ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី


កម្ពុជា​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី
កម្ពុជា​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ដោយ​លេង​ល្បែង​ប្រជា​ប្រិយ៍ដ៏​សប្បាយ​រីក​រាយ​ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ឧបសគ្គ​ និង​ការ​ហត់​នឿយ​ក្នុង​កិច្ច​ការ​ពេញ​មួយ​ឆ្នាំ​មក​នោះ។

ប្រជា​ពល​រដ្ឋ​ខ្មែរ​ជាង​១៤លាន​នាក់​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ចាប់​ផ្តើម​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ​យ៉ាង​សែន​សប្បាយ​រីក​រាយ​ ដោយ​មាន​ការ​ជួប​ជុំ​សមា​ជិក​គ្រួ​សារ​ ការ​យក​ចង្ហាន់​ទៅ​ប្រគេនព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​នៅ​តាម​ទី​វត្ត​អារាម​ និង​ការ​លេង​កំសាន្ត​ល្បែង​ប្រជា​ប្រិយ៍​ផ្សេងៗ​នៅ​ក្នុង​បរិវេណ​វត្ត​អារាម​នៅ​ទូទាំង​ប្រទេស។

ចាប់​តាំង​ពី​ចុង​សករាជ​ ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​កំណត់​យក​ច័ន្ទ​គតិ​ជា​ផ្លូវ​ការ​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យចូល​ឆ្នាំ​ខ្មែរ​នៅ​ក្នុង​ខែ​ចែត្រ​ដែល​ជា​ពេល​វេលា​ទំនេរ​ពី​ការ​ងារ​កសិកម្ម​របស់​ពួក​គេ។​ ជា​ធម្មតា​ យោង​តាម​ច័ន្ទ​គតិ ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៣ ​ខែ​មេសា​ និង​ពេល​ខ្លះ​ចាប់​ផ្តើម​នៅ​ថ្ងៃទី១៤​ ខែ​មេសា។​ ឱកាស​ប្រកប​ដោយ​នក្ខត្ត​ឫក្ស​ដ៏​ប្រសើរ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មាន​រយៈ​ពេល​៣​ ថ្ងៃ​ គឺ​ថ្ងៃ​ទី​១ ​គឺ​ជា​ថ្ងៃ​មហា​សង្ក្រាន្ត​ ​ថ្ងៃ​ទី​២ ​គឺ​ជា​ថ្ងៃ​វរៈ​វ័ន​បតៈ​ និង​ថ្ងៃ​ទី​៣ ​គឺ​ជា​ថ្ងៃ​ឡើង​ស័ក។​ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ​ គឺ​ជា​ឆ្នាំ​ខាល​ ឬ​ឆ្នាំ​ខ្លា​ បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៤​ ខែមេសា។

ផ្លូវ​នានា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​មាន​ភាព​ស្ងប់​ស្ងាត់​ខុស​ពី​ធម្មតា​ ដោយ​សារ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រុម​គ្រួសារ​ និង​កម្មករ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ជន​បទ​ ឬ​ស្រុក​កំណើតរបស់​ពួក​គេ​ ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​ មាតា​បិតា​ បង​ប្អូន​ និង​ញ្ញាតិ​សន្តាន​នៅ​ក្នុង​ឱកាសដ៏​នក្ខ​ឫក្ស​នេះ។

ក្រុម​អាជ្ញា​ធរ​រួម​មាន​ប៉ូលិស​ចរាចរណ៍​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ នៅ​តាម​ទី​វត្ត​អារាម​ កន្លែង​លេង​កំសាន្ត​ល្បែង​ប្រជា​ប្រិយ៍ ​និង​រមណីយ​ដ្ឋាន​ផ្សេងៗ​ ដើម្បី​ធានា​ថា ​គ្មាន​ការ​រំខាន​យារយី​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ទេ​ ដូច​ចោរលួច​ ចោរ​ឆក់ ​ ចោរ​ប្លន់ គ្រោះ​ថ្នាក់​ចរាចរណ៍ ​អគ្គី​ភ័យ​ និង​ភាព​គ្មាន​សណ្តាប់​ធ្នាប់​សង្គម​ផ្សេងៗ​ទៀត។

លោក​ឧត្តម​សេនីយ៍​ត្រី​ ទូច​ ណារ៉ុថ​ ស្នង​ការ​ប៉ូលិស​ក្រុង​ភ្នំពេញ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ កងកម្លាំង​ប៉ូលិស​ច្រើន​រាប់​ពាន់​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​ដោយ​មាន​ក្រុម​ដើរ​ល្បាត​ និង​ក្រុម​ប្រចាំ​ការនៅ​តាម​កន្លែង​លេង​កំសាន្ត​ល្បែង​ប្រជា​ប្រិយ៍ ​ដើម្បី​កុំ​ឱ្យ​ក្មេង​ទំនើង​បង្ក​ការ​អុកឡុក​ផ្សេងៗ​នៅ​ក្នុងពិធី​កំសាន្ត​សប្បាយ​របស់​ប្រជា​ពល​រដ្ឋ។

លោក​ឧត្តម​សេនីយ៍​ត្រី​ សត​ ណាឌី​ ស្នង​ការ​ប៉ូលិស​ខេត្ត​សៀម​រាប​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ យើងបាន​ដាក់​ពង្រាយ​កង​កម្លាំង​ចំហរ​ និង​កម្លាំង​សម្ងាត់​ប្រហែល​១.០០០​នាក់​ ដើម្បី​ការ​ពារ​សុវត្ថិ​ភាពរបស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ឱកាសចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ។

ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​ និង​បាន​នាំ​យក​ចំណី​អាហារ​ទៅ​ប្រគេនព្រះ​សង្ឃ​នៅ​តាម​វត្ត​អារាម​ព្រះ​ពុទ្ធ​សាសនា​នានា​ ដើម្បី​ឧទ្ធិស​កុសល​ផល​បុណ្យ​ជូន​ដល់​ជីដូន​ជីតា​ មាតា​បិតា​ និង​ញាតិ​កា​ទាំង​៧​សន្តាន​ ដែល​បាន​ទទួល​មរណ​ភាព។

នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ ការ​លេង​កំសាន្ត​ល្បែង​ប្រជា​ប្រិយ៍​ផ្សេងៗ​ជា​ច្រើន​ត្រូវ​បាន​រៀប​ចំសម្តែង​នៅ​តាម​ទី​វត្ត​អារាម​ទូទាំង​ប្រទេស​ ដូច​ជា​ការ​សម្តែង​តន្ត្រី​ កំប្លែង​ ការ​រាំរែក​ សិល្បៈ​ប្រពៃណី ​ និង​ល្បែង​ប្រជា​ប្រិយ៍​ផ្សេងៗ​ ជា​ពិសេស​ល្បែង​បោះ​អង្គុញ​ ល្បែង​ចោល​ឈូង ​ ល្បែង​ទាញព្រ័ត្រ​ ល្បែង​លាក់​កន្សែង​ និង​ល្បែង​ដណ្តើម​ស្លឹក​ឈើ​ជាដើម។

លោក​ព្រឹទ្ធា​ចារ្យ​ មៀច​ ប៉ុណ្ណ​ ទី​ប្រឹក្សា​អម​វិទ្យា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ ទទួល​បន្ទុក​កិច្ច​ការ​ក្រុមជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ថា​ «ល្បែងប្រជា​ប្រិយ៍​ទាំង​នេះ​បាន​ធ្វើឱ្យ​កម្លោះ​ក្រមុំ​សម្តែង​នូវ​សមត្ថ​ភាព​ ភាព​ជិត​ស្និទ្ធ​ និង​ភាព​ឈ្លាស​វ៉ៃ»។

«អត្ថ​ន័យ​នៃ​ល្បែង​ប្រជា​ប្រិយ៍​នេះ​គឺ​ជា​បុណ្យ​សប្បាយ។​ ដូច្នេះ​ ការ​ដែល​បុព្វ​បុរស​របស់​យើង​បង្កើតល្បែង​ផ្សេងៗ​នេះ​ គឺ​សុទ្ធ​តែ​ជា​ល្បែង​ដែល​បម្រើ​ឱ្យ​ការ​សប្បាយ»។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ពាក់​កណ្តាល​ខែ​មេសា​ ស្រប​តាម​មហាសង្ក្រាន្ត​ដែល​ជា​ទម្រង់​នៃ​ហោរា​សាស្ត្រ​ខ្មែរ​ដោយ​មាន​សត្វ​១២​ ហើយ​ឆ្នាំ​នេះ​ គឺ​ជា​ឆ្នាំ​ខាល​ ឬ​ ឆ្នាំ​ខ្លា​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​នៅ​វេលា​ម៉ោង​៧​និង​៣៦​នាទី​ ព្រឹក​ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ឱ្យ​សប្បាយ​រីក​រាយ​សម្រាប់ឆ្នាំ​ខាង​មុខ​ទៀត​ និង​បំភ្លេច​ចោល​នូវ​អំពើ​អព​មង្គល​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​កន្លងទៅ។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​មិន​មែន​ត្រឹម​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ប្រារព្ធ​ដោយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ ប្រទេស​បារាំង​ ប្រទេសអូស្ត្រាលី ​ប្រទេស​កាណាដា​ និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG