ក្រសួងសាធារណៈការបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំ។ ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីកាលពីឆ្នាំទៅបានសម្លាប់មនុស្ស៥២នាក់និងជាង៤០០នាក់ផ្សេងទៀតរងរបួសក្នុងប្រទេសកម្ពុជាដោយសារគ្រោះថា្នក់ចរាចរណ៍ពេលចូលឆ្នាំ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុក្នុងអំឡុងរយៈពេលបីថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងចាប់ផ្ដើមនៅថ្ងៃពុធនេះហើយគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រចុងសបា្តហ៍នេះ។
យោងតាមសេចក្តីប្រកាសរបស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បានឱ្យដឹងថា គ្រោះថា្នក់ចរាចរណ៍បានកើតឡើងបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ននិងមានការរំលោភបំពានចំពោះច្បាប់ចរាចរណ៍ អ្នកបើកខ្លះបានបញ្ជារថយន្តក្នុងល្បឿនលឿនហួសកំណត់និងអ្នកខ្លះទៀតបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ក្នុងអំឡុងឆាំ្ន២០០៩កន្លងទៅនេះក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែររយៈពេលតែបីថ្ងៃប៉ុណ្ណោះមានករណីគ្រោះថា្នក់ចរាចរណ៍ដែលបណ្តាលឱ្យរងគ្រោះមនុស្សចំនួន៥០៩នាក់ ក្នុងនោះមាន៥២នាក់បានស្លាប់បាត់បង់ជីវិត ចំណែកឯ២៣៣នាក់ផ្សេងទៀតរងរបួសធ្ងន់និង២២៤នាក់រងរបួសស្រាល។ ហើយបើគិតជាមធ្យមមានមនុស្សយ៉ាងតិចជាង១០នាក់បានស្លាប់ក្នុងមួយថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបុណ្យចូលឆ្នាំ។
លោកឧត្តមសេនីយ៍ត្រី ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណពី៧០%ទៅ៨០%បានចាកចេញពីទីក្រុងភ្នំពេញដើម្បីធ្វើដំណើរទៅជនបទនិងទៅតាមរមណីយដ្ឋាននានា។
លោកបានមានប្រសាសន៍ថា អ្នកបើកបរណាដែលស្ថិតក្នុងភាពស្រវឹងត្រូវហាមឃាត់មិនឱ្យបើកបរជាដាច់ខាតដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
«បញ្ហាទី១គឺអប់រំការផ្សព្វផ្សាយឱ្យយល់ពីច្បាប់។ ហើយរឿងទីពីរហ្នឹងគឺរឿងការអនុវត្តច្បាប់ធ្វើការត្រួតពិនិត្យរបស់សមត្ថកិច្ច បាទ។ ឃើញអ្នកដែលខុសត្រូវតែពិន័យដើម្បីកុំឱ្យអ្នកហ្នឹងបន្តធ្វើខុសតទៅទៀតរហូតដល់មានគ្រោះថ្នាក់»។
នៅក្នុងសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ក៏បានហាមឃាត់នូវការដឹកជញ្ជូនមនុស្សលើសកំណត់ហើយអ្នកបើកបរត្រូវប្រកបដោយសុជីវធម៌និងមានការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។ កាលពីឆ្នាំ២០០៩គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបានបណ្តាលឱ្យជនរងគ្រោះសរុបចំនួន២១.៥១៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន១.៧១៧នាក់និងអ្នករងរបួសចំនួន៧.០២២នាក់។
បើតាមការអះអាងរបស់អង្កការHandicap International បានឱ្យដឹងថា ប្រទេសកម្ពុជាបានបាត់បង់ថវិកាប្រមាណជិត២៥០លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៩ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកឧត្តមសេនីយត្រី ហ៊ឹម យ៉ានបានមានប្រសាសន៍ថា នៅក្នុងទីក្រុងភ្នំពេញបើតាមច្បាប់អនុញ្ញាត ឱ្យបើកបរក្នុងល្បឿនតែ៤០kmតែប៉ុណ្ណោះក្នុងមួយម៉ោង ហើយនៅពេលចាកចេញពីក្រុងភ្នំពេញត្រូវបើកបរក្នុងល្បឿនកំណត់ពី៦០ទៅ៩០Km ក្នុងមួយម៉ោងទៅតាមផ្លាកសញ្ញាដែលបានកំណត់៕