ជាង ៧ ឆ្នាំ​នៃ​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​អេដស៍ អ្នក​ឃុំរកា​ស្បើយ​ការ​រើសអើង​តែ​ប្រឈម​បញ្ហា​ជីវភាព

ពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​ទៅមន្ទីរពេទ្យ​បង្អែក​រកា​ ​ស្ថិត​ក្នុង​ភូមិ​រកា ឃុំរកា ស្រុក​សង្កែ ខេត្ត​បាត់​ដំបង នៅ​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ឃុំរកា ខេត្តបាត់ដំបង — អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​ប្រក់​ស័ង្កសីក្នុង​ភូមិ​អំបែង​ថ្ងែ ឃុំរកា ស្រុក​សង្កែ ខេត្ត​បាត់​ដំបង លោក ស៊ាន លាប បាន​រៀបរាប់​ពី​សោកនាដកម្ម​ក្នុង​គ្រួសារ​ដែល​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​គ្រួសារ​លោក​ពី​សុខទុក្ខ​សាមញ្ញ​ទៅ​ជា​ទុក្ខសោក​និងរោគាពាធ។

​លោក ស៊ាន លាប វ័យ​ ៥៩ ​ឆ្នាំ និង​ភរិយា​ធ្លាប់​ជា​មេគ្រួសារ​ប្រើ​កម្លាំង​ពលកម្ម​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​និង​កូនចៅ។ ប៉ុន្តែ​ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ ២០១៤ មក លោក​និង​ភរិយា​បានចាប់​ផ្តើម​ស្រក​សាច់​ដោយ​មិនមាន​មូលហេតុ ហើយ​មាន​ជំងឺប្រចាំ​កាយ​ជា​ច្រើន​មុខ បន្ទាប់​ពី​អ្នក​ទាំងពីរ រួម​ទាំង​ចៅ​ប្រុស​អាយុ ១២ ឆ្នាំ ​បានឆ្លង​ជំងឺ​អេដស៍ ដែល​បណ្តាល​មកពី​គ្រូ​ពេទ្យ​ខ្វះ​វិជ្ជាជីវៈ​ឈ្មោះ យ៉ែម ជ្រិន​ ប្រើម្ជុល​សឺរ៉ាំង​ចាក់​អ្នកជំងឺរួម​គ្នា​ដល់​ពលរដ្ឋ​ក្នុង​ភូមិ។

ក្រោយ​ឆ្លង​ជំងឺ​អេដស៍ លោក​ថា ភរិយា​របស់​លោក​បាន​ចាប់​ផ្តើម​មាន​ជំងឺ​រលាក​ថ្លើម​និង​ជំងឺ​ផ្សេងៗ​ទៀត​ជាបន្ត​បន្ទាប់​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦ ​មក ​រហូត​ត្រូវ​សម្រាកជាប់លើគ្រែ។ ចាប់​ពីពេល​នោះ​មក​គ្រួសារ​របស់​លោក​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង​ដោយសារ​បាត់​បង់​កម្លាំង​ពលកម្ម​ក្នុង​គ្រួសារ ហើយ​លោក​មិនអាច​ធ្វើ​ការងារ​បាន​ច្រើន​ដូច​មុន។

អង្គុយ​ជិត​គ្រែភរិយា​ដែលកំពុង​ឈឺធ្ងន់​ដោយជំងឺ​រលាក​ថ្លើម​ក្រោយ​ឆ្លង​ជំងឺ​អេដស៍ លោក ស៊ាន លាប និយាយ​ថា៖ «ដល់ពេល​គាត់ ជំងឺ​គាត់​ច្រើនទៅ ខ្ញុំក៏​មាន​ជំងឺ​ដែរ ជួនកាលខ្ញុំ​ទៅធ្វើ​ការ​ទៅ​បួន​ដប់​ថ្ងៃ ខ្ញុំ​ឈប់​ បួនប្រាំ​ថ្ងៃ​ទៅ ទៅពីរ​ថ្ងៃ​បី​ថ្ងៃ​ហ្នឹង​គេ​បើក​លុយ​បួន​ដប់ថ្ងៃ​ហ្នឹង​មក ទៅមើល​គាត់​ទៅ»។

​កម្មករ​សំណង់​រូប​នេះបាន​រៀបរាប់​បន្ត​ថា នៅ​ពេល​ដែលលោក និង​សមាជិក​គ្រួសារ​បាន​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​មាន​មេរោគ​អេដស៍​គ្រួសារ​របស់​លោក​រង​នូវ​ការ​រើស​អើង​យ៉ាង​ខ្លាំង។ ប៉ុន្តែ​លោក​ថា សម្រាប់​ពេល​នេះ ការ​រើស​អើង​ទាំង​នោះត្រូវ​បាន​រសាយ​ច្រើន ដោយសារ​ប្រជាពលរដ្ឋ​យល់​ដឹង​ច្បាស់​អំពីមូលហេតុ និង​ស្ថាន​ភាពនៃ​ការ​ឆ្លង។

«[ឥលូវ] អត់អីទេ។ គេ​មិនរើស​អើង។ បើ​ពី​មុន គ្រាន់តែ​ឈ្មោះ​ខ្ញុំ​ឡើង​ទៅហូប​ការហ្នឹង​គេ ចូល​ក្នុង​មួយតុ​ហ្នឹងគេ​ចេញ​អស់»។

លោក ស៊ាន លាប អ្នក​ផ្ទុកមេរោគ​អេដស៍​ដែលបានឆ្លងដោយសារ​គ្រូពេទ្យ​ខ្វះ​វិជ្ជាជីវៈ​ចាក់​ថ្នាំ​ដោយ​ប្រើ​សឺរ៉ាំង​រួម​គ្នា អង្គុយ​នៅ​ផ្ទះ​របស់​លោក​ ក្នុង​ភូមិ​អំបែង​ថ្ងែ ឃុំរកា ស្រុក​សង្កែ ខេត្ត​បាត់​ដំបង នៅ​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ​២០២២។

កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៤ ប្រជា​ពលរដ្ឋក្នុង​ភូមិ​ចំនួន​ ៣ នៅឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់​ដំបង បាន​សម្រុក​ទៅ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ ក្រោយ​មាន​ពលរដ្ឋ​រកឃើញ​ឆ្លង​ជំងឺ​អេដស៍ជាបន្ត​បន្ទាប់​។ ក្នុង​ចំណោម​អ្នកភូមិជាង ​២ ពាន់​នាក់ ដែល​បាន​ធ្វើ​តេស្តឈាម​នា​ពេល​នោះ​មាន​ជាង​ ២០០ ​នាក់​រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺអេដស៍។ ក្រោយ​មក​ ​គ្រូពេទ្យក្នុង​ភូមិ​ម្នាក់ ឈ្មោះ យ៉ែម ជ្រិន ត្រូវ​បានអាជ្ញាធរ​ចាប់ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ «​បង្ក​ឲ្យ​មាន​ការ​រីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​តាមរយៈ​ការ​ប្រើប្រាស់ម្ជុល និង​សឺរ៉ាំង​ខ្វះ​អនាម័យ»។

នៅ​ក្នុង​ឃុំ​រកា មាន​ភូមិ​ចំនួន​បី​ គឺភូមិ​រកា ភូមិ​ថ្ងែ​អំបែង និង​ភូមិ​តាហែន ​១ ដែល​មាន​ប្រជាពលរដ្ឋប្រើប្រាស់​សេវា​ចាក់​ថ្នាំ​ពី​គ្រូពេទ្យ​ ជ្រិន ហើយ​ឆ្លង​ជំងឺ​អេដស៍។

ចាប់តាំង​ពីការ​សម្រុក​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍​របស់​អ្នក​ឃុំ​រកា រហូត​មក​ដល់​បច្ចុប្បន្ន​គឺ​ ​ជាង​ ៧​ ឆ្នាំមក​ហើយ។ ក្នុង​រយៈពេល​ជាង​ ៧​ ឆ្នាំ​នេះ​ ចំនួន​អ្នក​ឆ្លង​សរុប​មាន​រហូត​ដល់ទៅ​ ៣២៥ ​នាក់ ក្នុង​នោះ​ ៥៧​ នាក់ ដែល​ភាគ​ច្រើន​ជា​មនុស្ស​ចាស់ បាន​ស្លាប់​បាត់​បង់​ជីវិត។

អ្នកស្រី​ សាន ស៊ីណាត ពលរដ្ឋ​ម្នាក់ទៀត​រស់​នៅ​ក្នុង​ភូមិ​រកា និយាយ​ថា អ្នក​ស្រី​និង​កូន​ប្រុស​អាយុ​ ៩ ​ឆ្នាំ បាន​ឆ្លង​ជំងឺ​អេដស៍​ដោយសារ​ការ​ចាក់​ថ្នាំ​ពីគ្រូពេទ្យ ​យ៉ែម ជ្រិន អំឡុង​ពេល​ដែល​អ្នកស្រីទើប​សម្រាល​កូន​កាលពី​ឆ្នាំ​ ២០១៣។​ អ្នកស្រី​ថា ស្វាមី និង​កូន​ស្រី​ម្នាក់ទៀត​អាយុ​ ១២ ​ឆ្នាំ មិនបាន​ឆ្លង​ជំងឺ​នេះ​ទេ។​

ស្រ្តី​វ័យ ​៤០ ​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ចាប់​តាំង​ពីអ្នកស្រី និង​កូន​ប្រុស​ឆ្លង​ជំងឺ​ ស្ថានភាព​គ្រួសាររបស់​អ្នក​ស្រីដែល​ជា​អ្នក​ប្រកប​របរ​ធ្វើ​ស្រែចម្ការ​មិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ដោយសារ​មិនអាចធ្វើ​ការនៅ​ឆ្ងាយ​ពី​ផ្ទះបាន។

អង្គុយ​ក្បែរកូនប្រុសអាយុ​ ៩ ​ឆ្នាំ​ដែល​មាន​ផ្ទុក​ជំងឺ​អេដស៍​ដែរ​នោះ​ អ្នក​ស្រី​និយាយ​ថា៖

អ្នកស្រី​ សាន ស៊ីណាត អ្នក​ផ្ទុកមេរោគ​អេដស៍​ដែលបានឆ្លងដោយសារ​គ្រូពេទ្យ​ខ្វះ​វិជ្ជាជីវៈ​ចាក់​ថ្នាំ​ដោយ​ប្រើ​សឺរ៉ាំង​រួម​គ្នា អង្គុយ​នៅ​ផ្ទះ​របស់​អ្នកស្រី​ ក្នុង​ភូមិ​រកា ឃុំរកា ស្រុក​សង្កែ ខេត្ត​បាត់​ដំបង នៅ​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ​២០២២។

«យើង​មិនអាច​ទៅ​រក​អីបាន ដូចថា​ទៅឯណាទៅឯណី។ យើងសង្ឃឹមធ្វើ​ស្រែ​តែមួយ​មុខវាតែមួយ​រដូវៗ។ បើ​យើង​អាច​ទៅ​រក​ការងារ​អី​បាន​ហ្នឹង​គេ​ទៅ​យើង​ចេះ​តែ​រក​បាន​ទៅឆ្ងាយ​ទៅអី​ហ្នឹងគេ។​ដល់​ពេល​អ៊ីចឹង​មិនដឹង​ថា​ទៅណា អាឡែង​តែកូន​លេប​ថ្នាំ យើង​ឲ្យ​លេប​នោះ។ បើ​អត់​ពី​យើងឲ្យ​លេបទៅវាមិនចេះ។ អត់​អ្នកមើល»។

អ្នកស្រី ស៊ីណាត បាន​និយាយបន្ថែម​ថា អ្នក​ស្រី​នៅ​តែ​មានការ​សោក​ស្តាយ​ដែល​ត្រូវ​ឆ្លង​ជំងឺ​អេដស៍​ទាំង​មិន​ដឹង​ខ្លួន ដោយសារ​ការ​ចាក់​ថ្នាំ​ពីគ្រូពេទ្យ​គ្មាន​វិជ្ជាជីវៈ។​

«ពីមុន​ចេះ​តែពិបាក​ចិត្ត​ដែរ​ហ្នឹង។ តែឥលូវ​ដូច​ថា​មិនសូវ​គិត​មិនសូវ​អី។ យើង​គិត​ច្រើន​ទៅ​សុខភាព​យើង​វា​នេះ​ដែរ។ ដល់​ហើយ តាំង​ចិត្ត​ខ្លួន​ឯង»។

បច្ចុប្បន្ន ក្មេងៗ​ដែល​ឆ្លង​ជំងឺ​អេដស៍​ក្នុង​ភូមិទាំង​បី​ក្នុង​ឃុំ​រកា​នៅ​តែ​មាន​ឱកាស​បាន​ទៅ​រៀនជាមួយ​ក្មេងៗ​ដទៃ​ទៀតដូចធម្មតា។ បើ​ទោះបីជា​មាន​ផ្ទុក​មេរោគ​អេដស៍អ្នក​ស្រី​ ស៊ីណាត នៅតែ​ប្រឹង​ប្រែង​ឲ្យ​កូន​ទៅ​រៀន ដោយ​មិន​ដឹង​ថា​អនាគត​របស់​ខ្លួន និង​កូន​ទៅជាយ៉ាង​ណា​នៅ​ឡើយ។

ក្នុង​គ្រួសារ​របស់​ពលរដ្ឋដែល​ឆ្លង​ជំងឺ​អេដស៍​ខ្លះ​មាន​សមាជិក​ឆ្លង​រហូត​ដល់​ទៅ​ ២០ នាក់ ។ គ្រួសារ​ខ្លះ​ក៏​មាន​សមាជិក​ដែល​ឆ្លង​ជំងឺនេះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ជាបណ្តើរៗ​ផង​ដែរ។​

​អ្នកនាង សួន ពិសី អ្នក​ភូមិ​រកា​ដែល​បានធ្វើ​តេស្តឈាម​ឃើញមាន​ផ្ទុក​មេរោគអេដស៍​ នៅ​ពេល​ដែល​មាន​អាយុ​ ១៧ ឆ្នាំ និយាយ​ថា ក្នុង​គ្រួសាររបស់នាងមាន​សមាជិក ​៥ នាក់ ​ដែល​បាន​ឆ្លង​ជំងឺ​អេដស៍​ដោយសារ​ការចាក់​ថ្នាំ​ពី​គ្រូពេទ្យ​ជ្រិន។ ក្នុង​នោះ​មាន​ម្តាយ ប្អូន​ស្រី​ទី​ ២ ​ប្អូន​ប្រុស​និង​ប្អូន​ស្រី​ពៅ​ដែល​មាន​អាយុ​មិនទាន់​បាន​មួយ​ឆ្នាំ​ផង​ ហើយ​បាន​ស្លាប់​កាល​ពីឆ្នាំ​ ២០១៥ ​ដោយ​សារ​ជំងឺ​អេដស៍។

ពិសី​ បាន​និយាយ​បន្ថែម​ថា ក្នុង​ពេល​បច្ចុប្បន្ន ការ​រើស​អើង​ក្នុង​ភូមិ​ឃុំ​ដែល​នាង​រស់​នៅ​ហាក់​លែង​មាន​ដូច​មុន រហូត​ដល់​នាង និង​ប្អូន​ស្រី​ដែលមាន​ផ្ទុក​មេរោគ​អេដស៍​ដែរ​នោះ​បាន​រៀប​ការ​ជាមួយ​ស្វាមី​ដែល​មិនមាន​ផ្ទុក​មេរោគ​អេដស៍។

«ឥលូវអត់​មាន​នរណា​គេ​រើសអើង​អីទេ គេ​ភ័យ​រឿង​កូវីដ​ឯណាណោះ​វិញ។ ឥលូវ​គេ​អត់​មាន​ភ័យរឿង​កើត​រោគ​កើត​អីហ្នឹង​ទេ»។​

អ្នកនាង សួន ពិសី អ្នក​ផ្ទុកមេរោគ​អេដស៍​ដែលបានឆ្លងដោយសារ​គ្រូពេទ្យ​ខ្វះ​វិជ្ជាជីវៈ​ចាក់​ថ្នាំ​ដោយ​ប្រើ​សឺរ៉ាំង​រួម​គ្នា អង្គុយ​នៅ​ផ្ទះ​របស់​អ្នកស្រី​ ក្នុង​ភូមិ​រកា ឃុំរកា ស្រុក​សង្កែ ខេត្ត​បាត់​ដំបង នៅ​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ​២០២២។

ពិសី​ ដែល​ពេល​នេះ​មាន​អាយុ​ ២៣ ​ឆ្នាំ និង​មានកូន​ស្រីអាយុ​ ៣​ ឆ្នាំម្នាក់​ផង​នោះ បាន​បញ្ជាក់​ថា ទាំង​ស្វាមី និង​កូន​ស្រី​របស់​នាង មិន​បាន​ឆ្លង​ជំងឺ​អេដស៍​ពី​នាង​នោះទេ។​ ទោះ​យ៉ាង​ណា ពិសី នៅតែ​ព្យាយាម​ការពារកូនទៅ​តាមការ​ណែនាំ​របស់គ្រូពេទ្យ។

«ពេល​មុត​ដៃមុត​អីមិនហ៊ាន​ទៅ​ប៉ះកូនទេ។ បើ​ថា​យើង​អត់​មានកើត​អី ពេល​ឃើញ​កូន​មុត​អីអាហ្នឹង​បាន​ហ៊ាន​ប៉ះ។ ពេល​កូន​ឃើញ​ខ្ញុំ​មុត​ដៃអី​មក​រក​ដែរ​ហ្នឹង តែ​ខ្ញុំ​ដេញ​ចេញ​អត់​ហ៊ាន​ឲ្យ​នៅជិត​ទេ។ ខ្លាច​ដែរ។ ខ្លាច​កូនមាន​ដំបៅ​មាន​អី ជាប់​ឈាមជាប់​អី ខ្លាច​ឆ្លង​ខ្លាច​អីដែរ»។

ទាំង​ពិសី លោក ស៊ាន លាប និង​អ្នកស្រី សាន ស៊ីណាត​ អះអាង​ថា ពួកគេ​សុទ្ធ​តែ​ទៅ​ពិនិត្យ​សុខភាព​និង​លេបថ្នាំ​ប្រឆាំង​នឹង​ជំងឺអេដស៍នៅ​មន្ទីរពេទ្យ​បង្អែក​រកា​យ៉ាង​ទៀង​ទាត់។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រកា ជាពិសេស​អ្នក​ដែល​ឆ្លង​ជំងឺ​អេដស៍ ពឹង​លើ​ការ​ពិនិត្យ​សុខភាព និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​រកា។ ក្នុង​អំឡុង​នៃ​ការ​ផ្ទុះ​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​អេសដ៍​នា​ចុង​ឆ្នាំ​ ២០១៤​ មន្ទីរ​ពេទ្យ​នេះនៅ​ជា​មណ្ឌល​សុខភាព​នៅ​ឡើយ។ ការប្រែ​ក្លាយ​មណ្ឌល​សុខភាព ទៅ​ជា​មន្ទីរ​ពេទ្យ​បង្អែក គឺ​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍ មក​បើក​ថ្នាំ និង​ពិនិត្យ​សុខភាព។

លោក ប៊ី បេងស៊ អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​រកា ប្រាប់ VOA ថា ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​អេដស៍​បណ្តាល​មក​ពី​គ្រូពេទ្យ​យ៉ែម ជ្រិន ចាក់​ថ្នាំ​ឲ្យ​សរុបចំនួន​ ៣២៥ ​នាក់ ក្នុង​នោះ​ ៥៧​ នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដែល​ភាគ​ច្រើនជា​មនុស្ស​ចាស់ និង​អ្នក​ដែល​មិន​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍។

លោក ប៊ី បេងស៊ ដែល​ជា​អតីត​ប្រធាន​មណ្ឌល​សុខភាព​រកា​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​អ្នកឆ្លង​ជំងឺ​អេដស៍​នៅ​ឃុំ​រកា​ភាគ​ច្រើនស្លាប់យ៉ាង​ដូច្នេះ​ថា៖ «គឺគាត់​អាយុ​ច្រើន​ផង គាត់​ហាក់​បី​ដូចជាធ្លាក់​ទឹក​ចិត្ត​អ៊ីចឹង អ៊ីចឹង​គាត់​អត់​ចង់​ប្រើថ្នាំ​ទេ ទោះយើងព្យាយាម​ផ្តល់​ប្រឹក្សាដល់​គាត់​យ៉ាង​ណា​ក៏​ដោយ។ គាត់​លេប​បាន​តែមួយ​ភ្លែត​អ៊ីចឹង​គាត់​បោះ​បង់។ ហើយ​ទីពីរ វា​អាច​ជា​បញ្ហាថ្នាំ។ យើង​ដឹង​ហើយ នៅ​ពេល​គាត់​មាន​វ័យ​ចំណាស់ ហើយ​គាត់​លេប​ទៅគាត់ហូបអី​មិនសូវ​បាន ទាក់ទង​នឹង​អាហារូបត្ថម្ភអី​ទាក់ទង​នឹង​សេដ្ឋកិច្ច​គាត់អីផង ទាក់ទង​នឹង​ជីវភាព​គាត់​ផង វាធ្វើ​ទុក្ខ»។

លោក ប៊ី បេងស៊ បាន​រៀបរាប់​បន្ថែមថា ការ​ប្រើ​ថ្នាំប្រឆាំង​នឹង​មេរោគ​អេដស៍ ត្រូវ​ផ្តល់​ឲ្យ​ក្នុង​ថ្ងៃដែល​ពួកគេ​បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​ ហើយ​ការ​លេប​ថ្នាំ​នេះ​ត្រូវ​តែធ្វើ​ឡើង​ជារៀង​រហូត​ពេញ​មួយ​ជីវិត។

«បើសិន​គាត់​មិនបាន​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ទេ គាត់​នឹង​អាច​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត ជាពិសេស​គាត់​ស្លាប់​ដោយសារ​ជំងឺឱកាស​និយម​ដូចជា ជំងឺ​រាគ ជំងឺ​មាន​ផ្សិត​នៅ​ក្នុង​ខួរ​ក្បាល​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល ជំងឺ​រាគ ជំងឺ​របេង អាហ្នឹង​ជាបញ្ហា​របស់​គាត់។ ហើយ​យើង​នៅ​មាន​ជំងឺ​សើស្បែក​អីៗផ្សេងៗ​ទៀត»។

លោក ប៊ី បេងស៊ អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​រកា​ផ្តល់​សម្ភាសន៍ក្នុង​មន្ទីរពេទ្យ​ស្ថិតក្នុង​ភូមិ​រកា ឃុំរកា ស្រុក​សង្កែ ខេត្ត​បាត់​ដំបង នៅ​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ​២០២២។

​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​កំពុង​ប្រឈម​បញ្ហា​ជីវភាព​ដូចជា​លោក ស៊ាន លាប និង​អ្នក​ស្រី សាន ស៊ីណាត ជាដើម​ចង់​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​ផ្តល់​ការ​គាំទ្រ​ជា​ថវិកា និង​សម្ភារៈ​ប្រើប្រាស់ ដើម្បី​សម្រួល​ជីវភាព​ដែល​ពួកគេ​កំពុង​ប្រឈម។

លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ប្រចាំ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ប្រាប់ VOA ថា ក្រសួង​បាន​ផ្តល់​ជា​ការ​គាំទ្រ​ផ្នែក​សុខភាព និង​ផ្តល់​ថវិកា​ដល់​ជនក្រី​ក្រ ជារៀង​រាល់​ខែ។ លោក​ថា ពលរដ្ឋ​ក្នុ​ងឃុំ​រកា​ដែលបានឆ្លង​ជំងឺ​អេដស៍ អាច​ស្នើ​សុំ​ធ្វើ​បណ្ណ​ក្រី​ក្រ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ជា​ថវិកា​ចាប់​ពី​២០ ​ម៉ឺន​រៀល​ឡើង ទៅ​តាម​ស្ថានភាព​គ្រួសារ​ជាក់​ស្តែង។​

«បើសិនជា​គាត់​ស្ថិត​ក្នុងគ្រួសារ​ក្រីក្រ ហើយ​គាត់​ផ្ទុក​មេរោគ​អេដស៍។ យើង​មាន​គោលការណ៍​ ៤ មាន​មនុស្ស​ចាស់ កុមារ​អាយុ​ក្រោម​៥ ​ឆ្នាំ មនុស្ស​ពិការ មនុស្ស​ផ្ទុក​មេរោគ​អេដស៍ ក្នុង​គ្រួសារ​ហ្នឹង​គឺ​យើង​ផ្គត់ផ្គង់​គាត់​។ មួយ​ខែ​បើក ដូចយើង​អ្នក​បើក​ប្រាក់ខែធ្វើ​ការងារ​រដ្ឋ​អ៊ីចឹង ដូចគ្នា​អ៊ីចឹង​។ ក៏​ប៉ុន្តែគាត់​មាន​បណ្ណ មាន​បណ្ណ​បញ្ជាក់​ថា​គាត់​មាន​បណ្ណ​ក្រីក្រ ក្នុង​គ្រួសារ​ក្រីក្រ »។

រូបឯកសារ៖ លោក យ៉ែម​ ជ្រិន គ្រូពេទ្យក្នុងភូមិដែលគ្មានវិជ្ជាជីវៈ ត្រូវបានប៉ូលិសខេត្ត នាំខ្លួនចូលតុលាការខេត្តបាត់ដំបង កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥។

កាល​ពី​ឆ្នាំ​ ២០១៥ តុលាការ​ខេត្ត​បាត់ដំបង បាន​កាត់​ទោស​គ្រូពេទ្យ​យ៉ែម​ ជ្រិន ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៥ ​ឆ្នាំ ​ពី​បទ ​«បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខា​ភិបាល​បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​និង​បទ​ទារុណកម្មដែល​មាន​ស្ថានទម្ងន់​ទោស»។

ក្រុម​ជន​រង​គ្រោះ​ដែល​ឆ្លង​ជំងឺ​អេដស៍ជា​ច្រើន​នាក់​ដូចជា​លោក ស៊ាន លាប ជាដើមបាន​ប្តឹង​ទាមទារ​សំណង​ពី​គ្រូពេទ្យ​ យ៉ែម ជ្រិន ​ប៉ុន្តែ​ចាប់​តាំង​ពីពេល​ដែលតុលាការ​កំពូល​សម្រេច​ក្តី​ដោយ​បិទ​ការ​តវ៉ា កាលពីដើម​ខែ​តុលា ឆ្នាំ​ ២០១៩ រហូត​ដល់​ពេល​នេះ មិនមាន​ការ​រាយការណ៍​អំពីការ​ទទួល​បាន​សំណងនោះ​ទេ។

និយាយ​ទាំង​ទឹក​មុខស្រងូត​ស្រងាត់​បន្តិច​ផង លោក ស៊ាន លាប លើកឡើងថា លោក​នឹង​នៅ​តែ​បន្ត​ខំ​ប្រឹង​ធ្វើការ​ដោយ​ខ្លួន​ឯង រហូត​ដល់​ពេល​ដែល​លោក​មិនអាច​ធ្វើ​ការងារ​បាន។​

«គេរស់​បាន​ខ្ញុំ​ក៏​រស់​បាន។ ប៉ុន្តែ​ខ្លាច​ថា​ខ្ញុំ​ចាស់​បន្តិច​ទៀត​ទៅ​ខ្ញុំ​ចាស់​ធ្វើ​ការ​មិនកើត។ ប៉ុន្តែបើ​ថា​ឲ្យ​ខ្ញុំទៅសុំ​ទាន​គេ​ខ្ញុំ​អត់​ទៅទេ»៕