ក្រុមការពារសិទ្ធិពលរដ្ឋសហគមន៍បឹងកក់បានបន្តទាមទារឱ្យធនាគារពិភពលោកដោះស្រាយតាមការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋ ដោយត្រូវតែធ្វើការស៊ើបអង្កេតលើគម្រោងរៀបចំដែនដីនិងរដ្ឋបាលដីធ្លី ដែលពួកគេចោទប្រកាន់ថា បានធ្វើឱ្យពលរដ្ឋបាត់បង់សិទ្ធិគ្រប់គ្រងដីធ្លីដែលមានជាយូរឆ្នាំមកហើយ។
ក្រុមអធិការកិច្ចរបស់ធនាគារពិភពលោកបានចេញអនុសាសន៍មួយដល់គណៈកម្មាធិការនាយករបស់ធនាគារនេះកាលពីដើមខែមេសា ទាក់ទងនឹងគម្រោងដ៏ចម្រូងចម្រាសមួយនេះនិងបន្ទាប់ពីមានការផ្តើមតវ៉ាដោយ មជ្ឈមណ្ឌលសិទ្ធិលំនៅដ្ឋាននិងការបណ្តេញចេញ ហៅថា COHRE។
លោក Bret Thiele អ្នកឯកទេសជាន់ខ្ពស់ទទួលបន្ទុកកិច្ចការផ្លូវច្បាប់និងពាក្យបណ្តឹងរបស់អង្គការCOHRE បានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមសារអេឡិកត្រូនិកកាលពីដើមសប្តាហ៍នេះថា លោកនៅពុំទាន់បានដឹងពីខ្លឹមសារនៃសេចក្តីសម្រេចរបស់ក្រុមអធិការកិច្ចរបស់ធនាគារពិភពលោកនៅឡើយទេ ប៉ុន្តែអង្គការលោកគឺមិនដកថយពីជំហរទាមទារឱ្យមានការស៊ើបអង្កេតឡើយ។ លោកបានបញ្ជាក់ថា៖
«យើងបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញដើម្បីកែតម្រូវស្ថានភាពនាពេលបច្ចុប្បន្ននេះទាក់ទងនឹងគម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លី ក៏ដូចជារកវិធីដោះស្រាយចំពោះការរំលោភសិទ្ធិមនុស្សដែលមានក្នុងពេលអតីតកាលដែលបានកើតមានឡើងដោយសារតែគម្រោងនេះ"។
ប្រជាពលរដ្ឋបឹងកក់ប្រមាណជាង៤០០០គ្រួសារ ដែលអ្នកខ្លះបានរស់នៅទីនោះជាង២០ឆ្នាំហើយ បានប្រឈមមុខនឹងការបណ្តេញចេញក្រោយពីរដ្ឋាភិបាលបានសម្រេចកាលពីដើមឆ្នាំ២០០៧ជួលទីតាំងនេះទៅឱ្យក្រុមហ៊ុនមួយឈ្មោះថា Shukaku Inc. ដើម្បីអភិវឌ្ឍជាមណ្ឌលសេដ្ឋកិច្ចនិងទេសចរណ៍។
យោងតាមកិច្ចព្រមព្រៀងកម្ចីឥណទានរបស់គម្រោងរៀបចំដែនដីនិងរដ្ឋបាលដីធ្លី ដើម្បីកាត់បន្ថយនូវលទ្ធភាពនៃការបណ្តេញពលរដ្ឋចេញពីកម្មសិទ្ធិរបស់រដ្ឋគឺតម្រូវឱ្យយកមកអនុវត្តនូវគោលការណ៍បរិស្ថាននិងសង្គមកិច្ចដោយក្នុងនោះ រួមមានក្របខ័ណ្ឌគោលនយោបាយផ្លាស់ប្តូរទីលំនៅផងដែរ។ ប៉ុន្តែបើយោងតាមពាក្យតវ៉ារបស់អង្គការCOHRE គឺក្របខ័ណ្ឌនោះ មិនត្រូវបានគេយកមកអនុវត្តទេ បានជាគម្រោងនេះកាន់តែធ្វើឱ្យចុះខ្សោយដល់សិទ្ធិកាន់កាប់របស់ពលរដ្ឋដែលមានពីមុនមកនិងធ្វើឱ្យពួកគេបាត់បង់នូវការការពារតាមកិច្ចព្រមព្រៀងកម្ចីឥណទាននោះ។ រដ្ឋាភិបាលកម្ពុជាបានបិទគម្រោងនេះចោលកាលពីចុងឆ្នាំ២០០៩ ដោយហេតុផលថា មានលក្ខខណ្ឌច្រើនពេក។
រហូតមកដល់ពេលនេះ មានពលរដ្ឋប្រមាណជាង៩០០គ្រួសារបានចាកចេញពីតំបន់បឹងកក់ទៅរស់នៅទីតាំងថ្មីដែលក្រុមហ៊ុនផ្តល់ឱ្យនៅតំបន់ដំណាក់ទ្រយឹងដែលមានចម្ងាយ២០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ហើយអ្នកខ្លះក៏បានសុខចិត្តទទួលយកប្រាក់ចំនួនសរុបប្រមាណ៨.៥០០ដុល្លារជាថ្នូរនឹងការចាកចេញដោយមិនទៅទីតាំងថ្មី។ មានប្រជាពលរដ្ឋមួយចំនួនធំទៀតបាននៅតវ៉ាដើម្បីទាមទារសិទ្ធិរស់នៅក្រោមការអភិវឌ្ឍនៅហ្នឹងកន្លែង។
លោកស្រី Tatiana Tassoni មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកប្រតិបត្តិការរបស់ក្រុមអធិការកិច្ចនៃធនាគារពិភពលោកបានបញ្ជាក់តាមសារអេឡិកត្រូនិកប្រាប់វីអូអេថា ក្រុមអធិការកិច្ចបានផ្ញើអនុសាសន៍របស់ខ្លួនឱ្យទៅដល់គណៈគ្រប់គ្រងរបស់ធនាគារពិភពលោក ហើយខាងធនាគារមានពេលរហូតដល់ថ្ងៃទី១៤ខែមេសាដើម្បីជំទាស់ទៅនឹងអនុសាសន៍នេះ។ លោកស្រីបានបដិសេធមិនបញ្ជាក់ប្រាប់ពីខ្លឹមសារនៃអនុសាសន៍នោះទេ មុននឹងឯកសារនេះត្រូវបានដាក់ផ្សាយជាសាធារណៈ។
មន្ត្រីធនាគារពិភពលោកប្រចាំទីក្រុងវ៉ាស៊ីនតោនដែលវីអូអេបានព្យាយាមទាក់ទងតាមសារអេឡិកត្រូនិកមិនឆ្លើយតបតាមការស្នើសុំទេដោយឆ្លើយពង្រាងទៅរឿងផ្សេង។
ប៉ុន្តែលោកស្រី Tatiana បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការប្តឹងជំទាស់នេះគណៈនាយកប្រតិបត្តិធនាគារអាចស្នើសុំឱ្យមានការជួបប្រជុំផ្លូវការដើម្បីដោះស្រាយអនុសាសន៍របស់ក្រុមអធិការកិច្ច។ កិច្ចប្រជុំនេះអាចកើតឡើងក្រោយរយៈពេលនៃការប្តឹងជំទាស់៕