ប្រធានាធិបតីចិនមានឆន្ទៈធ្វើការជាមួយអាមេរិកក្នុងការធ្វើឱ្យមានស្ថិរភាពដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្នុងរូបដែលចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Xinhua កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីចិនលោក Xi Jingping ថ្លែង​សារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅទីក្រុងប៉េកាំង ប្រទេសចិន។

ប្រធានាធីបតី​ចិន​លោក Xi Jinping និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​លោក​មាន​ឆន្ទៈ​ក្នុងការ​ធ្វើ​ការ​ជា​មួយ​សហរដ្ឋ​អាមេរិក​ ដើម្បី​លើក​កម្ពស់ស្ថិរភាពនៃ​ទំនាក់​ទំនង​ទ្វេភាគី​ និង​បានផ្តល់សារអបអរសាទរ​ទៅ​វិញ​ទៅ​មក​ជា​មួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ក្នុងខួប​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេសពីរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ប្រព័ន្ធ​ព័តមាន​រដ្ឋចិន​ ហើយ​ដែល​ត្រូវ​បាន​ស្រង់ផ្សាយ​បន្ត​ដោយទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធានាធិបតី​ចិនលោក Xi Jinping និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ជួប​គ្នា​ក្នុង​ទីក្រុង San Francisco ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​វិច្ឆិកាកន្លង​ទៅ​ ​ដោយ​សន្យា​ថា​នឹងលើក​កម្ពស់​ទំនាក់ទំនង​ក្នុង​កិច្ចប្រឹងប្រែង​មួយ​ ដើម្បីបញ្ឈប់​ការ​ប្រកួត​ប្រជែងដែល​នាំ​ទៅ​ដល់ការ​កើត​ជម្លោះ។

នៅ​ក្នុង​សារលិខិត​ទៅ​វិញ​ទៅមក​ដើម្បី​កត់​សម្គាល់ខួបលើក​ទី ៤៥ ឆ្នាំ​នៃការ​បង្កើតទំនាក់​ទំនង​ការទូត​រវាងប្រទេស​ទាំង​ពីរ លោក Xi ​បាន​និយាយ​ថា​ ​ភាគី​ទាំង​ពីរគួ​ធ្វើសកម្មភាព​ជាក់​ស្តែង​ ដើម្បីលើក​កម្ពស់​ស្ថិរភាព​និង​ការអភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាពនិង​រឹងមាំ​មួយនៃ​ទំនាក់​ទំនង​រវាងសហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន។

លោក Xi Jinping បាន​សង្កត់​ធ្ងន់​ថា​ ខ្ញុំ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​ប្រធានាធិបតី Biden ដើម្បីបន្ត​នាំ​ផ្លូវ​នៃ​ទំនាក់ទំនងចិន​អាមេរិក​ដោយ​ធ្វើឱ្យ​មាន​ប្រយោជន៍​រវាង​ប្រ ទេស​និង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ ក៏​ដូច​ជា​ការ​លើក​កម្ពស់​សន្តិភាព​ពិភពលោក​និង​ការ​អភិវឌ្ឍន៍​ផង​ដែរ។ នេះ​បើ​តាម​ការផ្សព្វផ្សាយរបស់​ទូរទូស្សន៍រដ្ឋចិន​ CCTV ។

លោក Xi បន្ថែម​ទៀត​ថា៖ «ការ​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ការរួម​រស់ដោយ​សន្តិភាព​ជាមួយ​គ្នានិង​កិច្ច​សហប្រតិបត្តិការឈ្នះឈ្នះ​ជា​វិធី​ដ៏​ត្រឹមត្រូវ​មួយ សម្រាប់ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​ក្នុង​ការ​ធ្វើការ​ជា​មួយ​គ្នា»។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន​មួយ​នេះ៕