YouTube​ និង ទស្សនាវដ្តី Vogue ​ធ្វើ​ឲ្យ រស់ ភក្តី​ ក្លាយ​ជា​តារា​មួយ​ដួង​ក្នុង​វិស័យ​រចនា​ម៉ូត​សម្លៀក​បំពាក់

រស់ ភក្ដី ថតរូប​ផ្សាយ​ម៉ូត​សម្លៀកបំពាក់​ម៉ាក Skyleros Fashion របស់​ខ្លួន​លើ​ទំព័រ​ Facebook. (រូបថត​​ដោយ រស់ ភក្ដី)

រស់ ​ភក្តី នៅចាំ​រូបរាង​រ៉ូបដំបូង​បង្អស់ដែល​គាត់​បាន​រចនាឡើង។ ភក្តី​រចនា​រ៉ូបខ្មៅ​សាមញ្ញ​មួយ​ ក្រោយពី​បាន​ប្រទះ​ឃើញ​រ៉ូប​ស្រដៀង​គ្នាមួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ Instagram​ នៅឆ្នាំ​២០១៣​។​ ភក្តី​បាន​ប្រើប្រាស់​ក្រណាត់ ​និង​សម្ភារៈ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ផ្ទះ​ និង​ម៉ាស៊ីន​ដេរ​ចាស់​មួយ​របស់​ម្តាយ​ខ្លួន​ដើម្បី​ដេរ​រ៉ូប​មួយ​នេះ​ឡើង​ ទាំង​មិន​បាន​ចាប់​អារម្មណ៍​ថា ខ្លួន​កំពុង​តែ​ចាប់​ផ្តើម​ដើរ​ឆ្ពោះ​ទៅកាន់​អាជីព​មួយ​ក្នុង​វិស័យ​រចនា​ម៉ូត​សម្លៀក​បំពាក់។

មួយ​ថ្ងៃ​ក្រោយ​មក​ ភក្តី​អង្គុយ​ពី​មុខរ៉ូប​ខ្មៅ​វាល​ខ្នងគ្រប​ដោយ​ក្រណាត់​ស្បៃ​ពី​ក្រៅ​ដែល​ខ្លួន​បាន​រចនា​រួច​រាល់នោះ​។ ភក្តី​មាន​អារម្មណ៍​ថា មាន​មោទនភាព​ជា​ក្រៃលែង។​ ចាប់ផ្តើម​នៅ​ក្នុង​បន្ទប់​តូច​មួយ ជាមួយ​នឹង​ម៉ាស៊ីន​ដេរ​ចាស់​មួយ ​សព្វ​ថ្ងៃ​សម្លៀក​បំពាក់​របស់​ភក្តី​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អតិថិជន​ ហើយ​សម្លៀក​បំពាក់​ទាំង​នោះ​ត្រូវ​បាន​បេក្ខជន​បវរកញ្ញាឯក​កម្ពុជា​ និងអ្នក​ចម្រៀង​ដែលកំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ផ្សេង​ទៀត​ដូចជា​កញ្ញា សួន សុជាតា​ ដែលគេនិយមហៅថា​ Nikki Nikki ជ្រើសរើស​យក​មក​ស្លៀកពាក់​ទៀតផង។

​ភក្តី​ប្រាប់​វីអូអេ​ថា៖ ​«ការណ៍​ដែល​ខ្ញុំ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សិល្បករ​ និង​អ្នកដទៃ​នៅ​ក្នុង​វិស័យ​កម្សាន្ត​គឺ​ជា​ការ​ផ្តល់​នូវ​សុពល​ភាព​មួយ​ដល់​ខ្ញុំ។ វា​ជា​កម្លាំង​ចិត្ត​ដែល​ជម្រុញ​ខ្ញុំ​ទៅ​មុខ​ ដោយសារ​ម៉ាក​សញ្ញា​របស់​ខ្ញុំត្រូវ​បាន​គេ​ឲ្យ​តម្លៃ​និង​ទទួល​ស្គា​ល់»។

​ជា​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​វ័យ​ ២៥ ឆ្នាំ ភក្តី​កត់​សម្គាល់​ខ្លួន​ថា​ ជា​មនុស្ស​ដែល​មាន​ភេទ​បត់បែន​ ឬ fluid ហើយ​មានឈ្មោះហៅក្រៅ​ថា​ ស្កាយឡឺ ​(Skyler)។ ​ភក្តី​បាន​យក​ឈ្មោះ​នេះ​ដាក់​ជា​ម៉ាក​សម្លៀកបំពាក់​របស់​ខ្លួនថា “Skyleros Fashion”​។ ភក្តី​សម្រេច​បានការងារ​ជា​ច្រើន​ទាំង​វ័យ​ក្មេង​ ដែល​រាប់បញ្ចូល​ទាំង​ការ​ដើរ​តួ​គម្រូ​ដល់​សហគមន៍អ្នក​ស្រឡាញ់ភេទ​ដូចគ្នាផង​ដែរ​។

​ភក្តី​នៅ​តែ​ចងចាំ​ពី​អតីត​កាល​របស់​ខ្លួន។ ភក្តី​នៅ​ចាំ​ថា​ កាលពី​គាត់នៅវ័យក្មេង​ គាត់​ចូលចិត្ត​លេងជាមួយ​នឹងសាច់ក្រណាត់​ផ្សេងៗ​ ហើយ​ក្នុងឆ្នាំ​ ២០១៥ ​នៅ​ពេល​ ភក្តី​នៅរៀន​ថ្នាក់វិទ្យាល័យ​នៅឡើយ ​ភក្តីចាប់ផ្តើមហ្វឹកហាត់ដេរ​ ប៉ះ ​និង​រចនា​ម៉ូត​សម្លៀកបំពាក់​សម្រាប់​ក្រុម​រាំ​របស់​ខ្លួន​បណ្តើរៗ​ទៅ​ហើយ​ ទាំង​មិន​ដែល​ធ្លាប់​បាន​ចូល​សាលា​រចនា​ម៉ូតសោះ​ក៏​ដោយ។

រស់ ភក្ដី ស្លៀក​សម្លៀកបំពាក់​ដែល​រចនា​ម៉ូត​ដោយ​ខ្លួនឯង​ចូលរួម​ក្នុង​ពិធី​មង្គលការ​មិត្តភក្ដិ​របស់​ខ្លួន​នៅ​រាជធានីភ្នំពេញ។ (រូបថត​ដោយ រស់ ភក្ដី)

ភក្តី​ហាត់រៀន​ដោយ​ខ្លួន​ឯង​តាមរយៈ​ការ​មើល​វីឌីអូ​គម្រូ​ជាច្រើន​លើ​បណ្ដាញ​ You​Tube អាន​ទស្សនាវដ្តីរចនា​ម៉ូត​សម្លៀកបំពាក់ដូចជា ​Vogue ​ជាដើម​ ដើម្បី​បំផុស​គំនិត​ និងរៀនពីរបៀប​រចនា​ម៉ូត​សម្លៀក​បំពាក់​ចាំបាច់មួយ​ចំនួន ដូចជាការដេរអាវ​ និងការប្រើអំបោះជាដើម។

​ភក្តីនិយាយថា៖ «ខ្ញុំ​ទទួលស្គាល់​ថាវាមិនមែនជាកន្លែង​ត្រឹមត្រូវជាងគេដើម្បី​រៀនរចនាម៉ូត​សម្លៀកបំពាក់​នោះទេ​ ពី​ព្រោះយើង​អាចធ្វើត្រាប់តាមគេ​ ប៉ុន្តែយើងមិនមានអ្នកណា​មកប្រាប់​យើងថា ​យើងធ្វើត្រូវឬខុសនោះទេ។​ និយាយ​រួមទៅយើង​មិនមាន​កា​រ​ណែនាំ​ដែលចាំបាច់​គ្រប់គ្រាន់ដែលអ្នក​រចនា​ត្រូវការនោះឡើយ»។​

​ទាំង​មិន​ទាន់​មាន​បទពិសោធន៍​ប្រឡូក​ក្នុង​វិស័យ​រចនា​ម៉ូត​បាន​ប៉ុន្មាន​ផង​ រួម​ទាំង​ការ​ខ្វះ​ការ​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ ភក្តី​នៅ​តែ​សម្រេចចិត្ត​បើក​ដំណើរការ​ម៉ាក​ Skyleros​ Fashion ក្នុងឆ្នាំ​ ២០១៥ ក្រោយ​ពី​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្តភក្តិ។ ពេលនោះភក្តីមានអាយុ​១៩ ឆ្នាំ។

​ភក្តី​និយាយ​ថា៖ «ខ្ញុំ​គ្រាន់​តែ​ដឹងថា ​ខ្ញុំចូលចិត្ត​រចនា​ម៉ូត​ខោអាវ ​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ពី​វា​ពេក​នោះទេ។ ក្រោយ​ពីខោអាវ​ទាំងអស់​របស់​ខ្ញុំត្រូវ​បាន​គេ​ទិញ​អស់ ទើប​ខ្ញុំ​ដឹងថា​ វា​បាន​ក្លាយ​ជា​អាជីព​របស់​ខ្ញុំ​ពិតមែន»។

​ដោយ​មាន​ការ​គាំទ្រ​ពី​គ្រួសារ​ និងមិត្តភក្តិ ភក្តី​បាន​ក្លាយ​ខ្លួន​ជាបុគ្គល​ដែលគួរ​អោយកត់សម្គាល់​មួយរូប​នៅក្នុងវិស័យ​រចនាម៉ូត​នៅ​កម្ពុជា​។ ភក្តីបានចូលរួម​ក្នុង​សហគមន៍​អ្នក​រចនា​ម៉ូត​ដែល​ទទួលបានជោគជ័យ​ដទៃទៀត ដូចជា លោក​ គង់ សុធាដែល​ជា​បេក្ខជ​ន​ប្រកួត​ការរចនា​សម្លៀកបំពាក់​ Runway Ready Designer​ ក្នុងឆ្នាំ ២០១៧ របស់ក្រុមហ៊ុន​ AirAsia ​លោក សុខ​ ណាន់​ ដែលជាអ្នករចនាម៉ូត​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ផ្នែក​រចនា​ម៉ូត​សហសម័យ​ខ្មែរ​ និង​កញ្ញា ណា ម៉ារីយ៉ា ដែល​ជា​ម្ចាស់​ម៉ាក PRIVE។

តារា​បង្ហាញ​ម៉ូត​ ប្រាសាទ ដាវីន ស្លៀក​រ៉ូប​ដែល​រចនា​ម៉ូត​ដោយ រស់ ភក្ដី។ (រូបថត​ដោយ រស់ ភក្ដី)

លោក ពៅ ស៊ីថាន ជាអ្នករចនា​ម៉ូតសម្លៀកបំពាក់ម្នាក់ ដែលកំពុងទទួល​បានការចាប់អារម្មណ៍នៅក្នុងវិស័យ​នេះ​និយាយ​ថា ភក្តី​បានក្លាយ​ជានិមិត្តរូបគម្រូ​ម្នាក់នៅក្នុងវិស័យរចនា​ម៉ូត ដោយសារ​គាត់​ធ្វើអ្វីដែលខ្លួនស្រឡាញ់​ បើទោះបីជាមិន​មា​ន​ការ​ហ្វឹក​ហាត់​ផ្លូវការក្តី។ ​

លោក ​ស៊ីថាន បន្ថែមថា ប្រជាប្រិយភាព​ និងបុគ្គលិក​លក្ខណៈ​របស់​ភក្តី​បាន​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​សាធារណជន​ ហើយ​បាន​បើក​ឱកាស​ឲ្យ​អ្នក​នៅ​ក្នុង​សហគមន៍​អ្នកស្រឡាញ់​ភេទដូចគ្នាដទៃ​ទៀត ដែល​ចាប់អារម្មណ៍ក្នុងការ​រចនា​ម៉ូត​ទៀត​ផង​ដែរ​។

​លោក ស៊ីថាន ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​ស្គាល់​មនុស្ស​ជា​ច្រើន​ដែល​ស្គាល់​ភក្តី​។ ភក្តី​មាន​ប្រជាប្រិយភាព​ណាស់​នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ​ ហើយបើក​ទូលាយចំពោះ​ភេទ​របស់ខ្លួនផង​ ដូច្នេះ​ខ្ញុំ​គិតថា វាជួយ​អ្នករចនាម៉ូត​ដទៃ​ទៀតច្រើន​ ដោយសារភក្តី​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ពួក​យើង​ដែល​មកតាម​ក្រោយ»។

​ភក្តី​និយាយថា ការ​ដែល​លោក​រៀន​រចនា​ដោយ​វិធី​មិន​ផ្លូវការ​អនុញ្ញាត​ឲ្យ​លោក​អាច​ដោះលែង​ខ្លួន​ពី​គំនិត​រចនា​ម៉ូត​បែប​ប្រពៃណី​ ប៉ុន្តែ​វាក៏ជះឥទ្ធិពល​ដល់ការយល់ដឹង​របស់លោកក្នុងការ​រចនា​សម្លៀកបំពាក់​ និង​ការគ្រប់គ្រងអាជីវកម្មក្នុង​វិស័យ​នេះផងដែរ។ មិត្តភក្តិ​របស់លោក​បានដើរតួយ៉ាង​សំខាន់ក្នុងការអប់រំ​លោក​ទាក់ទងនឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុផ្សេងៗ។ ​

​ភក្តីនិយាយថា៖ ​«នៅសាលា គេបង្រៀនយើង​ពី​គ្រោង​សម្លៀកបំពាក់​ យុទ្ធសាស្ត្រ​អាជីវកម្ម​ ហើយ​គ្រូ​ផ្តល់​ដំបូន្មាន​ច្រើន​ យើងមិន​ចាំបាច់ប្រឹងតែ​ម្នាក់​ឯង​ទេ។​ ដូច្នេះហើយសម្រាប់ខ្ញុំ​ ខ្ញុំត្រូវការពេលច្រើនជាងធម្មតា​ដើម្បីរចនាសម្លៀកបំពាក់នីមួយៗ»។ ​

តារា​បង្ហាញ​ម៉ូត​ ប្រាសាទ ដាវីន ស្លៀក​រ៉ូប​ដែល​រចនា​ម៉ូត​ដោយ រស់ ភក្ដី។ (រូបថត​ដោយ រស់ ភក្ដី)

ទោះបីជា​ការ​ចាប់ផ្តើម​ម៉ាក​នេះ​មាន​ការ​លំបាក​ពី​ដំបូង​ក្តី​ ក៏​ការ​តស៊ូ​ក្នុង​ការ​ហ្វឹកហាត់​ និង​វិជ្ជាជីវៈ​ក្នុង​ការ​ទាក់ទងភ្ញៀវ​ដែល​ភក្តី​បាន​ទទួល​កន្លង​មក បាន​ញាំង​ឲ្យ​ភក្តីអាចកំណត់​គោលដៅទីផ្សារ​ខ្លួន​មករកមនុស្សមួយ​ក្រុមតូច​គឺអ្នកដែលចូលចិត្តសម្លៀក​បំពាក់​ដែលកាត់តាមតម្រូវការ ​ជាពិសេសសម្លៀកបំពាក់​សម្រាប់សម្តែងលើឆាក និងរាត្រីស្រមោលស។ ​

​អ្នករចនាម៉ូតរូបនេះទទួលស្គាល់ថា វិស័យ​រចនា​ម៉ូត​សម្លៀកបំពាក់​មាន​ការ​ទទួល​ស្គាល់​ច្រើន​ក្នុងចំណោមសមាជិក​អ្នក​រចនា​ម៉ូត​ដែល​មក​ពី​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។ ​

​ភក្ដី​លើកឡើង​ថា៖ «ទាំង​អស់​គ្នា​មិនមែន​សុទ្ធ​តែ​បើក​ទូលាយ​ពី​ភេទ​គេ​នោះទេ។ ​អ្នកខ្លះ​នៅ​លាក់​បាំង​អត្តសញ្ញាណ​ខ្លួន​នៅ​ឡើយ ជាពិសេស​នៅ​ក្នុង​វិស័យ​កំសាន្ត​ពីព្រោះ​វិស័យ​នោះចង់​បានភាគ​ច្រើន​មនុស្ស​ដែល​ជា​ភេទ​ប្រុស​ឬស្រី​ប៉ុណ្ណោះ។​ នេះ​គឺ​ដោយសារ​តែ​គេ​គិត​ពីអ្នកទស្សនា​ និងមុខមាត់ម៉ាក​សញ្ញារបស់គេ»​។

​ភក្តីសង្ឃឹ​មថា ខ្លួន​នឹង​អាច​ធ្វើ​ជា​ឧទាហរណ៍​ល្អ​មួយ​សម្រាប់​សមាជិក​អ្នក​នៅ​ក្នុង​សហគមន៍​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ពួក​គេអាច​ចាប់ផ្តើម​បង្កើត​អាជីព​ដែល​ពួកគេ​ចូលចិត្ត​បាន។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយភក្តី​ក៏ទទួលស្គាល់ថាវា​មិនតែងតែជាផ្លូវដែល​ងាយស្រួល​ដើរ​នោះឡើយ។

​ភក្ដី​និយាយ​ថា៖ «ខ្ញុំគិតថានៅពេល​ណាមួយសង្គមនឹង​ទទួលយកយើងបាន​ប្រសើរជាងនេះ។ ​ខ្ញុំមិនដែលទាំងគិត​ពីរឿងនេះផង ពេលដែល​ខ្ញុំធ្វើការងារ​របស់ខ្ញុំ។​ បើសិនជាអ្នកដទៃ​ចង់វាយតម្លៃខ្ញុំ​ កុំវាយតម្លៃភេទ​របស់ខ្ញុំ គួរវាយតម្លៃ​ការងារខ្ញុំវិញ»៕