សហភាពអន្តរសភាក្នុងពិភពលោកហៅថា Inter Parliamentarian Union (IPU) បានចេញសេចក្តីសម្រេចរួមចាត់ទុកថា រឿងក្តីរបស់មេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី អំពីការដកបង្គោលព្រំដែនថា ជាករណីនយោបាយដោយជំរុញថា គួរដោះស្រាយតាមរបៀបនយោបាយជាជាងតាមផ្លូវតុលាការ។
មេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី ត្រូវតុលាការកាត់ទោសឲ្យជាប់ ពន្ធនាគារចំនួន១២ឆ្នាំពីបទផ្សព្វផ្សាយឯកសារព្រំដែនក្លែងក្លាយ និងដកតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាមនៅខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០០៩ ក្រោយពេល មានប្រជាពលរដ្ឋមកប្តឹងពីការបំពានលើដីស្រែរបស់ខ្លួន។ លោក សម រង្ស៊ី ពេលនេះកំពុងនិរទេសខ្លួននៅក្រៅប្រទេស ហើយស្វះស្វែងរកការគាំទ្រជាអន្តរជាតិដើម្បីឲ្យមានដំណោះស្រាយនយោបាយមួយ ចំពោះករណីខ្លួនលោក និងករណីរំលោភ បំពានព្រំដែន ដែលលោកបានចោទទៅលើអាជ្ញាធរវៀតណាម តែត្រូវវៀតណាមបដិសេធ។
សេចក្តីសម្រេចរបស់សហភាពអន្តរសភាដ៏មានឥទ្ធិពល ដែលមានបណ្តាប្រទេសជាង១៥០ជាសមាជិក បានចាត់ទុកថា ករណីលោក សម រង្ស៊ីមានចរិកជានយោបាយ ហើយមិនគួរត្រូវនាំយកមកជំនុំជំរះនៅតុលាការទេ។ ករណីនេះ គួត្រូវបានដោះស្រាយតាមរបៀបនយោបាយវិញ។ សេចក្តីសម្រេចនោះក៏ឲ្យដឹងទៀតថា ការផ្តន្ទាទោសលោក សម រង្ស៊ី មិនមែនជារឿងសមរម្យទេ។
សេចក្តីសម្រេចកាលពីថ្ងៃ៦ ខែតុលា ដោយការបោះឆ្នោតជាឯកឆន្ទដោយ ក្រុមប្រឹក្សាអភិបាលនៃសហភាពអន្តរសភា (IPU) ក្នុងទីក្រុងហ្សឺ ណែវ បានបញ្ជាក់ទៀតថា៖ ដូច្នេះ សូមអំពាវនាវដល់អាជ្ញាធរនានាស្វះស្វែងរកវិធី និងមធ្យោបាយទាំងឡាយក្នុងការដោះស្រាយបញ្ហាឲ្យបាន តាមរយៈការចចារផ្នែកនយោបាយដើម្បីឲ្យលោក សម រង្ស៊ីបន្តសកម្មភាពជាអ្នកតំណាងរាស្ត្ររបស់លោកវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សហភាពអន្តរសភាបានសម្តែងក្តីព្រួយបារម្ភរបស់ខ្លួនដែរ ចំពោះការរិត ត្បិតបរិយាកាសនយោបាយចំពោះក្រុមអ្នកប្រឆាំង តាមរយៈការព្យួរអភ័យឯក សិទ្ធិសភា និងកាត់ទោសសមាជិកប្រឆាំងជាច្រើននាក់ ដែលសហភាពអន្តរសភា បានចង្អុលបង្ហាញឲ្យឃើញថា ជាការ ធ្វើឲ្យខូចខាតដល់ដំណើរការប្រជាធិប្បតេយ្យក្នុងប្រទេសកម្ពុជា។
លោក ជាម យៀបបានច្រានចោលសេចក្តីសម្រេចរបស់ IPU ដោយអះអាងថា លោក សម រង្ស៊ីជាអ្នកប្រព្រឹត្តខុសច្បាប់រឿងដកបង្គោលព្រំដែន ដែលត្រូវធ្វើតាមច្បាប់ និងទទួលទោសតាមបទល្មើស ហើយ IPU គួរដឹងអំពីរឿងនេះ។ លោកបន្តថា៖
«អញ្ចឹងទេអ្វីដែលគេបានលើកឡើងជា Resolution របស់ IPUគឺខ្ញុំទទួលយកមិនបានទេ ក្នុងនាមសភាកម្ពុជា ហើយ IPUហ្នឹងល្មមបញ្ចប់ ល្មមដឹងរឿងសម រង្ស៊ី ឬក៏ដឹងរឿងដ៏ទៃផ្សេងទៀត»។
ដោយបានអះអាងថា ករណីលោក សម រង្ស៊ី ដែលមិនអាចមានការសម្របសម្រួលតាមផ្លូវនយោបាយបាននោះ លោក ជាម យៀបបានស្តីបន្ទោសដល់ IPU បន្ថែមទៀតថា៖
«អាពួកហ្នឹងគឺអញ្ចឹង។ អារឿងតូចមួយ អាត្រង់គេឯណេះ អត់ស្តាប់គេទេ ទៅស្តាប់តែមួយភាគតូច។ ខ្ញុំនៅក្នុងរដ្ឋសភាមាន៩០កៅអី ចំណែកឯ សម រង្ស៊ី មានតែ ២៦កៅអីទេ។ អញ្ចឹងទេយកចិត្តទុកដាក់អា២៦កៅអីច្រើនជាងអា៩០កៅអី។ គេនិយាយអត់ស្តាប់គេទេ អញ្ចឹងទេសូមជម្រាបថា ច្បាប់នៅកម្ពុជាវាផ្សេង។ ច្បាប់នៅប្រទេសផ្សេង វាផ្សឹង។ អត់ដូចគ្នាទេ»។
ប្រភពព័ត៌មានពីអឺរ៉ុបឲ្យដឹងថា កម្ពុជាដែលជាសមាជិក IPU ផងនោះ មានគណៈប្រតិភូសភា មួយក្រុមដឹកនាំដោយលោក ឈាង វុន បានចូលរួមប្រជុំលើកទី១២៣របស់សហភាពអន្តរសភាដែរ ក៏ប៉ុន្តែខកខានក្នុងការតវ៉ាបញ្ចុះបញ្ចូលរឿងទប់ស្កាត់ការចេញសេចក្តីសម្រេចស្តីពីករណីលោក សម រង្ស៊ី។
សហភាពអន្តរសភាទទូចឲ្យលោកអ៊ែនឌ័រស៍ ចនសាន់ (Anders Johnson) អគ្គលេខាធិការ IPU ជម្រាបបណ្តាប្រទេសនានា និងអ្នកផ្តល់ជំនួយដល់កម្ពុជាឲ្យបានដឹងពីក្តីបារម្ភរបស់ IPU និងសុំឲ្យគណៈកម្មាធិការរបស់ខ្លួនបន្តតាមដានករណីលោក សម រង្ស៊ី និងធ្វើរបាយការណ៍ ជូនកិច្ចប្រជុំលើកទី១២៤ នៅខែមេសា ឆ្នាំ២០១១៕