ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចាង​ហ្វាង​កាសែតចេញ​ពី​ពន្ធ​នាគារ​ប្តេជ្ញា​បន្ត​អាយុ​កាសែត​ខ្លួន


ផ្លូវ​ទៅ​ពន្ធនា​គារ​ព្រៃ​ស​ជាយ​ក្រុង​ភ្នំពេញ។
ផ្លូវ​ទៅ​ពន្ធនា​គារ​ព្រៃ​ស​ជាយ​ក្រុង​ភ្នំពេញ។

បន្ទាប់​ពី​បាន​ដោះ​លែង​ចេញ​ពី​ពន្ធ​នាគារ​ចាង​ហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​បាន​និយាយ​ថាកាសែត​របស់​លោក​បើក​ឱ្យ​តំណើរ​ការ​ឡើង​វិញ​នៅ​សបា្តហ៍​ក្រោយ​នេះ។​ ក៏​ប៉ុនែ្ត​ការ​បោះ​ពុម្ព​លើក​ក្រោយ​នេះ​លោក​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាង​មុន​ដើម្បី​ចៀស​វាង​ប្តឹង​ពី​បទ​បរិហាររ​កេរ្តិ៍។

លោក​ហង្ស​ ចក្រា​ ចាង​ហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​បាន​បញ្ជាក់​ប្រាប់ ​VOA​ សំឡេង​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​នៅ​សបា្តហ៍​ក្រោយ​នេះ​លោក​នឹង​រៀប​ចំ​បោះ​ពុម្ព​ផ្សាយ​កាសែត​របស់​លោក​ឡើង​វិញ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ។​ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការ​ចេញ​ផ្សាយ​លើក​ក្រោយ​នេះ​លោក​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាង​មុន​ដើម្បី​ជាង​វាងបណ្តឹង​ពី​បទបរិហាររ​កេរ្តិ៍។

«ពីព្រោះ​ខ្ញុំ​មិន​ចង់​ឱ្យ​វា​ងាប់​នៅ​ពាក់​កណ្តាល​ទី​ដូច្នេះ​ទេ។​មួយ​ទៀត​ដោយ​សារ​ខ្មែរ​ម្ចាស់​ស្រុក​មាន​ឈ្មោះ​ទៅ​ហើយ​ ហើយ​ខ្ញុំ​ក៏​ជាប់​គុក​ដោយ​សារ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ហ្នឹង​ដែរ​ ដូច្នេះ​ខ្ញុំ​មិនចង់​ឱ្យ​វា​បញ្ចប់​ទៅ​ជា​របៀប​អហោ​សកម្ម​ទេ។​ខ្ញុំ​ត្រូវ​ធ្វើ​វា​ឱ្យ​មាន​ជីវិត​ឡើង​វិញ​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ​ទាំង​មូល»។

កាល​ពី​ដើម​ខែ​មេសា​នេះ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ដែល​លម្អៀង​ទៅ​រក​គណៈ​បក្ស​ប្រឆាំង​បានផ្អាក​ការ​បោះ​ពុម្ព​ផ្សាយ​មួយ​រយៈ​ដោយ​សារ​វិបត្តិ​ហិរញ្ញ​វត្ថុ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​បុគ្គលិក​កាសែតខ្មែរ​ម្ចាស់​ស្រុក។

លោក​ ហង្ស​ ចក្រា​បាន​បញ្ជាក់​ថា ​នៅ​ដើម​សបា្តហ៍​ក្រោយ​នេះ​លោក​នឹង​កោះ​ប្រជុំ​បុគ្កលិក​របស់លោក​ដើម្បី​រិះ​រក​វិធី​សម្រាប់​ធ្វើ​ការ​បោះ​ពុម្ព​ផ្សាយ​ឡើង​វិញ។

លោក​បាន​មាន​ប្រសាសន៍​ថា ជំហរ​កាសែត​របស់​លោក​នៅ​តែ​បន្ត​រិះ​គន់​ដ៏​ដែល​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ។

«ជំហរ​របស់​ខ្ញុំ​ពុំ​មាន​នរណា​អាច​បត់​បែន​បាន​ទេ​។ ខ្ញុំ​នៅ​តែ​រក្សា​ជំហរ​ដើម​របស់​ខ្ញុំ។​ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​នោះ​គឺ ថា ការ​សរសេរ​លើក​ក្រោយ​នេះ​គឺ​សុទ្ធ​តែ​មាន​ប្រភព​ច្បាស់​លាស់​មិន​មែន​ប្រភព​មិន​ច្បាស់​លាស់​ទេ»។

លោក​ទិត​ សុធា​ ទី​ប្រឹក្សា​រដ្ឋា​ភិបាល​និង​ជា​អ្នក​នាំ​ពាក្យ​ប្រតិ​កម្ម​រហ័ស​របស់​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ​អ្នក​សារ​ព័ត៌មាន​គួរ​តែ​គោរព​វិជា្ជជីវៈ​សារ​ព័ត៌មាន​ឱ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ចៀស​វាង​ការ​ប្តឹង​ផ្ដល់​ទៅ​តុលាការ។

លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​សរសេរ​ព័ត៌មាន​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ជួយ​អភិវឌ្ឍប្រទេស​ឱ្យ​មាន​ការ​រីក​ចម្រើន។

«ប្រសិន​បើ​គាត់​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​ដោយ​គោរព​ទៅ​តាម​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​នោះ​ជារឿង​មួយ​ល្អ​ណាស់​សម្រាប់​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»។

កាល​ពី​ថ្ងៃ​អង្គារ​ដើម​សបា្តហ៍​នេះ​ លោក​ហង្ស​ ចក្រា​ចាង​ហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​ជា​មួយ​និង​អ្នក​ទោស​៤៩​នាក់​ផ្សេង​ទៀត​បន្ទាប់​ពី​ទទួល​បាន​លិខិត​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ។

លោក​ហង្ស​ ចក្រា​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០០៩​បាន​កាត់​ទោស​ឱ្យ​ជាប់​ ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោម​បទ​ចោទ​ប្រកាន់​បរិហារ​កេរ្តិ៍​បន្ទាប់​ពី​កាសែត​របស់​លោក​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​រិះ​គន់​ថា ​មន្ត្រី​ដែល​នៅ​ជុំវិញ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ​ អាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG