ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​វិនិ​យោគ​ដី​សម្ប​ទាន​កសិកម្ម​ធំៗ​មិន​ទាន់​បាន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​ទេ


ចម្ការ​កសិករ​ខ្មែរ​ក្បែរ​ជើង​ភ្នំ។
ចម្ការ​កសិករ​ខ្មែរ​ក្បែរ​ជើង​ភ្នំ។

សមាគម​សេដ្ឋ​កិច្ច​កម្ពុជា​បាន​រក​ឃើញ​ថា​ ការ​វិនិ​យោគ​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​វិស័យ​កសិកម្ម​ដែល​ ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋា​ភិបាល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មិន​ទាន់​បាន​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​គម្រោង​វិនិ​យោគ​ភាគ​ច្រើន​នៅ​គាំង​ មិន​ទាន់​ដំណើរ​ការ​ ហើយ​គម្រោង​ មួយ​ចំនួន​តូច​ដែល​កំពុង​ដំណើរ​ការ​នោះ​មិន​បាន​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​ប្រជា​ជន​ក្រីក្រ​នោះ​ទេ។

ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​គឺ​ជា​ដី​ដែល​រដ្ឋា​ភិបាល​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​សម្រាប់​វិនិ​យោគ​ក្នុង​វិស័យ​កសិកម្ម​ ក្នុង​រយៈ​ពេល​រហូត​ដល់​៧០​ឆ្នាំ​ដោយ​មិន​គិត​ឈ្នួល។​ រដ្ឋា​ភិបាល​ចាត់​ទុក​ការ​ផ្តល់​ដី​សម្ប​ទាន​នេះ​អាច​ទាក់​ទាញ​អ្នក​វិនិ​យោគ​ បង្កើន​ផលិត​ផល​កសិ​កម្ម​ និង​បង្កើត​ការ​ងារ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច។​ ម្ល៉ោះ​ហើយ​ ចាប់​តំាង​ពី​ឆ្នាំ​១៩៩៥​ រហូត​មក​ដល់​ដំណាច់​ឆ្នាំ​២០០៩​ មាន​ក្រុម​ហ៊ុន​ជាតិ​ និង​អន្តរ​ជាតិ​ចំនួន​៦៥​ហើយ​ដែល​ ទទួល​បាន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​សរុប​ជិត​១​លាន​ហិចតាសម្រាប់​ដាំ​ដំណាំ​កសិ​ឧស្សាហ​កម្ម​ ដូច​ជា​កៅ​ស៊ូ ​អំពៅ​ ដំឡូង​ជ្វា​ ដូង​ប្រេង​ និង​ស្វាយ​ចន្ទី​ជា​ដើម។​ ប៉ុន្តែ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​ បាន​ឲ្យ​ ដឹង​ថា ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទំាង​៦៥​ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន​ និង​វៀត​ណាម ​នោះ​ មាន​តែ​២០​ក្រុម​ហ៊ុន​ ប៉ុណ្ណោះ​ដែល​ចាប់​ផ្តើម​ដំណើរ​ការ​វិនិ​យោគ​នៅ​លើ​ដី​សម្ប​ទាន​ដែល​ពួក​គេ​ទទួល​បាន ។

ដោយ​ឡែក​នៅ​ក្នុង​របាយ​ការណ៍​ស្រាវ​ជ្រាវ​របស់​ខ្លួន​ ស្តី​ពី​ថា ​តើ​គម្រោង​វិនិ​យោគ​កសិកម្ម​ខ្នាត​ធំ​ផ្តល់​ផល​ចំណេញ​ ដល់​ប្រជា​ជន​ក្រីក្រ​ដែរ​ឬ​ទេ​ដែល​គ្រោង​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ​ សមាគម​សេដ្ឋ​កិច្ច​ បាន​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​វិនិ​យោគ​កសិកម្ម​ធំៗ​មួយ​ចំនួន​ខ្វះ​ទុន​ក្នុង​ការ​ប្រែ​ក្លាយ​ដី​សម្ប​ទាន​ ដែល​ពួក​គេ​ទទួល​បាន​ឲ្យ​ទៅ​ជា​សហ​គ្រាស​កសិកម្ម​ ហើយ​ក្រុម​ហ៊ុន​ខ្លះ​ទៀត​ ជាប់​ក្នុង​ជម្លោះ​ ដី​ធ្លី​ដែល​មិន​ត្រឹម​តែ​បង្កក​គម្រោង​វិនិ​យោគ​របស់​ពួក​គេ​ទេ​ ប៉ុន្តែ​បាន​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ជន​ក្នុង​តំបន់​ទៀត​ផង។​ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ទំាង​ពីរ​នេះ​ របាយ​ការណ៍​នេះ​បាន​គូស​បញ្ជាក់​ថា​ ការ​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ សម្រាប់​ការ​អភិវឌ្ឍ​ការ​វិនិ​យោគ​ក្នុង​វិស័យ​កសិកម្ម​ មិន​ប្រាកដ​ថា​ អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​នោះ​ទេ។

លោក​ ចាន់​ សុផល​ ប្រធាន​សមាគម​សេដ្ឋ​កិច្ច​កម្ពុជា​ បាន​ពន្យល់​ថា​ គម្រោង​វិនិ​យោគ​កសិកម្ម​ធំៗ​មួយ​ចំនួន​តូច​ដែល​កំពុង​ដំណើរ​ការ​នា​ពេល​នេះ​ ភាគ​ច្រើន​បាន​ឆ្លង​កាត់​ជម្លោះ​ដី​ធ្លី​ជា​មួយ​ប្រជា​ជន​ ប៉ុន្ដែ​ក្រុម​ហ៊ុន​ទាំង​នេះ​ មិន​បាន​ដោះ​ស្រាយ​ទំនាស់​ដែល​ផ្តល់​ផល​ចំណេញ​ដល់​ប្រជា​ជន​នោះ​ទេ។​ ពោល​គឺ​ ប្រជា​ពល​រដ្ឋ​ត្រូវ​បាត់​បង់​ដី​ដែល​ពួក​គេ​ធ្លាប់​កាន់​កាប់​ និង​បាត់​ចំណូល​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​ និង​ចញ្ចឹម​សត្វ​ ហើយ​អ្វី​ដែល​ពួក​គេ​អាច​ទទួល​បាន​មក​វិញ​នោះ​គឺ​ការ​ងារ​ជា​កម្មករ។​ ប៉ុន្តែ​ កម្រៃ​ឈ្នួល​ដែល​ពួក​គេ​ទទួល​បាន​មាន​ចំនួន​តិច​តួច​ ដែល​មិន​អាច​ជួយ​ឲ្យ​ពួក​គេ​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​ឡើយ។

«ការ​វិនិយោគ​ធំៗ​ ប្រសិន​បើ​គេ​មិន​គិត​គូរ​ដល់​ប្រជា​ពល​រដ្ឋ​តូច​តាចគឺ​នឹង​មាន​បញ្ហា​ យើង​ឃើញ​ច្បាស់​ហើយ​ថា​ ពល​ករ ​កម្មករ​នៅ​តាម​ចម្ការ​ធំៗ​មួយ​ចំនួន​ មិន​មែន​ជា​អ្នក​ធូរ​ធារ​ទេ​ គាត់​ទទួល​បាន​ប្រាក់​ចំណូល​ត្រឹម​តែគ្រប់​គ្រាន់​ បើ​គ្រាន់​តែ​បាន​តែ​មួយ​គ្រប់​ហូប​ ខ្វះ​ប្រាក់​សន្សំ​គឺ​គាត់​នៅ​តែ​ក្រ​ដដែល»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ចាន់ ​សុផល​មាន​ប្រសាសន៍​ថា​ គម្រោង​វិនិ​យោគ​កសិកម្ម​ធំៗ​ប្រាកដ​ជា​អាច​លើក​ស្ទួយ​សេដ្ឋ​កិច្ច​កម្ពុជា​ឲ្យ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បាន​ ប្រសិន​បើ​រដ្ឋា​ភិបាល​អាច​ជំរុញ​ឲ្យ​គម្រោង​ទាំង​នោះ​ចាប់​ផ្តើម​ដំណើរ​ការ។​ អ្នក​សេដ្ឋ​កិច្ច​ដដែល​នេះ​អះ​អាង​ថា​ ការ​វិនិយោគ​ធំៗ​ក្នុង​វិស័យ​កសិកម្ម​នឹង​ស្រូប​យក​កម្លាំង​ពល​កម្ម​ច្រើន​ ហើយ​គម្រោង​ទំាង​នោះ​ចាំ​បាច់​ត្រូវ​ផ្តល់​ដំណោះ​ស្រាយ​ដែល​ចំណេញ​ដល់​ប្រជា​ ជន​មូល​ដ្ឋាន។

ដើម្បី​បង្ហាញ​ពី​ផល​ចំណេញ​ក្នុង​ការ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ ការ​ដោះ​ស្រាយ​ជម្លោះ​ របាយ​ការណ៍​របស់​សមាគម​សេដ្ឋ​កិច្ច​ បាន​លើក​ឡើង​ពី​ករណី​សិក្សា​នៅ​ខេត្ត​មណ្ឌល​គីរី​ដែល​ក្រុម​ហ៊ុន​ដាំ​កៅ​ស៊ូ​របស់​វៀតណាម​ ឈ្មោះ​ ដាក​ឡាក​ ដែល​ទទួល​បាន​ដី​សម្ប​ទាន​ជាង​៤.០០០​ហិចតា។

ក្រុម​ហ៊ុន​នេះ​បាន​បញ្ចប់​ជម្លោះ​ជា​មួយ​ប្រជា​ជន​ដោយ​ការ​ចែក​រំលែក​ដី​ ៥០%​ដែល​ខ្លួន​បាន​ដាំកៅ​ស៊ូ​រួច​ជា​ស្រេច​ទៅ​ឲ្យ​ប្រជា​ពល​រដ្ឋ។​វិធី​សាស្ត្រ​នេះ​អាច​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ចំណោម​ប្រជា​ជន​ មូល​ដ្ឋាន​ត្បិត​ពួក​គេ​អាច​ទទួល​បាន​កម្រ​ៃពី​ការ​លក់​កៅ​ស៊ូ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ជា​ជាង​ការ​ធ្វើ​ជា​កម្មករ​ឲ្យ

ក្រុម​ហ៊ុន។​ ផ្ទុយ​ទៅ​វិញ ​ករណី​សិក្សា​ នៅ​ខេត្ត​កោះ​កុង​ដែល​រដ្ឋា​ភិបាល​បាន​ផ្តល់​ដី​សម្ប​ទាន​ រហូត​ដល់​ទៅ​២០.០០០ហិចតា​ សម្រាប់​វិនិ​យោគ​ដាំ​ និង​កែ​ច្នៃ​អំពៅ​ នោះ​ ហាក់​ដូច​ជា​មិន​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ​ទេ​ ព្រោះ​ថា ​ប្រជា​ជន​បាន​បាត់​បង់​ ចំណូល​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​ផ្ទាល់​ខ្លួន​ ហើយ​ទទួល​បាន​ចំណូល​តិច​ តួច​ពី​ការ​ងារ​ជា​កម្មករ។

លោក​ ស្រី ​ចន្ធី​ អ្នក​ស្រាវ​ជ្រាវ​ និង​វិភាគ​កសិកម្ម​ជាន់​ខ្ពស់​នៃ​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​កាណាដា​ បាន​គំាទ្រ​ចំពោះ​របាយ​ការណ៍​របស់​សមាគម​សេដ្ឋ​កិច្ច​កម្ពុជា​ ដោយ​លោក​ស្រី​លើក​ឡើង​ថា ​នា​ពេល​នេះ ​ការ​វិនិ​យោគ​ កសិកម្ម​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដែល​ទទួល​បាន​ដី​សម្ប​ទាន​ពី​រដ្ឋា​ភិបាល​មិន​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ច្រើន​នោះ​ទេ​ ដោយ​ហេតុ​ថា​ កសិករ​ខ្មែរ​នៅ​ខ្វះ​ចំណេះ​ដឹង​ផ្នែក​កសិកម្ម​ ស្រប​ពេល​ដែល​ការ​អនុវត្ត​ច្បាប់​នៅ​ ទន់​ខ្សោយ។

«ច្បាប់​ទាក់​ទង​នឹង​វិស័យ​កសិកម្ម​ហ្នឹង​មាន​ច្រើន​ណាស់​ ហើយ​ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ការ​បង្កើត​ការ​ងារ​ និង​ការ​អភិវឌ្ឈ​សេដ្ឋ​កិច្ច។​ ប៉ុន្ដែ​ច្បាប់​យើង​មាន​ច្រើន​អត់​អនុវត្ត​ រហូត​មក​ដល់​ពេល​នេះ។​ កាល​ណា​រដ្ឋា​ភិបាល​និង​មន្រ្តី​រដ្ឋ​អត់​អនុវត្ត​ច្បាប់​ដែល​យើង​មាន​ហ្នឹង​ ក្រុម​ហ៊ុន​ ផ្ដេស​ផ្ដាស​ប៉ះ​ពាល់​ប្រជា​ជន​មូល​ដ្ឋាន​ហើយ។​ ហើយ​វា​មិន​បាន​ប្រយោជន៍​ដល់​ប្រជា​កសិករ​និង​ការ​កាត់​ បន្ថយ​ភាព​ក្រីក្រ​ប៉ុន្មាន​ទេ»។

លោក​ ឌុយ​ ថៅ​ អគ្គ​លេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ មិន​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​របាយ​ការណ៍​ស្រាវ​ជ្រាវ​នេះ​ទេ ​ដោយ​លោក​មាន​ប្រសាសន៍​ថា​ វា​អាស្រ័យ​ទៅ​លើ​ការ​យល់​ឃើញ​រៀងៗ​ខ្លួន។​ ប៉ុន្តែ​លោក​ជឿ​ជាក់​ថា​ គម្រោង​វិនិ​យោគ​កសិកម្ម​ធំៗ​មិន​បាន​ផ្តល់​បញ្ហា​រំាង​ស្ទះ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ វា​កំពុង​តែ​ផ្តល់​ចំណេញ​ដល់​សេដ្ឋ​កិច្ច​ជាតិ។

«ឥឡូវ​នេះ​គម្រោង​យើង​នៅ​តែ​ដើរ​អញ្ចឹង​។ គម្រោង​ខាង​វិស័យ​កសិកម្ម។​ គម្រោង​ធំៗ​មិន​រាំង​ស្ទះ​ការ​រីក​ចម្រើន​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ជននោះ​ទេ។​ ខ្ញុំ​ឃើញ​ថា ​គម្រោង​ដូច​ជា​ដាំ​កៅស៊ូ ​ដូច​ជា​គម្រោង​ផ្សេងៗ​ ដំណើរ​ការ​ហើយ​ ដូច​ជា​ខាង​ដាំ​ដុះ»។

ទោះ​យ៉ាង​ណា ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ វិស័យ​កសិកម្ម​របស់​កម្ពុជា​បាន​ចូល​រួម​ចំណែក​តិច​តួច​ ប៉ុណ្ណោះ​ដល់​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ បើ​ទោះ​ជា​ប្រទេស​នេះ​មាន​ប្រជា​ជន៨០%​ជា​កសិករ​ដ៏ដោយ​ ដោយ​ ហេតុ​ថា​កសិករ​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ ឬ​គ្មាន​លក្ខណៈ​រួម​ផ្តុំ​ដើម្បី​បង្កើន​ចំនួន​ផលិត​ផល​ ខណៈ​ដែល​លំហូរ​ទុន​វិនិ​យោគ​នា​ពេល​កន្លង​មក​ភាគ​ច្រើន​ផ្តោត​លើ​វិស័យ​ឧស្សាហ​កម្ម។

ក៏​ប៉ុន្តែ​ នៅ​ឆ្នាំ​២០០៩​ មួយ​ឆ្នាំ​បន្ទាប់​ពី​ពិភព​លោក​ជួប​វិបត្តិ​ស្បៀង​អាហារ​ វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​អូស​ទាញ​បាន​នូវ​ការ​វិនិយោគ​ជា​ច្រើន​ ជា​ពិសេស​ពី​ប្រទេស​ចិន ​និង​វៀតណាម​ ដែល​ធ្វើ​ឲ្យ​គម្រោង​វិនិ​យោគ​ធំៗ​ក្នុង​វិស័យ​កសិ-ឧស្សាហ​កម្ម​ កើន​ដល់​ជិត​៦០០​លាន​ដុល្លារ​ ធៀប​នឹង​ឆ្នាំ​២០០៨​ គម្រោង​ វិនិ​យោគ​មាន​ទឹក​ប្រាក់​តែ​ជាង​៩០​លាន​ដុល្លារ​ប៉ុណ្ណោះ។​ ក៏​ប៉ុន្តែ​ គម្រោង​ភាគ​ច្រើន​ក៏​មិន​ទាន់​លេច​ចេញ​ជា​ រូប​រាង​ដូច​គ្នា​នឹង​គម្រោង​វិនិ​យោគ​ដែល​មាន​ដី​សម្ប​ទាន​ដែរ។

លោក​ ឌុយ​ ថៅ ​មាន​ប្រសាសន៍​ថា​ រដ្ឋា​ភិបាល​កម្ពុជា​ កំពុង​តែ​បន្ត​ជំរុញ​ឲ្យ​អ្នក​វិនិ​យោគ​ចាប់​ផ្តើម​ដំណើរ​ការ​គម្រោង​វិនិ​យោគ​របស់​ពួក​គេ​ បើ​ពុំ​ដូច្នោះ​ទេ​ នឹង​ឈាន​ទៅ​ដល់​ការ​ដក​ហូត​ដី​សម្ប​ទាន​ត្រឡប់​មក​វិញ​ ឬ​លុប​កិច្ច​សន្យា​លើ​គម្រោង​វិនិ​យោគ​តែ​ម្តង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG