ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​បោះ​​បង្គោល​​​ព្រំ​ដែន​​ក្រៅ​​សមត្ថកិច្ច​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ


ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ច្រាន​ចោល​សំណើ​របស់​តំណាង​រាស្ត្រ​គណ​បក្ស​ ប្រឆាំង​ដែល​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិ​បាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជា ​មួយ​ប្រទេស​វៀត​ណាម​ នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង។

តំណាង​រាស្ត្រ​គណ​បក្ស​ សម រង្ស៊ី​ ចំនួន​១៤​រូប​ បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចាត់​វិធាន​ ការ​ឱ្យ​រដ្ឋា​ភិបាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀត​ណាម​ ដើម្បី​ធានា​នូវ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ​ស្តី​ពី​បូរណ​ភាព​ទឹក​ដី​របស់​ ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ពុធ​ បន្ទាប់​រដ្ឋ​សភា​បាន​បដិសេធ​សំណើ​នេះ។

ក្រុម​អ្នក​ភូមិ​នៅ​ក្នុង​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​ បាន​និយាយ​ថា​ ពួក​គេ​បាន​បាត់​បង់​ដី​ស្រែ​ ទៅ​ខាង​ប្រទេស​វៀត​ណាម​ដោយ​ការ​រំលោភ​ចូល​ព្រំដែន​កម្ពុជា​ពី​ប្រទេស​វៀត​ ណាម​ ដោយ​ សារ​ការ​បោះ​បង្គោល​ព្រំ​ដែន ។

គណ​បក្ស​សម​ រង្ស៊ី បាន​លើក​យក​ការ​បោះ​បង្គោល​ព្រំ​ដែន​លេខ​១៨៤​, ១៨៥, ១៨៦​និង​១៨៧​ នៅ​ក្នុង​ស្រុក​ចន្ទ្រា​ដើម្បី​សរសេរ​លិខិត​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ តាម​រយៈ​លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា​កាល​ទីថ្ងៃ​ទី ​៣០​ ខែមិនា។

លោក​ប៉ែន​ ថុល​ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​ក្រុម​ ប្រឹក្សា​ធម្មនុញ្ញ​ បាន​ថ្លែង​ប្រាប់​VOA​ ថា​យើង​គ្មាន​សមត្ថ​កិច្ច​លើ​សំណើ​របស់​តំណាង​រាស្ត្រ​គណ​បក្ស​សម រង្ស៊ី​នេះ​ទេ​ ហើយ​យើង​គ្មាន​អ្វី​ដែល​ត្រូវ​ពន្យល់​ទៅ​តំណាង​រាស្ត្រ​គណ​បក្ស​សម រង្ស៊ី​ទេ។

«ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​យល់​ឃើញ​ថា​ សំណើ​សុំ​ចាត់​វិធាន​ការណ៍​ឱ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ផ្អាក​ការ

បោះ​បង្គោល​តាមព្រំ​ដែន​កម្ពុជា-​វៀត​ណាម​ ពុំ​ចូល​ក្នុង​សមត្ថ​កិច្ច​របស់​ក្រុម​ប្រឹក្សា​ ធម្មនុញ្ញ​នោះ​ទេ»។

លោក​គឹម​សួរ ភិរិទ្ធី​ តំណាង​រាស្ត្រ​គណ​បក្ស​សម រង្ស៊ី ​បាន​ថ្លែង​ថា ​យើង​មិន​អាច​ទទួល​យក​ ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​បាន​ទេ​ហើយ​យើង​មាន​ការ​ លំបាក​ក្នុង​ការ​ជឿ​ជាក់​ លើ​សមត្ថ​កិច្ច​ឯក​រាជ្យ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ។

«ជា​ទូទៅ ​យើង​គិត​ថា​ ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ​ មិនឆ្លុះ​បញ្ចាំង​ទៅ​លើ​ ការ​សម្រេច​ ដែល​ឈរ​លើ​ហេតុ​ផល​ផ្លូវ​ច្បាប់​នោះ​ទេ។​មែន​ទែន​ទៅ​យើង​ឃើញ​ថា​ ការ​សម្រេច​នេះ​ នៅ​មាន​ហេតុ​ផល​នយោបាយ»។

បញ្ហា​ព្រំ​ដែន​ គឺ​ជា​ជម្លោះ​នយោ​បាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជម្លោះ​ព្រំ​ដែន​នៅ​តែ​មាន​ជា​ មួយ​ប្រទេស​ជិត​ខាង​ ប្រទេស​ថៃ​ និង​ប្រទេស​វៀត​ណាម។

លោក​ សម​ រង្ស៊ី​ មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​ចំនួន​២​ឆ្នាំ​ អំពី​ការ​ដក​បំផ្លាញ​តម្រុយ​បង្គោល​ព្រំ​ដែន​លេខ​១៨៥​នៅ​ក្នុង​ស្រុក​ ចន្ទ្រា ​ខេត្ត​ស្វាយ​រៀង​កាល​ ពី​ចុង​ខែ​មករា។

លោក​សម រង្ស៊ី ឥឡូវ​នេះ​ កំពុង​ជាប់​ចោទ​ពី​ការ​ក្លែង​បន្លំ​ឯក​សារ​សាធារណៈ​ និង​ការ​ផ្សាយ​ ព័ត៌​មាន​មិន​ពិត​ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ផែន​ទី​ដែល​រដ្ឋា​ភិបាល​និយាយ​ថា ជា​ផែន​ទី​មិន​ត្រឹម​ត្រូវ​ នៅ​លើ​គេហ​ទំព័រ​របស់​គណ​បក្ស​ប្រឆាំង។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​កំពុង​តែ​ឈ្លោះ​ដណ្តើម​យក​ទឹក​ដី​ទំហំ​៤,៦​គីឡូ​ម៉ែត្រ​ការ៉េ ​ នៅ​ ក្នុង​តំបន់​ជម្លោះ​ព្រំ​ដែន​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ ជា​កន្លែង​ដែល​កង​ទ័ព​នៃ​ប្រទេស​ទាំង​២ ​បាន​ ប្រមូល​ផ្តុំ​កម្លាំង​និង​បាន​វាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ដែល​បាន​ សម្លាប់​កង​ទ័ព​យ៉ាង​តិច​៨​នាក់​ ចាប់​តាំង​ពី​ប្រាសាទ​ព្រះ​វិហារ​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ចី​បេតិកភ័ណ្ឌ​ពិភព​លោក​របស់​អង្គការ​ យូណេស្កូ​នៅ​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០០៨៕

XS
SM
MD
LG