ពេលនេះ ឆ្នាំមុន តំបន់កំពង់ហ្លួង ដែលជាកន្លែងរកត្រីក្នុងខេត្តពោធិ៍សាត់នេះ លិចរួចទៅហើយ ដោយសារទឹកទន្លេសាបហក់ឡើង។ ប៉ុន្តែ ក្នុងខែសីហា ឆ្នាំ២០២០នេះ ទឹកមិនទាន់ឡើងនៅឡើយទេ។ ប្រជាពលរដ្ឋនៅតែអាចធ្វើដំណើរតាមផ្លូវ និងរកស៊ីនៅទីនេះនៅឡើយ។ ផ្ទះរបស់ប្រជាពលរដ្ឋក៏មិនទាន់អណ្តែតទឹកដែរ។
ទឹកទន្លេសាបឡើងខុសប្រក្រតីនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅតាមដងទន្លេសាបត្អូញត្អែរពីរឿងផលនេសាទធ្លាក់ចុះ និងកាន់តែព្រួយបារម្ភទៅថ្ងៃខាងមុខ។
ផ្ទះរបស់លោក ធឿន រឿន អាយុ៤១ឆ្នាំ ស្ថិតនៅលើផ្ទៃទឹកទន្លេសាបក្នុងតំបន់កំពង់ហ្លួង។ ប៉ុន្តែអ្នកនេសាទរូបនេះ និយាយថា ពេលនេះផ្ទះរបស់លោកមិនទាន់អណ្តែតនោះទេ ដោយសារទឹកទន្លេសាបមិនឡើង។
Your browser doesn’t support HTML5
លោកថ្លែងប្រាប់ VOA នៅផ្ទះរបស់លោកកាលពីថ្ងៃអាទិត្យថា៖ «ខែ៨(សីហា) ហើយ ហើយ [ផ្ទះ] នៅកណ្តាលទន្លេនៅឡើយ។ បើយើងពីមុនមក ទៅដល់ព្រៃអស់ហើយ។ហើយជម្រៅនៅព្រៃ ប្រហែលប្រាំមួយ ប្រាំពីរម៉ែត្រ។ ឥឡូវនេះ នៅគោក ដីហុយនៅឡើយ។ ទឹកប្រហែលមួយម៉ែត្រ»។
លោកបន្តថា ទឹកឡើងយឺតនេះ នាំឲ្យប៉ះពាល់ត្រីពង ដូច្នេះលោកថា បរិមាណត្រីនឹងធ្លាក់ចុះនៅឆ្នាំនេះ និងឆ្នាំក្រោយបន្តទៀត។ លោកបន្ថែមថា៖ «អ្នកទន្លេសង្ឃឹមអារឿងទឹកធំ វាបានត្រីពងកូនបានច្រើន។បើទឹកតូចអ៊ីចេះហើយ មានត្រីឯណាចូលពងកូនបានច្រើន? ឆ្នាំនេះអត់ត្រីប៉ុណ្ណឹងហើយឆ្នាំក្រោយអត់ជាងហ្នឹងទៀត!»
លោក ធឿន រឿន ដែលជាអ្នករស់នៅលើផ្ទះបណ្តែតទឹករាប់ឆ្នាំមកហើយនោះមិនបានដឹងច្បាស់អំពីមូលហេតុនាំឲ្យទឹកឡើងយឺតនោះទេ តែលោកសន្និដ្ឋានថា ការស្ថាបនាទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គ អាចជាកត្តាមួយ។
លោកមានប្រសាសន៍ថា៖ «ក្រែងវាឡើងខុសរដូវ ឬមួយគេបិទធ្វើទំនប់(វារីអគ្គិសនី)អីក៏មិនដឹង»។
ភរិយារបស់លោក គឺអ្នកស្រី មិច គឹម ស្រួន អាយុ៣៥ឆ្នាំ កំពុងអង្គុយក្បែរនោះ ដោយមានកូនប្រុស២នាក់អង្គុយក្បែរ។អ្នកស្រីក៏បង្ហាញក្តីបារម្ភអំពីទឹកឡើងយឺត ដែលធ្វើឲ្យផលនេសាទធ្លាក់ចុះ។
ដោយសារការនេសាទមិនសូវបានផល អ្នកស្រីចាប់ផ្តើមលក់ចាប់ហួយនិងភេសជ្ជៈបន្តិចបន្តួចនៅលើទូកជាប់នឹងផ្ទះ ចាប់តាំងពី២ឆ្នាំមុន ដើម្បីរកកម្រៃខ្លះជំនួសការនេសាទ។
អ្នកស្រីដែលមានកូន៤នាក់ មានប្រសាសន៍ថា៖ «ទៅរកត្រីទប់ទល់ជីវភាពអត់គ្រប់ហ្នឹង បានចុះលក់ដូរ គ្រាន់បានជួយគ្នា ទប់ក្នុងការហូបចុកអីខ្លះហ្នឹង ហើយកូនទៅរៀនផង»។
អ្នកស្រីក៏លើកឡើងដូចស្វាមីរបស់អ្នកស្រីដែរថា ទំនប់វារីអគ្គិសនី ជាចំណែកមួយដែលធ្វើឲ្យទឹកទន្លេសាបប្រែប្រួល។
ដោយសារការប្រែប្រួលនៃរបបទឹកនេះអ្នកស្រីបារម្ភបាត់បង់ពូជត្រីនៅក្នុងបឹងទន្លេសាប សម្រាប់កូនចៅជំនាន់ក្រោយ។
អ្នកស្រីមានប្រសាសន៍ថា៖ «ដល់កូនជំនាន់ក្រោយស្រួល មិនស្រួល អត់ស្គាល់ត្រីផងមិនដឹង! មានតែទៅមុខទៀត ហូបត្រីចិញ្ចឹម។ ត្រីធម្មជាតិយើង វាលែងមានហើយ!»
ជាធម្មតា ទឹកនៅទន្លេមេគង្គ និងទឹកស្ទឹងនានា ហូរចូលបឹងទន្លេសាបនៅរដូវវស្សា នាំឲ្យបឹងនេះមានផ្ទៃធំ បង្កើតជាតំបន់ព្រៃលិចទឹក ដែលផ្តល់ជម្រកដល់ត្រីយ៉ាងច្រើនពង និងបន្តពូជ។
ចំណែកនៅតំបន់ឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងវិញដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីតំបន់កំពង់ហ្លួង ទឹកឡើងយឺតដូចគ្នា។
អ្នកនេសាទម្នាក់នៅតំបន់ឆ្នុកទ្រូ លោក ស៊ីម វ៉ាន់ថា អាយុ២៨ឆ្នាំ មានប្រសាសន៍ថា ពីដើមឡើយ លោកអាចរកត្រីប្រហែល៨គីឡូក្រាមក្នុងមួយថ្ងៃ តែឥឡូវនេះ លោករកបានត្រឹម២គីឡូក្រាមប៉ុណ្ណោះ។
ស្ថិតនៅលើទូក បម្រុងនឹងចេញទៅដាក់ឧបករណ៍រកត្រីសម្រាប់ប្រមូលផលនៅពេលព្រឹកលោក វ៉ាន់ ថា ដែលមានកូន២នាក់ មានប្រសាសន៍ថា លោកបារម្ភខ្លាចបរិមាណត្រីចុះថយជាបន្តទៀត ដោយសារទឹកឡើងយឺត។
លោកមានប្រសាសន៍ថា៖ «ឆ្នាំមុនៗ ឥឡូវនេះ វាលិចអស់ហើយបង។ដល់ពេលឆ្នាំនេះខុសគ្នាប្រហែលជាខ្ទង់កន្លះខែ មួយខែដែរហ្នឹង។ ពិបាកក្នុងការរកស៊ីបន្តិច។ ណាមួយប្រជាពលរដ្ឋរករបរខ្វះខាតច្រើនដែរ»។
ប៉ុន្តែភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះធ្វើឲ្យមានទឹកខ្លះនៅបឹងទន្លេសាប។
កាលពីសប្តាហ៍មុនគណៈកម្មការទន្លេមេគង្គ ដែលមានប្រទេសជាសមាជិកចំនួន៤ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម បានលើកឡើងថា ទឹកទន្លេសាបរបស់កម្ពុជា ជួបប្រទះភាពរាំងស្ងួត មិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។
គណៈកម្មការទន្លេមេគង្គ បានជំរុញឲ្យប្រទេសតាមដងទន្លេមេគង្គទាំង៦ ដែលមានទាំងប្រទេសចិន និងមីយ៉ាន់ម៉ាផងដែរ ដោះស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់ ខណៈដែលអាងទន្លេមេគង្គក្រោម ប្រឈមនឹងកំណត់ត្រាលំហូរទឹកទាបអស់រយៈពេល២ឆ្នាំជាប់គ្នា។ គណៈកម្មការបញ្ជាក់ថា មូលហេតុនៃទឹកទាបនេះ រួមមានបរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតី ដែលបង្កដោយបាតុភូតអាកាសធាតុអែលនីណូ(El Nino) ស្ថានភាពលំហូរទាបរយៈពេលយូរដែលបន្តអូសបន្លាយ ចាប់ពីឆ្នាំ២០១៩មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះមន្រ្តីក្រសួងធនធានទឹក និងគណៈកម្មាធិការទន្លេមេគង្គកម្ពុជាលើកឡើងថា ការប្រែប្រួលកម្រិតទឹកនៅទន្លេមេគង្គ និងទន្លេសាបនេះបណ្តាលមកពីបាតុភូតរាំងស្ងួតអែលនីណូ មិនមានភ្លៀងធ្លាក់។ ប៉ុន្តែឥទ្ធិពលព្យុះកាលពីពេលថ្មីៗនេះធ្វើឲ្យមានភ្លៀងចាប់ពីដើមខែសីហា ហើយទឹកទន្លេសាបចាប់ផ្តើមឡើងបន្តិចវិញ។
លោកចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា៖ «អ៊ីចឹងជាសរុបមកវិញខ្ញុំចង់បញ្ជាក់ជូនថាកត្តាដែលនាំឲ្យទឹកទន្លេមេគង្គទាប ក៏ដូចជាទឹកនៅក្នុងបឹងទន្លេសាបទាប គឺមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងបាតុភូតអែលនីណូ»។
យោងតាមការសិក្សាមួយរបស់ក្រុមហ៊ុនអាមេរិកកាំង ឈ្មោះថា Eyes on Earth ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២០ ប្រទេសចិន បានខ្ទប់ទឹកទន្លេមេគង្គក្នុងបរិមាណយ៉ាងច្រើន កាលពីឆ្នាំ២០១៩ ជាមួយទំនប់វារីអគ្គិសនីចំនួន១១កន្លែងក្នុងប្រទេសខ្លួន។ ប៉ុន្តែរដ្ឋាភិបាលចិន បានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងពីភាពរាំងស្ងួត ដោយសារអាកាសធាតុ។
ក្នុងសន្និសីទសារព័ត៌មាននោះដែរលោកតែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការទន្លេមេគង្គកម្ពុជា មានប្រសាសន៍ថាកត្តាទំនប់វារីអគ្គិសនីចូលរួមចំណែកមួយក្នុងការធ្វើឲ្យរបបទឹកប្រែប្រួល ដោយលោកពន្យល់ថាទឹកត្រូវបានស្តុកទុកសម្រាប់ផលិតថាមពលវារីអគ្គិសនីនៅពេលណាមួយ ហើយទម្លាក់មកវិញ។
លោកមានប្រសាសន៍ថា៖ «ចិនគាត់មាន១៦ភាគរយអ៊ីចឹងចង់ធ្វើព្យុះធ្វើភ្លៀង គាត់ធ្វើអត់បាន។ឡាវគាត់មាន៣៥ភាគរយ គាត់មានទឹកច្រើនបន្តិច»។
ក្រៅពីទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិន ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសរបស់ឡាវដែលនៅជិតកម្ពុជា មានដូចជាទំនប់វារីអគ្គិសនីសាយ៉ាបូរី (Xayaburi) និងទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក៏នាំឲ្យមានការព្រួយបារម្ភថា ធ្វើឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ហើយប៉ះពាល់ផលត្រី និងដីល្បាប់នៅផ្នែកខាងក្រោម។
ត្រឡប់ទៅតំបន់កំពង់ហ្លួង និងឆ្នុកទ្រូវិញ ប្រជាពលរដ្ឋអះអាងថាកម្រិតទឹកទន្លេសាបបានប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឲ្យពួកគេកាន់តែព្រួយបារម្ភអំពីការធ្លាក់ចុះផលនេសាទថែមទៀត នៅឆ្នាំខាងមុខ៕