ធនាគារ​ពិភពលោក​បង្កក​ប្រាក់​កម្ចី​ដោយសារ​គ្មាន​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​បឹងកក់

Helicópteros de la Fuerza Aérea de la India durante un show acrobático en la base de Yelahanka en Bangalore.

ធនាគារ​ពិភពលោក​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ដាក់​សម្ពាធ​ថ្មី​មួយ​ដល់​រដ្ឋា​ភិបាល​ឲ្យ​ធ្វើ​ការ​ដោះស្រាយ​ជា​បន្ទាន់​ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ដោយ​ដាក់​លក្ខខណ្ឌ​បង្កក​បា្រក់​កម្ចី​ដល់​កម្ពុជា​ប្រសិន​ណា​បើ​រដ្ឋាភិបាល​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​របស់​អ្នក​ភូមិនៅ​តំបន់​បឹង​កក់។

លោកស្រី​ អាណ្ណែត្តិ៍ ឌីកសុន (Annette Dixon) នាយក​ធនា​គារ​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​វីអូអេ​ខ្មែរ​នៅ​ថ្ងៃ​អង្គារ​នេះ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ថា​ ធនាគារ​ពិភព​លោក​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១០។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ធនាគារ​ពិភព​លោក​នឹង​មិន​ផ្តល់​ប្រាក់​កម្ចី​បន្ថែម​ទៀត​ដល់​កម្ពុជា​ទេ​ល្គឹក​ណា​កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​បានផ្តល់​ដល់​ប្រជា​ពលរដ្ឋ​នៅ​តបន់​បឹង​កក់។

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ដែល​នៅ​សេស​សល់​ជាង​១.០០០​គ្រួសារ ពេលនេះ​បាន​បែក​ចេញ​ជា​ពីរ​ក្រុម​ដោយ​ក្រុម​ម្ខាង​ទាម​ទារ​ដី​ទំហំ​៤ម៉ែត្រ​គុណ​នឹង​១៦ម៉ែត្រ​សម្រាប់​ការ​អភិវឌ្ឃ​នៅ​នឹង​កន្លែង​ចំណែក​ឯ​មួយ​ក្រុម​ផ្សេង​ទៀត​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កាត់​ដី​ចេញ​ពី​គម្រោង​អភិវឌ្ឃន៍​សម្រាប់​សង់​លំនៅ​ដ្ឋាន​ខ្លួន​ឯង និង​ផ្តល់​សំណង​ទៅ​តាម​តម្លៃ​ទីផ្សារ។

ការ​ទាមទារ​របស់​ពលរដ្ឋ​ទាំង​ពីរ​ក្រុម​នេះ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ ការ​មិន​មាន​ដំណោះស្រាយ​នេះ​បង្កឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​សា្វត់​ស្វែង​រក​អន្តរាគមន៍​ពី​គ្រប់​ស្ថាប័ន​នានា​ អង្កការ​ក្រៅ​រដ្ឋា​ភិបាល​ និង​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា។

លោកស្រី​ អាណ្ណែត្តិ៍ ឌីកសុន បាន​បញ្ជាក់​ថា​ ធនាគារ​ពិភពលោក កំពុង​បន្ត​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ក្នុង​ការ​ផ្តល់​ទី​ជម្រក​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់។ លោកស្រី​បាន​បញ្ជាក់​ទៀត​ថា ​ការ​ពិភាក្សា​រវាង​រដ្ឋា​ភិបាល​និង​អ្នក​ភូមិ​បឹង​កក់​កំពុង​តែ​បន្ត​ ហើយ​ធនាគារ​ពិភពលោក​នឹង​រងចាំ​មើល​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

លោកស្រីមាន​ប្រសាន៍ថា​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ដាក់​ចេញ​នូវ​កម្មវិធី​ជា​ច្រើន ហើយ​យើង​កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ធានា​ថា​តើ​គម្រោង​ទាំងអស់​នោះ​នឹង​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក ឬ​ក៏​អត់។

កាសែត​ The Cambodia Daily ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ៍នេះ​ថា ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក​នៅ​ក្នុង​ទី​ក្រុង​វ៉ាស៊ីន​តោន​បាន​គាំទ្រ​របាយការណ៍​ឯករាជ្យ​មួយ​ដែល​មាន​ការ​សន្និដ្ឋាន​ថា​គម្រោង​ចេញ​ប័ណ្ណ​កម្មសិទ្ឋិ​ដីធ្លី​របស់​ខ្លួន​មាន​ទឹកប្រាក់​ចំនួន​២៤,៣លាន​ដុល្លារ​មាន​ការ​រៀប​ចំ​មិន​បាន​ល្អ​ គ្រប់​គ្រង​មិន​បាន​ត្រឹម​ត្រូវ ហើយ​ឥឡូវ​នេះ​លែង​ដំណើរ​ការ។

អ្នក​ស្រី​ទេព វន្នី​ ដែល​ជា​តំណាង​អ្នក​ភូមិ​បឹង​កក់​បាន​គាំ​ទ្រ​ការ​ប្រកាស​របស់​ធនាគារ​ពិភព​លោក។ អ្នក​ស្រី​បាន​បញ្ជាក់​ថា អ្នក​ភូមិ​បឹង​កក់​មិន​នឹក​ស្មាន​ថា ធនាគារ​ពិភព​លោក​យក​ចិត្ត​ទុក​ដាក់​បញ្ហា​របស់​ពួកគេ​ទេ។

អ្នក​ស្រី​បាន​បន្ថែម​ថា ក្រុម​របស់អ្នក​ស្រី​បាន​ជូប​ជាមួយ​នឹង​មន្ត្រី​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​ចំនួន​បី​លើក​ ហើយក្រុម​របស់​អ្នក​ស្រី ​បាន​លើក​អំពី​កង្វល់​របស់​អ្នក​ភូមិ​បឹង​កក់​អំពី​អ្វី​ដែល​យើង​បាន​ជួប​ប្រទះ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖

«ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់ គាត់​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​ប្រទេស​របស់​យើង​ហ្នឹង​អាម៉ាស​មុខ​ឬ​មាន​ការ​ផ្តាច់​ជំនួយ​អ្វី​ទេ។ ពួក​ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ដំណោះស្រាយ​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​នៅ​តំបន់​បឹង​កក់។ ខ្ញុំ​សង្ឃឹម​ថា​អ្វី​ដែល​ពលរដ្ឋ​ស្នើ​នឹង​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ​នេះ»។

លោក ​ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណរដ្ឋ​មន្ត្រី​បាន​និយាយ​ថា ​លោក​មិន​បាន​ដឹង​ច្បាស់​ពី​គម្រោង​នេះ​នៅ​ឡើយ។​ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«មិនដឹង Position យ៉ាង​ណា។ កាល​ពី​ឆ្នាំ​ទៅ​គេ​សម្រេច​ចិត្ត​ផ្សេង​ទៅ។ ថ្ងៃ​នេះ​គេ​សម្រេច​ចិត្ត​ផ្សេង​ទៅ។ បញ្ហា​សួរ​អញ្ចេះ​បើ Freeze (បង្កក) ក៏ Freeze ទៅ​ចុះ។ ចុះ​ឧបមា​ប៉ុន្មាន Project (គម្រោង) ថែម​ទៀត Freeze ទៀត​ធ្វើ​យ៉ាង​ម៉េច​ទៅ»។

គេហទំព័រ​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា​ ធនាគារ​ពិភព​លោក​មិន​បាន​យល់​ព្រម​លើ​គម្រោង​ណា​មួយ​នៅ​កម្ពុជា​ទេ ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១​ខែ​មករា​មក។ គម្រោង​ចំនួន​បី​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១២៨​លាន​ដុល្លារ​សុទ្ធ​តែ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា៕