ប្រែសម្រូលដោយលោកអួ ធួក វីអូអេ ខ្មែរ
ប្រធានក្រុមប្រឹក្សាកំពូលអេហ្ស៊ីប ខាងបូរាណវត្ថុ ហៅ Supreme Council of Antiquities លោក Zahi Hawass បានចាត់ទុកបេសកកម្មរបស់លោកជាការតាមដានរកវត្ថុបូរាណអេហ្ស៊ីប ដោយលោកមានជំនឿថា បានត្រូវយកចេញដោយខុសច្បាប់ពីប្រទេសអេហ្ស៊ីប ហើយលោកចង់យកវត្ថុទាំងនោះមកឲ្យប្រទេសអេហ្ស៊ីបវិញ។ លោក Havass មានមុខនាទីជាអ្នកទទួលភ្ញៀវក្នុងសន្និសីទ ពីរថ្ងៃនៅក្នុងទីក្រុងគែរ ពីថ្ងៃ ទី៧ ដល់ថ្ងៃទី៨ ខែមេសាដោយមានការចូលរួមពីប្រទេសដទៃដែលស្វែងរកឲ្យគេបញ្ជូនវត្ថុបុរាណនិងវត្ថុសល់ពីសម័យចាស់មកឲ្យប្រទេសខ្លួនវិញ។
លោក Havass មានទឹកមុខញញឹម ប្រកបទៅដោយមោទនភាពនិងការសប្បាយចិត្ដ នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាលពីខែមុន នៅពេលដែលលោកទទួលយកមកវិញនូវក្ដារមឈូសបុរាណរបស់អេហ្ស៊ីបដែលភ្នាក់ងារគយសរអាបានចាប់បាន ប្រហែលមកពីចោរលួចរត់ឆ្លងដែន នៅឯអាកាស យានដ្ឋានទីក្រុងMiami។
«មនុស្សអាចយល់ឃើ់ញថា ពេលល្អប្រណិតបំផុតក្នុងជីវិតរបស់គេ ជាអ្នកវត្ថុបុរាណវិទូ គឺគេ បានរកឃើញអ្វីមួយ។ តែចំពោះខ្ញុំ អ្វីដែលអស្ចារ្យបំផុតគឺយកវត្ថុបុរាណទៅឲ្យប្រទេសអេហ្ស៊ីបវិញ។
បើប្រសិន នេះជាការណ៍ពិតប្រាកដមែន លោក Havass បានពើបប្រទះនឹងពេលល្អអស្ចារ្យ បំផុតជាច្រើនលើក។ ចំពោះលោក លោកបានគ្រប់គ្រងវត្ថុបុរាណចំនួន៣១.០០០ពាន់ ចាប់តាំងពីឆ្នាំ ២០០២មក។ វត្ថុបុរាណទាំងនោះបានត្រូវចាប់យកមកវិញបាននៅពេលក្រោយពី ចោរបានលួចយកចេញពីប្រទេស។វត្ថុបុរាណខ្លះបានត្រូវបញ្ជាក់អត្ដសញ្ញាណ ចំពេលគេរៀបចំដាក់លក់ដេញថ្លៃ។ វត្ថុខ្លះបានត្រូវយកចេញពីទីកន្លែងតាំងនិងពីជញ្ជាំងរបស់សារមន្ទីរល្បីឈ្មោះក្នុងពិភពលោក។
ចំពោះលោកហាវាស វត្ថុនិមួយៗដែលវិលមកវិញ ជានិមិត្ដរូបនៃជ័យជំនះមិនត្រឹមតែដល់ប្រទេសអេហ្ស៊ីបប៉ុណ្ណោះទេ តែដល់គ្រប់មនុស្សជាតិ។
«នេះមិនជាកេរ្ដិ៍ដំណែលរបស់យើងទេ។ នេះជាកេរ្ដិ៍មរតកមនុស្សជាតិទាំងអស់ក្នុងពិភពលោក»។
តែជាការគួរឲ្យអស់សំណើចនេះ ជាការតវ៉ាមួយដែលធ្វើឡើងដោយជនពាក់ព័ន្ធនឹងសិល្បៈក្នុងពិភពលោក ដែលជាអ្នកប្រឆាំងគំនិត ដកហូតវត្ថុបុរាណចេញពីសារមន្ទីរអន្ដរជាតិ ហើយប្រគល់មកឲ្យប្រទេសដើមវិញ។
«យើងទាំងអស់គ្នាមានវត្ថុបុរាណ ឬមានការទទួលខុសត្រូវដើម្បីថែទាំវត្ថុបុរាណទាំងនោះនៅអតីតកាល ហើយរក្សាទុកសម្រាប់អនាគតកាល»។
នាយកវិជ្ជាស្ថានសិល្បៈនៅក្នុងទីក្រុង Chicago លោកJames Cuno ជាអ្នកនិពន្ធសៀវភៅមួយដែរហៅ «នរណាជាម្ចាស់ទ្រព្យវត្ថុបុរាណ?» លោកមានមតិដូចគ្នានឹងលោកហាវាសដែរថា វត្ថុបុរាណ ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់។
«នេះជាការទទួលខុសត្រូវរួម។ មិនមែនការទទួលខុសត្រូវរបស់ប្រទេសណាមួយ តែឯកឯងទេ”។
តែប្រទេសអេហ្ស៊ីបមិនជាប្រទេសតែឯកឯងមួយគត់ដែលតាមស្វែងរកវត្ថុបុរាណដូច្នោះទេ ។ ពីប្រទេស Nigeria ដល់ប្រទេសហ្គ្រិចដល់ប្រទេស Peru។ ប្រទេសទាំងនោះទាមទារឲ្យប្រគល់វត្ថុបុរាណរបស់ខ្លួនមកវិញ។
តែមេធាវី ហើយនិងជានាយករងនៃអង្គការ Heritage Watch និងនាយកប្រតិបត្ដិ នៃគណៈកម្មាធិការមេធាវីសម្រាប់ការពារវប្បធម៌ លោកTess Davis និយាយថា នេះមិនមែនរឿងងាយស្រួលទេ។
«មានសារមន្ទីរមូយដែលនិយាយថា «ខ្ញុំបានទិញវត្ថុនេះ។ ខ្ញុំបានទិញតាមតម្លៃត្រឹមត្រូវ។ ខ្ញុំជាម្ចាស់ស្របច្បាប់។ លោកអ្នកមានប្រទេសមូយដែលនិយាយថា វត្ថុបុរាណនេះ វត្ថុសិល្បៈនេះមកពីប្រទេសរបស់យើង។ យើងជាម្ចាស់ស្របច្បាប់» ។
បើយើងយកករណី រូបចម្លាក់នៃវិមាន Parthenon មានឈ្មោះធម្មតា ជា Elgin Marbles ក្បាច់ចម្លាក់ដ៏ប្រណិត នៅលើថ្លើមថ្មនេះលំអ វិហារនៃវិមាន Parthenon របស់ទីក្រុងAthensប្រទេសហ្គ្រិច ជាង ពីរពាន់ឆ្នាំមកហើយ។
កាលពីឆ្នាំ១៨០០ វិមាន Parthenonបានបាក់បែក ដួលរលំ។ នៅពេលនោះ ឯកអគ្គរាជទូតរបស់ប្រទេសអង់គ្លេសប្រចំាចក្រភពអូតូម៉ង់ លោកThomas Bruceដែលជាមន្ដ្រីថ្នាក់ខ្ពស់នៃតំបន់ Elgin បានស្នើទៅកាន់អ្នកត្រួតត្រាចក្រភព អូតូម៉ង់ សុំការអនុញ្ញាត យករូបចម្លាក់ខ្លះមកតាំងនៅក្នុងប្រទេសអង់គ្លេស។
វត្ថុទាំងនោះបានត្រូវតាំង នៅក្នុងសារមន្ទីរអង់គ្លេសនៃទីក្រុងឡុងអស់រយៈពេលជិត២០០ឆ្នាំ។ កាលពីឆ្នាំមុន មនុស្សជាង៥លាននាក់បានទស្សនាសារមន្ទីរអន្ដរជាតិនេះ។ តែរដ្ឋាភិបាលហ្គ្រិចចង់បាន រូបចម្លាក់ពីថ្លើមថ្មនោះ យកមកជួបជុំជាមួយ រូបចម្លាក់របស់វិមាន Parthenon ដទៃ នៅក្នុងសារមន្ទីរ ថ្មី Acropolisនៃទីក្រុងAthens។
លោកដេវិសនិយាយថា នេះជារឿងចម្រូងចម្រាស។
«ខ្ញុំយល់ថា ខាងវិស័យសីលធម៌មនុស្សជាច្រើនយល់ឃើញថា Elgin Marblesជាកម្មសិទ្ធិរបស់ប្រទេសហ្គ្រិច តែបើតាមច្បាប់ មនុស្សភាគច្រើនយល់ស្របថា វត្ថុបុរាណទាំងនោះជាទ្រព្យសម្បត្ដិរបស់ប្រទេសអង់គ្លេស»។
លោក Cuno បានប្រកែកថា គ្មានមូលដ្ឋានណាមួយដែលអាចសម្រេចថា ប្រទេសណាមូយមានករណីសីលធម៌ដ៏ជាក់ច្បាស់សោះ។ លោកថ្លែងទៀតថា សេចក្ដីសម្រេចណាមួយដើម្បី មាតុភូមិនិវត្ដត្រូវធ្វើឡើង យោងមកលើពាក្យថា តើច្បាប់បានត្រូវបំពានមកលើឬទេ?
«បើពុំនោះសោតទេ រឿងនោះគឺជារឿងត្រឡប់ថយក្រោយវិញ ឬសរសេរប្រវត្ដិសាស្រ្ដឡើងវិញ»។
លោក គូណូបានចង្អុលបង្ហាញប្រទេសហ្គ្រិចសម័យទំនើបមិនទាន់រៀបចំឡើងបាននៅឡើយរហូតដល់ច្រើនទសវត្សរ័ក្រោយមក ក្រោយពីរូបចម្លាក់ បានត្រូវដកចេញ។ លោកថ្លែងថា ការចាប់អារម្មណ៍នៅពេលបច្ចុប្បន្នកាលនេះ មកលើវប្បធម៌ជនជាតិ Athensគឺដោយសារតែទៅលើ វប្បធម៌ដទៃ ដែលពាក់ព័ន្ធនឹងប្រវត្ដិសាស្រ្ដហ្គ្រិច។
« នេះជំរុញឲ្យយើងក្រឡេកមើលមកក្រោយវិញ តាមមាគ៌ាមួយដែលមិនមានការណ៍ពិតក្នុងអតីតកាល។ គឺជាការដាក់អត្ដសញ្ញាណដែនដីនៅអតីតកាល ពេលដែលអតីតកាលនោះមិនមានអត្ដសញ្ញាណទាល់តែសោះ។
លោកគូណូនិយាយថា គេឃើញមានតម្លៃបន្ថែមមកលើវត្ថុបុរាណទាំងនោះដែលបានរួមចំណែកជាមួយកេរ្ដិ៍មរតកដទៃនៅក្នុងសារមន្ទីរអន្ដរជាតិ ដែលទស្សនិកជន អាចយល់ដឹងអំពីពិភពលោកមានភាពចម្រុះ ហើយពាក់ព័ន្ធជាមួយគ្នាជានិច្ច។
«ពេលដែលយើងទស្សនាសារមន្ទីរ ដូចជាសារមន្ទីរអង់គ្លេស រួចយើងកំពុងពិនិត្យមើល រូបចម្លាក់ Marbles of Parthenon យើងអាចនឹកឃើញរូបភាពពីទីតាំងរូបចម្លាក់នៅសារមន្ទីរ ជិតខាងរបស់ប្រទេសអេហ្ស៊ីបឬ ចម្លាក់ជំនាន់ ក្រុង រូម៉ាំង ឬ រូបចម្លាក់សម័យថ្មី មកពីប្រទេសចិន ...”។
នេះហើយជាគំនិតនៃអ្វីដែលហៅថា «សារមន្ទីរពិភពលោក»។
«បើកាលណាយើងយកគំនិតនេះ ជាគំនិតល្អពិត នោះយើងត្រូវការបញ្ជាក់ថា មាននរណាមូយនៅក្នុងទីក្រុងភ្នុំពេញ ប្រទេសកម្ពុជាអាចចូលមកទស្សនាក្នុងសារមន្ទីរ ហើយពិនិត្យមើលសិល្បៈអាមេរិកាំង បារាំងនិងជប៉ុន ដែលមិនមែនជាករណីដូចនេះទេ។ នេះជាគំនិតតែម្ខាងរហូតមកទល់ពេលនេះ“។
លោក Davis និង Cuno យល់ស្របថា ការឲ្យខ្ចីវត្ថុបុរាណនឹងវត្ថុជំនាន់អតីតកាល ជាមធ្យោបាយចម្បងសម្រាប់មនុស្សទូទៅ ទាំងអស់ក្នុងពិភពលោក មិនត្រឹមតែសម្រាប់ជននៅក្នុងរដ្ឋធានីនៃបស្ចិមប្រទេសបុណ្ណោះទេ ដើម្បីស្រូបយក ហើយលើកទឹកចិត្ដ ដោយឃើញវត្ថុបុរាណ។
ចំពោះនរណាមួយដែលមានការភ័យខ្លាចអំពីរឿងនេះ ដែលថា នឹងបញ្ជូនវត្ថុបុរាណល្បីឈ្មោះរបស់សារមន្ទីរណាមួយអាចជាការបរាជ័យដល់ការប្រមូលទុកវត្ថុបុរាណផ្ទាល់ខ្លួន លោក Davis ចង្អុលឲ្យមើលសារមន្ទីរនៃទីក្រុង ញូយ៉កគឺ New York Metropolitan Museum of Art ដែលបានបញ្ជូនទៅឲ្យប្រទេសដើមវិញនូវវត្ថុបុរាណជាច្រើន ហើយអគាររបស់សារមន្ទីរញូយ៉កនោះមានទំហំ៦សែន ម៉ែត្រការ៉េ នៅតែមានវត្ថុបុរាណរបស់ខ្លួន មានតម្លៃរកអ្វីមកប្រៀបមិនបាន៕