ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កើនឡើង​បន្តិច​ម្តងៗ​នៅ​ទូទាំង​ពិភពលោក

រូបឯកសារ៖ ស្ត្រី​ជា​សកម្មជន​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុងពេល​ដែល​ពួកគេ​ដើរ​ដង្ហែ​ក្បួន​ដើម្បី​ប្រារព្ធ​សិទ្ធិ​នារី នៅ​ក្រុង Amritsar ប្រទេស​ឥណ្ឌា ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

សហភាព​អន្តរ​សភា(IPU) និង​អង្គការ​សហប្រជាជាតិ​បាន​និយាយ​កាល​ពី​ពាក់កណ្តាល​ខែ​មីនាថា ​ស្ត្រី​កាន់​តែ​ច្រើន​បន្តចូល​រួម​ក្នុង​វិស័យ​នយោបាយ​និង​រដ្ឋាភិបាល​ក្នុង​តំណែង​ខ្ពស់​បំផុត​ ប៉ុន្តែ​បញ្ហា​វិសមភាព​យេនឌ័រ​នៅ​តែ​រីករាលដាល​ទ្រង់ទ្រាយ​ធំ​នៅទូទាំង​សាកល​លោក​ក្នុង​ជួរ​រដ្ឋាភិបាល​និង​សភា​។

​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្តី​ពី​ស្ត្រី​ក្នុង​រដ្ឋ​សភា​ សហភាព​អន្តរ​សភា(IPU)​បាន​រក​ឃើញ​ថា​ត្រឹម​ថ្ងៃទី​០១ មករា ឆ្នាំ២០២១ ស្ត្រី​មាន​ចំណែក​២៥.៥ភាគរយនៅ​ក្នុង​សភា​ជាតិ​ទូទាំង​សាកល​លោក ដែល​ប្រសើរ​ជាង​ភាគ​រយ​កាលពី​ឆ្នាំ​មុន​គឺ​ត្រឹម​តែ​២៤.៩ភាគរយ។

អគ្គលេខាធិការ​សហភាព​អន្តរ​សភា(IPU) លោក Martin Chungong ​បាន​និយាយ​អំឡុង​ការ​ចេញ​ផ្សាយ​របាយការណ៍​ថា៖ «នៅពេល​ដែល​យើង​ពិចារណា​អំពី​៧០ភាគ​រយ​នៃ​បុគ្គលិក​ជួរមុខ​នៃ​ជំងឺរាតត្បាត​កូវីដ ​ដូចជា​បុគ្គលិកថែទាំសុខភាព ​អ្នក​ធ្វើការ​ផ្នែក​សេវាកម្ម​គឺ​ជា​ស្ត្រី តួ​លេខ​តំណាង​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ​គឺ​ពិត​ជា​ខុស​ពី​ការពិត»។​

ចំនួន​ស្ត្រី​កាន់កាប់​តួនាទី​ខ្ពស់ៗ ដូចជា​តំណែង​ប្រធានាធិបតី​ឬ​នាយក​រដ្ឋមន្ត្រី​ កើនឡើង​ពី​ ២ ទៅ២២​នាក់។ ជាងពាក់​កណ្តាលនៃ​ប្រទេស​ដែល​ដឹក​នាំ​ដោយស្ត្រី​គឺ​នៅ​ក្នុង​អឺរ៉ុប។

ប៉ុន្តែ​ចំនួន​ប្រទេស​ដែល​មាន​ស្ត្រីជាង​ពាក់កណ្តាល​កាន់តួនាទី​រដ្ឋ​មន្ត្រី​ពាក់កណ្តាល​ឬ​ច្រើន​ជាង​នេះ​បាន​ធ្លាក់​ចុះ​ពី​១៤​មក​១៣​ប្រទេស។ ប្រទេស​ចំនួន​១២​ដូចជា​ប្រទេស​អាម៉ានី អាស៊ែ​បៃហ្សង់ ព្រុយណេ កូរ៉េ​ខាង​ជើង ប៉ាពួ​ញូ​ហ្គី​ណេ​ សាំងវ៉ាំងសង់​ និង​ហ្គ្រី​ណា​ឌីន​ អារ៉ាប៊ី​សាអូឌីត ថៃ​ ទូវ៉ាលូ វ៉ានូទូ វៀតណាម​ និង​យេម៉ែន មិន​មាន​ស្ត្រី​ក្នុង​តួនាទី​រដ្ឋ​មន្ត្រី​សោះ។​

នាយិកា​ប្រតិបត្តិ​នៃអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ស្ត្រី​អ្នកស្រី Phumzile Mlambo-Ngcukaបាន​និយាយ​ថា៖ «វា​មាន​សារៈសំខាន់ក្នុង​ការ​ឲ្យ​ស្ត្រី​មាន​តួនាទី​ក្នុង​គណៈរដ្ឋ​មន្ត្រី​ដោយសារ​តែ​វា​ជា​ស្ថាប័ន​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ​បំផុត​ក្នុង​ជួរ​រដ្ឋាភិបាល​នានា។»​

រូបឯកសារ៖ ស្ត្រី​ឥណ្ឌា​ជួបជុំ​គ្នា​សាទរ​ជ័យជម្នះ​របស់​អ្នកស្រី Kamala Harris ដែល​មាន​ដើម​កំណើត​ឥណ្ឌា ក្លាយ​ជា​អនុប្រធានាធិបតី​ស្រី​ដំបូង​បង្អស់​របស់​សហរដ្ឋ​អាមេរិក រដ្ឋ Tamil Nadu ប្រទេស​ឥណ្ឌា ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ទ្វីប​អាមេរិក​ទាំងពីរ


នាយក​សហភាព​អន្តរ​សភា(IPU) លោកChungong ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រើ​វិធីសាស្ត្រ​ដូចជា​កូតា​បណ្តោះ​អាសន្ន ដើម្បី«ឲ្យ​មានភាព​យុត្តិធម៌​សម្រាប់​គ្រប់គ្នា» និង​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន​ក្នុង​ការ​ចូល​រួម​របស់​ស្ត្រី​និង​ការ​តំណាង​ក្នុង​វិស័យ​នយោបាយ។

​លោក​បាន​លើក​ពី​ប្រទេស​នីការ៉ាហ្គា​ដែល​បាន​នាំ​មុខ​គេ​ក្នុង​សាកល​លោក​ទាំង​តំណែង​ស្ត្រី​ជា​រដ្ឋ​មន្ត្រី​ ក្នុង​ចំណាត់​ថ្នាក់​ទី​១​និង​ចំណាត់​ថ្នាក់ទី​៤​គឺ​ក្នុង​រដ្ឋសភា ជា​ប្រទេស​តំណាងស្ត្រី​ល្អ​ខ្លាំង​ទូទាំង​ទ្វីប​អាមេរិក​ទាំងពីរ​រួម​មាន​អាហ្សង់ទីន បូលីវី ប្រេស៊ីល កូស្តារីកា និង​ម៉ិកស៊ិក។

លោក Chungong បាន​និយាយ​ថា៖ «នៅពេល​ដែល​យើង​មើល​ការ​តំណាង​របស់​ពួកគាត់​ក្នុង​សភា ប្រទេស​នៅទ្វីប​អាមេរិក​ទាំងពីរ​គឺ​ទី​មួយ​ដោយ​សារ​យើង​បាន​ចាត់​វិធានការ​រឹងមាំដើម្បី​ធានា​ថា​មាន​ស្ត្រី​គ្រប់ជាន់​ថ្នាក់​ក្នុង​វិស័យ​នយោបាយ។ នៅពេល​ដែល​អ្នក​មាន​ឆន្ទៈ​នយោបាយ​ខ្លាំង នៅពេល​ដែល​ឆន្ទៈ​នោះ​ត្រូវបាន​ប្រែសម្រួល​ទៅ​ជា​ច្បាប់ គោល​នយោបាយ ការ​តស៊ូ​មតិ​ខ្លាំង ក្នុង​គណបក្ស​នយោបាយ វា​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ហើយ​យើង​ពិត​ជាមើល​ឃើញ​ដូច្នោះ​មែន»។​

នៅទ្វីប​អាមេរិក​ខាង​ជើង​ រដ្ឋបាល​របស់​ប្រធានាធិបតី​ Joe Biden បាន​ធ្វើ​ឲ្យ​ភាគ​រយ​ស្ត្រី​ធ្វើការ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​កើន​ឡើង​ទ្វេ​ដង​លើស​ពី​អតីត​ប្រធានាធិបតី។

លោក Chungong ​បាន​និយាយ​ថា៖ «គណៈ​រដ្ឋ​មន្ត្រី​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កំពុង​ក្លាយជា​កន្លែង​មាន​សមភាព​យេនឌ័រ​ខ្លាំងបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ។ ស្ត្រី​ដែល​កាន់​កាប់​តំណែង​រដ្ឋ​មន្ត្រី​កើនឡើង​ពី​១៧ភាគរយ​ក្នុង​ឆ្នាំ​២០២០ ដល់​៤៦ភាគរយ​ក្នុង​ឆ្នាំ​២០២១»។

វា​រួម​មាន​ដូចជា​អនុប្រធានាធិបតី​ជាប់​ឆ្នោត​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​គឺ​អ្នក​ស្រី Kamala Harris និង​ស្ត្រី​នានា​ដែល​កាន់តំណែង​សន្តិសុខ​ជាតិ​ជាន់ខ្ពស់​និង​គ្រប់គ្រង​ទីភ្នាក់ងារ​សំខាន់ៗ​ រួម​មាន​ ក្រសួង​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម​និង​ថាមពល។ ការ​មាន​គម្រូ​ស្ត្រី​ពូកែៗ​គឺ​សំខាន់​សម្រាប់​ស្ត្រី​គ្រប់វ័យ​ទាំង​អស់។

លោក Chungong បាន​កត់​សម្គាល់​ថា​ការ​តំណាង​របស់​ស្ត្រី​ក្នុង​សភា​បាន​កើន​ឡើង​នៅ​ប្រទេស​ហ្សាម៉ាអ៊ីក​ដែលជាប្រទេស​កំណើត​របស់​ឪពុក​របស់អ្នក​ស្រី Kamala Harris​ បន្ទាប់​ពី​អ្នក​ស្រី​បានឡើង​តំណែង។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ស្ត្រី​ជនជាតិ​ហ្សាម៉ាអ៊ីក​បាន​គោរព​អ្នក​ស្រី Kamala Harrisជា​ស្ត្រី​គំរូ​ម្នាក់​ហើយធ្វើឲ្យ​ពួកគេមានកម្លាំង​ចិត្ត​ចូល​រួម​ក្នុង​នយោបាយ។ សង្គម​ក្នុង​ប្រទេស​ហ្សាម៉ាអ៊ីក​បាន​និយាយ​ថា ប្រាកដ​ណាស់ បើសិន​ជា​យើង​អាច​មាន​ស្ត្រី​ក្នុង​តំណែង​ខ្ពស់​មួយ​នៅ​ក្នុង​ប្រទេស​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ហេតុ​អ្វី​បាន​ជា​យើង​មិន​ផ្តល់​ឱកាស​ដល់​ស្ត្រី​របស់​យើង»?

ក្នុង​អនុតំបន់​សាហារ៉ា​នៅ​អាហ្វ្រិក ប្រទេស​ណាមីប៊ី មាន​ការ​វិវឌ្ឍ​ខ្លាំង​ជាង​គេក្នុង​ប៉ុន្មានឆ្នាំ​កន្លងទៅ ដោយ​បាន​បង្កើន​ភាគ​រយស្ត្រី​ជា​រដ្ឋ​មន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់​ខ្លួន​ពី​១៥ភាគ​រយ​រហូត​ដល់​៣៩ភាគរយ។​ ប្រទេស​រវ៉ាន់ដា​នៅ​តែ​នាំ​មុខ​គេ​ក្នុង​តំបន់ ជាមួយ​នឹង​ភាគ​រយ​ស្ត្រី​ធ្វើការ​ជា​រដ្ឋ​មន្ត្រី​នៅ​ក្នុង​សភា​ខ្ពស់​បំផុត។​

នៅ​តំបន់អាស៊ី ក្នុង​ចំណោម​សមាជិក​ជិត​៣០០០​នាក់​ក្នុង​សមាជ​ប្រជាជនចិន ជិត​២៥ភាគរយ​គឺ​ស្ត្រី។ ប្រទេស​ម៉ុងហ្គោលី​មាន​កំណើន​ខ្ពស់​បំផុត​នៃ​តំណែង​រដ្ឋ​មន្ត្រី​ជា​ស្ត្រី​ ​ក្នុង​តំបន់​នេះ ដែល​បាន​កើន​ពី​៦,៧ភាគរយ​មក​ដល់​១៨,៨ភាគរយ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ​ ម្លិះ​