ភ្នំពេញៈ យុវជនខ្មែរកាន់តែច្រើនបានមើលឃើញការធ្វើការងារស្ម័គ្រចិត្ត ជាវិធីសាស្រ្តមួយក្នុងការទទួលបានការងារធ្វើ ខណៈពេលដែលទីផ្សារការងារនៅកម្ពុជានៅតូចចង្អៀតនៅឡើយសម្រាប់ពួកគេ។
កញ្ញា ឈុន ទីណា បានធ្វើការងារស្ម័គ្រចិត្តជាមួយអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា ស្ម័គ្រចិត្តដើម្បីសង្គម អស់រយៈពេល៦ខែមកហើយ ដោយចុះទៅជួយបណ្តុះបណ្តាលជំនាញកសិកម្មដល់ប្រជាសហគមន៍មួយក្នុងឃុំព្រែកហ្លួងនៃស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យបៀលប្រាយក្នុងខេត្តបាត់ដំបង កញ្ញា ទីណា បាននិយាយថា កញ្ញា សម្រេចចិត្តធ្វើការងារស្ម័គ្រចិត្តនេះ គឺដើម្បីជួយអភិវឌ្ឍសហគមន៍មូលដ្ឋានផង និងដើម្បីស្រូបយកបទពិសោធន៍សម្រាប់ស្វែងរកការងារធ្វើផង ក្រោយពេលបញ្ចប់ការសិក្សា។
កញ្ញា ឈុន ទីណា បានលើកឡើងថា បច្ចុប្បន្ន ការរកការងារធ្វើពិតជាមិនមែនជារឿងងាយស្រួលសម្រាប់យុវជនឡើយ។
«ពិបាករកណាស់បង ទី១គេត្រូវការអ្នកចេះ និងទី២ គេត្រូវការអ្នកដែលមានបទពិសោធន៍។ ហើយណាមួយបើយើងអត់មានបទពិសោធន៍ ក៏យើងមិនអាចធ្វើការឲ្យគេបានដែរ ដោយសារតែយើងអត់មានបទពិសោធន៍ដែលគេត្រូវការ។ អញ្ចឹងដោយសារកន្លែងអង្គការខ្ញុំគេត្រូវការជ្រើសរើសអ្នកដែលនៅផ្នែកកសិកម្ម អញ្ចឹងគេក៏ដាក់យើងនៅផ្នែកហ្នឹង បើទោះជាយើងអត់ចេះក៏ដោយ។ ប៉ុន្តែ ធម្មតាស្ម័គ្រចិត្តគឺយើងធ្វើការងារអស់ពីកម្លាំងកាយចិត្ត ទោះយើងមិនចេះ ក៏យើងខិតខំប្រឹងប្រែងឬព្យាយាមដែរបង»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារជាមួយយុវជនស្ម័គ្រចិត្ត បានកត់សម្គាល់ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនខ្មែរកាន់តែច្រើនបានសម្លឹងរកមើលឱកាសធ្វើការងារស្ម័គ្រចិត្តមួយរយៈពេល ដើម្បីឈានទៅរកឱកាសការងារដ៏សមរម្យមួយនៅពេលអនាគត។
លោក សុំ មនោរម្យ មន្រ្តីកម្មវិធីយុវជនសម្រាប់ការអភិវឌ្ឍសង្គមនៃអង្គការស្ម័គ្រចិត្តដើម្បីសង្គម បានមានប្រសាសន៍ថា យុវជនកាន់តែច្រើន ជាពិសេសនិស្សិតដែលទើបបញ្ចប់ការសិក្សា បានសម្តែងការចាប់អារម្មណ៍របស់ពួកគេនៅក្នុងការធ្វើការងារស្ម័គ្រចិត្តនេះ ដោយពួកគេរំពឹងថា ពួកគេនឹងអាចទទួលបានការងារធ្វើ បន្ទាប់ពីបានបំពេញការងារស្ម័គ្រចិត្តនេះ។
«អ្នកស្ម័គ្រចិត្តនៅតាមសកលវិទ្យាល័យផ្សេងៗហ្នឹង គាត់ធ្វើការងារស្ម័គ្រចិត្ត ធ្វើយ៉ាងម៉េចដើម្បីទទួលបាននូវបទពិសោធន៍ផ្សេងៗទាក់ទងទៅនឹងជំនាញ ហើយក៏ដើម្បីកសាងការទំនាក់ទំនងផ្សេងៗដើម្បីឲ្យគាត់ហ្នឹងមានលទ្ធភាពទទួលបានឱកាសការងារ នៅពេលដែលគាត់រៀនចប់ឬកំពុងតែរៀនហ្នឹង»។
អង្គការស្ម័គ្រចិត្តដើម្បីសង្គម បានទទួលយកយុវជនស័្មគ្រចិត្តខ្មែរចំនួន១៦៩នាក់ចាប់ពីឆ្នាំ២០០៥មក ដើម្បីឲ្យពួកគេចុះទៅធ្វើសកម្មភាពជួយដល់សហគមន៍មូលដ្ឋានមួយចំនួន នៅក្នុងខេត្តក្រុងចំនួន១២ រួមមានខេត្តកំពត កំពង់ស្ពឺ បន្ទាយមានជ័យ សៀមរាប ក្រចេះ មណ្ឌលគីរី ស្ទឹងត្រែងនិងរាជធានីភ្នំពេញជាដើម។ ក្នុងចំណោមយុវជនស្ម័គ្រចិត្តទាំងនេះ មានជិត១០០នាក់គឺជានិស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ឬសកលវិទ្យាល័យនានានៅក្នុងប្រទេស។ នេះបើយោងតាមអង្គការនេះ។
ការងារស្ម័គ្រចិត្ត គឺជាប្រភេទការងារដែលគ្មានប្រាក់ខែ ប៉ុន្តែអាចមានប្រាក់ឧបត្ថម្ភបន្តិចបន្តួច សម្រាប់អ្នកស្ម័គ្រចិត្តក្នុងការចំណាយទៅលើថ្លៃសាំងឬរបស់របរបន្ទាប់បន្សំផ្សេងៗទៀត។
លោក សុំ មនោរម្យ មានប្រសាសន៍ថា ភាគច្រើននៃយុវជនដែលធ្វើការងារស្ម័គ្រចិត្តទាំងនេះ គឺមានប្រភពចេញមកពីគ្រួសារដែលមានជីវភាពក្រីក្រនិងមធ្យម។
«ភាគតិចណាស់ដែលគាត់មានជីវភាពធូរធារហើយចង់មកធ្វើការងារស្ម័គ្រចិត្ត ព្រោះដោយសារភាគច្រើនពេលដែលគាត់មានលុយ មានថវិការគ្រប់គ្រាន់ គាត់អត់សូវខ្វល់ពីឱកាសដែលទទួលបានការងារអីទេ។ ដោយឡែក អ្នកដែលមានជីវភាពមធ្យម ឬក្រីក្រ គឺគាត់ព្យាយាមស្វែងរកឱកាសការងារស្ម័គ្រចិត្តហ្នឹង កាន់តែច្រើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយសារគាត់យល់ឃើញថា ប្រសិនជាគាត់អត់ចូលរួមធ្វើការងារស្ម័គ្រចិត្តជាមួយស្ថាប័នផ្សេងៗក៏ដូចជាជាមួយសហគមន៍ផ្សេងៗនោះទេ ប្រហែលជាគាត់រៀនចប់ គាត់អត់មានលទ្ធភាពទទួលបាននូវឱកាសការងារ»។
កញ្ញា បុណ្យ រចនា អតីតអ្នកធ្វើការងារស្ម័គ្រចិត្តនៅក្នុងសហគមន៍ម្នាក់ហើយបច្ចុប្បន្ន កំពុងបម្រើការងារនៅក្នុងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ការធ្វើការងារស្ម័គ្រចិត្តនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសមត្ថភាពនិងស្មារតីរបស់កញ្ញាផ្ទាល់ហើយក៏ជាផ្នែកមួយដែលជួយឲ្យកញ្ញាទទួលបានការងារបច្ចុប្បន្ននេះដែរ។
«ថ្វីត្បិតតែយើងចាប់ផ្តើមពីការងារជាអ្នកស្ម័គ្រចិត្ត ក៏ប៉ុន្តែ យើងកុំភ្លេចថា ការងារស្ម័គ្រចិត្តនេះ វាជាការងារដែលមានតម្លៃណាស់។ យើងទទួលបានប្រាក់ឧបត្ថម្ភតិច ឬក៏ថា ការងារខ្លះយើងអត់ទទួលបានប្រាក់ឧបត្ថម្ភសោះតែម្តង ប៉ុន្តែ យើងកុំភ្លេចថា យើងទទួលបានចំណេះដឹងនិងបទពិសោធន៍ ហើយបទពិសោធន៍នេះហើយ ដែលជួយឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមានជំនាញគ្រប់គ្រាន់»។
កម្ពុជាគឺជាប្រទេសមួយដែលមានប្រជាពលរដ្ឋវ័យក្មេងច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដោយចំនួនយុវវ័យដែលមានអាយុពី១០ដល់២៤ឆ្នាំ មានប្រហែលជា៣៥% នៃចំនួនពលរដ្ឋសរុបក្នុងប្រទេសប្រមាណ១៤លាននាក់។ នេះបើផ្អែកតាមវិទ្យាស្ថានជាតិស្ថិតិ។ ប៉ុន្តែ ភាពគ្មានការងារធ្វើនៅក្នុងចំណោមយុវវ័យទាំងនេះត្រូវគេមើលឃើញថា នៅមានកម្រិតខ្ពស់នៅឡើយ ដោយសារវិស័យសំខាន់ៗរបស់ប្រទេសដូចជាវិស័យកាត់ដេរសម្លៀកបំពាក់ ទេសចរណ៍និងវិស័យសំណង់ជាដើមមិនទាន់រីកចម្រើនឲ្យបានឆាប់រហ័សល្មម អាចស្រូបយកកម្លាំងពលកម្មថ្មីដែលកំពុងកើនឡើងរហូតដល់៣០ម៉ឺននាក់ក្នុងមួយឆ្នាំៗបាន។ នេះបើយោងតាមរបាយការណ៍វិភាគស្តីពីស្ថានភាពយុវវ័យនៅកម្ពុជាឆ្នាំ២០០៩របស់អង្គការសហប្រជាជាតិ។
លោក ប៉ែន សុផល មន្រ្តីផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងយុវជននៃកម្មវិធីស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ ឬ United Nations Volunteers មានប្រសាសន៍ថា ដោយសារតែការពិបាកក្នុងការជ្រៀតចូលក្នុងទីផ្សារកាងារបច្ចុប្បន្ន ទើបយុវជនខ្មែរកាន់តែច្រើន បានស្វែងរកការងារជាអ្នកស្ម័គ្រចិត្ត ដើម្បីជួយពួកគេឲ្យទទួលបានបទពិសោធន៍ការងារនិងមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារដ៏តូចចង្អៀតនេះ។
«ការទទួលបានការងារសព្វថ្ងៃ ទាមទារឲ្យមានបទពិសោធន៍។ ឧទាហរណ៍ថាយើងរៀនចប់ពីមហាវិទ្យាល័យតែអត់បទពិសោធន៍ យើងពិបាកក្នុងការទទួលបានការងារ។ ត្រង់ចំណុចហ្នឹងហើយ ក៏ជាកត្តាមួយដែលធ្វើឲ្យយុវជនសព្វថ្ងៃហ្នឹងដែលប្រឈមមុខនឹងភាពអត់ការងារធ្វើខ្ពស់កំពុងសម្លឹងទៅរកការងារស្ម័គ្រចិត្ត ដើម្បីជាមូលដ្ឋានមួយ ដើម្បីឲ្យគាត់ទទួលបានការងារប្រសើរនាពេលខាងមុខ»។
លោក ប៉ែន សុផល មានប្រសាសន៍បន្ថែមទៀតថា ក្រៅពីសម្លឹងទៅរកឱកាសការងារនៅពេលអនាគតហើយនោះ យុវជនដែលធ្វើការងារស្ម័គ្រចិត្តក៏មានគោលបំណងពង្រឹងជំនាញបទពិសោធន៍និងចំណេះដឹងរបស់ខ្លួនផ្ទាល់ក្នុងខណៈពេលដែលចូលរួមចំណែកអភិវឌ្ឍសហគមន៍ជនបទក្រីក្រក្នុងពេលជាមួយគ្នានេះផងដែរ។
សូមបញ្ជាក់ថា ការធ្វើការងារស្ម័គ្រចិត្តនេះ ជាទូទៅមិនត្រូវការជំនាញនោះទេ ឬក៏មិនតម្រូវឲ្យអ្នកស្ម័គ្រចិត្តត្រូវតែធ្វើការទៅតាមជំនាញរបស់ខ្លួននោះដែរ ពោលគឺគេអាចជ្រើសរើសប្រភេទការងារដែលគេចូលចិត្តនិងចង់ធ្វើបាន ដោយអាស្រ័យទៅលើការយល់ព្រមពីស្ថាប័នដែលផ្តល់ប្រភេទការងារស្ម័គ្រចិត្តនេះ។
លោក ឈួន បូរិទ្ធ នាយកប្រតិបត្តិអង្គការយុវជនខ្មែរនិងការអភិវឌ្ឍសង្គម បានប្រសាសន៍ថា ថ្វីត្បិតតែការធ្វើការងារស្ម័គ្រចិត្ត ក្នុងចំណោមយុវជនបានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ពួកគេភាគច្រើនលើសលប់សំឡឹងរកមើលឱកាសការងារស្ម័គ្រចិត្តនេះ តែជាមួយអង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះ ដោយសារតែកង្វះឱកាសការងារស្ម័គ្រចិត្តនៅក្នុងស្ថាប័នរដ្ឋនិងឯកជន។
«ស្ថាប័នពាក់ព័ន្ធមិនថាតែ វិស័យអង្គការទេ វិស័យឯកជនក៏គួរតែទទួលអ្នកស្ម័គ្រចិត្តផងដែរ។ ហើយស្ថាប័នរាជរដ្ឋាភិបាលតាមក្រសួងហ្នឹង បើអាចក៏គួរតែផ្តល់ឱកាស កន្លែងសម្រាប់និស្សិតយើងស្ម័គ្រចិត្តផងដែរ ដើម្បីឲ្យគាត់មានការងារធ្វើ»។
លោក ជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បាននិយាយថា រដ្ឋាភិបាលក៏គួរតែជំរុញការធ្វើការងារស្ម័គ្រចិត្តរបស់យុវជននៅក្នុងកម្មវិធីសិក្សាផងដែរ ដើម្បីបំពេញបង្រ្គប់សមត្ថភាពរបស់ពួកគេទៅលើចំណេះដឹងដែលពួកគេទទួលបាននៅក្នុងសាលារៀន។
«នៅក្នុងបរិបទនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា យើងគិតថាគុណភាពនៃជំនាញឬចំណេះដឹងរបស់យើងនៅមានកម្រិត ដែលមិនអាចឆ្លើយតបទៅនឹងទីផ្សារការងារបាន។ អញ្ចឹងហើយ ការបន្ថែមទៅលើចំណេះដឹងដោយបទពិសោធន៍នោះ វាអាចជួយឲ្យគាត់មានការប្រកួតប្រជែង មានន័យថាមានលទ្ធភាពក្នុងការប្រកួតប្រជែងច្រើន ជាងអ្នកដែលអត់មានបទពិសោធន៍»។
លោក ម៉ក់ វ៉ាន់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំមិនត្រឹមតែមានគោលនយោបាយលើកទឹកចិត្ដដល់កម្មវិធីស្ម័គ្រចិត្តរបស់យុវជននេះប៉ុណ្ណោះទេ គឺថែមទាំងជំរុញឲ្យមានមជ្ឈមណ្ឌលសិក្សានៅតាមសហគមន៍ឬCommunity Learning Centers ថែមទៀតផង ដើម្បីជួយឲ្យយុវជនទទួលបានបទពិសោធន៍ការងារជាក់ស្តែងនៅក្នុងសហគមន៍ផ្ទាល់៕