សម្បុរខ្មៅនិងមានសក់រួញ លោក ចាប លឿង គឺជាអ្នកភូមិម្នាក់នៅក្នុងភូមិជីផាត ឃុំជីផាត ក្នុងស្រុកថ្មបាំងចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ បច្ចុប្បន្ន កសិករវ័យ៤៨ឆ្នាំរូបនេះនៅតែមានអាការៈឈឺចុកចាប់នៅឡើយ បន្ទាប់ពីលោកត្រូវដំរីព្រៃមួយក្បាលរត់បុកនិងជាន់បាក់ថ្គាមនិងបាក់ឆ្អឹងប្រអប់ជើងស្តាំកាលពីរបីឆ្នាំមុន។
ជាឪពុកនៃកូនបួននាក់ លោកចាប លឿងបានរៀបរាប់រំឭកហេតុការណ៍ដែលត្រូវដំរីបុកនិងជាន់នោះ នៅខណៈពេលដែលលោកកំពុងដើររកជ័រឈើនៅក្នុងព្រៃចម្ងាយជាង១០គីឡូម៉ែត្រពីផ្ទះរបស់លោក។
«ដំរី កាលនោះ វាហ្វូងមួយ ហើយអាហ្នឹងតែវាគត់ អាដេញខ្ញុំនឹង។ វាដេញឆ្កែទេ មុនដំបូង ដល់ក្រោយមក ក៏រត់រកមនុស្សទៅវិញ។ វាបុកប៉ាំង ម៉ាំងផ្ងារជើងគ្រេង ហើយវាទៅពីលើខ្ញុំជាន់អាជើងនេះកម្ពិតអស់ទៅទៀត»។
ហេតុការណ៍ដ៏ភ័យរន្ធត់នេះបានដក់ជាប់នៅក្នុងចិត្តរបស់លោក ចាប លឿង ហើយធ្វើឱ្យលោកលែងហ៊ានចូលព្រៃដើម្បីស្វែងរកអនុផលព្រៃឈើតទៅទៀត។ នេះជាឧទាហរណ៍មួយដែលអ្នកភូមិបានជួបប្រទះជាមួយសត្វដំរីព្រៃ។
បញ្ហានេះកើតឡើងបន្ទាប់ពីការកាប់បំផ្លាញព្រៃឈើការអភិវឌ្ឍគម្រោងវារីអគ្គិសនីនិងការកាប់រានព្រៃយកដីធ្វើកសិកម្មនិងកសិឧស្សាហកម្មនៅតាមតំបន់ជួរភ្នំក្រវាញភាគនីរតីនៃប្រទេសកម្ពុជានេះ បានធ្វើឱ្យបាត់បង់ដែនជម្រកសត្វកាន់ច្រើនឡើងៗដោយរួមទាំងដែនជម្រកសត្វដំរីព្រៃផងដែរ។
ដូច្នេះ សត្វដំរីព្រៃតែងចេញមកស្វែងរកចំណីអាហាររបស់វាដូចជាចេកអំពៅនិងពោតជាដើមដែលអ្នកភូមិបានដាំនៅតាមស្រែចម្ការរបស់ពួកគេជាហេតុធ្វើឱ្យខូចខាតផលដំណាំនិងផ្ទះសម្បែងឬរហូតដល់របួសអ្នកភូមិទៀតផង។ ការណ៍នេះបានបណ្តាលមានទំនាស់រវាងអ្នកភូមិនិងសត្វដំរីព្រៃ។
ហើយកន្លងមកសត្វដំរីព្រៃខ្លះត្រូវបានបាញ់សម្លាប់ឬធ្វើឱ្យរបួសដោយសារតែកំហឹងសកសឹករបស់អ្នកភូមិដែលរងគ្រោះដោយការអុកឡុកផលដំណាំនិងផ្ទះសម្បែងរបស់ពួកគេពីសំណាក់សត្វដំរីព្រៃទាំងនោះ។
ដោយមើលឃើញបញ្ហានេះ នៅឆ្នាំ២០០៣ ក្រុមអភិរក្សដំរីកម្ពុជាដែលរួមសហការគ្នាដោយអង្គការអភិរក្សសត្វព្រៃនិងរុក្ខជាតិអន្តរជាតិហៅកាត់ថា FFI និងរាជរដ្ឋាភិបាលកម្ពុជា បានស្រាវជ្រាវរកវិធីសាស្រ្តនានាដើម្បីការពារសត្វដំរីព្រៃឱ្យនៅគង់វង្សផង និងការពារផលដំណាំនិងទ្រព្យសម្បតិ្តរបស់ប្រជាកសិករកុំឱ្យដំរីទាំងនោះបំផ្លាញផង។
អ្នកស្រាវជ្រាវរកវិធីសាស្រ្តទាំងនេះដោយផ្ទាល់គឺលោក ទុយ សេរីវឌ្ឍនា ប្រធានក្រុមអភិរក្សដំរីកម្ពុជានៃអង្គការFFI ដែលទើបនឹងទទួលបានរង្វាន់ផ្នែកការពារបរិស្ថានGoldman Environmental Prize ឆ្នាំ២០១០ ប្រចាំទ្វីបអាស៊ី ដែលមានទឹកប្រាក់ចំនួន១៥ម៉ឺនដុល្លារអាមេរិកកាលពីថ្ងៃច័ន្ទនៅទីក្រុងSan Francisco សហរដ្ឋអាមេរិក ដោយសារលទ្ធផលស្រាវជ្រាវដែលមានប្រសិទ្ធិភាពនិងចំណាយប្រាក់តិចរបស់លោក។
វិធីសាស្រ្តទាំងនោះរួមមានការដុតកាំជ្រួចឬថ្មស្អុយតាមបំពង់ឫស្សី ឬបង្កើតជាសំឡេងលាន់ឮខ្លាំងៗ ដូចជាផ្លុំស្លែងជាដើម ដើម្បីបង្អើលសត្វដំរីពេលពួកវាចូលមកជិតចម្ការដំណាំ និងការលាបម្ទេសលាយជាមួយប្រេងម៉ាស៊ីននៅតាមរបងឬរាយខ្សែអគ្គិសនីប្រើថាមពលពន្លឺព្រះអាទិត្យព័ទ្ធជុំវិញរបងចម្ការដើម្បីការពារកុំឱ្យដំរីចូលស៊ីផលដំណាំបានជាដើម។
លោកទុយ សេរីវឌ្ឍនា មានប្រសាសន៍ថា ក្រៅពីការណែនាំអំពីវិធីសាស្រ្តទាំងនេះហើយ ក្រុមអភិរក្សដំរីរបស់លោកក៏បានផ្តល់វិធីសាស្រ្តដាំដុះដល់អ្នកភូមិផងដែរ ដោយលើកទឹកចិត្តពួកគេឱ្យដាំដំណាំប្រភេទថ្មីដែលមិនទាក់ទាញសត្វដំរី ដូចជាម្ទេស ត្រាវ ឬត្រសក់ជាដើម។
«ក្រុមខ្ញុំបានធ្វើការជាមួយសហគមន៍មូលដ្ឋាននៅទីនេះ ដើម្បីសាកល្បងនូវវិធីសាស្រ្តផ្សេងៗ ដើម្បីកាត់បន្ថយបញ្ហាជម្លោះរវាងមនុស្សនិងសត្វដំរី។ យើងធ្វើការអប់រំផ្សព្វផ្សាយពីការអភិរក្សសត្វដំរីទៅដល់បងប្អូនប្រជាជនមូលដ្ឋាន។គោលបំណងក្នុងការផ្លាស់ប្តូរឥរិយាបទរបស់ពួកគាត់ដើម្បីកុំឱ្យគាត់ខឹងសម្បារឬមានគំនិតជាអវិជ្ជមានចំពោះសត្វដំរី ហើយក៏បានលើកទឹកចិត្តដល់សហគមន៍មូលដ្ឋាន ផ្តល់វិធីសាស្រ្តផ្សេងៗក្នុងការដាំដុះបង្កើនផលិតផលកសិកម្មរបស់គាត់ឱ្យបានកម្រិតខ្ពស់»។
អ្នកស្រី ហង់ យន វ័យ៥៥ឆ្នាំគឺជាកសិករម្នាក់នៅក្នុងភូមិព្រៃប្រសិទ្ធិ ឃុំអូបាក់រទេះ ស្រុកកំពង់សីលាជាទីដែលសត្វដំរីព្រៃចូលមកអុកឡុកផលដំណាំនិងផ្ទះសម្បែងរបស់អ្នកស្រុកជាញឹកញាប់។
អ្នកស្រី ហង់ យន ដែលផ្ទះរបស់ស្រីត្រូវដំរីរុញបំផ្លាញអស់ពីរលើកនោះ មានប្រសាសន៍ថា ក្រោយពីបានអនុវត្តវិធីសាស្រ្តបង្អើលដំរីតាមក្រុមអភិរក្សដំរីបានណែនាំនោះមក អ្នកស្រីកត់សម្គាល់ឃើញថា ការចុះមកយារយីផលដំណាំនិងផ្ទះសំបែងរបស់អ្នកភូមិពីសំណាក់សត្វដំរីព្រៃ ពុំសូវកើតឡើងញឹកញាប់ដូចមុនទៀតទេ។
«ខាងបងប្អូនអភិរក្សហ្នឹងគាត់បានប្រាប់ពន្យល់យើងខ្លះឱ្យជួយកំឡារវាខ្លះទៅ ចេះតែតាមគាត់អញ្ចឹងម៉ោ វារាងស្ងប់បន្តិចដែរ»។
លោក ពិត សេន មេឃុំអូរបាក់រទេះមានប្រសាសន៍ថា រដ្ឋាភិបាលពុំមានគោលការណ៍ផ្តល់សំណងចំពោះការខូចខាតផលដំណាំឬផ្ទះសម្បែងរបស់អ្នកស្រុកដោយសារការបំផ្លាញពីសត្វដំរីព្រៃនេះទេ។
ប៉ុន្តែលោកមានប្រសាសន៍បន្ថែមថា ដោយសារការណែនាំវិធីសាស្រ្តកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរីនិងកម្មវិធីផ្សព្វផ្សាយអប់រំអំពីសារៈសំខាន់ក្នុងការការពារនិងអភិរក្សសត្វព្រៃរបស់ក្រុមអភិរក្សដំរីកម្ពុជា ប្រជាពលរដ្ឋជិត១ពាន់គ្រួសារក្នុងឃុំរបស់លោកបានប្តូរឥរិយាបថពីអវិជ្ជមានមកវិជ្ជមានវិញចំពោះសត្វដំរីព្រៃ។
«អត់មានសំណងអ្វីទេចំពោះការខូចខាតទៅលើរបស់របរសម្ភារៈប្រជាពលរដ្ឋដែលដំរីជាន់បាក់បែក ខូចខាត ដោយកន្លងមកធ្លាប់រុញផ្ទះហ្នឹងអស់បីបួនខ្នងមកហើយ ប៉ុន្តែគ្រាន់តែបានការយកចិត្តទុកដាក់របស់លោក ទុយ សេរីវឌ្ឍនាហៅលោកពូដំរីនេះ គាត់បានមកណែនាំ គាត់ផ្តល់ជាសម្ភាៈខ្លះដូចជាពូជដំណាំជាអីអញ្ចឹងទៅគាត់ក៏រាងស្រាលចិត្តដែលគាត់យល់ថា សត្វដំរីនេះជាសត្វកម្រដែលជិតផុតពូជនៅស្រុកខ្មែរ ហើយគាត់ក៏បានផ្តល់អនុសាសន៍ល្អៗធ្វើឱ្យពួកគាត់ត្រជាក់ចិត្ត គាត់មិនក្តៅក្រហាយ គាត់មិនស្អប់ដំរី»។
មិនត្រឹមតែផ្តល់វិធីសាស្រ្តជួយកាត់បន្ថយជម្លោះរវាងមនុស្សនិងសត្វដំរីប៉ុណ្ណោះទេ លោកទុយ សេរីវឌ្ឍនាក៏បានផ្តួចផ្តើមបង្កើតសាលារៀនចំនួនបួនកន្លែងនៅតាមសហគមន៍ដាច់ស្រយាលនេះ ដើម្បីអប់រំក្មេងៗនិងប្រជាសហគមន៍ ឱ្យមានចិត្តស្រឡាញ់និងរួមគ្នាការពារបរិស្ថាននិងសត្វព្រៃនៅក្នុងប្រទេសកម្ពុជានេះផងដែរ៕