ប្រទេសកម្ពុជាជាប្រទេសមួយដែលមានអតីតកាលពោរពេញដោយសោកនាដកម្មជាងប្រទេសភាគច្រើន។ ក្នុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះប្រទេសនេះ ត្រូវបានជួបប្រទះនឹងសង្រ្គាមស៊ីវិល ក្រោយមកមានអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលថែមទៀត។
ឥឡូវនេះ ប្រទេសកម្ពុជាមានសន្តិភាពនិងមានសេដ្ឋកិច្ចកំពុងរីកលូតលាស់។ ក៏ប៉ុន្តែក្រុមអ្នកធ្វើការផ្នែកសុខភាពផ្លូវចិត្តនិយាយថា របួសផ្លូវចិត្តនៅមិនទាន់ជាសះនៅឡើយទេ។
លោកឈីម សុធារ៉ាជាគ្រូពេទ្យវិកលចរិត ដែលដឹកនាំការិយាល័យកម្ពុជានៃក្រុមជំនួយហូឡង់ នៃអង្គការចិត្តសង្គម អន្តរវប្បធម៌ ឬហៅកាត់ជាភាសាអង់គ្លេសថា TPO និយាយថា អតីតកាលដ៏ខ្មៅងងឹតរបស់ប្រទេសនេះ បានបង្ករឲ្យមានអត្រាជំងឺផ្លូវចិត្តយ៉ាងខ្ពស់បំផុត។
«តាមទស្សនៈរបស់ខ្ញុំ ខ្ញុំគិតថា អតីតកាលដើរតួសំខាន់ណាស់ក្នុងការចូលរួមចំណែកក្នុងបញ្ហានេះ។ ខ្ញុំគិតថា ជនជាតិខ្មែរគ្រប់រូប ដូចជាកែវដែលមានទឹក ហើយទឹកនោះ គឺ ជាជំងឺបាក់ស្បាត។ បើសិនណា គេចាក់ទឹកចូលបន្ថែមទៀត កែវនោះនឹងឆាប់ពេញជាងកែវដែលទទេ»។
ការសិក្សាមួយដែលបានធ្វើឡើងដោយអង្គការTPO បានរកឃើញថា ប្រជាពលរដ្ឋខ្មែរ៣៥ភាគរយរងប៉ះពាល់ដោយសារជំងឺផ្លូវចិត្តណាមួយ ដោយចាប់ពីការប៉ះពាល់កម្រិតស្រាលដល់កម្រិតធ្ងន់បំផុត។
កេរ្តិ៍តំណែលពីជំលោះអតីតកាលមានន័យថា ប្រជាពលរដ្ឋខ្មែរជាងមួយភាគបួន បង្ហាញសញ្ញាថា មានជំងឺបាក់ស្បាត និងជាង១០ភាគរយរងប៉ះពាល់ដោយជំងឺធ្លាក់ទឹកចិត្ត ទោះបីជាមនុស្សភាគច្រើនមានអាយុក្មេងពេកមិនអាចចាំបាននូវរយៈពេលដ៏ខ្មៅងងឹតនោះក៏ដោយ។
ក៏ប៉ុន្តែការព្យាបាលជំងឺនេះមានតិចតួចណាស់។ ថវិកាផ្នែកសុខភាពរបស់រដ្ឋាភិបាលសម្រាប់សុខភាពផ្លូវចិត្តនេះមានតែ១%ប៉ុណ្ណោះ។ សម្រាប់ប្រជាពលរដ្ឋចំនួន១៤លាននាក់មានគ្រូពេទ្យវិកលចរិតតែ៤០នាក់ប៉ុណ្ណោះ ហើយមានតែគ្រូពេទ្យប្រមាណជា១០នាក់ប៉ុណ្ណោះ ដែលធ្វើការនៅតាមខេត្តនានាក្នុងប្រទេសនេះ។
នៅផ្នែកព្យាបាលសុខភាពផ្លូវចិត្តនៃមន្ទីរពេទ្យមួយក្នុងក្រុងកំពតភាគខាងត្បូងនៃប្រទេសកម្ពុជា វេជ្ជបណ្ឌិត គីម វុត្ថា ត្អូញត្អែរអំពីការខ្វះខាតប្រាក់ឧបត្ថម្ភ និងថ្នាំពេទ្យ។
លោកនិយាយបន្ថែមទៀតថា ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋតាមតំបន់ជនបទ ជាធម្មតាស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាជម្រើសចុងក្រោយ ក្រោយពីព្យាយាមរកការព្យាបាលនៅតាមវត្តអារ៉ាមនិងគ្រូខ្មែរបូរាណ។ នៅតាមភូមិ ការដាក់ច្រវ៉ាក់មនុស្សវិកលចរិតខ្លាំងជាប់នឹងបង្គោល ឬទុកនៅក្នុងទ្រុងបណ្តោះអាសន្ននោះ គឺជាការធម្មតាមួយ។
ផល្លី សត្យា ជាអ្នកពិគ្រោះយោបល់មួយរូប នៅទីក្រុងភ្នំពេញ និយាយថា ថ្វីបើអ្នកជំងឺផ្លូវចិត្តមានចំនួនខ្ពស់ដូចនេះក៏ដោយ ក៏ជាធម្មតាប្រជាពលរដ្ឋខ្មែរជាច្រើនមិនចង់ទទួលស្គាល់ថា ខ្លួនមានបញ្ហាផ្លូវចិត្តនោះទេ។
«នៅក្នុងសង្គមខ្មែរ បើសិនមនុស្សណាម្នាក់ពិភាក្សាជាមួយអ្នកពិគ្រោះយោបល់ អ្នកចិត្តវិជ្ជា ឬទៅជួបគ្រូពេទ្យវិកលចរិត នោះពួកគេនឹងសង្ស័យថា ‘អូ!គាត់នោះឆ្កួត ឬសួរថាគាត់នោះមានបញ្ហាអ្វី?’»។
លោកសត្យា និយាយថា វប្បធម៌ប្រពៃណី ជាញឹកញាប់មានតួនាទីយ៉ាងសំខាន់ ក្នុងរបៀបដែលជំងឺផ្លូវចិត្តត្រូវបានដោះស្រាយ។
«បញ្ហានេះបានកើតឡើងមានឡើងដោយសារការជឿលើរុក្ខអារក្សទេវតា ព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ ដែលជំងឺភាគច្រើនកើតឡើងពីការគ្មានតុល្យភាពនៃធាតុខ្យល់ ធាតុដី ធាតុភ្លើង និងធាតុទឹក។ ហើយក្នុងនោះផងដែរ បើសិនជាលោកអ្នកធ្វើអ្វីមួយឲ្យក្ដៅក្រហាយដល់អារក្ស អ្នកតាភ្នំ ឬដើមឈើនោះលោកអ្នកដឹងហើយថា អារក្សអ្នកតានោះនឹងឆ្លើយតបទៅលោកអ្នកវិញ សងសឹកនឹងលោកអ្នក ធ្វើឲ្យលោកអ្នកធ្លាក់ខ្លួនឈឺ»។
អង្គការជំនួយបរទេសមិនអាចជួយបំពេញចន្លោះនេះបានទេ។ លោកឈីម សុធារ៉ា និយាយថា វិបត្តិសេដ្ឋកិច្ច មានន័យថា មានប្រាក់តិចជាងមុនសម្រាប់អង្គការរបស់លោកដែលធ្វើដំណើរជុំវិញប្រទេស ដើម្បីធ្វើការងារផ្នែកព្យាបាលសុខភាពផ្លូវចិត្តនេះ។
«ខ្ញុំគិតថា បញ្ហាជំងឺផ្លូវចិត្តទទួលបានការយកចិត្តទុកដាក់តិចតួចបំផុត ដែលបញ្ហានេះបានបន្សល់ទុកក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាលធ្លាប់ឲ្យដឹងថា ខ្លួនបានចាត់ទុកបញ្ហាជំងឺផ្លូវចិត្តជាអទិភាពមួយ តែខ្ញុំគិតថា បញ្ហានេះមិនមែនជាកិច្ចការចំបងរបស់ក្រសួងសុខាភិបាលទេ”។
លោកសុធារ៉ានិយាយថា ការកាត់បន្ថយជំនួយពីប្រទេសផ្តល់អំណោយបានបង្ខំឲ្យលោកបញ្ឈប់ការងារបុគ្គលិកចំនួន៥០នាក់កាលពីចុងឆ្នាំមុន។
នៅក្នុងចំណោមកិច្ចប្រឹងប្រែងដ៏តិចតួចរបស់រដ្ឋាភិបាលដើម្បីដោះស្រាយវិបត្តិនេះ គ្រូពេទ្យវិកលចរិតថ្មីចំនួន១០នាក់ត្រូវបានបណ្តុះបណ្តាលជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែ អ្នកដែលការធ្វើក្នុងការងារផ្នែកនេះដល់មូលដ្ឋាន ដូចជាលោកសុធារ៉ាជាដើម និយាយថា ចំនួននោះនៅតែមិនទាន់គ្រប់គ្រាន់នោះឡើយទេ៕