ពិព័រណ៍ស្នាដៃសិល្បៈរបស់សិល្បករខ្មែរ ស្តីពីការរស់នៅលើដីដែលមានគ្រាប់មីន និងគ្រាប់បែកចង្កោម ត្រូវបានយកមកដាក់តាំងបង្ហាញនៅស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក រយៈពេល១០ថ្ងៃរហូតដល់ថ្ងៃទី១២ ខែមេសានេះ។
ការដាក់តាំងនេះគឺដើម្បីបង្ហាញពីសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងដោះមីននៅប្រទេសកម្ពុជាដែលមានតាំងពីឆ្នាំ១៩៩២មក ហើយក្រុមអ្នករៀបចំពិព័រណ៍ដែលមានឈ្មោះថា «Impact» ឬ «ផលប៉ះពាល់»នេះ សង្ឃឹមថា នឹងទាក់ទាញបាននូវការគាំទ្រអន្តរជាតិឱ្យយល់ដឹងថែមទៀតពីតម្រូវការដែលនៅតែមាននៅឡើយក្នុងប្រទេសកម្ពុជាទាក់ទងនឹងការបោសសម្អាតមីន។
កញ្ញា អាឡិច ហ៊ីនីគឺ ដែលជាអ្នករៀបចំឱ្យមានការតាំងពិព័រពណ៍នេះបានបញ្ជាក់ថា៖
«គោលបំណងនៃការតាំងពិព័រណ៍នេះគឺដើម្បីបង្ហាញថា តើកម្ពុជាបានបោះជំហានមកដល់ណាហើយក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ព្រោះអី កាលពី១០ឆ្នាំមុន ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសមួយដែលទទួលរងការប៉ះពាល់ដោយសារមីនខ្លាំងជាងគេនៅលើពិភពលោក ប៉ុន្តែនៅពេលឥឡូវនេះ គេក្រឡេកមើលមកប្រទេសកម្ពុជាថា ជាអ្នកនាំមុខគេក្នុងពិភពលោកខាងសកម្មភាពដោះមីន»។
ពិព័រណ៍នេះជាស្នាដៃរបស់សិល្បករចំនួន១០នាក់ក្នុងនោះ មានស្រីមួយនាក់។ វិចិត្រករទាំង១០នាក់បានជួបជាមួយប្រជាពលរដ្ឋដែលរស់នៅលើតំបន់ដែលនៅមានគ្រាប់មីននិងតំបន់ដែលបានដោះមីនរួច ជួបជាមួយជនរងគ្រោះដោយសារគ្រាប់មីន និងក្រុមអ្នកដោះមីនដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅអំពីស្ថានភាពរបស់ពួកគេ ហើយរូបស្នាដៃសិល្បៈទាំងនេះគឺជាការបកស្រាយពីការយល់ឃើញរបស់ពួកគេអំពីសកម្មភាពមីននៅកម្ពុជា។
លោកស្រី បណ្តូល វិចិត្រករវ័យ ៣៧ឆ្នាំ មកពីអង្គការហ្វា ពន្លឺសិល្បៈ បានគូសគំនូសមួយដែលដាក់ឈ្មោះថា «អភ័ព្វ» ។ វាគឺជាគំនូររូបសត្វគោព្រៃមួយកំបុតជើងក្រោយខាងឆ្វេង មានទឹកមុខក្រៀមក្រំ ឈរក្បែរក្បាលគ្រាប់ផ្លោងចាស់ៗជាច្រើន និងឈរនៅចំពីលើដីដែលមានបង្កប់គ្រាប់មីនជាច្រើន។ ពាសពេញលើផ្ទាំងគំនូរមានព័ទ្ធទៅដោយរូបបន្លាលួសខ្វាត់ខ្វែង។
លោកបណ្តូល បានធ្វើការបកស្រាយពីរូបភាពនេះថា៖
«ខ្ញុំគូរមានរូបគោព្រៃ ព្រោះធម្មតានៅស្រុកខ្មែរយើងគេដឹងថា គោព្រៃគឺជាតំណាងឱ្យស្រុកខ្មែរដែរ អញ្ចឹងខ្ញុំគូរគោព្រៃបាក់ជើងមួយហើយនៅខាងលើគោព្រៃមាន ដូចជាបន្លាលួសហើយមានដូចជាមីនធ្លាក់ចុះមក ហើយនៅខាងក្រោមមានមីនកប់នៅក្នុងដីមានបន្លាលួសដែរ។ រូបនេះខ្ញុំនិយាយអំពីមហន្តរាយដោយសារមីនឬក៏ផលប៉ះពាល់ដោយសារមីន ហើយក្នុងហ្នឹងមានអក្សរដូចជាចិន សហរដ្ឋអាមេរិក និងមកពីសូវៀត អីអញ្ចឹង ពីព្រោះ តាមខ្ញុំសិក្សាទៅ មីនភាគច្រើនមកពីប្រទេសពីរបីហ្នឹង ...គោកំបុតជើងចង់មានន័យថា មហន្តរាយបានកើតឡើងដល់ពលរដ្ឋដល់ប្រទេសជាតិយើងដែលមានមនុស្សពិការឬក៏ មិនត្រឹមតែពិការទេ ចង់និយាយថា វាបាត់បង់អ្វីម្យ៉ាង»។
នៅលើផ្ទាំងមួយទៀតវិចិត្រកររូបនេះបានដាក់ឈ្មោះឱ្យថា «ជ័យោ» ដែលជាការរៀបរាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារដោះមីនមួយចំនួនដែលមានដូចជាស៊ីម៉ាក់ អាជ្ញាធរមីនកម្ពុជា និងអង្គការMAG ជាដើម។
ចំណែកសិល្បករ ឈុន ឌីណា បានចូលរួមការជួយលើកកម្ពស់ពីសមិទ្ធិផលនៃសកម្មភាពបោសសម្អាតមីនបានរៀបរាប់ពីចម្លាក់របស់នាងថា៖
«នៅខាងក្រោមគឺមានគ្រាប់មីនប៉ុន្តែគ្រាប់មីនងាប់ហើយ ហើយខ្ញុំធ្វើឡើងដោយបីចំណែក។ ចំណែកទីមួយមានក្បាលហើយនឹងចំណែកទីពីរដងខ្លួន ចំណែកទីបីជើង គឺពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ពីព្រោះចំណែកៗហ្នឹង ពេលគេគ្រោះថ្នាក់ ពេលខ្លះគេអាចប៉ះពាល់ទៅដល់រាងកាយគេគ្រប់កន្លែង។ ដូច្នេះរូបចម្លាក់ដែលខ្ញុំធ្វើឡើងគឺតំណាងឱ្យការប៉ះពាល់ដល់ទឹកចិត្តមនុស្សដែលគេធ្វើគ្រាប់បែកហ្នឹង។ សូមកុំឱ្យធ្វើគ្រាប់បែកហ្នឹង សូមឱ្យមានសន្តិភាព»។
ក្នុងចំណោមផ្ទាំងសិល្បៈដែលដាក់បង្ហាញក៏មានផ្ទាំងស្នាដៃមួយដែលរចនាឡើងដោយរូបថតជាច្រើនបង្ហាញពីសមិទ្ធិផលដែលកើតឡើងក្រោយពីត្រូវបានដោះមីនរួចរាល់ ក្នុងនោះមានដូចជា កន្លែងជួសជុលម៉ូតូ កន្លែងអ៊ុតសក់ ហាងលក់នំ ហាងគ្រឿងសង្ហារឹម និង អាហារដ្ឋានជាដើម។ នេះជាស្នាដៃរបស់វិចិត្រករឈ្មោះ សួស សុដាវី។
កញ្ញា អាឡិច ហ៊ីនីគឺ ក៏បានផ្តល់ការពន្យល់ថា ការជ្រើសរើសយកសិល្បៈ ធ្វើជាយាន្តសម្រាប់ការផ្សព្វផ្សាយនេះ ក៏ដើម្បីចង់បង្ហាញថា ទន្ទឹមហ្នឹងពេលដែលប្រទេសកម្ពុជាបានងើបឡើងវិញ ពីស្នាកស្នាមសង្គ្រាម ហើយសិល្បៈក៏បានរស់ឡើងវិញដែរ ហើយវាជាឱកាសមួយសម្រាប់ឱ្យសិល្បករបានបង្ហាញស្នាដៃរបស់ពួកគេ។
«វាគឺជាឱកាសមួយសម្រាប់សិល្បៈករចែករំលែកស្នាដៃសិល្បៈរបស់ពួកគេនៅជុំវិញពិភពលោកដើម្បីឱ្យគេបានដឹងថា ប្រទេសកម្ពុជាគឺមិនគ្រាន់តែជាប្រទេសដែលបានរងផលប៉ះពាល់ដោយសារគ្រាប់មីនទេ តែវាក៏ជាប្រទេសមួយដែលមានសិល្បៈកំពុងរីកចម្រើនផងដែរ»។
ប្រទេសកម្ពុជាបានរងផលប៉ះពាល់ដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្ទាប់ពីសង្គ្រាមក្នុងស្រុកដែលបានអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍ ប៉ុន្តែបានប្រែក្លាយបទពិសោធន៍នៃការឈឺចាប់នេះទៅជាជំនាញនៃការដោះមីនដែលប្រទេសនេះចែករំលែកក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។
ក្នុងសន្ទរកថាបើកសម្រាប់ពិព័រណ៍នេះ លោក Alain Le Roy អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាពបានសរសើរប្រទេសកម្ពុជាដែលបានចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានផ្តល់កងដោះមីនទៅប្រទេសមួយចំនួនដូចជាស៊ូដង់។
ក្រៅពីទីក្រុងញូយ៉កពិព័រណ៍នេះក៏ធ្លាប់បានដាក់បង្ហាញនៅប្រទេសកម្ពុជានិងប្រទេសកូឡំប៊ីផងដែរ៕