វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិរបស់សហរដ្ឋអាមេរិក (IRI) បានបើកវេទិកាសួរដេញដោលមតិយុវជនពហុបក្សសម្រាប់យុវជនមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្សី នៅមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បួងដើម្បីពិភាក្សាអំពីបញ្ហាពលករចំណាកស្រុក។
វេទិកាសួរដេញដោលមតិយុវជនពហុបក្សនេះបានធ្វើឡើងជាមធ្យោបាយមួយសម្រាប់ឲ្យយុវជនត្រៀមធ្វើការសម្រេចបោះឆ្នោតពេលខាងមុខជូនគណបក្សណាមួយដែលអាចដោះស្រាយបញ្ហារបស់ខ្លួន។ កម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កត់នៅឆ្នាំ២០១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងឆ្នាំ២០១៣។
លោក អ៊ិន សំអុល តំណាងយុវជនគណបក្សសម រង្សី នៅថ្ងៃពុធនេះ បានរិះគន់រដ្ឋាភិបាលអំពីអសមត្ថភាពក្នុងការបង្កើតការងារធ្វើសម្រាប់យុវជននៅក្នុងស្រុក ខណៈដែលពលករចំណាកស្រុកខ្មែរបានកើនឡើងទៅដល់ចំនួន១៣៧.០០០នាក់នៅពាក់កណ្តាលឆ្នាំ២០១១នេះ។
លោក អ៊ិន សំអុល បានថ្លែងថាពលករចំណាកស្រុកកម្ពុជាធ្វើការនៅម៉ាឡេស៊ីដូចជាទាសករ។ លោកថ្លែងថា៖
«យើងយល់ឃើញថា លំហូរពលកររបស់យើងទៅក្រៅប្រទេសជាសញ្ញាណមួយបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាខ្វះខាតនូវការងារ។ ប្រទេសដែលទទួលយកពលករ បានមើលងាយមើលថោកដល់ប្រទេសយើង។ ហេតុនេះ យើងត្រូវទប់ស្កាត់ឲ្យបាននូវលំហូរចេញពលករខ្មែរយើងទៅក្រៅប្រទេស។ យើងត្រូវបណ្តុះការងារដល់យុវជនទាំងនោះ ជាពិសេសពលករទាំងនោះ ឲ្យគាត់មានជំនាញមួយ ដើម្បីធ្វើការងារនៅក្នុងស្រុក ជៀសវាងការហូរចេញទៅក្រៅប្រទេស»។
កម្ពុជាបញ្ជូនពលករទៅម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង និងជប៉ុន ។ នៅក្នុងឆ្នាំ២០១០ ធនាគារពិភពលោកបានប៉ាន់ស្មានថា មានពលករចំណាកស្រុកខ្មែរប្រមាណ៣៥០.០០០នាក់នៅបរទេស។ អង្គការពលកម្មពិភពលោក បានប៉ាន់ស្មានថា យុវជនកម្ពុជារវាងពី២៥០.០០០នាក់ទៅ៣០០.០០០នាក់ចូលទៅក្នុងទីផ្សារការងារ ជារៀងរាល់ឆ្នាំ។ បើមានការងារតិចតួចនៅក្នុងប្រទេស យុវជនមួយចំនួនត្រូវបង្ខំចិត្តស្វែងរកការងារធ្វើនៅក្រៅប្រទេស។
លោក ស សុពុទ្ធត្រា តំណាងយុវជនគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងវេទិការដេញដោលមតិយុវជនពហុបក្សថា លំហូរពលករខ្មែរទៅក្រៅប្រទេសនេះ គឺជារឿងល្អសម្រាប់រកប្រាក់ចំណូលលើកកម្ពស់ជីវភាពគ្រួសារនៅក្នុងឧស្សាហកម្មការងារអន្តរប្រទេស។ លោកថ្លែងដូច្នេះថា៖
«ការធ្វើលំហូរពលករចេញទៅក្រៅប្រទេសមិនមែនសុទ្ធតែអវិជ្ជមាន សុទ្ធតែអាក្រក់ទាំងអស់នោះទេ។ កត្តាវិជ្ជមានគឺផ្តល់នូវកម្រៃ។ អ្នកចេញខាងក្រៅពិតប្រាកដតាមក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណពិតប្រាកដ គឺទទួលបានប្រាក់ខែខ្ពស់ណាស់ ដើម្បីជួយជីវភាពគ្រួសារ។ ប៉ុន្តែអ្វីដែលជាអវិជ្ជមាន ដោយសារពួកគាត់ចាញ់កលរបស់ក្រុមហ៊ុន ឬមេខ្យល់មួយចំនួនដែលបានបញ្ចុះបញ្ចូលពួកគាត់ឲ្យទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់»។
សេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលនៃសម័យប្រជុំគណៈរដ្ឋមន្ត្រី បានបង្ហាញថាគិតមកដល់ឆ្នាំ២០១០ ពលករខ្មែរដែលកំពុងធ្វើការនៅបរទេស មានចំនួន១២៦.៣០៤នាក់ដោយបានទទួលចំណូលពីប្រាក់ឈ្នួលសរុបជាមធ្យមចំនួន៣៦០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ជាមធ្យមពលករម្នាក់ៗបញ្ជូនប្រាក់ចំណូលរបស់ខ្លួនតែ៥០ភាគរយនៃប្រាក់ឈ្នួលមកគ្រួសារនៅក្នុងប្រទេសវិញ។ ការគិតចំណូលនេះ នៅមិនទាន់បានគិតពលករដែលទើបបញ្ជូនថ្មីនៅឆមាសទី១ ឆ្នាំ២០១១ ចំនួន១០.៦៥៤នាក់នេះទេ។ រហូតមកដល់ពេលនេះ ពលករដែលបានត្រឡប់មកប្រទេសវិញ មានចំនួន៤០.៤៤៤នាក់ ដោយបាននាំមកនូវបទពិសោធន៍ បច្ចេកទេស ជំនាញ និងភាសា ដែលជាតម្រូវការសម្រាប់អ្នកវិនិយោគទុនបរទេសនៅកម្ពុជា៕