ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​កម្ពុជា​នៅ​តែ​បែក​បាក់​និង​បែង​ចែក


លោក​ឆាំង ​យុ ប្រធាន​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម។​
លោក​ឆាំង ​យុ ប្រធាន​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម។​

ប្រទេស​កម្ពុជា​នៅ​តែ​ជា​សង្គម​មួយ​ដែល​បែក​បាក់​និង​មាន​ការបែង​ចែក​ក្នុង​ស្រទាប់​ប្រជា​ពល​រដ្ឋ​ដែល​បាន​ឆ្លង​កាត់​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​ បើ​ទោះ​បី​ជា​មាន​ការ​ខិត​ខំ​ផ្សះ​ផ្សា​នានា​ក្រោយ​ពី​របប​នេះ​បាន​ដួល​រលំ​ទៅ​តាំង​ពី​ជាង​៣១​ឆ្នាំ​មុន​ក៏​ដោយ។​ នេះ​បើ​តាម​ការ​អះ​អាងរបស់​លោក​ ឆាំង យុ​ នាយក​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា។

ក្នុង​ការ​ធ្វើបាឋកថា​មួយ​ដល់​និស្សិត​និង​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​សាកល​វិទ្យា​ល័យ​ Rutgers ​ក្នុង​ទី​ក្រុងNewark ​រដ្ឋ​ New ​Jersey​ កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ​លោក​ ឆាំង​ យុ​ បាន​បញ្ជាក់​ថា​ទាក់​ទង​នឹងការ​ស្វែង​រក​យុត្តិ​ធម៌​និង​ការ​ផ្សះ​ផ្សា​ផ្លូវ​ចិត្ត​ដែល​បន្សល់​ទុក​ជា​មរតក​នៃ​របបខ្មែរក្រហមគឺ​មាន​ អតីត​ជន​រង​គ្រោះ​ខ្លះ​គ្រាន់​តែ​ចង់​បាន​ពាក្យ​សុំ​ទោស ​អ្នក​ខ្លះ​ចង់​បាន​ការ​បញ្ជាក់​ការណ៍​ពិត​ឱ្យ​បាន​ពេញ​លេញ​ចំពោះ​ហេតុ​ការណ៍​ដែល​បាន​កើត​មាន​កន្លង​មក​ អ្នក​ខ្លះ​ចង់​បាន​ការ​ដាក់ទោស​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ប្រព្រឹត្ត​ល្មើស ​និង​អ្នក​ខ្លះ​មិន​ខ្វល់​ពីការ​កាត់​ទោស​ទៀត​ទេ​ដោយ​ពួក​គេ​ចង់​នាំ​ជីវិត​គេ​ឱ្យ​ចាក​ផុត​ពី​អតីត​កាល។

លោក​ ឆាំង យុ ​បាន​បញ្ជាក់ថា​៖ “ដូច្នេះ​ អ្នក​ទាំង​អស់​គ្នា​ឃើញ​ថា​ ប្រទេស​កម្ពុជា​គឺ​មិន​គ្រាន់​តែ​បែក​បាក់​ទេ​ ប៉ុន្តែ​ក៏​មាន​ការ​បែង​ចែក​គ្នា​ផង​ដែរ​ក្នុង​នាម​ជា​បុគ្គល​ម្នាក់​ៗ ​ក្នុង​នាម​ជា​ក្រុម​គ្រួសារ​និង​សង្គម​ទាំង​មូល ​ហើយ​នោះ​មិន​មែន​ដោយ​សារ​តែ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ពី ​យុត្តិ​ធម៌​ទេ​ ការណ៍​ពិត​យើង​យក​ចិត្ត​ទុក​ដាក់​លើការ​ស្វែង​រក​យុត្តិ​ធម៌​យ៉ាង​ខ្លាំង​ ដោយ​សារ​យើង​មិន​ចង់​ឱ្យ​មានការ​កាប់​សម្លាប់​កើត​មាន​ឡើងទៀត​ ព្រោះ​វា​ពិបាក​ផ្សះផ្សា​ខ្លាំង​ណាស់​ ហើយ​ក្នុង​ករណី​ខ្លះស្ទើរ​តែ​មិន​អាច​ផ្សះ​ផ្សា​បាន”។

មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​បាន​ធ្វើការ​ជា​ច្រើន​ឆ្នាំ​ចង​ក្រង​ឯក​សារ​ទាក់ទង​នឹង​របប​ខ្មែរ​ក្រ​ហម​ដោយ​ក្នុង​នោះ​ មាន​ការ​ពិភាក្សា​ជា​មួយ​ក្រុម​ជន​រង​គ្រោះ​ពី​ការ​កាប់​សម្លាប់​និង​ចង​ក្រង​នូវ​រឿង​រ៉ាវ​របស់​ពួក​គេ​ ការ​ចង​ក្រង​សៀវ​ភៅ​ប្រវត្តិ​សាស្រ្ត​ស្តី​ពី​របប​កម្ពុជា​ប្រជាធិប​តេយ្យ​និង​នា​ពេលថ្មីៗ​នេះ​បាន​ផលិត​ល្ខោន​វិទ្យុ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា​ “ទម្លាយ​ភាព​ស្ងៀម​ស្ងាត់​” ដែលមាន​បំណង​ចូល​រួម​ផ្សះ​ផ្សា​របួស​ផ្លូវចិត្ត​ដែល​ជន​រង​គ្រោះ​បាន​ជួប​ប្រទះ​និង​លើកទឹកចិត្តពួកគេឱ្យនិយាយ​ចេញ​មកនូវរឿងរ៉ាវខ្លោច​ផ្សា​ទាំងនោះ​។

លោក​ ឆាំង​ យុ​ ផ្តល់​ជា​អនុសាសន៍​ដល់ក្រុម​អ្នក​ចូល​រួម​ស្តាប់​ថា​ ការ​ទប់​ស្កាត់​មិន​ឱ្យ​របប​ប្រល័យ​ពូជ​សាសន៍​កើត​ឡើង​បាន​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​នាម​ជា​ពល​រដ្ឋ​ពិភព​លោក​ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សាកល​វិទ្យា​ល័យ​នានា​ក្នុង​ការ​អប់​រំ​និស្សិត​ឱ្យ​បាន​យល់​ដឹង​ ជា​របស់​ប្រទេស​មួយ​និង​ស្ថាប័ន​នានា​ ដូច​ជា​អង្គការ​សហ​ប្រជា​ជាតិ​ជាដើម ​ព្រោះ​បើ​កាល​ណាមាន​អំពើ​ប្រល័យ​ពូជ​សាសន៍​កើត​ឡើង​ វា​នឹង​ពិបាក​ក្នុង​ការ​ផ្សះ​ផ្សា​និង​លុប​បំបាត់នូវស្លាក​ស្នាម​ឈឺ​ចាប់​ទាំង​នោះ​ណាស់​ដូច​ជា​ប្រទេស​កម្ពុជា​ រយៈ​ពេល​នៃ​ឧក្រិដ្ឋ​កម្ម​បាន​កើត​ឡើងក្នុងរយៈ​ពេលតែ​មិន​ដល់៤ឆ្នាំ​ផង​ប៉ុន្តែ​កម្ពុជា​ត្រូវ​ចំណាយ​ពេល​ជា​ង​៣០​ឆ្នាំដើម្បីលុប​បំបាត់​ប៉ុន្តែ​នៅពុំទាន់​អាច​លុប​បំបាត់​បាន។

សម្រាប់​ប្រទេស​កម្ពុជា​លោក​ ឆាំង យុ​ បាន​ដាក់​ក្តីសង្ឃឹម​លើ​យុវ​ជន​ជំនាន់​ក្រោយ​ក្នុង​ការ​កសាង​សង្គម​មួយ​ដែល​មាន​ការ​អនុគ្រោះ យោគ​យល់​និង​ផ្សះ​ផ្សារ។

លោក​ ឆាំង យុ បាន​បន្ថែម​ថា៖​ «ស្តាប់​ទៅ​គួរ​ឱ្យ​ខក​ចិត្ត​ណាស់​ចំពោះ​ប្រទេស​កម្ពុជា​ដែល​មាន​មនុស្ស​ត្រូវ​គេ​សម្លាប់​ជា​ច្រើន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បំផ្លាញ​ មាន​ភាព​ក្រីក្រ​ អំពើ​ពុក​រលួយ។ល។​ និង​។ល។​ ប៉ុន្តែ​នៅ​មាន​ក្តី​សង្ឃឹម។​ មាន​ក្តីសង្ឃឹម​ថា​ នឹង​មាន​ការ​ផ្លាស់​ប្តូរ​គឺ​ដោយ​សារ​មាន​មនុស្ស​ជំនាន់​ក្រោយ​ គឺ​ដោយ​សារការ​កើន​ឡើង​ពល​រដ្ឋ​វ័យ​ក្មេង​ ថ្មី​បន្ថែម​ទៀត​ ដែល​នាំ​មកនូវ​ក្តី​សង្ឃឹម​ដល់​សង្គម​ជាតិ​ ប៉ុន្តែ​គេត្រូវ​តែ​ដឹង​ថា ​យុវជន​ទាំង​នេះ​ ក៏​កំពុង​តែ​មាន​អាយុ​ច្រើន​ឡើង​ៗ ​ជា​លំដាប់​រាល់​ថ្ងៃ ​ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ក្នុង​ពេល​ឥឡូវនេះ ​មុន​ពេល​ពួក​គេ​អាយុ​ចាស់​ជាង​នេះ​ … ប្រសិន​បើ​ជា​យើង​មិន​ធ្វើ​សកម្ម​ភាព​ឥឡូវ​នេះ​ទេ​ ខ្ញុំ​គិត​ថា​ យើង​នឹង​បាត់​បង់​មនុស្ស​មួយ​ជំនាន់​ទៀត​ ហើយ​ពេល​នោះ​ការ​ឈឺ​ចាប់​និង​ទុក្ខ​សោក​ទាំង​ឡាយ​ ការ​ខ្លាច​បាក់​ស្បាត ​នឹង​នៅ​តែ​ជាប់​ជា​មួយ​យើងជា​និច្ច គឺ​មិនគ្រាន់តែ​ពួក​យើង​ជា​ជន​រង​គ្រោះ​ទេ ​ប៉ុន្តែ​វា​ក៏​នឹង​ផ្ទេរ​ទៅ​ដល់កូនៗរបស់​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ»។

មាន​មេ​ដឹក​នាំ​ជាន់​ខ្ពស់តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៃ​របប​ខ្មែរ​ក្រហម​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ក្នុង​តុលាការ​កូន​កាត់​អង្គការ​សហ​ប្រជា​ជាតិ​និង​កម្ពុជា​ ក្នុង​នោះ​មាន​ដូច​ជា​ នួន​ ជា​ អតី​ត​មេ​មនោគម​វិជ្ជា​ខ្មែរ​ក្រហម​ ខៀវ ​សំផន ​អតីត​ប្រមុខ​រដ្ឋ​ អៀង ​សារី​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​ និង​ប្រពន្ធ​របស់​គាត់​គឺ ​អៀង ​ធីរិទ្ធិ ​អតីត​រដ្ឋ​មន្រ្តី​សង្គម​កិច្ច។​ តុលាការ​នេះ​បាន​បើក​សវនា​ការ​លើ​ករណី របស់​អតីត​មេគុក​ ទួល​ស្លែង​កាំង ​ហ្គេច​អៀវ​ ហៅ​ឌុច​ ហើយ​កំពុង​រង់​ចាំ​សាល​ក្រម​សម្រេច​ទាក់​ទង​នឹង​ទោស​ទណ្ឌ​របស់​គាត់។

លោក ​Marco Oliveira​ និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​ខាង​យុត្តិ​ធម៌​ព្រហ្ម​ទណ្ឌ ​និង​វិទ្យា​សាស្រ្ត​នយោ​បាយ​នៃសាកល​វិទ្យា​ល័យ​ Rutger ​បាន​ប្រាប់​វីអូអេ​ សំឡេង​សហ​រដ្ឋ​អាមេរិក​ក្រោយ​ពី​បាឋកថានោះ​បញ្ចប់​ថា​លោក​យល់​ស្រប​ជា​មួយ​នឹង​អ្វី​ដែល​លោក​ឆាំង​ យុ​ បាន​លើក​ឡើង ហើយ​ សម្រាប់​ខ្លួន​លោក​ ការ​សុំ​ទោស​ចំពោះ​រឿង​ឧក្រិដ្ឋ​ដែល​បាន​កើតឡើង​គឺ​គ្រប់​គ្រាន់​ណាស់ហើយ។

លោក​បាន​និយាយ​ថា៖​ «ចំពោះ​រឿង​ប្រល័យ​ពូជ​សាសន៍​ ខ្ញុំ​មិន​ដឹង​ថា​ តើ​គេ​ទទួល​បាន​ការ​ផ្សះ​ផ្សា​តាម​រយៈ​សាលាក្តី ​ឬ​យ៉ាង​ណា​ទេ។​ ចំពោះ​ខ្ញុំវិញ​ បើមាន​តែ​ការ​សុំ​ទោស​នោះ​ គឺ​គ្រប់​គ្រាន់​ហើយ​ ហើយ​យើង​អាច​បន្ត​ជីវិត​ទៅ​មុខ​ទៀត​បាន»។

លោក​សាស្រ្តា​ចារ្យ ​Alexander ​Hinton ​នាយក​មជ្ឈ​មណ្ឌល​សម្រាប់​ការ​សិក្សា​ពី​ទំ​នាស់​និ​ង​ដំណោះ​ស្រាយ និង​សិទ្ធិ​មនុស្ស ​ដែល​បាន​រៀប​ចំ​ឱ្យ​មាន​ការ​ធ្វើ​បាឋកថា​លើក​នេះ​ និង​ពេល​កន្លង​មកដោយ​មានវាគ្មិន​ផ្សេងៗ​ជុំវិញ​បញ្ហា​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ វា​ជា​ការ​សំខាន់​ដែល​គេ​ត្រូវ​យល់​ដឹង​ពីកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កន្លង​មក​ក្នុង​ការ​ផ្សះ​ផ្សា​សង្គម​កម្ពុជាដែល​មាន​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​ដោយ​មិន​ចាប់​ផ្តើម​ត្រឹម​ពេល​នៃ​ការ​បង្កើត​ឡើងតុលាការ​ខ្មែរ​ក្រហម​ទេ​ ហើយ​ការ​ដាក់​ក្តី​សង្ឃឹម​ទាំង​ស្រុង​លើ​តុលាការ​ឱ្យ​ដោះ​ស្រាយ​នូវ​អ្វី​ដែល​បាន​កើត​មាន​ឡើង​អាច​នឹង​នាំ​ឱ្យ​មាន​ការ​ខក​ចិត្ត។

លោក​សាស្រ្តា​ចារ្យ​មាន​ប្រសាសន៍​ថា៖ ​«ជា​រឿយៗ​ ខ្ញុំ​គិត​ថា ​គេ​គ្រប់​គ្នា​គិត​ថា​ សាលាក្តី​ខ្មែរ​ក្រហម​នឹង​នាំ​មក​នូវ​ការណ៍​ពិត​និង​ការ​ផ្សះ​ផ្សា​ហើយ​នោះ ​គឺជា​ការ​ដាក់​ឱ្យ​តុលាការ​នេះ​ទៅ​រក​ផ្លូវ​បរាជ័យ។​ យើង​ត្រូវ​តែ​ទទួលស្គាល់​ថា​ តើ​តុលាការគឺ​ជា​អ្វី​ តើ​វា​អាច​ធ្វើ​ការ​ងារ​អ្វី​បាន​ខ្លះ ​គឺ​វាអាច​ធ្វើការ​ងារ​បាន​មួយ​ចំនួន​ ដូច​ជា​ការ​នាំ​យក​ភស្តុតាង​ដើម្បី​រួម​ចំណែក​ដល់​ការ​យល់​ដឹង​ពី​អតីត​កាល​និង​ឱ្យ​មេ​ដឹក​នាំ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ​ប៉ុន្តែ​មិន​អាច​ធ្វើ​ការ​ងា​របាន​ទាំង​អស់​ទេ​ ហើយនៅពេល​ដែល​មានការ​ទាម​ទាឱ្យនាំ​យក​ការណ៍​ពិត​ យុត្តិ​ធម៌ ​ការ​ផ្សះ​ផ្សា​ នីតិ​រដ្ឋ​ ទប់​ស្កាត់​វប្ប​ធម៌​នីទណ្ឌ​ភាព​។ល។​និង​។ល។ គឺ​កាន់​តែ​ជំរុញ​ឱ្យ​តុលាការ​បរាជ័យ»។

របប​ខ្មែរ​ក្រហម​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​ ហើយ​បាន​បង្ក​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​ពល​រដ្ឋ​ជិត​ពីរ​លាន​នាក់​។ របប​នេះ​បាន​ធ្វើឱ្យ​ក្រុម​គ្រួសារ​ព្រាត់​ប្រាស់​គ្នា​ ហើយ​បន្សល់​ទុក​កុមារ​កំព្រា​និង​ស្រ្តីមេម៉ាយ​ជា​ច្រើន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG