អ្នក​ធ្វើការក្នុង​វិស័យ​កាត់ដេរ​ព្រួយ​បារម្ភ​ពី​លទ្ធភាព​ច្រើន​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា

កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ឈរទិញបាយ និងម្ហូបក្នុងម៉ោងសម្រាក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)

នៅ​ម៉ោង​១១:៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ កម្មករ​រោង​ចក្រ​កាត់​ដេ​រ​មួយក្នុង​ខេត្ត​កណ្តាល​បាន​ចាប់​ផ្តើម​ចេញ​ពី​រោង​ចក្រ​ ដើម្បី​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់។ ខុស​ពី​សព្វ​មួយ​ដង ​ នៅ​សប្តាហ៍​នេះ​ ពួកគេ​ម្នាក់ៗ​ពាក់​ម៉ាស​ និង​លាង​ដៃ​នឹងអាល់​កុល​ដែល​បាញ់​ដោយ​សន្តិសុខ​ឈរ​នៅ​មាត់​ទ្វារ​រោង​ចក្រ ​ទាំង​ពេល​ចេញ​មក​ខាង​ក្រៅ​ និង​ពេល​ចូល​ក្នុង​រោង​ចក្រ​វិញ។​ សម្មភាព​នេះ​ចាប់​ផ្តើម​មាន​ដោយ​សារ​មេរោគ​កូរ៉ូណា ​ឬ​កូវីដ-១៩​កំពុង​កើន​ឡើងនៅ​កម្ពុជា។​

កំពុង​ឈរ​ទិញ​បាយ ​និង​ម្ហូប​កញ្ចប់​នៅ​ខាង​មុខ​រោង​ចក្រ ​អ្នកស្រី សែ វុទ្ធី ​កម្មការិនីធ្វើ​ការ​ផ្នែក​ដេរ​ខោអាវ​ក្មេង​ ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ រោង​ចក្រ​ចាប់​ផ្តើម​ដាក់​ទឹក​អាល់​កុល​បាញ់​សម្លាប់​មេរោគ​ ​វាស់​កម្តៅ​ និង​ផ្តល់​ម៉ាស​ឲ្យ​ពាក់ ​និង​ពេល​ខ្លះ​កម្មករ​ទិញ​ម៉ាស​ពាក់​ខ្លួន​ឯង ​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា។ ​អ្នកស្រី​បន្ថែមថា ​អ្នក​គ្រប់​គ្រង​រោងចក្រ​បាន​ប្រាប់​ឲ្យ​ក្រុម​កម្មករ​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​និង​រក្សាអនាម័យឲ្យ​បាន​ដិត​ដល់។ ​

«គេ​ប្រាប់​ឲ្យ​យើង​ពាក់​ម៉ាស ​ឲ្យ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ​ហើយ​យើង​កុំ​ទៅ​កន្លែង​ណា​ដែលមាន​ទី​ប្រជុំ​ជន​ខ្វះ​ការ​អនាម័យ​អី​អ៊ីចឹង។​ [ពេល​ធ្វើការ​ក្នុង​រោងចក្រ] ​ខ្ញុំ​លាង​ដៃ​ជាមួយ​ទឹក​សាប៊ូ​ ពេល​ទៅ​បន្ទប់​ទឹក​ទៅ​អី​ ផឹក​ទឹក​ឲ្យ​ច្រើន​ ហើយ​មាន​ទឹក​លាង​ដៃ​ខ្លួន​ឯង​ផ្សេង​ទៀត»។​

នៅ​សប្តាហ៍​នេះ​ រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ផ្អាក​ដំណើរ​ការ​កន្លែង​ដែល​អាច​មាន​ការ​ជួប​ជុំ​មនុស្ស​ច្រើន​ ​រួម​មាន​ខារ៉ាអូខេ​ រោង​ភាព​យន្ត​ ​ការ​ប្រគំ​តន្រ្តី​ ​និង​ការ​ជួប​ជុំ​បែប​សាសនា​ផ្សេងៗ​ ​លុះត្រាតែ​ជំងឺ​កូវីដ-១៩ បាន​ធូរ​ស្បើយ។​ រដ្ឋា​ភិបាល​ក៏​បាន​សម្រេច​ផ្អាក​ការ​បង្រៀន​គ្រប់​កម្រិត​ ​ទាំង​ស្ថាប័ន​រដ្ឋ​ និង​ឯកជន​នៅ​ទូទាំង​ប្រទេស។ ​

អ្នក​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​វិស័យ​កាត់ដេរ​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ខ្លាំងអំពី​សុវត្ថិភាព​កម្មករ ​ដោយ​សារ​ជា​ក្រុម​មនុស្ស​ធ្វើ​ការ​នៅ​ជុំ​គ្នា​ទ្រង់​ទ្រាយ​ធំ និង​ពិបាក​ក្នុង​ការ​ផ្តល់​សម្ភារៈ​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់​ ដូច​ជា​ជែល​លាង​ដៃ​ និង​ម៉ាស​ការពារ​ជាដើម។​

កម្មការិនីវ័យ​៣០​ឆ្នាំ ​អ្នកស្រី សែ វុទ្ធី​ មាន​ប្រសាសន៍​ថា​ ​អ្នកស្រីចង់​ឲ្យ​អ្នក​ធ្វើការ​ក្នុង​រោងចក្រ​គ្រប់​គ្នា​ការពារ​ខ្លួន ​និង​ស្វែង​រក​ការ​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល​ ​ប្រសិន​បើ​មាន​ចេញ​រោគ​សញ្ញា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ។ ​បើទោះ​បី​ជា​មានរោងចក្រ​មួយ​ចំនួន​កំពុង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ការងារ​ក្តី​ ​អ្នកស្រី​នៅ​តែមានការ​បារម្ភ​ពី​ករណី​ឆ្លង​នៅ​ក្នុងរោង​ចក្រ ​ ​ខណៈ​កម្មករ​ទាំង​អស់​ឈរ​ធ្វើ​ការ​ត្រឹម​តែ​កន្លះ​ម៉ែត្រ​ពី​គ្នា។​

«ខ្ញុំ​ខ្លាច​ដែរ​ហ្នឹង​ណា៎!​ ខ្លាច​ខ្លាំង​ទៀត​ មិនមែន​ខ្លាច​តិច​ទេ។ ​ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ត្រូវ​ធ្វើការ​អ៊ីចឹង​ហើយ។ បើ​អត់​ធ្វើការ​ ​យើង​មាន​លុយ​ឯណា?​ អ៊ីចឹង​ដល់​តែ​យើង​នៅ​ធ្វើ​ការ​សិន។ ​យើង​អនាម័យ​ខ្លួន​ឯង​ខ្លះ​ ការពារ​ខ្លួន​ឯង​ខ្លះ»។​

គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែ​មីនា​ កម្ពុជា​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ ឬ​កូវីដ​-១៩​ដល់​ជិត​៥០​ករណី​នៅ​ទូទាំង​ប្រទេស។ ​នៅ​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​ចំនួន​១០​នាក់ ​ទាំង​ពលរដ្ឋ​កម្ពុជា​ និង​ជន​បរទេស។ ​

កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ចាប់ផ្តើមចេញពីរោងចក្រដើម្បីទទួលទានបាយថ្ងៃត្រង់ ដោយមានពាក់ម៉ាសគ្រប់គ្នា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)

កម្មការិនី​ម្នាក់​ទៀត​ដែល​កំពុង​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មួយ​នៅ ​រាជធានី​ភ្នំពេញ​គឺ​អ្នក​ស្រី ស៊ីម អ៊ន់ ​លើក​ឡើង​ថា​ ក្នុង​សប្តាហ៍​នេះ ​រោង​ចក្រ​ដែល​អ្នកស្រី​ធ្វើការ​ បាន​ចាប់​ផ្តើមផ្តល់​ម៉ាស​ឲ្យ​កម្មករ​ និងដាក់​ទឹក​អាល់​កុល​ឲ្យ​លាង​ដៃ ​ ព្រមទាំង​បាញ់​អាល់​កុល​លើ​កម្មករ​ដែល​ចេញ​ចូល​រោង​ចក្រ ​និង​ដើរ​ចេញ​ពី​បន្ទប់​ទឹក។ ​ប៉ុន្តែ​មិន​ទាន់​មាន​ឧបករណ៍​ពិនិត្យ​កម្តៅ​នៅ​ឡើយ។ ​អ្នកស្រី​បន្ត​ថា ​បើ​ទោះបី​ជា​មាន​ការ​បារម្ភ​ខ្លាច​ឆ្លង​ក្តី​ ​អ្នកស្រី​នឹង​នៅ​បន្ត​ធ្វើ​ការ​រហូត​រោង​ចក្រប្រាប់​ព័ត៌មាន​ថ្មី ពាក់​ព័ន្ធ​នឹងមេរោគ​នេះ។​ ​

«គេ​មិន​សូវ​ឲ្យ​និយាយ​ជាមួយ​គ្នាអី​ជា​ញឹក​ញាប់​ទេ​ រឿង​ការងារ។ ​ដូច​ថា ​ធ្វើ​រឿងផ្សេងៗ​គ្នា ​កុំ​និយាយ​ដាក់​គ្នា។ ​បើ​មិន​ចាំ​បាច់​ ​មិន​បាច់​និយាយ។​ ដូចថា​ ​យើងខ្លាច​និយាយ​ដាក់​គ្នា​ខ្លាច​ឆ្លង»។

កម្មការិនី​ដែលមាន​កូន​ពីរ​នាក់​នេះ​បន្ថែម​ថា​ អ្នកស្រី​ក៏​បាន​ណែនាំ​កូន​របស់​អ្នកស្រី​ទាំង​ពីរ​នាក់​ឲ្យ​ឧស្សាហ៍​លាង​ដៃ​ និង​ត្រូវ​លេង​នៅ​ក្នុង​ផ្ទះ​ កុំ​ចេញ​ទៅ​ក្រៅ។

លោក​ អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​លើក​ឡើង​ថា​ ដោយសារ​រោងចក្រ​គឺ​ជា​កន្លែង​ធ្វើ​ការ​ដែល​មាន​បណ្តុំ​មនុស្ស​ច្រើន ​ ដូច្នេះ​ហានិភ័យ​នៃ​ការ​ឆ្លង​ក្នុង​អំឡុង​វិបត្តិ​មេរោគ​ផ្លូវ​ដង្ហើម​ថ្មី​នេះ​ក៏​ច្រើន​ផង​ដែរ។ ​លោក​បន្ត​ថា​ ប្រសិន​បើ​មាន​ការ​ផ្អាក​សង្វាក់​ផលិត​កម្ម​ក្នុង​រោង​ចក្រ​ដោយ​សារ​មេរោគ​នេះ ​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា ​ ព្រម​ទាំង​ប៉ះពាល់ដល់​ជីវភាព​របស់​កម្មករ​កម្ពុជា​ប្រមាណ​៨០​ម៉ឺន​នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​នេះ។​

ទោះ​យ៉ាង​ណា​ ​លោកថា ​ក្រុម​សហជីព​កំពុង​ជជែក​គ្នា​អំពី​ដំណាក់​កាល​ដែល​ត្រូវ​ស្នើ​ឲ្យ​មាន​ការ​បិទ​រោងចក្រ​ជា​បណ្តោះ​អាសន្ន ​ ប្រសិន​បើ​មេរោគ​ផ្លូវ​ដង្ហើម​ថ្មី​មួយ​នេះ​រាល​ដាល​ដល់​សហគមន៍។ ​ប៉ុន្តែ​លោក​ថា​ ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន ​ អ្វី​ដែល​អ្នកពាក់​ព័​ន្ធ​អាច​ធ្វើ​បាន​ក្នុង​អំឡុង​នេះ​ គឺ​បង្កើន​ការ​ការពារ ​និង​ទប់​ស្កាត់កម្រិត​ខ្ពស់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​

«ការ​ដែល​ពេល​បច្ចុប្បន្ន​នៅ​តែ​បន្ត​ធ្វើការ​ហ្នឹង​ យើង​ ក្នុង​នាម​សហជីព​ ​ក៏បាន​ជជែក​ជាមួយ​ក្រុម​ហ៊ុន​ច្រើន​ដែរ ​ ស្នើ​ឲ្យ​ក្រុម​ហ៊ុន​វាស់​កម្តៅ​ ឲ្យ​ក្រុម​ហ៊ុន​ពិនិត្យ​មើល។ អ្នកឈឺ​អត់​ឲ្យ​ចូល​មក​ ហើយ​ក្រុម​ហ៊ុន​ពិនិត្យ​មើល​ទឹក​លាង​ដៃ ​និង​ប្រព័ន្ធ​ការពារ ​ម៉ាស​អី​ហ្នឹង ​គឺ​យើង​បាន​ស្នើ​ច្រើន​កន្លែង​ណាស់​ដើម្បី​ឲ្យ​គាត់​ការពារ។​ ហើយ​ក្រុម​ហ៊ុន​ហ្នឹង​ក៏​មាន​វិធាន​ការ​ច្រើន​ដែរ ​ ព្រោះ​គាត់បារម្ភ​ដែរ។ ​គាត់​ថា​បើសិន​មានកើតមួយ​ពីរ​នៅ​កន្លែង​គាត់​អាច​នឹង​ក្រុម​ហ៊ុន​នឹង​មាន​បញ្ហា ​បិទ​ក្រុម​ហ៊ុន​ បិទ​អីអ៊ីចឹង។​ គាត់​ក៏​មាន​ការ​បារម្ភ​ខ្លាំង​ដែរ​ ក្នុង​បញ្ហា​ហ្នឹង»។​

VOA​ មិនអាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក ​ខេន លូ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC​ និង​ លោក ​កាំង ម៉ូនីកា ​អគ្គលេខាធិការ​រង​បាន​ទេ។​

កាលពី​ថ្ងៃទី​១៨​ ខែមីនា​ សហភាព​សហជីព​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​បញ្ជាក់​ថា​ ខណៈ​មេរោគ​កូរ៉ូណា ​ឬ​កូវីដ-១៩​កំពុង​ឆ្លង​ដល់​ពលរដ្ឋ​ខ្មែរ​ ​សហភាព​សហជីព​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​សុវត្ថិភាព សុខភាព​របស់​កម្មករ​ កម្មការិនីតាម​បណ្តា​រោងចក្រ​ សហគ្រាស​ ដែល​ថៅកែមិន​បាន​ប្រើ​វិធី​បង្ការ​ការពារ ​និង​ប្រឆាំង​ទប់ស្កាត់​មេរោគ​កូរ៉ូណា ​ឬ​កូវីដ-១៩។​

ក្រោយ​សហភាព​សហជីព​ចេញ​សេចក្តី​ថ្លែង​ការណ៍​នោះ​ សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​(GMAC)​ នៅ​ថ្ងៃ​ទី១៩​ ខែ​មីនានេះ​ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ច្រាន​ចោល​ការ​លើក​ឡើង​របស់​សហភាព​សហជីព​កម្ពុជា។​ GMAC​ លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា ​ សុខភាព​ និង​សុវត្ថិភាពនៅ​កន្លែង​ការងារ​របស់​កម្មករ​និយោជិត​ទាំងអស់ គឺជា​ចំណុច​អាទិភាព​មួយ។​

សន្តិសុខកម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ត្រួតពិនិត្យកម្តៅកម្មករនៅពេលចូលរោងចក្រ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)

លោក​ ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​រោង​ចក្រ​ណា​មួយ​បិទ ​ឬ​ព្យួរ​ការងារដោយសារព្រួយ​បារម្ភ​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នេះ​នៅ​ឡើយ។​ លោក​បន្ត​ថា​ ការ​កំណត់​ឲ្យ​កម្មករ​កម្មការិនី​ធ្វើ​ដំណើរ​តែ​ពី​ផ្ទះ​ទៅ​រោង​ចក្រ​ និង​ពី​រោងចក្រ​ទៅ​ផ្ទះ​វិញ​គឺ​ជា​វិធីសាស្រ្ត​ដែល​មាន​សុវត្ថិភាពទប់​ស្កាត់​ការ​ឆ្លង​មេរោគ​កូវីដ-១៩។​

«បង​ប្អូន​កម្មករ​និយោជិត​របស់​យើង​ពេល​ដែល​នៅ​ផ្ទះ​ក៏នៅ​តែ​ជាមួយ​ក្រុម​គ្រួសារ ​ហើយ​ពេល​ដែលចេញ​ពី​ផ្ទះ​គឺ​ឡើង​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​សុទ្ធ​តែ​ជា​បង​ប្អូន​កម្មករ​និយោជិត​ដែល​ស្នាក់នៅ​ផ្ទះ​ដូច​គ្នា ​ សុវត្ថិភាព​ដូចគ្នា​រួច​ទៅ​ហើយ។ ​ពេល​ដែល​កាត់​មក​ដល់​កន្លែង​ធ្វើការ ​ គាត់​អត់​មាន​អតិថិជន​ថ្មី​ដូច​នៅ​តាម​ភោជនីយដ្ឋាន ​ឬ​មួយ​ក៏​កន្លែង​ផ្សេងៗ​ទៀត​ទេ ​គឺ​គាត់​មក​ធ្វើការ​រួម​ជាមួយ​សហការី​របស់​គាត់​ដែល​ជា​អ្នក​ដែល​មាន​សុវត្ថិភាព​រួច​ទៅ​ហើយ»។​

លោក​ ហេង សួរ​ បន្ថែម​ថា​ ក្រសួង​ការងារ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​និង​កំពុង​អនុវត្ត​តាម​និយាម​នៃ​បទ​ដ្ឋាន​អន្តរជាតិ ​និង​គោល​ការណ៍​រួម​របស់​ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភព​លោក​ ដើម្បី​រួមគ្នា​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាន​មេរោគ​កូវីដ-១៩​នេះ។​

កាល​ពីដើម​ខែមីនា ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ថ្លែង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី៣ ​ខែមីនា​មាន​កម្មករ​ កម្មការិនី​ប្រមាណ​ជា​ជាង​១៨.០០០​នាក់​បាន​បាត់បង់​ការងារ​ធ្វើ ​ ​បន្ទាប់ពី​រោងចក្រ​ខ្លះ​សុំ​ព្យួរ​ការងារ​ដោយ​សារ​ខ្វះ​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ចិន។​ លោក​ ហ៊ុន សែន ​បញ្ជាក់​ថា​ ​កម្មករ​ទាំងអស់​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​បណ្ដោះ​អាសន្ន​ទទួល​បាន​ប្រាក់​បៀវត្សន៍​៦០​ភាគរយ ​ដោយ​ថៅកែ​រោងចក្រ​ផ្ដល់​៤០​ភាគ​រយ ​និង​រដ្ឋ​ផ្ដល់​២០​ភាគរយ៕​