ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃអង្គារនេះ បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាចមានកំណើន4,5%នៅឆ្នាំ២០១០នេះ និងបន្តកើនឡើងរហូតដល់ ៦%នៅឆ្នំា២០១១ បន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសនេះបានជួបឱនភាព២%កាលពីឆ្នាំមុនដោយសារតែឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។
លោក Eric Sidgwick អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងភ្នំពេញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះគឺដោយសារតែភាពល្អប្រសើរនៃវិស័យសំណង់ កសិកម្ម ទេសចរណ៍ និងវិស័យកាត់ដេរ។ ជាក់ស្តែង ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា មានសញ្ញាកើនឡើងវិញ នៅពេលដែលទីផ្សារលក់រាយរបស់សហរដ្ឋអាមេរិកបានកើនឡើង 5,5%នៅ៣ខែដើមឆ្នាំនេះ។ ក្នុងពេលដូចគ្នា ចំនួនភ្ញៀវទេសចរណ៍បានកើនឡើង១០%។
«វិស័យកាត់ដេរ ទេសចរណ៍ និងសំណង់ សុទ្ធតែត្រឡប់ទៅរកភាពប្រសើរឡើងវិញនៅត្រីមាសទី១នៃឆ្នាំនេះ ហើយប្រសិនបើមានការអភិវឌ្ឍធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធស្រោចស្រព ការប្រើប្រាស់ពូជ និងជីរនោះ គេនឹងអាចសង្ឃឹមថា ផលិតផលកសិកម្មនៅឆ្នំានេះនឹងមានកំណើនកើនឡើងជាងឆ្នាំមុន។ ដូច្នេះ លទ្ធផលដែលរំពឹងទុកសម្រាប់ឆ្នាំនេះហាក់ដូចជាល្អ»។
លោក រស់ ស៊ីលវ៉ា អគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគំាទ្រការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ លោកលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០១០ និង២០១១ អាចមានកំណើនចន្លោះពី៤%ទៅ៦% ដោយផ្អែកលើការវិវត្តន៍ជាវិជ្ជមានរបស់សេដ្ឋកិច្ចពិភពលោក។
សូមបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចដែលផ្ទុះឡើងចាប់តំាងពីពាក់កណ្តាលឆ្នាំ២០០៨មក បាន វាយបំបាក់វិស័យទ្រទ្រង់សេដ្ឋកិច្ច៣ដ៏សំខាន់របស់កម្ពុជា។ កាលពីឆ្នំា២០០៩ ទឹកប្រាក់នំាចេញសម្លៀកបំពាក់ទៅសហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់កម្ពុជា បានធ្លាក់ចុះជាង២០%។ វិស័យសំណង់បានដាំក្បាលចុះអវិជ្ជមានប្រហែល១០% ខណៈដែលការចំណាយរបស់អ្នកទេសចរណ៍ក៏បានធ្លាក់ចុះផងដែរ។
លោក Eric Sidgwickបាននិយាយថា ប៉ុន្តែនៅពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមប្រសើរឡើងនោះ ប្រទេសកម្ពុជានឹងប្រឈមនឹងការប្រកួតប្រជែងកាន់តែច្រើនឡើងក្នុងការជំរុញពាណិជ្ជកម្ម និងទាក់ទាញអ្នកវិនិយោគ ដើម្បីរក្សានិរន្តរភាពសេដ្ឋកិច្ចរបស់ខ្លួន។ ប្រការនេះទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសការរកមធ្យោបាយទាញយកផលចំណេញពីកំណើនសេដ្ឋកិច្ចក្នុងទ្វីបអាស៊ី ការបង្កើនលក្ខណៈប្រកួតប្រជែង ការជំរុញការអភិវឌ្ឍវិស័យឯកជន និងការផ្តោតការពង្រីកវិសាលភាពសេដ្ឋកិច្ច ដូចជា ការស្វែងរកទីផ្សារនាំចេញបង្កើនផលិតផលសម្រាប់នាំចេញនិងអភិវឌ្ឍតំបន់ទេសចរណ៍ផ្សេងៗជាដើម។
លោក Eric Sidgwick បន្តថា ដើម្បីពង្រឹងកិច្ចការទំាងនេះរដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តឲ្យបាននូវផែនការយុទ្ធសាស្ត្រ ដែលមានស្រាប់ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រសួងពាក់ព័ន្ធ។
លោក រស់ ស៊ីលវ៉ា អះអាងថា រដ្ឋាភិបាល កំពុងតែបន្តធ្វើការទំាងអស់នេះហើយ៕