ក្រុមអង្គការសិទ្ធិមនុស្សនិងក្រុមសកម្មជនដីធ្លីបានសម្តែងការខកចិត្តចំពោះធនាគារពិភពលោក ដែលលើកចេញការបង្កកជំនួយដល់កម្ពុជាទាក់ទងនឹងបញ្ហារំលោភបំពានដីធ្លី។ ប្រតិកម្មរបស់ក្រុមសកម្មជនទាំងនេះកើតឡើងក្រោយពេលដែលធនាគារពិភពលោកបានផ្តល់ជំនួយ១៣០លានដុល្លារ លើគម្រោងចំនួន៤នៅកម្ពុជា ដោយមិនបានធ្វើឲ្យមានដំណោះស្រាយបញ្ហាបឹងកក់ដែលធនាគារបានសន្យាដោះស្រាយ។
ប្រតិកម្មលាយឡំនឹងពាក្យរិះគន់ប្រឆាំងនឹងធនាគារពិភពលោកបានកើតឡើងភ្លាមៗ ក្រោយពេលដែលស្ថាប័នម្ចាស់ជំនួយដ៏ធំសម្រាប់ប្រទេសកម្ពុជាមួយនេះ បានសម្រេចចិត្តលុបចោលទណ្ឌកម្មផ្តល់ជំនួយ ឬលើកលែងការបង្កកជំនួយដល់ប្រទេសកម្ពុជា ដោយសារបញ្ហាជម្លោះនៃការរំលោភបំពានដីធ្លីនិងសិទ្ធិតាំងលំនៅរបស់ពលរដ្ឋជិត៤.០០០ គ្រួសារនៅតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ។
ធនាគារនេះបានផ្តល់ជំនួយជាកម្ចីដល់ទៅ១៣០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់គម្រោង ចំនួនបួនទាក់ទងនឹងវិស័យសុខាភិបាល ផ្លូវថ្នល់ ការគ្រប់គ្រងធនធានទឹក និងសេដ្ឋកិច្ចសង្គម ដោយទុកបញ្ហាដែលធនាគារពិភពលោកសន្យាថា បើរដ្ឋាភិបាលមិនដោះស្រាយជូនពលរដ្ឋបឹងកក់ទេ ធនាគារពិភពលោកនឹងមិនទាន់ផ្តល់ជំនួយដល់ប្រទេសកម្ពុជាដែលនៅពឹងពាក់ជំនួយបរទេសរាប់រយលានដុល្លារក្នុងមួយឆ្នាំៗនេះទេ។
លោក Phil Robertson នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watchប្រចាំតំបន់អាស៊ី បានថ្លែងប្រាប់ VOA ថា ការផ្តល់ជំនួយឡើងវិញរបស់ធនាគារពិភពលោកនេះ គឺជារឿងតក់ស្លុត និងជាការសម្រេចចំពេលដែលរដ្ឋាភិបាលកម្ពុជាគឺនៅចំកណ្តាលនៃការបង្ក្រាបផ្នែកសិទ្ធិមនុស្សដ៏សែនអាក្រក់មួយ។
លោក Phil Robertson បញ្ជាក់ថា៖
«នេះជាការចង្អុលបង្ហាញថា ធនាគារពិភពលោកពុំយកចិត្តទុកដាក់ពីសិទ្ធិមនុស្ស។ ធនាគារពិភពលោកនឹងបន្តដំណើរការប្រាក់កម្ចី ហើយបន្តគម្រោងកម្មវិធីនានាជាជាងព្រួយបារម្ភពីការខូចខាតដល់ស្ថានការណ៍សិទ្ធិមនុស្ស និងការខ្វះបែបបទនៃការដោះស្រាយវិបត្តិដីធ្លីនិងសិទ្ធិមនុស្ស ជាដំណើរការបានចាប់ផ្តើមទាំងស្រុងតាំងពីដំបូងទីរវាងធនាគារពិភពលោកនិងកម្ពុជានោះ»។
លោកបានបន្ថែមប្រាប់ VOA ថា ភាពសមរម្យអាចនឹងត្រូវគេយកមកធ្វើជាអំណះអំណាង៖
«ខ្ញុំប្រាកដថា គេនឹងរកអំណះអំណាងជាមួយនឹងហេតុផលជាច្រើន និងលក្ខណៈសម្បត្តិនានាជាច្រើនដើម្បីបង្គ្រប់លក្ខណៈសម្បតិ្តរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីទាញយកភាពសមរម្យ ក្នុងការបន្តផ្តល់កម្ចី។ តែសារនយោបាយគឺវាអាក្រក់ខ្លាំងណាស់»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ធនាគារពិភពលោកទាក់ទងនឹងបញ្ហាកម្ពុជា គណៈអភិបាលនៃនាយកប្រតិបត្តិនៃស្ថាប័ននេះបានពិភាក្សាគ្នាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបានសម្រេចផ្តល់ជំនួយជាកម្ចីដល់ទៅ៤គម្រោង ដែលមានទឹកប្រាក់១៣០លានដុល្លារ។ ក្នុងនោះមានគម្រោងសមធម៌និងការលើកកម្ពស់គុណភាពសុខភាព គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ គម្រោងគ្រប់គ្រងផ្លូវថ្នល់ទី២ ហើយនឹងគម្រោងការបែងចែកដីសម្រាប់សង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ច។
អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់និងជាម្ចាស់ពានរង្វាន់ស្រ្តីជាអ្នកដឹកនាំពីអង្គការ Vital Voices ដែលលោកស្រីអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Hillary Clinton និងជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកពាក់ព័ន្ធផងនោះ បានចាត់ទុកការសម្រេចចិត្តរបស់ធនាគារពិភពលោកគឺជារឿង«ខកចិត្តនិងឈឺចាប់» ដែលអ្នកស្រី ទេព វន្នី បានអះអាង ថា ធនាគារពិភពលោកបានក្បត់ពាក្យសន្យា។
អ្នកស្រី ទេព វន្នី បានថ្លែងប្រាប់ VOA ថា៖
«តែឥឡូវគាត់បានផ្លាស់ប្ដូរនូវឆន្ទៈរបស់គាត់ហើយ។ គោលជំហររបស់គាត់លែងមានទៀតហើយ។ ហើយពេលដែលគាត់ឲ្យលុយទៅរដ្ឋាភិបាលហ្នឹង គឺជាពេលដែលពួកខ្ញុំ មិនទាន់មានដំណោះស្រាយ ហើយពេលពួកខ្ញុំកំពុងរងទុក្ខវេទនាយ៉ាងខ្លាំងអស់រយៈ ពេលជិត១០ឆ្នាំមកនេះ ហើយ ដោយមិនបាននិយាយពីការដោះស្រាយជូនពួកខ្ញុំទាំងអស់»។
អ្នកស្រី ទេព វន្នី បានបន្តថា អ្នកស្រីនឹងមិនបញ្ឈប់ការបន្តទាមទារឲ្យធនាគារពិភពលោកធានាខុសត្រូវ ហើយនឹងឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាជូនពលរដ្ឋរឿងដីធ្លីនេះទេ។
«ហើយធនាគារពិភពលោកហ្នឹង ពួកខ្ញុំនឹងទាមទារដាច់ខាតឲ្យគាត់ធានាខុសត្រូវលើ អាយុជីវិតនិងអនាគតរបស់ពួកខ្ញុំ ព្រោះអីដោយសារគម្រោងនិងការផ្តល់ថវិការបស់ធនាគារពិភពលោកទៅជួយរដ្ឋាភិបាលមកឲ្យរដ្ឋាភិបាលមកឲ្យធ្វើគម្រោងអនុម័តផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅកម្ពុជា ក្នុងនោះមានតំបន់បឹងកក់ខ្ញុំមួយដែរហ្នឹង គឺថា ដោយសារតែលុយរបស់គាត់ គាត់មិនបានតាមដានលុយរបស់គាត់ហ្នឹងហើយ បានធ្វើឲ្យលុយរបស់គាត់ក្លាយជាអាវុធ ដែលធ្វើបាបពួកខ្ញុំ រស់នៅឲ្យវេទនាជាទីបំផុត។ អញ្ចឹងគាត់ត្រូវតែទទួលខុសត្រូវទាំងស្រុង ហើយចំពោះពួកខ្ញុំយើងនៅតែបន្តយុទ្ធនាការតស៊ូមតិ ទាមទារឲ្យធនាគារពិភពលោក ត្រូវតែដាក់សម្ពាធយ៉ាងម៉េចឲ្យរដ្ឋាភិបាលដោះស្រាយឲ្យពួកខ្ញុំ»។
តំបន់បឹងកក់ដែលមានផ្ទៃដី១៣៣ហិកតាត្រូវរដ្ឋាភិបាលបានជួលក្នុងរយៈពេល៩៩ឆ្នាំ កាលពីដើមឆ្នាំ២០០៧ ដល់ក្រុមហ៊ុនស៊ូកាគូអ៊ីន ដែលគ្រប់គ្រងដោយលោកឧកញ៉ា ឡៅ ម៉េង ឃីន ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ហើយដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។ ក្រោយការជួលនោះ ពលរដ្ឋបឹងកក់ជិត៤.០០០គ្រួសារត្រូវបានបណ្តេញចេញដោយបង្ខំ ដូចជាកន្លែងផ្សេងទៀតដែរ។ ការតវ៉ាប្រឆាំងរឿងការបណ្តេញចេញត្រូវបង្រ្កាបដោយអំពើហិង្សានិងចាប់ដាក់គុកពីក្រុមអាជ្ញាធរ ត្រូវតុលាការកាត់ទោសឲ្យជាប់គុកជាដើម។
បញ្ហានោះបានធ្វើឲ្យធនាគារពិភពលោកដែលបានផ្តល់ថវិកាលើគម្រោងបែងចែកប្លង់កម្មសិទ្ធិដល់រដ្ឋាភិបាលរកឃើញថា ខ្លួនបានធ្វើខុសនឹងគោលការណ៍ធនាគារ ហើយក៏បានសម្រេចចិត្តបង្កកជំនួយនានាកាលពីឆ្នាំ២០១១។តែការផ្តល់ជំនួយជាកម្ចីឡើងវិញមុនពេលដែលបញ្ហាបឹងកក់ត្រូវបានដោះស្រាយនោះ គ្មានការពន្យល់ពីធនាគារពិភពលោកក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅឡើយទេ ពេល VOA បានទាក់ទងដើម្បីអត្ថាធិប្បាយនោះ។
ប៉ុន្តែបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានបញ្ជាក់ថា ផែនការទំនាក់ទំនងសម្រាប់ប្រទេសកម្ពុជានេះបានដាក់ចេញនូវយុទ្ធសាស្ត្រនៃក្រុមធនាគារពិភពលោកដើម្បីគាំទ្រគោលដៅរបស់កម្ពុជាក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រយ៉ាងហោចណាស់ឲ្យបាន១ភាគរយក្នុងមួយឆ្នាំដែលបានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤—២០១៨។ យុទ្ធសាស្រ្តនេះមានគោលបំណងជួយកម្ពុជាក្នុងការធ្វើឲ្យប្រសើរឡើងលើបរិយាកាសធុរកិច្ច និងបង្កើតឲ្យមានផលិតផលដែលអាចប្រកួតប្រជែងបាននៅក្នុងទីផ្សារពិភពលោក។ វាក៏មានគោលបំណងជួយលើកកម្ពស់ការផ្តល់សេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធនិងបង្កើតឱកាសសម្រាប់អ្នកក្រីក្របំផុត និងកាត់បន្ថយភាពងាយរងគ្រោះ តាមរយៈគោលនយោបាយ ការវិនិយោគ និងកម្មវិធីមួយចំនួនក្នុងការកសាងទ្រព្យធន និងការបង្កើតការងារឲ្យបានច្រើន។
លោក អ៊ូលរិច ហ្សាចៅ (Ulrich Zachau) នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ថ្លែងថា៖
«ការចូលរួមថ្មីរបស់យើងជាមួយកម្ពុជាគឺចាប់ផ្តើមជាមួយនឹងគម្រោងមួយចំនួនដែលមានគោលបំណងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់កម្ពុជា»។
លោកបានបន្តថា៖
«យើងនឹងជួយជាហិរញ្ញវត្ថុសម្រាប់គម្រោងនានា ដូចជា ជួយការថែទាំសុខភាពឲ្យបានប្រសើរជាងមុន ថែទាំផ្លូវថ្នល់ និងគាំទ្រប្រជាជនក្រីក្រដែលពួកគាត់រស់ពឹងអាស្រ័យលើកសិកម្មនិងនេសាទ។ យើងនឹងបន្តភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងការផ្តល់បទពិសោធន៍អន្តរជាតិ និងជួយកសាងសមត្ថភាពក្នុងប្រទេស ពង្រីងស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ច»។
សេចក្តីប្រកាសព័ត៌មានដដែលរបស់ធនាគារពិភពលោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ថ្មីចំនួន៤ដែលបានអនុម័តនេះមានទឹកប្រាក់ចំនួន១៣០លានដុល្លារជាឥណទានគ្មានការប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ។ ការសងត្រឡប់វិញគឺនៅចន្លោះពី២៥ទៅ៤០ឆ្នាំ ហើយរយៈពេលនៃការចាប់ផ្តើមសងគឺនៅចន្លោះពី៥ ទៅ១០ឆ្នាំបន្ទាប់ពីខ្ចី។
ទោះជាយ៉ាងណាក៏ដោយលោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា ដែលតស៊ូមតិក្នុងប្រទេសនិងក្រៅប្រទេសដើម្បីការគោរពសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន និងភាពរស់រានមានជីវិតរបស់ពលរដ្ឋ បានថ្លែងថា គម្រោងទាំងបួនរបស់ធនាគារពិភពលោកនឹងមានផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជាមែន តែលោកថា ការសម្រេចចិត្តរបស់ធនាគារពិភពលោកមុនការសន្យារបស់ខ្លួននេះគឺជាការភ្ញាក់ផ្អើល។
លោក អៀង វុទ្ធី បញ្ជាក់ប្រាប់ VOA ថា៖
«ហើយដូចខ្ញុំលើកពីខាងដើមគឺថា ធនាគារពិភពលោកត្រូវតែមានវិធានការធ្វើយ៉ាងណាដើម្បី ដោះស្រាយបញ្ហាជូនពួកគាត់។ អញ្ចឹងយើងសង្គមស៊ីវិល យើងរង់ចាំមើលថា តើធនាគារពិភពលោកនឹងមានវិធានការឬក៏កម្មវិធីបែបណាដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលទទួលរងប៉ះពាល់ដោយសារគម្រោងខ្លួនពីមុនមកហ្នឹង ហើយវាស្របទៅនឹងការប្តេជ្ញាជាសាធារណៈរបស់ប្រធានធនាគារពិភពលោកមុន»។
លោកបានបន្ថែមទៀតថា ប្រជាពលរដ្ឋទំនងជានឹងមិនបញ្ឈប់ការតវ៉ាទេ ហើយលោកចង់ឃើញការដោះស្រាយរវាងធនាគារពិភពលោកនិងរដ្ឋាភិបាលកម្ពុជាមាន តម្លាភាពនិងមានយុត្តិធម៌ជូនពលរដ្ឋ ដើម្បីកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះធនាគារពិភពលោកដែលជាស្ថាប័នផ្តល់ជំនួយអន្តរជាតិដ៏ធំសម្រាប់កម្ពុជានិងប្រទេសនានា ក្នុងពិភពលោកនេះ៕