ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជិត​៥០​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​ក្នុង​ពេល​ចូល​ឆ្នាំ


មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​ចំនួន​២៦៨​លើក​ បាន​ កើត​ឡើង​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​ក្នុង​នោះ​មាន​មនុស្ស​ប្រមាណ​៥០​នាក់​ បាន​ស្លាប់​ និង​មនុស្ស​៥៣០​ នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស។

លោក​ឧត្តម​សេនីយ៍​ត្រី​ហ៊ឹម ​យ៉ាន​ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា​ «គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​១៧​ខែ​មេសា​ បាន​កើន​ឡើង​១៤​លើក​លើស​ឆ្នាំ​ ២០០៩​ ដែល​មាន​២៥៤​លើក»។

លោក​ឧត្តម​សេនីយ៍​បាន​បន្ថែម​ថា ​ជន​រង​គ្រោះ​សរុប​៥៧៩​នាក់​ ក្នុង​នោះ​ស្លាប់​ចំនួន​៤៩​នាក់​ រង​របួស​ធ្ងន់​២៩៦​នាក់​ និង​របួស​ស្រាល​២៣៤​នាក់។

មនុស្ស​ស្លាប់​ចំនួន​៤៩​នាក់​នៅ​ក្នុង​ឆ្នាំ​២០១០​ ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៩​ ដែល​មាន​មនុស្ស​ស្លាប់​ចំនួន​៥២​នាក់​ គឺ​ស្ទើរ​តែ​គ្មាន​ការ​ថយ​ចុះ។

លោក​ឧត្តម​សេនីយ៍​ត្រី​ហ៊ឹម ​យ៉ានបាន​ថ្លែង​ថា ​ម៉ូតូ​ចំនួន​៣២២​គ្រឿង​ រថ​យន្ត​តូច​៥៤​គ្រឿង​ និង​រថ​យន្ត​ធំ​៣​គ្រឿង​ បាន​ខូច​ខាត។

លោក​ឧត្តម​សេនីយ៍​ត្រី​បាន​បន្ថែម​ថា ​ គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​បាន​កើត​នៅ​តំបន់​ជន​បទ​ ហើយ​ជន​រង​គ្រោះ​ភាគ​ច្រើន​មិន​ទាន់​យល់​ច្បាប់​នៅ​ឡើយ​ ជា​ពិសេស​ខេត្ត​បាត់​ដំបង​មាន​៣០​លើក​ សម្លាប់​មនុស្ស​១១​នាក់​ខេត្ត​កំពង់​ចាម​មាន​ជាង​២០​លើក​និង​ខេត្ត​កណ្តាល​មាន​ជាង​២០​លើក។

លោក​ឧត្តម​សេនីយ៍​ត្រី​ហ៊ឹម ​យ៉ាន​ បាន​បញ្ជាក់​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ បាន​បណ្តាល​មក​ពី​ការ​បើក​បរ​លើស​ល្បឿន​៣៦%​ ការ​បើក​បរ​ប្រហែស​២៥%​ និង​ការ​បើក​បរ​ក្នុង​ពេល​ស្រវឹង​១៤%។

នៅ​ក្នុង​ឆ្នាំ​២០០៩​ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ចំនួន​២១.៥១៩​នាក់ ​ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​១.៧១៧​នាក់​ និង​រង​របួស​ធ្ងន់​ចំនួន​៧.០២២​នាក់។

តាម​ការ​សិក្សា​ដោយ​អង្គ​ការ​ជន​ពិការ​បែលហ្សិក​ HANDICAP​ International​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ប្រទេស​កម្ពុជា​មាន​ការ​ខាត​បង់​ទឹក​ប្រាក់​រហូត​ដល់​ទៅ​២៤៨​លាន​ដុល្លារ​អាមេរិក​ ដែល​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​២០០៩៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG