អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ភេទស្រី ចូលបំរើ​ការ ខណៈ​ពេល​ខ្វះ​អ្នកបើកបរ

លោកស្រី Kellylynn McLaughlin ឈរ​នៅពី​មុខ​រូប​ស្ត្រី​នៅលើ​រថយន្ត Trucking's Drive Ambassador Trailer ដែល​មាន​ឈ្មោះ​ថា WITney។

លោក​ស្រី​ Sherri Garner Brumbaugh ​ប្រធាន​ និង​ជា​នាយិកា​ប្រតិបត្តិក្រុមហ៊ុន​រថយន្ត​ដឹក​ទំនិញ​ធំៗ ​បាន​ប្រាប់​វីអូអេ​ថា​ វានៅ​តែ​ជារឿងពិសេស​មួយ ដែល​បាន​ឃើញ​អ្នក​បើក​រថយន្ត​ដឹក​កុងតឺន័រជា​ស្ត្រី បើ​ទោះ​បី​ជា​រឿង​នេះ​ ​មិន​សូវ​ជា​ពិសេស​ខ្លាំង​ដូច​ពេល​កន្លង​មក​ក្តី​»។ លោក​ស្រី​ថា «ចំនួន​ស្ត្រី​ដែល​បើក​រថយន្តដឹក​កុងតឺន័រ​នៅ​ពេល​នេះ​ កំពុង​កើន​ឡើង​ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​អ្នក​បើក​រថយន្ត​ប្រភេទនេះ​ ​ជា​ស្ត្រី​នោះ​ ខ្ញុំ​តែង​លើក​មេដៃ​គាំទ្រ​ពួក​គេ​ ពី​ព្រោះ​ពួកគេ ​កំពុងតែ​ផ្លាស់ប្តូរឧស្សាហកម្ម​របស់​យើង»។

នេះ​ ជា​ការ​ផ្លាស់​ប្តូរ​មួយដែល​អ្នក​ជំនាញ​និយាយថា​ បាន​ប្រើពេលជា​ច្រើនទសវត្សរ៍ និង​បាន​ជំរុញ​ដោយជំងឺ​រាតត្បាត​កូវីដ១៩​ផង​នោះ បាន​ធ្វើ​ឲ្យ​ស្ត្រី​អាមេរិកាំងកាន់​តែ​ច្រើន​នាក់ថែម​ទៀត​ ចាប់​ផ្តើម​ចាប់​យក​អាជីព​ជា​អ្នក​បើក​បរ​រថយន្ត​ដឹក​កុងតឺន័រ​នៅ​លើ​ផ្លូវជាតិទាំងឡាយ​ក្នុង​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន​ដឹកជញ្ជូន​ដោយ​រថយន្ត​ធំៗ ត្រូវ​ការ​អ្នកបើកបរ​ទាំងអស់ ដែល​គេ​អាចរក​បាន​ នៅ​ពេលដែល​មាន​កុងតឺន័រ នៅ​កក​ស្ទះតាម​កំពង់ផែ​អាមេរិក ហើយ​ពុំ​មាន​អ្នក​បើក​បរ​គ្រប់គ្រាន់ ដើម្បី​ដឹក​ទំនិញ​ទៅ​កាន់​ទីតាំង​ទៅ​ចែកចាយ​នៅទីផ្សារ​នោះ។ ការ​កើន​ឡើងនូវ​ការ​ចំណាយ​របស់អ្នក​ទិញ​ទំនិញ​ប្រើ​ប្រាស់ បាន​កើន​លើសពី​សមត្ថភាព​នៃសង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ដឹក​ជញ្ជូនទំនិញ​ទាំង​នោះ​ ទៅ​ដល់ដៃ​ពលរដ្ឋ​អាមេរិកាំង​ ដែល​បានបញ្ជា​ទិញ​ទំនិញ​ទាំងនោះ។

សម្រាប់​ក្រុមហ៊ុន​ដឹក​ជញ្ជួន​ជា​ច្រើន ការ​ជ្រើសរើសអ្នក​បើកបរ​រថយន្តដឹក​កុងតឺន័រ​ភេទស្រី កំពុង​ជួយ​បំពេញ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម។​

លោក​ស្រី​ Ellen Voie ប្រធាន និង​ជា​នាយិកាប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អ្នក​បើក​បរ​រថយន្ត​ដឹក​កុងតឺន័រ​ជា​ស្ត្រី​ភេទ ដែល​ជា​ក្រុម​ហ៊ុន​មិន​រក​កម្រៃ​មួយ ដែលលើក​ទឹក​ចិត្ត​ស្ត្រី​ឲ្យ​ចូល​រួម​នៅ​ក្នុង​វិស័យ​បើក​បរ​នេះ បាន​និយាយ​ថា​៖

«​នៅ​ពាក់កណ្តាល​សតវត្សរ៍ទី២០​ គេ​តែង​មើល​ឃើញថា​ ការបើក​បរ​រថយន្តដឹក​ទំនិញ​ធំៗ​ ​ជា​ការ​ងាររបស់​បុរស គឺ​ដោយ​សារ​តែ​តម្រូវ​ការ​នៃ​កម្លាំង​របស់​ពួក​គេ។ ប៉ុន្តែ​ការ​រីកចម្រើន​ខាងបច្ចេកវិទ្យា​ ដូច​ជា​ចង្កូត​ដែល​ស្រួលកាច់ និង​ហ្រ្វាំង​ដែល​ស្រួលជាន់ជា​ដើម​ ដែល​ដើរ​ដោយ​ថាមពល​ និង​របៀប​ដោះ​កុងតឺន័រចេញ​ពី​រថយន្ត និង​រឿង​ផ្សេងជា​ច្រើន​ទៀត ដែលប្រើ​ប្រាស់​បច្ចេកវិទ្យាទំនើប​នោះ នាំឲ្យលែង​ត្រូវ​ការ​អ្នក​បើក​បរ ដែល​ត្រូវតែ​មាន​មាឌធំ​ និង​កម្លាំង​ខ្លាំង​ក្លា​ទៀតហើយ។​ ហើយ​ការពិត​ ស្ត្រីកំពុង​បង្ហាញ​ថា ពួកគេ​មាន​ទេពកោសល្យ​ជាក់លាក់​ជា​ច្រើន ដែលធ្វើ​ឲ្យ​ពួកគេមាន​គុណសម្បត្តិ​ពិសេសនៅ​ក្នុង​ការងារប្រភេទ​នេះ»។

លោក​ស្រី ​Vanita Johnson នៅ​ក្នុង​រដ្ឋ Georgia សហរដ្ឋអាមេរិក បាន​ក្លាយ​ជា​អ្នក​បើក​រថយន្តដឹក​កុងតឺន័រអស់​ពេលជិត​១ឆ្នាំ​ហើយ។ (Matt Haines/វីអូអេ)

ចំនួន​អ្នកបើក​បរ​ភេទស្រី ​កើន​ឡើង​

​លោក​ស្រី ​Vanita Johnson នៅ​ក្នុង​រដ្ឋ Georgia សហរដ្ឋអាមេរិក បាន​ក្លាយ​ជា​អ្នក​បើក​រថយន្តដឹក​កុងតឺន័រអស់​ពេលជិត​១ឆ្នាំ​ហើយ។ លោកស្រី​និយាយ​ថា​៖ «ខ្ញុំ​មាន​អាយុ៥០​ឆ្នាំ​ហើយ​ៗ​ទើប​ចាប់​ផ្តើម​អាជីព​ជា​អ្នក​បរបរ​រថយន្ត​ដឹក​កុងតឺន័រនេះ​ ប៉ុន្តែ​ខ្ញុំ​មាន​ការចាប់​អារម្មណ៍​ជា​មួយ​រថយន្តប្រភេទ​ធំៗ​តាំង​ពី​ខ្ញុំ​នៅ​តូច»។

លោក​ស្រី​បាន​រំឭក​នូវ​ការ​ចង​ចាំ​របស់​លោកស្រីកាល​ពី​នៅ​វ័យក្មេង នៅពេល​ធ្វើ​ដំណើរតាម​រថយន្ត​ជា​មួយ​ឪពុក​ម្តាយរបស់​លោក​ស្រី​ពី​ផ្ទះ​នៅទីក្រុង​ Pittsburgh​ រដ្ឋ Pennsylvania ទៅលេង​ក្រុម​គ្រួសារ​នៅរដ្ឋ West Virginia រដ្ឋ Maryland និង​រដ្ឋ Ohio។​ នៅ​ពេល​នោះ ​នៅ​លើ​ផ្លូវ​ធំ លោកស្រី​បាន​ឃើញ​រថយន្ត​ដឹក​កុងតឺន័រ​ជាច្រើន​កំពុង​ធ្វើ​ដំណើរ​ ហើយ​ចេះ​តែ​ឆ្ងល់ថា តើ​រថយន្តទាំង​នោះ​ កំពុង​ទៅ​ណា។

អ្នក​ស្រី​ Voie និយាយ​ថា​ ​ជន​ជាតិ​អាមេរិកាំង តែងតែ​ឲ្យតម្លៃ​អ្នក​បើកបរ​រថយន្ត​ដឹក​កុងតឺន័រ​លើ​ផ្លូវ​ធំៗ។

​អ្នក​ស្រី​បន្ថែម​ទៀត​ថា៖ ​«យើងមិន​គ្រាន់​តែ​ចាត់ទុកថា​ ពួកគេជា​អ្នក​ដឹក​ទំនិញ​សេដ្ឋកិច្ចសម្រាប់​ប្រទេស​អាមេរិក​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​ថា​ ពួក​គេ​ជាអ្នកជួយ​ពួកយើង​ដែល​ជាអ្នក​បើកឡាន​ធម្មតា​ នៅ​ពេលណា​ដែល​ឡានយើង​ខូច​តាមផ្លូវ។ ពូកគេ​ជាមនុស្ស​ដែល​ជួយ​យក​អាសារ​អ្នក​ដទៃ ហើយ​អាជីព​របស់​ពួកគេ​មាន​គុណធម៌​ខ្ពស់»។

ទស្សនៈ​ទាំង​នេះ​ បាន​រលប់​បន្តិច​ម្តងៗ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មានទសវត្សរ៍​ចុងក្រោយនេះ​ ដោយ​សារ​តែអ្នក​បើកបរ​ ដែល​មាន​បទ​ពិសោធន៍​ជាច្រើន​ បាន​ចូល​និវត្តន៍ ហើយ​មិន​សូវមានអ្នក​បើកបរ​វ័យ​ក្មេង​ចូល​មក​ជំនួស​អ្នក​ចូល​និវត្តន៍​ទាំង​នោះ។ សមាគម​អ្នក​បើរបរ​រថយន្ត​ដឹក​កុងតឺន័រ​ប៉ាន់​ប្រមាណ​ថា​ ឧស្សាហកម្ម​នេះ ត្រូវ​ការ​អ្នក​បើកបរ​ថ្មីចំនួន​ជាង​១លាន​ ២សែន​នាក់​នៅ​ក្នុង​ទសវត្សរ៍​ខាង​មុខ ហើយ​ជំរុញឲ្យ​ក្រុម​ហ៊ុន​ធ្វើ​ការ​ងារបាន​ប្រសើរ​ជាង​មុន ក្នុង​ការ​ទាក់​ទាញ​ដើម្បី​ជ្រើស​រើស​អ្នក​បើក​បរ​ថ្មី។

លោក​ស្រី ​Brumbaugh បាន​ពន្យល់​ថា​៖ «អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន​រថយន្ត​ដឹក​កុងតឺន័រ ត្រូវ​រក​វិធី​សាស្ត្រ​នានា​ ដើម្បីឆ្លើយ​តប​ទៅ​នឹងភាព​ចាំបាច់​ក្នុង​ការ​ស្វែងរក​អ្នក​បើកបរ​ថ្មី។ នេះ​មាន​ន័យ​ថា​ ប្រសិន​បើអ្នក​បើកបរ​ម្នាក់​និយាយ​ថា​ គាត់​ត្រូវ​ឈប់​សម្រាក​នៅ​ផ្ទះនៅ​ចុង​សប្តាហ៍ យើង​ត្រូវ​រក​វិធីដើម្បី​ឲ្យ​គាត់បាន​ឈប់​សម្រាក​បាន។ ប៉ុន្តែ​នេះ​ ក៏​មាន​ន័យថា​ យើងត្រូវ​ទាក់ទាញ​អ្នក​បើកបរ​ភេទស្រី ដែល​យើង​មិន​សូវ​នឹក​នា​ដល់​ក្នុង​ពេល​កន្លង​ទៅ​ ជា​ពិសេស​អ្នក​ដែល​មាន​វ័យ​កណ្តាល​និង​ចំណាស់ ដែលអាច​ចាប់​អារម្មណ៍​លើការបើក​បររថយន្ត​ដឹក​កុងតឺន័រ​នៅតាម​ផ្លូវ​ធំ​ៗនោះ»។

ការ​ទាក់ទាញ​របស់​ឧស្សាហកម្ម​នេះ ហាក់​ដូច​ជាកំពុង​ដំណើរ​ការ​ទៅ​មុខ​ បើ​ទោះ​បី​ជា​ មាន​ភាព​យឺត​យ៉ាវបន្តិច​ក្តី។

ទោះ​បី​ចំនួន​អ្នក​បើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ភេទស្រី មាន​ប្រមាណ​តែ​៣%​ប៉ុណ្ណោះ នៅ​ក្នុង​ឆ្នាំ​២០១៧​ ដែល​ជា​ឆ្នាំ​ដំបូង​នៃ​ក្រុមអ្នក​បើក​បរ​ជា​ស្ត្រី​ភេទ ត្រូវ​បាន​បង្កើត​ឡើង​នោះ​ក៏​ដោយ ក៏ការ​ស្ទង់​មតិ​នាពេល​ថ្មីៗរបស់​ក្រុម​នេះ​ បាន​រក​ឃើញ​ថា​ ចំនួន​អ្នក​បើក​បរ​ភេទស្រី បាន​កើន​ឡើង​លើស​៣ដង។

លោក​ស្រី ​Vanita Johnson នៅ​ក្នុង​រដ្ឋ Georgia សហរដ្ឋអាមេរិក បាន​ក្លាយ​ជា​អ្នក​បើក​រថយន្តដឹក​កុងតឺន័រអស់​ពេលជិត​១ឆ្នាំ​ហើយ។ (Matt Haines/វីអូអេ)

ការងារ​នៅ​តាម​ដង​ផ្លូវ​ធំៗ​

លោក​ស្រី​ Vanita Johnson បាន​ឲ្យ​ដឹង​ទៀត​ថា ការរាតត្បាត​ជំងឺកូវីដ១៩ ​បាន​ទាក់​ទាញ​ស្ត្រី​ជា​ច្រើន​ឲ្យ​ចូល​រួមនៅ​ក្នុងឧស្សាហកម្ម​បើក​បរ​រថយន្ត​ដឹក​កុងតឺន័រ​នេះ។​

​លោកស្រី​បានថ្លែង​ថា៖​ «ខ្ញុំ​ធ្លាប់​បម្រើ​ការ​ងារ​នៅ​ក្នុង​វិស័យ​អប់រំអស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ប៉ុន្តែ​តែង​តែ​រំឭក​ចង​ចាំនូវសុបិន​របស់​ខ្ញុំ​កាល​ពី​នៅតូច ចង់ក្លាយជា​អ្នក​បើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ម្នាក់។​ នៅ​ពេល​ដែល​យើង​ផ្លាស់ប្តូរ​មកបង្រៀន​នៅ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ផ្ទះ​វិញ ​ដោយ​សារ​តែ​ជំងឺកូវីដ១៩​នោះ​ នោះ​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ឡើយ។​ ខ្ញុំ​បានលា​ឈប់​ពី​ការ​ងារ​នោះ​ និងបានព្យាយាម​នឹក​គិត​ថា ​តើ​ខ្ញុំ​គួរ​ត្រូវចាប់​យក​ងារងារ​អ្វី​ធ្វើ​បន្ទាប់ពី​នេះ។ ពេលនោះ​ ខ្ញុំក៏​សម្រេច​ចិត្ត​ប្រឡង​យក​ប័ណ្ណបើកបរ​សម្រាប់​រថយន្ត​ដឹក​កុងតឺន័រ​នេះ​តែម្តង»។​

លោក​ស្រី​ Johnson លើក​ឡើង​ទៀត​ថា​ លោក​ស្រី​មាន​ការ​ភ្ញាក់​ផ្អើល​ ដោយ​បាន​ឃើញ​ថា​ អ្នកប្រឡង​ជាប់​ថ្មី​ចំនួន៦​នាក់ ក្នុង​ចំណោម​១០​នាក់​ នៅ​ក្នុង​ថ្នាក់​រៀន​បើក​បរ​របស់​លោកស្រី​ ជា​ស្រ្តី។

លោក​ស្រី​បន្ថែម​ទៀត​ថា​៖ «មាន​ស្ត្រី​ពូកែៗ​ជា​ច្រើន​ដោយ​រួម​ទាំង​ស្រ្តី​មួយ​ចំនួន​ដែល​មាន​អាយុ​ច្រើន​ជាងលោកស្រី​ផង​ដែរ ដែល​កំពុង​បើក​បរ​រថយន្ត​ដឹក​កុងតឺន័រ នៅ​លើ​ផ្លូវ​ធំៗ។ ស្ត្រី​គ្រប់​ប្រភេទ​ ទាំង​អ្នក​ដែល​មាន​មាឌតូច​ មាឌធំ​ អាយុតិច​ ឬ​ច្រើន​ និង​គ្រប់​ពណ៌សម្បុរ​ បាន​ចូល​ប្រឡូក​ក្នុង​ការ​ងារ​នេះ​។ ​វា​បាន​បង្កើត​នូវ​បរិយាកាស​កក់ក្តៅ​ដូច​ជា​បង​ប្អូនស្រី​ក្នុង​គ្រួសារ។​

លោកស្រី​ Voie បាននិយាយ​ថា​ លោកស្រី​បាន​ឃើញអ្នក​បើក​បរ​ថ្មី​ដែល​មាន​ភេទស្រី ជា​ច្រើន​នាក់​ ដូច​លោកស្រី ​Johnson ជា​ដើម​ ដែល​បានស្រឡាញ់​អាជីពថ្មី​របស់​ពួក​គេ។

លោក​ស្រីបន្ថែម​ទៀត​ថា​ «ការ​ងារ​នេះ​ បាន​ផ្តល់​ប្រាក់​កម្រៃ​ខ្ពស់​ដល់​អ្នកបើកបរ ខណៈពេល​ដែល​មនុស្ស​ជា​ច្រើន​ កំពុង​បាត់​បង់​ការងារ​របស់​គេ។​ ម្យ៉ាង​ទៀត​ការងារ​នេះ មាន​លក្ខណៈ​ឯករាជ្យ​ ចំពេល​ដែលមនុស្ស​ជា​ច្រើន​កំពុង​ព្រួយបារម្ភ​ អំពី​ជំងឺរាតត្បាត​កូវីដ១៩​ ហើយ​ជា​ការងារ​ ដែល​ផ្តល់​សេរីភាពដល់​អ្នក​បើកបរ​ ពី​តំបន់​នៃ​ឆ្នេរ​ម្ខាង​ទៅ​ឆ្នេរ​ម្ខាង​ទៀត​នៃ​ទឹកដី​សហរដ្ឋអាមេរិក។​ ពួក​គេ ​អាច​ទៅ​លេង​បងប្អូន​ មិត្តភ័ក្តនៅ​តាមផ្លូវ ដែល​ពួក​គេ​បើក​បរ​នោះ​។ ជា​មួយ​គ្នា​នេះ​ ការងារ​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​មានឱកាស​មើល​ឃើញ ពេល​ព្រះ​អាទិត្យ​រះ ​និង​លិច​ទៅ​វិញ​ ដែល​មនុស្ស​ភាគ​ច្រើន​គ្មាន​ឱកាស​បែប​នេះទេ។ ស្ត្រី​ជា​អ្នក​បើក​បរ​ជា​ច្រើន​ ដែល​ខ្ញុំ​បាន​និយាយ​ជា​មួយ​ បានរក​ឃើញ​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​ការងារ​បើក​បរ​នេះ​ មាន​លក្ខណៈ​ពិសេស​ជា​ប្រវត្តិសាស្ត្រ​នោះ»។

លោកស្រី Kellylynn McLaughlin ជាអ្នក​បើក​រថយន្ត​ដឹក​កុងតឺន័រម្នាក់។

នេះជា​ការងារ​លំបាក​មួយ

ទោះ​ជាមាន​ចំណុចល្អៗ​ជាច្រើន​ក៏ដោយ ក៏​ការ​បើក​បើក​បរ​រថយន្ត​ដឹក​កុងតឺន័រ​នេះ មិនមែន​ជា​ការងាយស្រួល​ទេ។

ការ​បើក​បរ​មាន​រយៈពេល​ច្រើនម៉ោង នៅ​លើ​រថយន្ត​ ហើយត្រូវ​បែក​ពី​ផ្ទះ​សម្បែងក្នុង​រយៈ​ពេល​យូរ​ ត្រូវ​គេង​យប់​ក្នុង​រថយន្ត​ និង​បើក​បរ​លើ​ផ្លូវ​ឆ្លង​ពី​រដ្ឋមួយ​ទៅ​រដ្ឋ​មួយ​ទៀត។ ទាំងនេះ ជា​បញ្ហា​មួយ​ចំនួនដែល​អ្នក​បើក​បរ​រថយន្ត​ដឹក​កុងតឺន័រ ជួប​ប្រទះ។

លោកស្រី ​Kellylynn McLaughlin ដែលជា​អ្នកបើក​បរ​រថយន្ត​ដឹក​កុងតឺន័រ បាន​៧​ឆ្នាំហើយ និងជា​អ្នក​ជួយ​បង្ហាត់​បង្រៀន​អ្នក​បើក​បរ​ថ្មី​ៗ​នោះ​ បាន​និយាយ​ថា៖ «ការ​ងារ​បើក​បរ ជា​ការ​ងារ​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត​មួយ។ អ្នក​បើកបរ​ ត្រូវ​យល់​ដឹង​ខ្ពស់​ពី​ឧបករណ៍របស់​រថយន្ត​ និង​ត្រូវ​រំពៃមើលជាប់​ជានិច្ច​ថា​ នឹង​មាន​អ្វីកើត​ឡើងនៅ​ចំពោះ​មុខ​យើង​ ក្នុង​ពេល​កំពុងបើក​បរ»។

​អ្នក​បើកបរ​ភេទស្រី ក៏​ត្រូវ​បារម្ភផង​ដែរ​អំពី​ការ​ធ្វើទុក្ខ​បុកម្នេញ​នៅ​ក្នុង​ឧស្សាហកម្មដឹក​ជញ្ជូន​ដែល​មាន​អ្នក​បើកបរ​ភេទប្រុស​យ៉ាង​ច្រើន​លើស​លប់​នៅ​ឡើយ​នោះ។​ ​

ការ​ធ្វើ​ទុក្ខបុកម្នេញ​រួមមាន​ស្ថានភាព​មាន​គ្រោះថ្នាក់ និង​ស្ថានភាព​មិន​អំណោយផល​ ក្នុង​អំឡុង​ពេល​នៃ​ការ​បណ្តុះបណ្តាល​ ដែលត្រូវស្ថិត​នៅ​គៀក​ជាមួយ​មនុស្ស​ប្រុស ការធ្វើ​ត្រាប់​លេង​សើច​ និង​ការមើលពីមុខ មើល​ពីក្រោយ នៅ​កន្លែង​ដាក់​ទំនិញ​ចុះ នៅ​ពេល​ថ្ងៃ​ ឬ​នៅ​កន្លែង​ចត​រថយន្ត​នៅ​ពេល​យប់​ជា​ដើម។​

លោក​ស្រី McLaughlin នៅ​ចាំបាន​ថា​ «​ក្នុង​ការ​បើក​បរ​រយៈពេល​៣​ខែ​ដំបូង​ ខ្ញុំ​បាន​រៀប​ចំ​ការ​បើកបរ​របស់​ខ្ញុំ ដើម្បីមិន​ចាំបាច់​ត្រូវចូល​កន្លែង​ឈប់​សម្រាក​នៅ​ពេល​យប់។ ខ្ញុំ​មាន​សក់​វែង​ ព័ណ៌​ទង់ដែង ដូច្នេះ​គេមើលមក​ដឹង​ថា​ ខ្ញុំ​ជា​ស្ត្រី​ភ្លាម នៅ​ពេល​ដែល​ខ្ញុំ​បើក​រថយន្ត​ចូលកន្លែង​សម្រាក​នោះ។​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​កំពុង​បើក​បរ​រថយន្ត​ ដោយ​ឆ្លង​កាត់អ្នកបើកបរ​ជា​មនុស្ស​ប្រុស​ជា​ច្រើន​នាក់ ដែល​កំពុងសម្លឹង​ចាំ​ចាប់​កំហុសខ្ញុំ។ ដូច្នេះ ខ្ញុំ​សុខចិត្ត​ស្រូត​ពី​ព្រលឹម​ដើម្បី​មិនបាច់​ខ្វល់​អំពី​រឿងនេះ»។

នេះ ជា​ការ​ងារ​ដែល​លើក​ទឹក​ចិត្ត​មួយ

ប៉ុន្តែ​លោក​ស្រី ​McLaughlin បាន​និយាយ​ថា ​នៅ​ពេល​ដែល​ជំនាញ​របស់លោកស្រី​ មាន​ភាព​កាន់​តែ​ប្រសើរឡើង លោក​ស្រីកាន់​តែ​មាន​ជំនឿ​ជឿ​ជាក់​ទៅ​លើ​ការ​ងារនេះ។

លោកស្រី​បាន​និយាយ​បន្ថែម​ទៀត​ដោយ​ញញឹម​ថា៖ «អ្នក​ដឹង​ទេ ឥឡូវនេះ​ខ្ញុំអត់ខ្លាចទេ ឲ្យ​ពួកគេ​មើល​ចុះ​ ព្រោះខ្ញុំ​ពូកែ​ណាស់។ ខ្ញុំ​នៅ​ចង​ចាំ​ថា​ ថ្ងៃមួយ​ពេល​ដែល​ខ្ញុំ​ចូល​ចត​នៅ​កន្លែង​ដាក់​ទំនិញ​ចុះ ខ្ញុំឮ​សំឡេង​មនុស្ស​ម្នាក់ស្រែក​ថា អ្នកបើក​បរ ​គឺ​ជា​ស្ត្រី​។ អ្នក​បើកបរ​ប្រុសៗ​ទាំងអស់​ បាន​នាំគ្នា​ចេញ​មក​ក្រពាត់​ដៃ​ឈរមើល​ខ្ញុំថយ​រថយន្ត។ ខ្ញុំធ្វើបាន​ល្អឥតខ្ចោះ។ បេះដូង​ខ្ញុំ​សឹង​តែ​លោត​ចេញ​ពី​ដើម​ទ្រូង​នៅ​ពេលនោះ​ ប៉ុន្តែ​ខ្ញុំ​បាន​បញ្ជា​រថយន្ត​របស់​ខ្ញុំ​បាន​យ៉ាង​ល្អ​ ហើយ​ពួក​គេបាន​ទទួល​ស្គាល់​នូវ​ស្នាដៃ​បើក​បរ​ដ៏​ល្អ​របស់​ខ្ញុំ។

លោក​ស្រី Voie បាន​កត់សម្គាល់​ថា ការ​ស្រាវជ្រាវ​បានបង្ហាញ​កាន់​តែ​ច្រើន​ឡើង​ថា​ ក្រុម​ហ៊ុន​បើក​បរ ​មាន​ផល​ប្រយោជន៍ច្រើន​ក្នុង​ការ​ជួលអ្នក​បើក​បរ​ភេទ​ស្រី។

លោក​ស្រី និយាយថា វិទ្យាស្ថាន​ស្រាវជ្រាវ​អំពី​វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​អាមេរិក​ បាន​ឲ្យ​ដឹង​ថា ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ភេទប្រុស ទំនង​មាន​គ្រោះ​ថ្នាក់​បុកគ្នា​ច្រើន​ជាង​ស្រី្ត ចំនួន​២០​ភាគរយ។ ទិន្នន័យ​នេះ​ បង្ហាញ​ថា​ អ្នក​បើកបរ​ភេទស្រី មាន​គ្រោះ​ថ្នាក់​តិច​ជាង​អ្នកបើកបរ​ភេទប្រុស ហើយ​បើ​ទោះ​បី​ជាគេ ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្តី​ ក៏​អត្រា​នៃ​ការបាត់​បង់​ជីវិត​ មាន​កម្រិត​ទាប​ជាងបុរស​ ដោយ​សារតែ​អ្នកបើកបរ​ភេទស្រី បើក​បរ​ក្នុង​ល្បឿន​យឺត​ជាង​បុរស និង​ការ​ខូច​ខាត​សំភារៈ​ក៏តិចតួច​ជាង​បុរស​ផង​ដែរ។

លោក​ស្រី Voie និយាយ​ថា​ លោក​ស្រី​បាន​ឮ​នូវ​សេចក្តី​រាយការណ៍​ជា​ច្រើន​នៅ​ក្នុង​មុខរបរ​បើកបរ​រថយន្ត​ដឹក​កុងតឺន័រ ដែល​ថា​ ស្ត្រី​ផ្តល់សេវា​ដល់​អតិថិនជន​បាន​ល្អប្រសើរ​ជាង និងថែរក្សា​ឧបករណ៍​រថយន្ត​បាន​ល្អប្រសើរ​ជាង​បុរស​ផង​ដែរ។

ប៉ុន្តែ​លោកស្រី​ Johnson បាន​និយាយ​ថា​ ក្នុង​ឆ្នាំ​ដំបូង​នៃការ​ងារ​បើកបរ​ថយន្ត​ដឹក​កុងតឺន័រ បើ​ទោះ​បី​លោក​ស្រី ត្រូវ​ប្រឈម​នឹង​ស្ថានភាព​លំបាក​ជា​មួយ​ក្រុម​អ្នក​បើកបរ​ភេទប្រុស​ក្តី ក៏​លោកស្រី​មិន​មើល​ឃើញ​ថា ទំនាក់​ទំនង​រវាងអ្នក​បើក​បរ​ជា​ស្ត្រី​និង​បុរស​ ​មាន​លក្ខណៈ​ជា​សត្រូវ​នោះ​ទេ។​

លោក​ស្រី​បន្ថែម​ទៀត​ថា​៖ «មិនមែន​អ្នក​បើកបរ​ភេទប្រុស​ទាំង​អស់​ សុទ្ធតែ​អាក្រក់​នោះ​ទេ។​ មាន​អ្នកបើកបរ​ភេទប្រុស​ជាច្រើន ដែលមាន​ចិត្តល្អ និង​ចង់​ឃើញ​អ្នកបើកបរ​ភេទស្រី ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ងារ​នេះ​ ហើយ​ចាត់​ទុក​ស្ត្រី​ជា​សហការី​រួម​អាជីព​របស់​គេ​ផង​ដែរ។ បទ​ពិសោធ​បើកបរ​របស់​ខ្ញុំ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង។​ ខ្ញុំ​បាន​ជួប​មនុស្ស​ល្អ​ជា​ច្រើន​នាក់​ ឃើញ​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ប្រទេស​យើង​ ហើយ​ជួយ​មនុស្ស​ឲ្យ​ទទួល​បាន​នូវ​ទំនិញ​ដែល​គេចង់​បាន​ នៅ​ក្នុង​អំឡុង​ពេល​ដែល​សហរដ្ឋអាមេរិក កំពុង​ជូបប្រទះនឹង​ការ​លំបាក។ ខ្ញុំសប្បាយ​ចិត្ត​ខ្លាំងណាស់​ដែល​បាន​ក្លាយ​ជា​អ្នក​បើក​បរ​រថយន្ត​ដឹក​កុងតឺន័រម្នាក់»៕