ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​យក​ព័ត៌​មាន​អន្ដរ​ជាតិ​ប្រារព្ធ​ពិធី​សាសនា​រំឭក​វិញ្ញាណ​ក្ខន្ធ​អ្នក​រួម​អាជីព


លោក​សេនា​ប្រមុខ​ លន់​ នល់​ ប្រធានាធិប​តី​របប​សាធារណ​រដ្ឋ​​ខ្មែរ ​ជួប​ទាហាន​​សម័យ​សង្គ្រាម។​
លោក​សេនា​ប្រមុខ​ លន់​ នល់​ ប្រធានាធិប​តី​របប​សាធារណ​រដ្ឋ​​ខ្មែរ ​ជួប​ទាហាន​​សម័យ​សង្គ្រាម។​

នៅ​ក្រោម​ដំបូល​តង់​សង់​នៅ​កណ្ដាល​វាល​ស្រែ​ ក្បែរ​ផ្លូវ​ដ៏​សំខាន់​មួយ​ធ្វើ​អំពី​ដី​ក្រហម​ឆ្ពោះ​ ទៅ​វត្ត​ពោធិ​ ក្នុង​ស្រុក​បសេដ្ឋ​ ខេត្ដ​កំពង់​ស្ពឺ ​អតីត​អ្នក​យក​ព័ត៌មាន​លោក​ខាង​លិច​ចំនួន​២៧​នាក់​ មក​ពី​ ប្រទេស​ផ្សេងៗ​គ្នា​ដែល​បាន​ចូល​មក​យក​ព័ត៌មាន​នា​សម័យ​ សង្រ្គាម​ក្នុង​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ១៩៧០ដល់​ឆ្នាំ​១៩៧៥​ បាន​រៀប​ចំ​ពិធី​បង្សុ​កូល​បែប​ព្រះ​ពុទ្ធ​សាសនា​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ សហ​ការី​របស់​ពួក​គេ​ដែល​បាន​ស្លាប់​ក្នុង​សម័យ​សង្រ្គាម​ដ៏​ប្រទាញ​ប្រទង់​នោះ។

វត្ត​ពោធិ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៦០​គម​ ប៉ែក​នីរតី​ទី​ក្រុង​ភ្នំពេញ។​ នៅ​ចម្ងាយ​ពី​ទី​វត្ត​នេះ​ប្រហែល​ជា​ ១​គម​ គឺ​ក្បែរ​រោង​ពិធី​នេះ​ មាន​រណ្ដៅ​មួយ​យ៉ាង​ជ្រៅ​ដែល​មាន​ទឹក​ដក់​យ៉ាង​ល្អក់​មើល​មិន​ឆ្លុះ​បាត​ដី។​ នៅ​ទី​នេះ​ហើយ​ដែល​កង​ទាហាន​វៀត​កុង​ និង​ទាហាន​ខ្មែរ​ក្រហម​បាន​សម្លាប់​អ្នក​កាសែត​ បរ​ទេស​ចំនួន​៥​នាក់​ដោយ​វាយ​នឹង​ដំបង ​នៅ​ឆ្នាំ​១៩៧២​ ហើយ​ពួក​គេ​ត្រូវ​កប់​នៅ​ក្នុង​រណ្ដៅ​នេះ។

ព័ទ្ធ​ជុំ​ជិត​ដោយ​ប្រជា​ពល​រដ្ឋ​អ្នក​ភូមិ​ប្រមាណ​ជា​១០០​នាក់​ លោក​ស្រី​ អេលីហ៊្សាបែល បែក​ឃើ​ អតីត​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ឲ្យ​កាសែត​វ៉ាស៊ីនតោន​ប៉ូស្ដិ៍​របស់​សហ​រដ្ឋ​អាមេរិក​ បាន​អាន​រំឭក​ឈ្មោះ​ជន​រង​ គ្រោះ​ដែល​ជា​អតីត​អ្នក​កាសែត​ម្ដង​មួយៗ​ នៅ​ក្នុង​នោះ​មាន​ឈ្មោះ​ជន​រង​គ្រោះ​ទាំង​៥​នាក់​ផង​ដែរ។​ អ្នក​ស្រី​សម្រក់​ទឹក​ភ្នែក​ យំ​ខ្សឹបខ្សួល​អណ្ដឺត​អណ្ដក​ នៅ​ពេល​ដែល​អ្នក​ស្រី​ អាន​ចំ​ឈ្មោះ​ដែល​អ្នក​ ស្រី​ធ្លាប់​ស្គាល់។

លោក​ស្រី​ អេលីហ៊្សាបែល​ បែក​ឃើ ​មាន​ប្រសាសន៍​ថា ​ការ​រំឭក​វិញ្ញាណ​ក្ខន្ធ​ដល់​ជន​រង​គ្រោះ​ទាំង​នេះ​ មាន​សារៈ​សំខាន់​សម្រាប់​អ្នក​កាសែត​ដែល​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយរហូត​មក​ទល់​ពេល​នេះ​។

«យើង​បាន​មក​ពី​គ្រប់​ជ្រុង​ជ្រោយ​របស់​ពិភព​លោក​ ពីព្រោះ​ថា ​វា​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​រំឭក​ និង​លើក​កិត្តិ​យស​សហ​ការី​របស់​ពួក​យើង​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ»។

អ្នក​កាសែត​ទាំង​៥​នាក់​ដែល​ត្រូវ​បាន​សម្លាប់​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​ពោធិ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ចម្ងាយ​ ប្រមាណ​ជា​១៧​គម​ ពី​កន្លែង​សម្លាប់​ ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣។

លោក​ សុខ ​សម្បត្តិ​ អ្នក​ភូមិ​ម្នាក់​អាយុ​៧១​ឆ្នាំ​ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ នៅ​ពេល​ដែល​អ្នក​កាសែត​ ត្រូវ​គេ​ចាប់​ខ្លួន​មុន​នឹង​សម្លាប់​ចោល។

“គឺ​ចាប់​ពី​បង្ក័សី​ យក​មក​ដាក់​នៅ​សាលា​រៀន​វត្ត​ពោធិចំនួន​២​យប់។​ យប់​ទី​ពីរ​បាត់​ខ្លួន​ យក​មក​សម្លាប់​ចោល​ទី​នេះ​"។

ប្រទេស​កម្ពុជា​បាន​ជួប​នូវ​សង្រ្គាម​ស៊ីវិល​អូស​បន្លាយ​អស់​រយៈ​ពេល​បី​ទស​វត្ស។​ ក៏​ប៉ុន្ដែ​សង្រ្គាម​យ៉ាង​ ប្រទាញ​ប្រទង់​គឺ​ក្នុង​អំឡុង​ទស​វត្ស​៧០​ ដោយ​សារ​មាន​ការ​ប្រទាញ​ប្រទង់​ផ្នែក​និន្នា​ការ​នៃ​លោក​ សេរី​ និង​ប្លុក​កុមុយនិស្ដ។​មាន​អ្នក​យក​ព័ត៌មាន​កម្ពុជា​ និង​អ្នក​យក​ព័ត៌មាន​អន្ដរ​ជាតិ​ សរុប​ចំនួន​៣៧​ នាក់​ បាន​ស្លាប់​នៅ​ក្នុង​សង្រ្គាម​ក្នុង​ចន្លោះ​ខែ​មេសា​ឆ្នាំ​១៩៧០​ដល់​ខែ​មេសា​ឆ្នាំ​១៩៧៥។

សហ​ការី​របស់​លោក​ស្រី ​អេលីហ៊្សា​បែល​ បែក​ឃើ ​គឺ​លោក​ស្រី ​ស៊ីល​វ៉ាណា ​ហ្វ័រ បាន​ប្រឡូក​នៅ​ក្នុង​ការ​យក​ព័ត៌មាន​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៣។​ លោក​ស្រី​បាន​រៀប​រាប់​ថា​ ជន​ស៊ីវិល​ទទួល​ រង​ការ​សម្លាប់​ទាំង​ខាង​ភាគី​កង​ទ័ព​ខ្មែរ​ក្រហម​ ទាំង​ខាង​ភាគី​កង​ទ័ព​លោក​សេនា​ប្រមុខ​ លន់​ នល់

“ខ្ញុំ​បាន​ឃើញ​ការ​សម្លាប់​ដោយពួ​ក​ខ្មែរ​ក្រហម​ ហើយ​ខ្ញុំ​ក៏​បាន​ការ​សម្លាប់​ដោយ​កង​ទ័ព​រដ្ឋា​ភិបាល​ ដែរ។​ ភាគី​ទាំង​សង​ខាង​បាន​ប្រព្រឹត្ត​អំពើ​សោក​នាដ​កម្ម​ច្រើន​ណាស់។​ ប៉ុន្ដែ​ពិត​ហើយ​នៅ​ពេល​ដែល​ ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ ចំនួន​ជន​រង​គ្រោះ​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត"។

លោក​ស្រី ​អេលី​ហ៊្សា​បែល​ បែក​ឃើ​ បាន​វិល​ត្រឡប់​មកប្រទេស​កម្ពុជា ​វិញ​ជា​មួយ​នឹង​ក្ដី​សៅ​ហ្មង​ដែល​ ដិត​ដាម​ដោយ​អតីត​កាល​ចុក​ចាប់​ នៅ​ពេល​ដែល​អ្នក​កាសែត​មួយ​ចំនួន​ត្រូវ​បាន​ពួក​កង​ទ័ព​ ខ្មែរ​ក្រហម​សម្លាប់​ក្នុង​អំឡុង​សង្រ្គាម។​ អ្នក​ស្រី ​បែកឃើ​ ក៏​ដូច​ជា​អ្នក​សារ​ព័ត៌មាន​បរ​ទេស​មួយ​ចំនួន​ ទៀត ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​ យល់​ថា ​ការ​កាត់​ទោស​ពួក​ខ្មែរ​ក្រហម​ ហាក់​បី​ដូច​ជា​ត្រូវ​បាន​រង់​ចាំ​យូរ​ពេក។

«យើង​ត្រឡប់​មក​វិញ។​ វា​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ដល់​យើង​នោះ​ទេ។​ ក៏​ប៉ុន្ដែ ​ការណ៍​ពិត​គឺ​ជា​រឿង​សោក​សៅ​មួយ។​ ក្ដី​សោក​សៅ​ចំពោះ​សហ​ការី​របស់​យើង​ ក៏​ប៉ុន្ដែ​ប្រទេស​កម្ពុជា​បាន​រង​ទុក្ខ​ច្រើន​ ណាស់​ហើយ។​ ហើយ​ខ្ញុំ​គិត​ថា​ ក្ដី​សោក​សៅ​ដ៏​ធំ​បំផុត​គឺ​ថា ​មាន​ការ​ចំណាយ​ពេល​វេលា​ច្រើន​ពេកសម្រាប់​ការ​ប៉ះ​ប៉ូវ​ឡើង​វិញ»។

សូម​រំឭក​ថា​ អតីត​អ្នក​កាសែត​បរ​ទេស​ក្នុង​សម័យ​សង្រ្គាម​នៅ​កម្ពុជា​ទាំង​២៧​នាក់​បាន​ជួប​ប្រជុំ ​គ្នា​ ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​ទី​២០​ ដល់​ថ្ងៃ​សុក្រ​ទី​២៣​ ខែ​មេសា​នេះ។​ នៅ​ក្នុង​អំឡុង​ពេល​ជួប​ជុំ​គ្នា​នេះ​ ពួក​គេ​ បាន​ដើរ​ទស្សនា​មណ្ឌល​ពិឃាត​របស់​ពួក​ខ្មែរ​ក្រហម​បឹង​ជើង​ឯក​ សារ​មន្ទីរ​ជាតិ​ទួល​ស្លែង​ បាន​ធ្វើ​វេទិ ការ​សាធារណ​មួយ ​ដើម្បី​រៀប​រាប់​អំពី​អ្វី​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​យក​ព័ត៌មាន​នា​ សម័យ​សង្រ្គាម​នោះ។​ ហើយ​ពួក​គេ​បាន​សាង​សង់​ស្ដូប​និមិត្ត​រូប​មួយ​សម្រាប់​ឧទ្ទិស​ដល់​វិញ្ញាណ​ ក្ខន្ធ​អ្នក​យក​ព័ត៌មាន​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​សួន​ច្បារ​មួយ ​នៅ​ទល់​មុខ​សណ្ឋា​គារ​ឡឺ​រ៉ូយ៉ាល់​ កណ្ដាល​ ក្រុង​ភ្នំពេញ។​ យ៉ាង​ណា​ក៏ដោយ​ ដោយ​សារ​តែ​អតីត​អ្នក​សារព័ត៌​មាន​ទាំង​នេះ​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ហើយ​ ពួក​គេ​មួយ​ចំនួន​និយាយ​ថា​ នេះ​គឺ​ជា​ដំណើរ​ចុង​ក្រោយ​របស់​ពួក​គេ​មក​កាន់​ ប្រទេស​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG