លោកឆេង គឹមស៊ុន បន្ទាប់ពីបានតែងតាំងជាប្រធានរដ្ឋបាលព្រៃឈើថ្មីអស់រយៈពេលជាងពីរសប្តាហ៍ បានធ្វើឲ្យតួនាទីរបស់លោកស្ថិតនៅក្នុងភាពស្រពិចស្រពិល និងមិនធ្លាប់ស្គាល់ប្រវត្តិរបស់លោកពីមជ្ឈដ្ឋានទូទៅនៅឡើយ បើទោះបីជាលោកមានបទពិសោធន៍ខាងផ្នែករុក្ខកម្មជាច្រើនឆ្នាំក៏ដោយ។
វាហាក់បីដូចជាចម្លែកបន្តិចសម្រាប់មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្រ្តីអង្គការសង្គមស៊ីវិល មួយចំនួន ចំពោះការតែងតាំងលោកឆេង គឹមស៊ុន ជាប្រធានរដ្ឋបាលព្រៃឈើថ្មី ស្របពេលដែលរដ្ឋ បាលកម្ពុជា បានចាប់ផ្តើមបង្រ្កាបបទល្មើសព្រៃឈើនៅទូទាំងប្រទេស។
លោកឆេង គឹមស៊ុន ត្រូវបានជំនួសតូនាទីនេះ បន្ទាប់ពីលោកទី សុគន្ធ ត្រូវបានផ្លាស់ប្តូរទៅ ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មវិញ ដោយសារតែលោកបរាជ័យក្នុងការបង្រ្កាបបទល្មើសព្រៃឈើ។
អស់រយៈពេលជាង២សប្តាហ៍ បន្ទាប់ពីលោកឆេង គឹមស៊ុន បានចូលកាន់មុខតំណែងជា ប្រធានរដ្ឋបាលព្រៃឈើថ្មីជំនួសលោកទី សុគន្ធ ប្រជាពលរដ្ឋ នៅស្រុកឱរាល់ ខេត្តកំពង់ស្ពឺ និងមន្រ្តី អង្គការសង្គមស៊ីវិលមួយចំនួន នៅតែមិនទាន់ស្គាល់ប្រវត្តិ ហើយនៅតែដាក់មន្ទិលសង្ស័យថា មន្រ្តី រដ្ឋបាលព្រៃឈើថ្មីនេះ អាចនឹងធ្វើការកំណែទម្រង់វិស័យព្រៃឈើបានដែរ ឬយ៉ាងណា។
សម្រាប់លោកឆេង គឹមស៊ុន អាយុប្រហែលជាង៤០ឆ្នាំ ជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុករដ្ឋ បាលព្រៃឈើ បានបដិសេធពុំផ្តល់អត្ថាធិប្បាយណាមួយចំពោះ VOA សំឡេងសហរដ្ឋអាមេរិកទេ។ដោយលោកបាននិយាយថា លោកទើបចូលកាន់តួនាទីថ្មី របស់លោកតែប៉ុណ្ណោះ។
«នៅពេលដែលខ្ញុំក្តាប់ការងារបាន ខ្ញុំមានព័ត៌មាននៅក្នុងដៃក្តាប់បានហើយ ខ្ញុំនឹងផ្តល់បទ សម្ភាសន៍ជាមួយខាងលោក មិនបាច់ពិបាកថា ខ្ញុំមិនទទួលមិនអីទេ បាទ។ ក៏ប៉ុន្តែឥឡូវ ពេលនេះខ្ញុំ សូមទោស ដោយសារតែខ្ញុំទើបចូលមកកាន់ការងារថ្មី។ អញ្ចឹងការងារអ្វីៗ ខ្ញុំអត់ទាន់បានក្តាប់បានណែន បានជុំនៅឡើយទេ។ អញ្ចឹងខ្ញុំព្យាយាម អញ្ចឹងហើយខ្ញុំអត់ទាន់មានព័ត៌មានអីត្រូវជម្រាបជូនលោកទេ»។
លោកឆេង គឹមស៊ុន បានបពា្ចប់បរិញ្ញាប័ត្រផ្នែករុក្ខកម្មជំនាន់ទី១ នៅក្នុងអំឡុងឆ្នាំ១៩៨៩ នៅ សាកលវិទ្យាល័យកសិកម្មចម្ការដូង។ លោកធា្លប់ជាអតីតប្រធានការិយាល័យកិច្ចការព្រៃឈើនៅទូ ទាំងប្រទេស។
ក្រោយមកលោកឆេង គឹមស៊ុន ត្រូវបានតែងតាំងជាអនុប្រធានរដ្ឋបាលព្រៃឈើដែលទទួលបន្ទុកការ ងារច្បាប់ និងគ្រប់គ្រងវិស័យព្រៃឈើ រហូតដល់លោកបច្ចុប្បន្ននេះ ត្រូវបានតែងតាំងជាប្រធានរដ្ឋ បាលព្រៃឈើថ្មីជំនួសលោកទី សុគន្ធ។
សម្រាប់ប្រជាពលរដ្ឋ នៅស្រុកឱរាល់ ខេត្តកំពង់ស្ពឺ រហូតដល់មន្រ្តីរដ្ឋបាលព្រៃឈើស្រុកឱរាល់ នៅតែមិនទាន់ស្គាល់លោកឆេង គឹមស៊ុនឲ្យបានច្បាស់លាស់នៅឡើយ។
លោកអ៊ឹម ភី ប្រធានភូមិព្រៃមាន ឃុំរស្មីសាមគ្គី ស្រុកឱរាល់ នៅពេលដែលផ្តល់បទសម្ភាសន៍ជាមួយ VOA លោកបានក្រវីក្បាលបន្តិច រួចពោលថា លោកមិនដែលឮឈ្មោះ និងមិនដែលស្គាល់លោក ឆេង គឹមស៊ុនទេ។ ដោយសារតែលោករវល់ក្នុងការងារគ្រប់គ្រងប្រជាជននៅក្នុងភូមិ។
ចំណែកឯលោកជូ គក់ ប្រជាពលរដ្ឋមួយរូបដែលកំពុងអង្គុយលក់ដូររបស់របរបន្តិចបន្តួចនៅមុខផ្ទះ លោកបាននិយាយថា លោកអត់បានតាមដានព័ត៌មានអំពីការដោះដូរមុខតំណែងរដ្ឋបាល ព្រៃឈើថ្មីនេះដែរ។
លោកជូ គក់ បាននិយាយថា លោកមិនដែលស្គាល់លោកឆេង គឹមស៊ុន ពីមុនមកទេ។
«អ្ហូ ខ្ញុំអត់ស្គាល់ផង។ ខ្ញុំអត់សូវទំនាក់ទំនង់គាត់ផង»។
លោកឆេង គឹមស៊ុន បន្ទាប់ពីបានបញ្ចប់បរិញ្ញាប័ត្រផ្នែករុក្ខកម្ម លោកបានបន្តសិក្សាអនុបណ្ឌិត នៅសាកលវិទ្យាល័យគ្រប់គ្រង ដោយលោកបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម។
បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកអនុបណ្ឌិតនៅក្នុងស្រុក លោកឆេង គឹមស៊ុនបានបន្តការ សិក្សាផ្នែកបណ្ឌិតនៅសាកលវិទ្យាល័យមួយរបស់ប្រទេសម៉ាឡេស៊ីផ្នែករុក្ខកម្ម។ ការសិក្សានេះធ្វើឡើង តាមរយៈប្រព័ន្ធអ៊ីធឺណិតពីចម្ងាយ ដែលភាសាអង់គ្លេសហៅថា ការសិក្សាតាមរយៈ Online។
សម្រាប់លោកចាន់ សូវ៉េត មន្រ្តីផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូវិញ បាននិយាយថា លោកឆេង គឹមស៊ុនមានបទពិសោធន៍ច្រើនខាងកិច្ចការព្រៃឈើ ដែលធ្វើឲ្យលោកមានលទ្ធភាពគ្រប់ គ្រាន់ក្នុងការទទួលយកកិច្ចការនេះ។
«តំណែងថ្មីនេះធ្វើឲ្យលោកឆេង គឹមស៊ុន អាចនឹងមានលទ្ធភាពគ្រប់គ្រាន់ ព្រោះថា លោក បានទទួលការទុកចិត្ត។ យ៉ាងដូច្នេះលោកអាចធ្វើការកែទម្រង់ និងធ្វើយ៉ាងម៉េច ដើម្បីធ្វើឲ្យព្រៃឈើ នៅស្រុកយើងមានលក្ខណៈប្រសើរ ហើយប្រើប្រាស់ទៅចំទិសដៅបាទ»។
ក្រោយពីមានការផ្លាស់ប្តូរមុខតំណែងរដ្ឋបាលព្រៃឈើមក យ៉ាងតិចមានសំណុំរឿងបទល្មើសព្រៃ ឈើចំនួន២០៧ករណី កាលពីថ្ងៃទី២១ខែមេសាកន្លងទៅនេះ ត្រូវបានបញ្ជូនទៅតុលាការ និងរឹបអូសឈើខុសច្បាប់ចំនួន៥២០០ម៉ែត្រគូប រថយន្ត២០គ្រឿង និងបានឃាត់ខ្លួនមនុស្សចំនួន១១នាក់៕