ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហា​ផ្ទៃ​បាន​ណែ​នាំ​ឱ្យ​ការ​ពារ​សន្តិ​សុខ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី


ក្រសួង​មហា​ផ្ទៃ​បាន​ណែ​នាំ​ឱ្យ​ការ​ពារ​សន្តិ​សុខ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី
ក្រសួង​មហា​ផ្ទៃ​បាន​ណែ​នាំ​ឱ្យ​ការ​ពារ​សន្តិ​សុខ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី

លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ស ខេង​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​បញ្ជា​អភិ​បាល​ខេត្ត​-រាជ​ធានី​ នៅ​ ទូទាំង​ប្រទេស​ ឱ្យ​បង្កើន​ការ​ការ​ពារ​សន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​សម្រាប់​ការ​ កំសាន្ត​សប្បាយ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១៤​ដល់​ថ្ងៃ​ទី១៦​ដែល​ ជា​ពិធី​បុណ្យ​ដ៏សែន​សប្បាយ​រីក​រាយ​ បន្ទាប់​ពី​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​បាន​តស៊ូ​ឆ្លង​នូវ​ឧបសគ្គ​ ជំងឺ​ឈឺ​ថ្កាត់​ និង​ភាព​ឧបទ្រុប​ចង្រៃ​ទាំង​ឡាយ​ទាំង​ពួង​ពេញ​មួយ​ឆ្នាំ​កន្លង​មក​ និង​ចាប់​ជោគ​ជ័យ​ សិរី​សួស្តី​ សុភ​មង្គល​ និង​សុខ​ដុម​រមនា​នៅ​ឆ្នាំ​ខាង​មុខ​ទៀត។

លោក​ឧត្តម​សេនីយ៍ឯក​ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ថ្លែង​ថា ​យើង​ត្រូវ​បង្ក្រាប​ឱ្យ​ទាន់​ពេល​វេលា​ ចំពោះ​ការ​ប្រើ​ប្រាស់​អាវុធ​ និង​ការ​ផ្ទុះ​អាវុធ​ខុស​ច្បាប់​ ដែល​បង្ក គ្រោះ​ថ្នាក់​ដល់​សង្គម។

«ក្រសួង​មហា​ផ្ទៃ​ បាន​ចេញ​សេចក្តី​ណែ​នាំ​មួយ​ដល់​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​រាជ​ធានី​ ដើម្បី​បង្កើន​កិច្ច​ការ​ពារ​ ថែ​រក្សា​ធានា​សន្តិ​សុខ​របៀប​រាប​រយ​ សណ្តាប់​ធ្នាប់​សាធារណៈ​បង្ក​ឱ្យ​មាន​ភាព​សប្បាយ​រីក​រាយ​ដល់​ប្រជា​ពល​រដ្ឋ​យើង​ទាំង​មុនចូល​ឆ្នាំ​ ក្រោយ​ពេល​ចូល​ឆ្នាំ​ និង​ក្នុង​ពេល​ចូល​ឆ្នាំ​ ដោយ​មិន​មាន​ការ​យាយី​រំខាន​ពី​ក្រុម​ជន​ពាល​ណា​មួយ​ឡើយ»។

លោក​ឧត្តម​សេនីយ៍​ត្រី​ទូច​ ណា​រ៉ុថ​ ស្នង​ការ​ប៉ូលិស​ក្រុង​ភ្នំពេញ ​បាន​ថ្លែង​ថា ​យើង​រៀប​ចំ​ដាក់​ កម្លាំង​ប៉ូលិស​ច្រើន​រាប់​ពាន់​នាក់​ដោយ​រួមមាន​ក្រុម​ដើរ​ល្បាត​មើល​ នៅ​តាម​កន្លែង​លេង​កំសាន្ត​ល្បែង​ប្រជា​ប្រិយ​ ដើម្បី​កុំ​ឱ្យ​ក្មេង​ទំនើង​បង្ក​ការ​អុក​ឡុក​ផ្សេងៗ​ នៅ​ក្នុង​ពិធី​កំសាន្ត​ សប្បាយ​របស់​ប្រជា​ពល​រដ្ឋ។

«ឆ្នាំ​នេះ​ យើង​បាន​រៀប​ចំ​ផែន​ការ​សុវត្ថិ​ភាព​ឱ្យ​ប្រជា​ពល​រដ្ឋ​កំសាន្ត​សប្បាយ​ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ធានា​មិន​ឱ្យ​មាន​បាតុ​ភាព​និង​គ្រោះ​ថ្នាក់​អ្វី​កើត​ឡើង។​ជា​ពិសេស​ យើង​ទប់​ស្កាត់​ឱ្យ​បាន​នូវ​បទ​ល្មើស​ ដូច​ជា​ករណី​ឆក់​ ប្លន់ ​និង​ឃាត​កម្ម​ផ្សេងៗ​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ផ្សេងៗ។​ កម្លាំង​ប៉ូលិស​របស់​យើង​រៀប​ចំ​ការ​ពារ​ជូន​ប្រជា​ពល​រដ្ឋ។​ យើង​មាន​កម្លាំង​ល្បាត​ កម្លាំង​ ពួន​ស្ទាក់​តាម​ដង​ផ្លូវ​ កម្លាំង​ សម្រួល​ចរាចរណ៍​ជូន​ប្រជា​ពល​រដ្ឋ»។

លោក​ឧត្តម​សេនីយ៍​ត្រី​សត​ ណាឌី​ ស្នង​ការ​ប៉ូលិស​ខេត្ត​សៀម​រាប​ បាន​ថ្លែង​ថា​ កង​កម្លាំង​ប៉ូលិស​ របស់​យើង​នៅ​ទូទាំង​ត្រូវ​មាន​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ការ​ពារ​សុវត្ថិ​ភាព​សម្រាប់​ការ​លេង​កំសាន្ត​ល្បែង​ប្រជា​ប្រិយ​នៅ​តាម​មូល​ដ្ឋាន​រៀងៗ​ខ្លួន​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ។

«យើង​បាន​រៀប​ចំ​ដាក់​ពង្រាយ​កម្លាំង​ទៅ​តាម​គោល​ដៅ​សំខាន់ៗ​ ដែល​មាន​ប្រជា​ពល​រដ្ឋ​ ទៅ​ចូល​ទស្សនា​នៅ​បុណ្យ​ចូល​ឆ្នាំ​នេះ​ ដូច​ជា​នៅ​រមណីយ​ដ្ឋាន​អង្គរ​វត្ត​រមណីយ​ដ្ឋាន​បារាយណ៍​ទឹក​ថ្លា​និង​រមណីយ​ដ្ឋាន​ ភ្នំ​គូលេន។​យើង​មាន​កម្លាំង​ចំហ​និង​កម្លាំង​សម្ងាត់​ គេ​ចេញ​ធ្វើ​ការ។​ យើង​ពង្រាយ​កម្លាំង​ប្រហែល​ជា​១.០០០​នាក់»។

នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ​ ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស​ តែង​តែ​លេង​ កំសាន្ត​ល្បែង​ប្រជា​ប្រិយ​ផ្សេងៗ​ នៅ​តាម​ទី​វត្ត​អារាម​ព្រះ​ពុទ្ធ​សាសនា​ បន្ទាប់​ពី​មាន​ការ​ហត់​នឿយ​ពេញ​១​ ឆ្នាំ​មក​នោះ។

ពីទីក្រុងភ្នំពេញ, ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា ។

XS
SM
MD
LG