង្ស ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានគាំទ្រទស្សនខាងលើនេះ៕