ព្រះមហាក្សត្រខ្មែរគ្រោងនឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុននៅខែឧសភាខាងមុខនេះ ដោយរំពឹងថា គឺជាការជួយពង្រឹងស្ថាប័នរាជានិយមនៃព្រះរាជាណាចក្រទាំងពីរ។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចាកចេញទៅបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រជប៉ុននៅពាក់កណ្ដាល ខែឧសភាខាងមុខនេះ ដែលមន្ដ្រីផ្លូវការរបស់ប្រទេសកម្ពុជា រំពឹងថា ព្រះរាជទស្សនកិច្ចនឹងជួយពង្រឹងបន្ថែមនូវទំនាក់ទំនងនៃប្រទេសទាំងពីរ។
ព្រះរាជទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ព្រះចៅអធិរាជរបស់ប្រទេសជប៉ុន អាគីហ៊ីតូ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរនៅថ្ងៃសុក្រនេះ។
នៅក្នុងព្រះរាជទស្សនកិច្ចដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ ខែឧសភា ព្រះមហាក្សត្រ នរោត្តម សីហមុនីនឹងមានព្រះរាជសវនាការជាមួយព្រះករុណា អាគីហ៊ីតូ ព្រះចៅ អធិរាជនៃប្រទេសជប៉ុននិងព្រះមហាក្សត្រី អធិរាជនី។
ព្រះមហាក្សត្រខ្មែរក៏នឹងយាងចូលរួមក្នុងពិធីលាងសាយភោជន៍ផ្លូវរដ្ឋដែលរៀបចំដោយព្រះចៅអធិរាជជប៉ុន ហើយព្រះអង្គក៏នឹងយាងចូលរួមពិធីលាងសាយភោជន៍ថ្ងៃត្រង់ដែលរៀបចំដោយនាយករដ្ឋមន្ដ្រីជប៉ុន លោក យូគីយោ ហាតូយ៉ាម៉ា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានសរសរបន្ថែមថា ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេស លោក កួយ គួង មិនអាចធ្វើទំនាក់ទំនងបានទេនៅថ្ងៃនេះ ដែលជាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ។ ដោយឡែកទាំងព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងលោក អ៊ុំ តារាវុធ សមាជិកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រមិនអាចអធិប្បាយបានទេ ដោយសារតែអស់លោកមិនទាន់បានទទួលដំណឹងអំពីព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរនៅឡើយ។
ប្រទេសជប៉ុនគឺជាប្រទេសដែលផ្ដល់ជំនួយច្រើនជាងគេបំផុតសម្រាប់ប្រទេសកម្ពុជា។ ជំនួយជប៉ុនដើម្បីកិច្ចអភិវឌ្ឈន៍ និងកសាងប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ ក្នុងរង្វង់១០០លានដុល្លារអាមេរិក។ ក្រៅពីនោះប្រទេសជប៉ុន គឺជាប្រទេសដែលផ្ដល់ជំនួយថវិកាប្រហាក់ប្រហែលនឹងពាក់កណ្ដាលនៃតម្រូវការថវិកាសម្រាប់ដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម៕