សហជីព​​កម្មករ​ប្រកាស​ឲ្យ​កម្មករ​បញ្ឈប់​កូដកម្ម​​និង​បាតុ​កម្ម

Baltimore Ravens inside linebacker Ray Lewis hoists the Vince Lombardi Trophy as he celebrates victory over the San Francisco 49ers in their NFL Super Bowl XLVII.

បន្ទាប់​ពី​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ចំនួន​៤​ថ្ងៃ​ ​សហភាព​ការងារ​កម្ពុជា​ និង​សហព័ន្ធសមាគម​ចំនួន​១៣​ ​បាន​ប្រកាស​បញ្ឈប់​ការ​ទាម​ទារ​របស់​ខ្លួន។​ តំណាង​សហភាព​បាន​និយាយ​ថា ការ​បញ្ឈប់​នេះ​ដោយ​សារ​រដ្ឋាភិបាល​ទទួល​យក​សំណើរបស់​ក្រុម​កម្មករ​ទៅ​ពិចារណា។​ ការ​ធ្វើ​កូដ​កម្ម​ចំនួន​៤​ថ្ងៃ​នេះ​ ​យ៉ាង​តិច​មាន​កម្មករ​ចំនួន​៨នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​៧​នាក់​បាន​រង​របួស​ ​ព្រម​ទាំង​រោងចក្រ​ចំនួន​២០​ ​បាន​ទទួល​រងផល​ប៉ះ​ពាល់។

សហភាព​ការងារ​កម្ពុជា​ ​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា​ ​រួម​ទាំង​សហ​ព័ន្ធ​សមាគម​ចំនួន​១៣​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ ​ដោយ​ប្រកាស​បញ្ឈប់​ការ​ធ្វើ​កូដ​កម្ម​ភ្លាមៗ​ ​បន្ទាប់​ពី​បាន​ដឹកនាំ​ធ្វើ​កូដ​កម្ម​ចំនួន​បួន​ថ្ងៃ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​ក្រុម​កម្មករ​រហូត​ដល់​៩៣​ដុល្លារ។

ការ​ធ្វើ​កូដ​កម្ម​រយៈ​ពេល​បួន​ថ្ងៃ​នេះ​ ​បើ​តាម​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹក​នាំ​សហជីព​និង​សមាគមរោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​យ៉ាង​តិច​មាន​កម្មករ​ចំនួន​៨​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ​ក៏​ប៉ុន្តែ​ ក្រោយ​មក​បាន​ដោះ​លែង​មកវិញ។ ​មាន​ប្រាំពីរ​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​ និង​រោងចក្រ​ចំនួន​២០​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយច្បាប់ ​ដែល​មាន​ចុះ​ហត្ថលេខា​របស់​លោក​អាត់ ធន​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​និង​អ្នកស្រី​ម៉ម ញឹម​ ​ប្រធាន​សម្ព័ន្ធ​សហព័ន្ធ​សហ​ជីព​ការងារ​ជាតិ​កម្ពុជា​ ​បាន​បញ្ជាក់ថា​ ​បន្ទាប់​ពី​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​ពី​តំណាង​រដ្ឋា​ភិបាល​ដែល​ថា​ ​«បាន​ទទួល​យក​សំណើ​របស់​យើង​ទៅ​ដោះស្រាយ​ជាមួយ​នឹង​និយោជិត​ ​នៅ​ថ្ងៃ​ទី២៧ ​ខែ​កញ្ញា​ខាង​មុខ​នេះ​ ​យើង​ស្នើ​សុំ​ឲ្យ​កម្មករ​ទាំងអស់​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ ​និង​ចូល​ធ្វើ​ការងារ​ដូច​ធម្មតា​នៅ​កន្លែង​ដើម​រៀងៗ​ខ្លួន​ឡើង​វិញ»។

លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​និយាយ​ថា​ ​ឥឡូវ​នេះ​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​នានា​បាន​បញ្ឈប់​ការ​ទាមទារ​របស់​ខ្លួន​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​មូលហេតុ​នៃ​ការ​បញ្ឈប់​កូដកម្ម​នេះ​ ​គឺ​ដោយសារ​រដ្ឋា​ភិបាល​ បាន​ទទួល​យក​សំណើ​របស់​ក្រុម​កម្មករ​ទៅ​ដោះស្រាយ ​និង​មូលហេតុ​ទីពីរ​គឺ​ដោយសារ​តែ​យុទ្ធ​នាការ​បង្រ្កាប​របស់​អាជ្ញាធរ​ ​បាន​កើន​ឡើង​ទៅ​លើ​ក្រុម​កម្មករ។

«ខ្ញុំ​ស្នើ​សុំ​ទៅ​ដល់​ខាង​កម្មករ​របស់​យើង​ ​គឺ​ឥឡូវ​នេះ​ ​គឺ​យើង​បាន​ផ្អាក​ការ​ធ្វើ​កូដ​កម្ម​ហើយ​ ​អញ្ចឹង​ត្រូវ​ចូល​ធ្វើការ​សិន​ ​ហើយ​យើង​រង់ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃ​ទី២៧​ហ្នឹង​ ហើយ​លទ្ធផល​យ៉ាង​ម៉េច​ ​យើង​នឹង​ជម្រាប​ជូន​ជា​ក្រោយ»។

ការ​ធ្វើ​កូដ​កម្ម​របស់​ក្រុម​កម្មករ ​ដែល​ដឹកនាំ​ដោយ​លោក​អាត់ ធន់ ​គឺ​ក្នុង​គោល​បំណង​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​ក្រុម​កម្មករ​ឲ្យ​មាន​ជីវភាព​សមរម្យ​រហូត​ដល់​៩៣​ដុល្លារ​ ​ប្រាក់​អតីត​ភាពការងារ​មួយ​ឆ្នាំ​ពីរ​ដុល្លារ​ ​ប្រាក់​ម៉ោង​បន្ថែម​សម្រាប់​ថ្លៃ​បាយ​មួយ​ម៉ោង​១.០០០​រៀល​ ​និង​ប្រាក់​រង្វាន់​ទៀង​ទាត់​មួយ​ខែ​១០​ដុល្លារ។

អ្នក​ស្រី​ម៉ម ញឹម​ ​ប្រធាន​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​យើង​មិន​ចង់​ធ្វើ​កូដ​កម្ម​ទេ​ ​ក៏​ប៉ុន្តែ​លិខិត​របស់​ពួក​យើង​ជាច្រើន​លើក​ច្រើនសារ​មិន​ត្រូវ​បាន​ឆ្លើយតប​ពី​រដ្ឋា​ភិបាល​ទេ។

អ្នកស្រី​បាន​និយាយ​ថា​ ​ការផ្អាក​នេះ​គឺ​ដើម្បី​ទទួល​យក​នូវ​ការ​ចរចា​តែ​ប៉ុណ្ណោះ។

«ក្នុង​ករណីដែល​យើង​ជួប​ជជែក​ចរចា​បាន​លទ្ធផល​ប៉ុណ្ណាៗ​នោះ​ ​អាហ្នឹង​យើង​ឆ្លើយ​តប​ទៅ​ សមាជិក​យើង​វិញ។​ ហើយ​បើ​ក្នុង​ករណី​ថា​ ​ក្នុង​សមាជិក​យើង​ថា​ ​ប៉ុណ្ណឹង​មិន​អាច​ទទួល​យក​បាន​ទេ​ ​អាហ្នឹង​យើង​ពិភាក្សា​គ្នា​ ​ថា​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៀត»។

ក្រសួង​សង្គម​កិច្ច​ ​អតីត​យុទ្ធជន​ និង​យុវ​នីតិ​សម្បទា​ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដោយ​ទទូច​ដល់​ក្រុម​កម្មករ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​កូដ​កម្ម​របស់ខ្លួន​ ​ហើយ​ក្រុម​ការងារ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នឹង​កោះ​ប្រជុំ​នៅ​ថ្ងៃ​ទី​២៧ ​ខែ​កញ្ញា​ខាង​មុខ​នេះ​ ​ពាក់ព័ន្ធ​នឹង​អត្ថ​ប្រយោជន៍​របស់​ក្រុម​កម្មករ​និង​ និយោជិត​កាត់ដេរ​សម្លៀក​បំពាក់​ទាំង​អស់។

លោក​អ៊ិត សំហេង​ រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច​ ​អតីត​យុទ្ធជន ​និង​យុវ​នីតិ​សម្បទា ​បាន​ថ្លែង​ប្រាប់​ VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​រដ្ឋា​ភិបាល​មិន​ចង់​ឃើញ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​រវាង​ក្រុម​កម្មករ​ទេ។

លោក​អ៊ិត ​សំហេង ​បាន​សម្តែង​ការ​រីករាយ​ ​នៅពេល​ដែល​ក្រុម​កម្មករ​បាន​សម្រេច​បញ្ឈប់​ការ​ធ្វើ​កូដ​កម្ម​របស់​ខ្លួន។

«ខ្ញុំ​យល់​ថា​ ​នេះ​ជា​សកម្ម​ភាព​ល្អ​មួយ​របស់​អ្នក​ដឹកនាំ​សហជីព​ ​ដែល​ផ្អាក​ការ​ធ្វើ​កូដ​កម្ម ​ដូច​ថា​ ​ការ​ធ្វើ​កូដ​កម្ម​ ​វា​នាំ​ឲ្យ​ខូច​ប្រយោជន៍​ទាំង​សងខាង​ ​ជាពិសេស​ គឺ​ប្រយោជន៍​របស់​រោងចក្រ​ ដែលក្នុង​នោះ​មាន​បង​ប្អូន​កម្មករ​និយោជិក​របស់​យើង​ដែរ»។

ចំណែក​លោក​ជា មុនី្ន ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​បាន​ដាក់​មន្ទិលសង្ស័យ​យ៉ាង​ច្រើន​ទៅ​លើ​ការ​បញ្ឈប់​ការ​ធ្វើ​កូដ​កម្ម​ភ្លាមៗ​នេះ។

លោក​ជា មុន្នី​ បាន​និយាយថា​ ​កូដ​កម្ម​មិន​ទាន់​ទទួល​បាន​លទ្ធ​ផល​ផង​ ​ហេតុ​អ្វី​បាន​ជា​មេ​ដឹកនាំកូដ​កម្ម​បញ្ឈប់​ធ្វើ​ការ​ទាមទារ​របស់​ខ្លួន?

«បើ​សិន​ជា​យើង​ធ្វើ​កូដ​កម្ម​គឺយើង​មាន​គោលដៅ​ និង​ទិសដៅ​ច្បាស់លាស់​ថា​ ​យើង​ធ្វើ​ទៅ​បាន។ ​បើ​យើង​ធ្វើ​ទៅ​អត់​បាន​ ​យើង​គួរ​កុំ​នាំ​កម្មករ​ ​កម្មការិនី​ ​ធ្វើ​នាំ​ឲ្យ​ខាត​ប្រយោជន៍។​ ដូច្នេះ​បើធ្វើ​មិន​ទាន់​បាន​ដល់​ទិសដៅ​កំណត់​ផង​ ​ហើយ​ឈប់​ពាក់​កណ្តាល​ទី​ ​ខ្ញុំ​គិត​ថា​ ​ប្រហែល​ជា​មាន​ពាក់​ព័ន្ធ​ទៅ​ និង​អ្វី​មួយ​ហើយ​ ​បាទ»។

លោក​ជាតិ ខេមរា​ មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា​ ​លោក​ពុំទាន់​បាន​វាយ​តម្លៃ​នៃ​ផល​ប៉ះពាល់​ ​ក្រោយ​ពី​ការ​ធ្វើ​កូដ​កម្ម​នេះ​នៅ​ឡើយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​យ៉ាងតិច​មាន​រោងចក្រ​ចំនួន​២០​បាន​ទទួល​រង​ផល​ប៉ះពាល់​ ​ក្រោយ​ពី​ការ​ធ្វើ​កូដ​កម្ម​ចំនួន​បួន​ថ្ងៃ​នេះ៕