ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោ​បាយ​ឆ្លៀត​បញ្ចូល​នយោ​បាយ​ក្នុង​សារ​បុណ្យ​ចូល​ឆ្នាំ​ថ្មី


អ្នក​នយោ​បាយ​ឆ្លៀត​បញ្ចូល​នយោ​បាយ​ក្នុង​សារ​បុណ្យ​ចូល​ឆ្នាំ​ថ្មី
អ្នក​នយោ​បាយ​ឆ្លៀត​បញ្ចូល​នយោ​បាយ​ក្នុង​សារ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ក្រុម​មន្រ្ដី​ក្នុង​គណ​បក្ស​កាន់​អំណាច​ និង​មន្ដ្រី​ក្នុង​គណ​បក្ស​ជំទាស់ ​បាន​ទាញ​យក​ឱកាស​នៃ​ពិធី​ បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ ធ្វើ​ការ​បង្ហាញ​ការ​ឃោសនា​នយោ​បាយ​រៀងៗ​ខ្លួន​ ដោយ​លាយ​ឡំ​ជា​ មួយ​និង​សារ​ជូន​ពរ​ឆ្នាំ​ថ្មី។

ឆ្នាំ​ថ្មី ​ឆ្នាំ​ខាល​ ទោស័ក​ ពុទ្ធ​សករាជ​ ២៥៥៤​ ដែល​បាន​ចូល​ជា​ធរមាន​ចាប់​តាំង​ពី​ព្រឹក​ម៉ោង​៧:៣៦​ នាទី​ នៅ​ថ្ងៃ​ពុធ​នេះ។

លោក​ ជា​ ស៊ីម​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ មាន​ប្រសាសន៍​នៅ​ក្នុង​ សារ​ជូន​ពរ​ឆ្នាំ​ថ្មី ​ដែល​អាន​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋា​ភិបាល​ លោក​ ជា ស៊ីម​ ប្រាថ្នា​ចង់​ឲ្យ​ មាន​ការ​រួប​រួម​នៃ​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​ ក្រោម​ការ​ការ​ពារ​នៃ​ទេវតា​ឆ្នាំ​ថ្មី​នេះ។

«សូម​ទេវតា​ឆ្នាំ​ថ្មី ​ព្រះ​នាម​មណ្ឌា​ទេវី​ ជួយ​អភិបាល​គ្រប់​គ្រង​ថែ​រក្សា​គាំ​ពារ​ ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ ឲ្យ​មាន​ទឹក​ចិត្ត​ជ្រះ​ថ្លា​ជា​កុសល្យ​ កសាង​ជីវ​ភាព​ដោយ​កិតិ្ត​យស​ថ្លៃ​ថ្នូរ មាន​ការ​យោគ​យល់​សណ្ដោស​ ប្រណី​មេត្តា​គ្នា​ ក្នុង​សុខ​សន្ដិ​ភាព​ ស្ថិរ​ភាព​រឹង​មាំ»។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ លោក ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា​ នៅ​ក្នុង​សារ​ជូន​ពរ​របស់​ខ្លួន​ បាន​រំឭក​ពី​ឧបទេហេតុ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ កេត​សាណា​ និង​វិបត្តិ​សេដ្ឋ​កិច្ច​ ដែល​ប្រទេស​បាន​ជួប​ប្រទះ​ នា​ឆ្នាំ​កន្លង​ទៅ។​ ក្នុង​សារ​ដែល​ត្រូវ​អាន​ដោយ​ប្រព័ន្ធ​ផ្សាព្វ​ផ្សាយ​របស់​រដ្ឋ​ លោក​ ប្រមុខ​រដ្ឋា​ភិបាល​ បាន​លើក​សរសើរ​ថា ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ​ចាស់ ​ឆ្នាំ ​២០០៩​ ក៏​រក្សា​បាន​នូវ​ឯក​ភាព​ជាតិ ​បូរណ​ភាព​ទឹក​ដី ​ស្ថិរ​ភាព​នយោ​បាយ​ និង​សមិទ្ធិ​ផល​ជា​ច្រើន​ទៀត​ ដូច​ជា​ធារា​សាស្រ្ដ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ​និង​ផល​ស្រូវ​ដ៏​លើស​លុប។

លោក​ ហ៊ុន ​សែន​ ដែល​ជា​អនុ​ប្រធាន​គណ​បក្ស​កាន់​អំណាច​ផង​នោះ​ ក្រៅ​ពី​ជូន​ពរ​ដល់​ប្រជា​នុរាស្ដ្រ​ដូច​មេ​បក្ស​របស់​ខ្លួន​ ក៏​បាន​បង្ហាញ​អំពី​ទិស​ដៅ​ដែល​រដ្ឋា​ភិបាល​របស់​លោក​ត្រូវ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ នេះ​ដែរ។

«សម្រាប់​ឆ្នាំ​ថ្មី​នេះ​ រាជ​រដ្ឋា​ភិបាល​នឹង​ខិត​ខំ​បន្ថែម​ទៀត​ ក្នុង​ការ​ពង្រឹង​សន្ដិ​សុខ​ ស្ថិរ​ភាព​ សន្ដិ​ភាព​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឈ​សេដ្ឋ​កិច្ច​សង្គម​ និង​បន្ដ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ អន្ដរ​ជាតិ»។

យោង​តាម​ទំនាយ​របស់​មហា​សង្រ្កាន​ឆ្នាំ​ថ្មី​ ឆ្នាំ​ខាល​ បាន​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​២០១០​ នេះ​ របរ​ពាណិជ្ជ​កម្ម​ ការ​វិនិ​យោគ​ នឹង​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ចាស់ ​ហើយ​ប្រទេស​កម្ពុជា​ក៏​នឹង​មាន​ទំនាក់​ ទំនង​កាន់​តែ​ប្រសើរ​ជា​មួយ​បស្ចឹម​ប្រទេស​ដែរ។​ ដោយ​ឡែក​ផល​កសិកម្ម​ ជា​ពិសេស​ផល​ស្រូវ​អាច​ នឹង​ទទួល​ការ​ខូច​ខាត​ពាក់​កណ្ដាល​នៃ​ផល​សរុប​ ដោយ​សារ​តែ​សត្វ​ល្អិត​ស៊ីបំផ្លាញ។

យ៉ាង​ដូច្នេះ​ហើយ ​នៅ​ក្នុង​សារ​ជូន​ពរ​របស់​ខ្លួន​ជូន​ដល់​ជន​រួម​ជាតិ ​លោក ​សម ​រង្ស៊ី ​ប្រធាន​គណ​បក្ស​ ជំទាស់ ​សម​ រង្ស៊ី ​ដែល​កំពុង​តែ​សិ្ថត​នៅ​ក្រៅ​ប្រទេស​ បាន​រិះ​គន់​ថា ​ការ​អនុវត្ត​នយោ​បាយ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ មាន​ការ​អន់​ថយ​ ហើយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​គ្នា​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ ទៅ​តាម​បែប​កសិកម្ម​ទំនើប។​ លោក ​សម ​រង្ស៊ី ​លើក​ឡើង​ថា ​នេះ​គឺ​ជា​គោល​ការណ៍​មួយ​របស់​គណ​បក្ស​ របស់​លោក​ ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស។

ដោយ​ឡែក​ ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ លោក ​កឹម​ សុខា​ មុន​នឹង​ធ្វើ​ការ​ជូន​ពរ​ ដល់​ជន​រួម​ជាតិ​ខ្មែរ​ លោក​បាន​រំឭក​នៅ​ក្នុង​សារ​កម្រាស់​បី​ទំព័រ​ អំពី​បញ្ហា​ប្រឈម​របស់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ​កន្លង​ ទៅ​ មាន​ជា​អាទិ៍​ទំនាស់​ដី​ធ្លី​ ការ​ដក​ហូត​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ដ្រ​ ការ​ចាប់​អ្នក​យក​ព័ត៌​មាន​ដាក់​ ពន្ធនា​គារ​ ការ​ប្ដឹង​ផ្ដល់​រវាង​អ្នក​នយោ​បាយ​ ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ និង​គ្រឿង​ញៀន​ និង​បញ្ហា​អសន្ដិ​សុខ​ សង្គម។

ហេតុ​នេះ​ហើយ​លោក​ កឹម​ សុខា​ បាន​បង្ហាញ​ពី​គោល​ជំហរ​នៃ​គណ​បក្ស​របស់​លោក​ក្នុង​ការ​ ពង្រឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​នូវ​គោល​ការណ៍​នីតិរដ្ឋ៕

XS
SM
MD
LG