សកម្មជន​សហជីព​បារម្ភ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​លើ​ពលករ​និង​កម្មករ​រោងចក្រ​ដោយ​កូវីដ​១៩

រូបឯកសារ៖ ពលករចំណាកស្រុកកម្ពុជា ដែលធ្វើការនៅប្រទេសថៃ កំពុងធ្វើដំណើរតាមរថយន្តឆ្លងចូលទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

វ៉ាស៊ីនតោន — ពលករចំណាកស្រុកជាច្រើន​ម៉ឺននាក់​ដែល​បាន​វិលត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​និង​អ្នកដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ នឹង​ប្រឈមការលំបាក​ផ្នែក​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ ប្រសិនបើ​ស្ថានភាព​មិន​បាន​ល្អប្រសើរ​ក្នុងរយៈ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះទេ។​ នេះ​បើតាមការ​លើកឡើង​របស់​អ្នកជំនាញ​ពលករ​ចំណាក​ស្រុក។​

មានពលករ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជាង​ ៥០.០០០​នាក់​ បាន​វិល​ត្រឡប់​មក​ប្រទេស​វិញក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ ​ស្រប​ពេល​ដែល​ប្រទេស​ថៃ​រងផល​ប៉ះពាល់​ដោយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ផ្នែក​តូច​ពី​សហរដ្ឋ​អាមេរិក​ និង​ការរាតត្បាត​ពី​ជំងឺ​កូវីដ​១៩​ ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណាថ្មី។​ ដំណើរមាតុភូមិ​និវត្តន៍​យ៉ាង​តក់ក្រហល់​នេះ​ បណ្តាល​ឱ្យពួកគេ​ប្រឈម​នឹង​ការបាត់បង់​ការងារ​ និង​ហានិភ័យ​សុខភាព​ផងដែរ។

លោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (ហៅកាត់ថា​សង់ត្រាល់) បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ​ថៅកែរោងចក្រ​មួយ​ចំនួន​បាន​ព្រមាន​ពលករ​ដែលចង់ធ្វើ​ដំណើរ​មក​ប្រទេស​កំណើត​វិញថា រោងចក្រ​នឹង​មិនធានា​ផ្តល់​ការងារដល់​ពួកគេធ្វើ​ទេ នៅ​ពេល​វិល​ត្រឡប់​ទៅវិញ ហើយបើ​ទោះបី​ទទួល​យក​ធ្វើការ​វិញ ក៏​ពួកគេ​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពីគេ​ចំនួន​១៤ថ្ងៃ​ដែរ ដោយសារតែ​ព្រួយ​បារម្ភ​ពីការឆ្លង​ជំងឺកូវីដ១៩ ក្នុង​ពេល​ធ្វើ​ដំណើរ​និង​ស្នាក់​នៅ​ប្រទេស​កំណើត។ ពួកគេ​ក៏ប្រឈម​នឹងការ​បាត់បង់​អត្ថប្រយោជន៍​ផ្សេងៗ ​រួមទាំង​អតីតភាព​ការងារ​ផងដែរ។​

សម្រាប់​ពលករ​ស្រប​ច្បាប់ដែល​សម្រេច​ចិត្ត​បន្ត​ស្នាក់នៅ​ថៃ ​គឺ​អ្នក​ខ្លះ​អាច​ទទួល​បាន​ផលប្រយោជន៍​ខ្លះ​ពី​ថៅកែ​ ដោយ​នៅ​បន្ត​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ពាក់​កណ្តាល​ បើ​សិន​ជា​រោងចក្រ​ផ្អាក​ដំណើរការ។ ប៉ុន្តែផលប៉ះពាល់​នឹង​មាន​ខ្លាំងលើ​ពលករ​ ដែល​មិន​មានច្បាប់​ត្រឹមត្រូវ ​ដែលធ្វើ​ឱ្យ​ពួកគេ​កាន់តែ​ងាយ​រង​គ្រោះផ្នែក​សេដ្ឋកិច្ចខ្លាំងជាងគេ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ មឿន តុលា។​

លោក​ មឿន តុលា បាន​បន្ថែម​ថា៖

«ក៏ប៉ុន្តែ​ដោយឡែក​ពលករ​ដែល​អត់​មាន​ឯកសារ ​គឺ​ពលករ​ដែល​ខុសច្បាប់​ហ្នឹង​គាត់​អត់​មាន​បណ្ណធានា​រ៉ាប់រង​សង្គម​គឺ​គាត់​អត់​ទទួល​បាន​អត្ថប្រយោជន៍​ហ្នឹង​ទេ។ អីចឹង​អ្វី​ដែល​រដ្ឋ​ត្រូវ​ពិចារណា​ហ្នឹង​គឺ​ជីវភាព​របស់​ពួកគាត់​ហ្នឹង​ ព្រោះ​ពួកគាត់​ពេល​ហ្នឹង​អត់​មាន​ចំណូល​ហើយ​ត្រូវ​ចំណាយ​ច្រើន​រួមទាំង​ចំណាយ​លើ​ផ្ទះជួល​និង​លើ​ម្ហូបអាហារ​ជាដើម»។​

ក្រុម​សកម្មជន​សិទ្ធិពលករ​បាន​វាយ​តម្លៃ​ថា​ មាន​ពលករ​ខ្មែរ​ចំនួន ​២លាន​នាក់ ​ដែល​ធ្វើ​ការនៅ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់ ហើយ​ពួកគេ​នឹង​ងាយ​រងគ្រោះខ្លាំង​ ក្នុង​គ្រា​មាន​វិបត្តិ​សុខភាព​សាកល​ដែល​កំពុង​តែ​រាតត្បាត​នៅ​ប្រទេស​ថៃ។

លោក មឿន តុលា​ បាន​សង្កត់ធ្ងន់​លើ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ពលករ​ទាំងនោះ​ ដែល​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ជួយ​គិតគូរ​ដោះស្រាយ។

«ខ្ញុំ​ជឿ​ថា​អាច​នឹង​មាន​ផលប៉ះពាល់​លើ​ចំណូល ជាពិសេស​នោះ គឺ​យើង​ដឹង​ហើយ​ថា ​ពលករ​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​នោះ​សុទ្ធ​តែ​ស្ពាយ​បំណុល​ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ។ល។​និង។ល។»

ប្រទេសថៃ​បាន​បិទ​ច្រក​ប៉ោយប៉ែត​តាំងពី​ថ្ងៃទី​២៣ ខែមីនា ​រហូត​ដល់​ថ្ងៃទី៥ ខែមេសា ដើម្បី​ទប់ស្កាត់​ការ​ឆ្លងវីរុស​កូរ៉ូណា។ ប៉ុន្តែ​លទ្ធភាព​នៃ​ការ​បើក​ឡើងវិញពិតប្រាកដ​នៅ​មិន​ទាន់​ជាក់លាក់​នៅឡើយ​ទេ​ ដោយសារ​តែ​ប្រទេស​ថៃ​បាន​ឆ្លង​វីរុស​ដ៏ប្រល័យ​នេះ​កាន់តែ​ច្រើន។ រហូត​មកដល់​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​រហូតដល់​ជិត​១.៩០០​ករណី។

គណបក្ស​ប្រឆាំងក៏​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​យឺតយ៉ាវ​ ក្នុងការ​ចាត់​វិធានការ​ជាមុន​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​ ដើម្បី​បញ្ចៀស​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​យ៉ាង​តក់ក្រហល់ និង​ការ​បរាជ័យ​ក្នុងការ​ចាត់​វិធានការ​សុខាភិបាល ​ដើម្បី​ពិនិត្យ​សុខភាព​ពលករ​ទាំងនោះ​ នៅ​ពេល​ដែល​ពួកគេ​ឆ្លងចូល​ក្នុង​ប្រទេស​វិញ​ដើម្បី​បង្ការ​ការ​ឆ្លង​ទៅក្នុង​ស្រុក ​ឬរង​ការរើស​អើង​ខ្លាច​រអារ​ពី​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស។

អ្នកស្រី មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «បើសិន​ជា​យក​សិទ្ធិ​ពលករ​ចំណាកស្រុក​ជាធំ​រឿង​នេះ​ ក្រសួង​ការងារ​និង​ក្រសួង​ការបរទេសត្រូវ​គិត​ទុកមុន​ថា​ ច្បាស់​ហើយ​ថា​ បើប្រទេស​ថៃ​មិន​បញ្ជូន​មក ​ក៏​យើង​ត្រូវ​និយាយ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ​ ឱ្យ​គេ​រក្សា​ការពារ​ ជាពិសេស​សុខភាព​ពលករ​ចំណាកស្រុក​របស់យើង​នៅ​ប្រទេស​ថៃ​ ឱ្យ​ទទួល​យក​ពលករ​យើង ​ដូច​ជា​ប្រទេស​ថៃ​ដែរ។ នេះ​បើ​បាន​ជជែក​គ្នា​រាប់ខែ​មុន»។​

ពលករ​កម្ពុជា​ដែលបាន​វិល​ត្រឡប់​មក​ប្រទេស​វិញ​មិន​ត្រូវបាន​ពិនិត្យ​សុខភាព​រក​វីរុស​កូរ៉ូណា​ទេ ហើយ​រដ្ឋាភិបាល​កម្ពុជាក៏​មិន​បាន​ដាក់​ឱ្យ​ពលករ​ទាំងនោះ​នៅ​ដាច់ពី​គេ​ដែរ ​ដោយ​គ្រាន់តែ​លើក​ទឹកចិត្ត​ពួកគេ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​មួយ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ។

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីដើម​សប្តាហ៍​នេះការពារ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក​ថា៖ «យើង​មិនអាច​ប្រមូល​ផ្តុំ​បងប្អូន​ទាំង ៥ម៉ឺននាក់​នេះ​ទៅ​ទុក​នៅ​កន្លែង​ដាក់​ដោយ​ឡែក​អស់​បានទេ ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យ​គ្រប់គ្រង​គោលដៅ​ទាំងអស់ ភូមិ​ទាំងអស់​ដែល​មាន​បងប្អូន​មកពី​ប្រទេសថៃ​ឬ​មកពី​ប្រទេស​ក្រៅ»។

ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លងវីរុស​កូរ៉ូណា​ជាង​ ១០០នាក់ ដែល​កើតឡើង​ភាគច្រើន​លើ​ជនបរទេស។ ប៉ុន្តែ​គ្រប់​ករណី​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើដំណើរ​មក​ពីក្រៅ​ប្រទេស​ ដោយ​មិន​ទាន់​មាន​ការ​ឆ្លង​នៅ​កម្រិត​សហគមន៍​នៅ​ឡើយ​ទេ។ នេះ​បើតាម​ការអះអាង​របស់​ក្រសួង​សុខាភិបាល​។

មាន​មេដឹកនាំ​ពិភពលោកជាច្រើននាក់បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺកូវីដ១៩។ ដោយឡែក ​កម្ពុជា​មិន​ទាន់​ប្រកាស​ស្ថានភាព​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែវិបត្តិ​សុខភាព​ពិភពលោក​នេះ​បាន​ផ្តល់​អំណាច​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។ គណៈរដ្ឋមន្ត្រី​បាន​អនុម័តសេចក្តី​ព្រាងច្បាប់ស្តីពី «ការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន»​ កាលពី​ថ្ងៃ​អង្គារ។​ មន្ត្រី​នានា​អះអាង​ថា ​វាជា​ស្ថានការណ៍​មួយ​ដែល​ជៀស​មិនរួច​ បើ​សិន​ជា​ត្រូវ​ទប់​ស្កាត់​ការឆ្លងរាលដាល។​

គណបក្ស​សង្គ្រោះជាតិ​បាន​រិះគន់​ចំណាត់ការ​យឺតយ៉ាវ​ និង​បាន​អំពាវនាវ​ឱ្យ​ប្រកាស​អាសន្ន​លើ​បញ្ហា​សុខភាព​ ដោយ​ហាម​ការ​ជួបជុំ​មនុស្ស​ជាច្រើន​រយនាក់​បិទ​រោងចក្រ​កាត់ដេរ និង​ផ្សារ​ជាដើម ក៏ប៉ុន្តែ​ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​ជ្រុល​រហូតដល់​មាន​ការ​បិទ​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ។

កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ចាប់ផ្តើមចេញពីរោងចក្រដើម្បីទទួលទានបាយថ្ងៃត្រង់ ដោយមានពាក់ម៉ាសគ្រប់គ្នា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)

នៅមុន​សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័តគឺ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ព្រមាន​ចាប់​ខ្លួន​អ្នកការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ដ៏ល្បីល្បាញ​ម្នាក់​ គឺ​លោក ​អុំ សំអាត អនុប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ដោយ​សារតែ​បាន​ចោទ​ប្រកាន់​ថា ​លោក​បាន​ការពារ​អ្នក​លក់ដូរ​តាមអនឡាញ​ដែល​លក់​ផលិតផល​មិន​ត្រឹមត្រូវ ហើយ​បំប្លែង​ថា​ជា​ការ​បញ្ចេញ​មតិតាម​បណ្តាញ​សង្គម។​

បើ​ទោះបី​ជា​បាន​ដាក់​ចេញ​វិធានការ​តឹងរ៉ឹង​មួយ​ចំនួន ក្នុងនោះ​មាន​ការ​រៀបចំ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅតែ​បដិសេធ​មិន​បិទ​រោងចក្រ​នៅឡើយ​ទេ។ ការណ៍​នេះដោយ​សារតែ​លោក​មើល​ឃើញ​ថា ​ស្ថានភាព​វិបត្តិ​សុខភាព​ពិភពលោក​នឹងជៀស​មិន​រួច​ពី​មាន​ផលប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​ទេ។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ​មាន​រោងចក្រ​ចំនួន​៥០​នៅ​កម្ពុជា​បាន​បិទ​ដោយសារ​តែ​ខ្វះ​វត្ថុធាតុ​ដើម​ និង​៧​ទៀត​បាន​បិទ​ដោយសារ​តែ​ខ្វះ​អ្នកបញ្ជា​ទិញ។

លោក ហ៊ុន សែន បាន​បន្ថែម​ថា៖​ «អីចឹង​មាន​ហានិភ័យ​នៃ​បញ្ហា​ឧស្សាហកម្ម​វាយនភណ្ឌ។មិន​ថា​កម្ពុជា​មិនថាវៀត​ណាម មិន​ថា​ថៃ​បង់ក្លាដែស ឥណ្ឌា ភូមា ឡាវ​ទេ វាស៊ីសងលើ​ប្រាក់​ចំណូល​នៅ​អាមេរិកប្រាក់​ចំណូល​នៅ អឺរ៉ុប​ វា​ធ្លាក់​ចុះ។ វា​មិនខុស​ពីវិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨​ទេ។ ពេលនោះ​យើង​ក៏​បិទ​រោងចក្រ​រាប់​សិប​រោងចក្រ​ដែរ»។

វិស័យឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ជាង​ ៧៥០.០០០នាក់​។ ភាគច្រើន​គឺជា​ស្ត្រី​វ័យក្មេង​ដែល​មក​ពី​ជនបទ។ សមាគម​កាត់ដេរ​កម្ពុជា​បាន​អំពាវនាវ កាលពីថ្ងៃ​ព្រហស្បតិ៍ដល់​ក្រុមហ៊ុន​បញ្ជាទិញ ​ឱ្យ​គោរព​តាម​កិច្ចសន្យា​ទទួល​យកទំ​និញ ដែល​ផលិត​ហើយ​និង​ទូទាត់​ថវិកា​ ដើម្បី​ជួយ​ដល់​កម្មករ​ទាំង​នោះ។​

ក្រុមហ៊ុន​ធំៗ​ដែល​លក់​សម្លៀកបំពាក់​ នៅ​សហរដ្ឋ​អាមេរិក​ បាន​ផ្អាក​ការងារបុគ្គលិក​ជាង​ ៦០០.០០០​នាក់​ដោយ​សារតែ​វីរុស​កូរ៉ូណា។ អ្នក​សេដ្ឋកិច្ច​ព្យាករណ៍​ថា​ ពលរដ្ឋ​ចំនួន​រហូត​ដល់​ ៤០​លាន​នាក់ ​អាច​នឹង​បាត់​បង់​ការងារ។​

ប្រទេស​ថៃ​និង​កម្ពុជា​នឹង​ធ្វើបុណ្យ​ចូលឆ្នាំ​ថ្មី​ នៅ​ពាក់​កណ្តាល​ខែ​មេសា ​ដែល​ជា​ការ​ព្រួយ​បារម្ភ​ថា​នឹង​ធ្វើ​ឱ្យ​កម្រិត​នៃ​ការឆ្លង​រាលដាល​នៃជំងឺ​កូវីដ​១៩​ កាន់តែខ្លាំង ​ដោយ​សារតែ​ពលរដ្ឋ​ដែល​ទៅធ្វើការ​នៅ​តាម​ទីក្រុង​នានា​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដែល​នឹង​ជំរុញ​ឱ្យ​មាន​ការឆ្លង​កម្រិត​សហគមន៍​កាន់តែ​ច្រើន​ ដោយ​សារ​បទពិសោធន៍​នេះ​បាន​កើត​មានឡើង​នៅក្នុង​ប្រទេសចិន។

សកម្មជន​សហជីព​បន្ត​អំពាវនាវ​ឱ្យ​យក​ចិត្ត​ទុកដាក់​លើ​សុខភាព​របស់​កម្មករ​កម្មការិនី​រោងចក្រ​និង​គិតគូរ​ដល់​ស្ថានភាព​សេដ្ឋកិច្ច​ ដែល​នឹង​ប៉ះពាល់​លើ​ពួកគេ​ នៅ​ពេល​ដែល​មាន​ការបិទ​រោងចក្រ។

លោក អាត់ ធន ​ប្រធាន​សហព័ន្ធ​ការងារកម្ពុជាបាន​បន្ថែម​ថា៖ «ខ្ញុំគិត​ថា​ប្រសិន​បើ​គាត់​បាត់បង់​ប្រាក់​ចំណូល​គាត់អាច​នឹង​មានបញ្ហា​ប្រឈម​នឹង​បញ្ហា​ប្រចាំ​ថ្ងៃ​និង​ការបង់​ទៅលើ​ការស្នាក់​នៅ ឬ​ក៏​ការ​រៀនសូត្រ​របស់​កូនចៅ​ឬ​ក៏​អាច​ឈាន​ទៅ​ដល់​ការបង់​ទៅ​ធនាគារ​ដែល​គេ​មាន​ការ​ខ្ចីប្រាក់​ពី​ធនាគារ​ច្រើន»។​

លោក​ សុខ ឈុនអឿង អនុប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​បញ្ជាក់ថា​ផលប៉ះពាល់​បាន​កើត​មានឡើង​លើ​អ្នក​ប្រកប​អាជីវកម្ម​តូចតាច​ជា​ច្រើន និង​អំពាវនាវ​ឱ្យ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ទៅផ្នែក​ធនាគារ​និងស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​ពន្យារ​ពេល​សង​បំណុល។

ការ​អំពាវនាវ​របស់​ពួកគេ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ស្រប។

អ្នកស្រី ​មូរ សុខហួរ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ថែម​ថា រដ្ឋ​ត្រូវ​តែ​បញ្ចេញ​ថវិកា​ជួយ ​បើសិន​ជា​ប្រកាស​ដាក់​ប្រទេស​ក្នុងគ្រា​មានអាសន្ន។

«​បើសិនជា​ប្រកាស​អាសន្ន​ហើយ​គឺ​ថវិកា​ត្រូវ​តែ​យក​មក​ផ្ទុក។ ដំបូង​បំផុត​ត្រូវតែ​ធានា​ពលរដ្ឋ​យើង​ឱ្យ​មានថវិកា​ចំណូល​ប្រចាំ​ថ្ងៃ។ បំណាច់​បិទ​រោងចក្រ​ហើយ​តើ​ឱ្យ​កម្មករ​យើង​រស់​នៅ ដោយ​របៀបណា​រួម​ទាំង​ក្មួយ​ៗ​ពលករ​ដែល​បាន​អញ្ជើញ​មក​ផ្ទះសម្បែង​ហើយ តើ​គាត់​រស់​ដល់​ពេល​ណា​ពីព្រោះ​គាត់​សង្ឃឹម​ថា​វិល​ត្រឡប់​ទៅ ប្រទេស​ថៃ​វិញ​តើ​ឱ្យ​គាត់​រស់​ដោយ​របៀប​ណា?​»។​

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​រដ្ឋាភិបាល​កម្ពុជា​គ្រោងនឹង​ជួយស្តារ​សហគ្រាស​ខ្នាតតូច​និង​ធនាគារ ដោយ​ត្រៀម​ថវិកា​ចំនួន​រហូតដល់​ចំនួន​ ៦០០លានដុល្លារ​ សម្រាប់វិស័យ​ធនាគារ​ដើម្បី​ជួយ​សម្រួល​ដល់​អ្នកខ្ចីប្រាក់​ និង​បន្ថយ​ការប្រាក់។ ប៉ុន្តែ​លោកមិន​ទាន់​បង្ហាញ​ផែនការ​ណា ​ដើម្បី​ជួយ​អន្តរាគមន៍​ដោយ​ផ្ទាល់​លើ​ជីវភាព​កម្មករ​រោងចក្រ​ទាំងអស់​ និង​ពលករ​នៅ​ឡើយ​ទេ៕​