ជំងឺ​ជន​រងគ្រោះ​ដែល​ឈូក បណ្ឌិត​បាញ់​​បីនាក់​រើ​ឡើង​វិញ

ជនរង​គ្រោះ​ទាំង​បី​រូប​ត្រូវ​បាន​លោក​ ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​បាន​បាញ់​ឱ្យ​​រង​របួស​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១១​​ក្នុង​ខណៈ​ពេល​ដែល​មាន​ការ​បាញ់​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ពី​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទៅ​លើការ​តវ៉ា​របស់​ក្រុម​កម្មករ​រោង​ចក្រ​នៅ​តំបន់​ប្រតិបត្តិ​ការ​ពិសេស ​ខេត្ត​ស្វាយ​រៀង។​

អ្នក​ស្រី​ កែវ នា​ នុត សាខន​ និង​ ប៊ុន ចិន្តា​បាន​ធ្លាក់​ខ្លួន​ឈឺ​ឡើង​វិញ​នៅ​តាម​មុខ​របួស​ក្រោយ​ពី​ហេតុការណ៍​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​កាល​ពី​៣​ឆ្នាំ​មុន។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​និង​ជន​រង​គ្រោះ។​

ជនរង​គ្រោះ​ទាំង​បី​រូប​ត្រូវ​បាន​លោក​ ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​បាន​បាញ់​ឱ្យរង​របួស​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១១ក្នុង​ខណៈ​ពេល​ដែល​មាន​ការ​បាញ់​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ពី​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទៅ​លើការ​តវ៉ា​របស់​ក្រុម​កម្មករ​រោង​ចក្រ​នៅ​តំបន់​ប្រតិបត្តិ​ការ​ពិសេស ​ខេត្ត​ស្វាយ​រៀង។​

អ្នក​ស្រី​ ប៊ុន ចិន្តា​អាយុ​២២ឆ្នាំ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំ​ដើម​ទ្រូង​ខាង​ធ្វេង​ក៏ប៉ុន្តែ​ថ្វី​បើ​ស្នាម​របួស​បាន​ជា​សះស្បើយ​ក៏ពិត​មែន​ក៏ប៉ុន្តែ​ស្នាម​មុខរបួស​ផ្នែកខាង​ក្នុង​បាន​ធ្វើ​ឱ្យអ្នក​ស្រី​ឈឺ​ចុក​ចាប់​ឡើង​វិញ។​

ប៊ុន ចិន្តា​បាន​ប្រាប់ ​VOA​ តាម​រយៈ​ទូរស័ព្ទ​ថា​អ្នក​ស្រី​បាន​សុំ​ច្បាប់​ឈប់​សម្រាក​ពី​ការ​ងារ​រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ​ដើម្បី​ព្យាបាល​មុខរបួស​ដែល​បាន​រើ​ឡើង​វិញ។​ អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា​ជំងឺ​អ្នក​ស្រី​ទំនង​ជាមក​ពី​ប្រតិកម្ម​គ្រាប់​រំសេវ​រហូត​បាន​ប៉ះពាល់​ដល់​សួត។

អ្នក​ស្រី​និយាយ​ថា៖​ «ខ្ញុំ​ប៉ះពាល់​សួត​បង​ពីព្រោះ​អ្វី​ខ្ញុំ​ធ្លុះ​សួត​ ដល់​នេះ​ទៅ​វាប៉ះ​ពាល់​សួត​ ហើយ​វា​តេតាណូស​ច្រើន​ផង»។​

ជនរង​គ្រោះ​ទាំង​បី​អ្នក​ កែវ នា ​នុត សាខន​ និង​ ប៊ុន ចិន្តា​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំដៃ​ ទ្រូង​ និង​ដង​ខ្លួន។​

លោក កែវ រឹម ​អាយុ​៤០​ឆ្នាំ​ឪពុក​ ជន​រងគ្រោះ​កែវ នា​ បាន​បញ្ជាក់​ថា​ជំងឺ​កូន​របស់​លោក​បាន​កម្រើក​ឡើង​វិញ​ដោយ​មាន​អាការៈ​ឈឺ​ត្រង់​មុខរបួស​និង​ងងឹត​មុខ។​

លោក​និយាយ​ថា៖«វាឈឺដៃ ​មិន​ដឹង​ជាយ៉ាង​ម៉េច​វា​ មុខ​របួស​វា​មិន​ទាន់​ជា»។​

មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​បី​ឆ្នាំប៉ុន្តែ ​ទណ្ឌិត ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​កំពុង​រស់​នៅយ៉ាង​មាន​សេរីភាព​នៅ​ឡើយបើទោះ​បី​ជា​តុលាការ​បាន​ចេញ​ដីកា​បញ្ជា​ឱ្យចាប់​ខ្លួន​លោក​ក៏​ដោយ។​

លោក​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ​ អ្នក​នាំពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺបាន​ទេ។​

កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៣ ​សាលា​ឧទ្ធរណ៍​បាន​សម្រេចតម្កល់​សាល​ដីកា​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ដែល​បាន​សម្រេច​ផ្តន្ទាទោស​ឱ្យលោក​ឈូក បណ្ឌិត​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​៦ខែ​និង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរង​គ្រោះ​ទាំង​បី​នាក់​ជិត​៦០​លាន​រៀល​គឺ​ប្រហែល​ជា១ម៉ឺន​៥ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។​

អ្នក​ស្រី​ សារី បុត្រ​ចរិយា​ មេធាវី​ការពារ​ក្តី​ឱ្យជន​រង​គ្រោះ​ទាំង​បី​រូប​បាន​បញ្ជាក់​ថា​សំណុំ​រឿង​លោក​ ឈូក បណ្ឌិត​ បាន​មក​ដល់​តុលាការ​កំពូលហើយ​ក៏ប៉ុន្តែ​លោក​ស្រី​មិន​ទាន់​ដឹង​ថា​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ពេល​ណា​ទេ។​

លោក​ស្រី​និយាយ​ថា៖«​ យើង​នៅ​គ្រប់​គ្នា​ទន្ទឹង​ចាំ​មើល​ការ​ចាត់​ការ​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ​ប៉ុន្តែ​យើង​ដូច​ជាអត់​បាន​ឃើញ​អ្វី​ជាលទ្ធផល​ធំដុំ​នៅ​ឡើយ​ពាក់​ព័ន្ធ​គាត់»។​

សំណុំ​រឿង​បាញ់​សម្លាប់​កម្មករ​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​បាន​បង្កឱ្យមាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ស្រុក​និង​អន្តរជាតិ​ដោយ​ពួក​គេ​ទទូច​ឱ្យចាប់​ខ្លួន​ទណ្ឌិត​ ឈូក បណ្ឌិត​មក​ផ្តន្ទា​ទោស៕