ការកត់សំគាល់ទូទៅបង្ហាញថា ស្រ្ដីកម្ពុជាមិនមានចំណូលចិត្តក្នុងការចូលរួមលេងកីឡាសម្រាប់ ការប្រកួតដណ្ដើមពានរង្វាន់នោះទេ។ នៅក្នុងចំណោមកីឡាករជម្រើសជាតិសរុបជាង ២០០ នាក់ នៅក្នុងប្រទេសកម្ពុជា មានកីឡាការីនីត្រឹមតែ ៥០នាក់ប៉ុណ្ណោះ។
នៅលើផ្ទៃដីដែលរាយប៉ាយដោយគ្រប់គ្រោះតូចៗនៃបរិវេណភាគខាងត្បូងរបស់ពហុកីឡាដ្ឋានជាតិអូឡាំពិកក្រុងភ្នំពេញ ដែលព័ទ្ធជុំវិញដោយផ្ទះល្វែង និងសំណង់ផ្សារទំនើប កញ្ញាឌុច សោភណ្ឌ័ និយាយបណ្ដើរ សម្លឹងមើលកូនក្រុមនៃកីឡាជម្រើសជាតិផ្នែកប៉េតង់បណ្ដើរ។
កីឡាប៉េតង់ត្រូវគេស្គាល់ម្យ៉ាងទៀតថា ជាកីឡាវាយប៊ូល។
កូនក្រុមរបស់កញ្ញា ឌុច សោភណ្ឌ័ ដែលមានសមាជិកចំនួន ១១ នាក់សុទ្ធសឹងជាស្ដ្រី កំពុងតែបោះ គ្រាប់ប៊ូល ធ្វើអំពីដែកប៉ុនមួយក្ដាប់ដៃ ម្ដងមួយៗសំដៅទៅរកគោលដៅ។ កីឡាការីនីទាំងនេះកំពុងហាត់សមត្រៀមទៅប្រកួតកីឡាប៉េតង់ជាលក្ខណៈមិត្តភាពនៅប្រទេសវៀតណាម នៅខែកញ្ញានេះ ព្រមទាំងហាត់សម ដើម្បីបង្កើនសមត្ថភាពសម្រាប់ការប្រកួតដណ្ដើមពានរង្វាន់កីឡាប៉េតង់ប្រចាំទ្វីបអាស៊ី នៅប្រទេសឡាវ នៅខែធ្នូខាងមុខនេះ។
កញ្ញា ឌុច សោភណ្ឌ័ និយាយថា ពួកនាងកំពុងតែប្រឹងប្រែងសម្រាប់ដណ្ដើមជ័យជំនះពីការប្រកួតទាំងនេះ ជាពិសេសការប្រកួតដ៏មានសារៈសំខាន់សម្រាប់ការដណ្ដើមពានរង្វាន់ប្រចាំទ្វីបអាស៊ី។
«ទាំងអស់គ្នា គឺខំប្រឹងប្រែងទាំងអស់គ្នាពីព្រោះថា ក្នុងខែ ១២ ហ្នឹងមានកាប្រកួតដណ្ដើមពានរង្វាន់ អាស៊ីមួយទៀត គឺការប្រកួតប្រចាំឆ្នាំ»។
ជារៀងរាល់ការប្រកួតនៅលើឆាកអន្ដរជាតិ កីឡាប៉េតង់កម្ពុជាតែងតែដណ្ដើមយកជ័យជំនះគឺដណ្ដើម បានមេដៃមាសស្ទើរគ្រប់ការប្រកួត។ កីឡាការីនីកម្ពុជា ត្រូវបានកត់សំគាល់ថាជាអ្នកបានចូលរួមវិភាគ ទានជាចាំបាច់ក្នុងការដណ្ដើមជ័យជំនះនេះ។ ក៏ប៉ុន្ដែគួរឲ្យស្ដាយ ស្ដ្រីកម្ពុជាដែលចូលប្រឡូកនៅក្នុងវិស័យកីឡានៅមានចំនួនតិចតួចនៅឡើយ។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កីឡាករជម្រើសជាតិសរុបនៅទូទាំងប្រទេសកម្ពុជា មានចំនួន ២៥៩នាក់ នៅក្នុងចំណោមវិញ្ញាសាកីឡាសរុបចំនួន ២០ប្រភេទ។ នៅក្នុងនោះកីឡាការីនីមានចំនួនត្រឹមតែ ៥៤ នាក់តែប៉ុណ្ណោះ។ កីឡាការីនីក្នុងវិញ្ញាសា សីប៉ាក់តាក្រ មានចំនួនច្រើនជាងគេ គឺមានចំនួន ៩ នាក់ក្នុងចំណោមកីឡាករសរុបចំនួន ១៤ នាក់ និងកីឡាប៉េតង់ ដែលបានស្រូបយកស្រ្ដីចំនួន ១១ នាក់ ក្នុងចំណោមកីឡាករសរុបចំនួន២២ នាក់។ ដោយឡែកនៅក្នុងវិញ្ញាសាកីឡាមួយចំនួនទៀតដូចជា ក្នុងកីឡាប្រដាល់ បាល់ទះ បាល់ទាត់ វាយសី ប្រណាំងទោចក្រយានយន្ត បាញ់ធ្នូ មិនមានការចូលរួមពីស្ដ្រីទាល់តែសោះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាការជាតិអូឡាំពិក មានប្រសាសន៍ថា ស្ដ្រីខ្មែរមានការខ្មាស់អៀនច្រើន ដែលជម្រុញឲ្យពួកនាងមានទស្សនៈអវិជ្ជមានក្នុងការចូលរួមក្នុងវិស័យកីឡា។
«យល់ថា ចូលកីឡាទៅអត់ប្រយោជន៍ ហើយហាត់យូរទៅមានសាច់ដុំធំ មានការខ្មាស់អៀន និងមិនចង់ហាត់ទៀត»។
កីឡាការីនី ដែលទទួលបានមេដាយមាសដំបូងគេលើវិញ្ញាសាចំបាប់សម្រាប់ប្រទេសកម្ពុជាក្រោយពីរបបខ្មែរក្រហមបានដួលរលំទៅ គឺកញ្ញា ចូវ សុធារ៉ា ខណៈដែលកីឡាករចំណានៗរបស់កម្ពុជា ផ្នែកបោកចំបាប់នេះមិនទាន់សម្រេចជោគជ័យនេះបាននៅឡើយ។
នាងបានទទួលជ័យជំនះលើគូប្រកួតមកពីប្រទេសឡាវ លើវិញ្ញាសាចំបាប់នៅឆ្នាំ២០០៩ ក្នុងឱកាសនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា SEA Game។ សុធារ៉ា មានមាឌមាំ ទាប និងមានសាច់ដុំណែន។ ដំបូងឡើយ នាងបានចាប់ផ្តើមហាត់កីឡាយូដូចាប់តាំងពីឆ្នាំ១៩៩៧នៅអាយុ ១៤ឆ្នាំ ដោយ សារទឹកចិត្តស្នេហាវិស័យកីឡារបស់នាង។ ប្រាំមួយឆ្នាំក្រោយ នាងងាកទៅហ្វឹកហាត់កីឡាបោកចំបាប់វិញម្ដង។ កីឡាបោកចំបាប់ គឺជាកីឡាដែលបាននាំជ័យលាភីសម្រាប់រូបនាង។ រហូតមកទល់ពេលនេះ កញ្ញា ចូវ សុធារ៉ា ទទួលបានមេដាយសរុបចំនួន៣ គឺមេដាយសំរិទ្ធចំនួនពីរពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០០៣ និងឆ្នាំ ២០០៥ និងមេដាយមាសនៅកីឡាអាស៊ីអាគ្នេយ៍២០០៩។
សុធារ៉ា ក៏យល់ដូចលោក វ៉ាត់ ចំរើនដែរ ថាភាពខ្មាស់អៀនបានធ្វើឲ្យស្ដ្រីខ្មែររួញរាក្នុងការចូលរួមក្នុងសកម្មភាពកីឡាសម្រាប់ការប្រកួតយកពានរង្វាន់ គឺមិនដូចជាស្រ្តីបរទេសនោះទេ។
«ស្រីស្រុកគេលេងកីឡាច្រើនណាស់ ខុសពីស្រុកខ្មែរយើង មានស្រ្តីចូលរួមលេងក្នុងសកម្មភាពកីឡាតិចទាល់តែមែនទែន ដោយសារស្រ្តីនៅស្រុកខ្មែរយើងមានការខ្មាស់អៀនច្រើន»។
ការយល់ឃើញខាងលើនេះពិតជាមាននៅក្នុងផ្នត់គំនិតរបស់ស្រ្ដីខ្មែរមួយចំនួនមែន។ យ៉ាងណាមិញ អ្នកស្រី លី គឹមណៃ អ្នកលក់ទឹកអំពៅនៅក្នុងបិរវេណពហុកីឡាដ្ឋានជាតិអូឡាំពិក បានរៀបរាប់បណ្តើរ ហើយកៀបអំពៅយកទឹកជូនភ្ញៀវបណ្តើរ។ អ្នកស្រី គឹមណៃ មានប្រសាសន៍ថា កីឡាមួយចំនួនមិនសមរម្យសម្រាប់ស្រ្ដីលេងនោះទេ ដោយសារតែកីឡាទាំងនោះត្រូវប្រើកម្លាំងកាយខ្លាំងពេក និងប្រើនូវកាយវិការ ហើយអាចជាកាយវិការខុសឆ្គងសម្រាប់ស្រ្ដីផងដែរ។
«យើងជាស្រីមិនត្រូវហក់លោតខ្លាំងពេកទេ កុំឲ្យយើងហក់លោតដូចតៃក្វាន់ដូរ កាយវិការឆ្គាំឆ្គងខ្លាំងណាស់ ជាពិសេសបាល់បោះ បាល់ទះខ្លាំងណាស់ តែកីឡាប៉េតង់មិនអឺទេ»។
ប្រទេសកម្ពុជាមានលទ្ធភាពបញ្ជូនកីឡាកររបស់ខ្លួនទៅប្រកួតត្រឹមតែក្នុងក្របខណ្ឌ័តំបន់ទេ នាពេលបច្ចុប្បន្ននេះ ដោយសារតែកង្វះថវិកា ព្រមទាំងកង្វះសមត្ថភាពពេញលេញរបស់កីឡាករផងដែរ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កីឡាការិនីដែលត្រូវជ្រើសរើសយកទៅចូលរួមប្រកួតនៅក្នុងការប្រកួតជាលក្ខណះអន្តរជាតិធំៗ មានត្រឹមតែមួយភាគបី នៃកីឡាករសរុប តែប៉ុណ្ណោះ។
ប៉ុន្តែលោក វ៉ាត ចំរើន អគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិច បានឲ្យដឹងថា ស្រ្តីតែងតែនាំមុខកីឡាករក្នុងការប្រមូលនូវជោគជ័យ បើធៀបទៅនឹងចំនួនស្រ្ដីនិងបុរសដែលបានចូលរួមក្នុងការប្រកួត។
«តែអ្វីដែលសំខាន់នៅក្នុងការប្រកួត SEA Game លើកទី២៥ នៅប្រទេសឡាវឆ្នាំ២០០៩នោះ ឃើញថាស្រ្តីទទួលបានជោគជ័យច្រើនជាងបុរស ការចូលរួមរបស់ស្រ្តីមានការតិចជាងបុរសមែន ប៉ុន្តែដល់លទ្ធផលចេញមក គឺស្រ្តីល្អជាង គឺស្រ្តីទទួលបានរហូតដល់មេដាយមាស»។
ដោយមើលឃើញផលប្រយោជន៍នេះ ក្រសួងអប់រំ យុវជន និងកីឡា ជម្រុញឲ្យមានការចូលរួមលេងកីឡាក្នុងស្រទាប់យុវតីនៅតាមគ្រឹះស្ថានអប់រំ កាន់តែច្រើនថែមទៀត ដើម្បីបំផុសស្មារតីស្នេហាវិស័យកីឡា។
លោក ឡាក់ សំអាត អគ្គនាយកនៃនាយកដ្ឋានយុវជននិងកីឡា មានប្រសាសន៍ថា សិស្សនារីត្រូវបានលើកទឹកចិត្តឲ្យចូលរួមលេងកីឡាច្រើន ដោយបង្កើតឲ្យមានការប្រកួតនានា នៅក្នុងសាលា។
«ចំពោះវិស័យកីឡា យើងខំធ្វើយ៉ាងឲ្យមានសមធម៌យេនឌ័រនេះ ជាពិសេសយើងបានបង្កើតឲ្យមានក្រុមបាល់ទាត់ បាល់ទះ សម្រាប់នារី ឲ្យនារីបានចូលរួមលេងបាន ហើយនៅតាមសាលាមធ្យមសិក្សាបឋមសិក្សា កុមារាកុមារីរហូតដល់យុវជនយុវនារីក៏ត្រូវលេងកីឡានៅដូចគ្នា»។
កញ្ញា រដ្ឋ ចិន្តា អាយុ១៩ឆ្នាំ ជាសិស្សរៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាយល់ថា ការចូលរួមកាន់តែច្រើនរបស់នារី នឹងជួយជម្រុញវិស័យនេះ ឲ្យបានរីកលូតលាស់ជាបន្ថែមទៀត។
«វាកម្រឃើញស្រ្តីលេងកីឡា តែបើស្រ្តីមួយចំនួនតូចលេងកីឡា វាបង្កឲ្យស្រ្តីផ្សេងទៀតចាប់អារម្មណ៍ហើយអាចធ្វើឲ្យគេទទួលស្គាល់ស្រ្តីមានសមត្ថភាពលេងកីឡាដូចបុរស ហើយពេលនោះវិស័យកីឡា ក៏មានភាពរីកចំរើន ធ្វើឲ្យស្រ្តី មិនចូលចិត្តកីឡាបែរមកមានចំណាប់អារម្មណ៍លើកីឡាដោយមិនមាន ភាពអឿនខ្មាស់ដូចមុន»។
កញ្ញា សុខ ភារី អាយុ១៨ឆ្នាំបាននិយាយថា នារីគួរតែធ្វើសម្មកភាពកីឡា ដើម្បីឲ្យស្រ្តីខ្មែរក៏មានសមត្ថភាពដូចនារីនៅប្រទេសដទៃ។
«យើងឃើញថានារីទន់ភ្លន់សុភាពរាបសារ តែនារីក៏អាចមានសមត្ថភាពដូចបុរសដែរ ហើយបើសិនស្រ្តីគិតថាខ្លួនឯងអាចលេងកីឡា ដើម្បីប្រទេសជាតិ និយាយទៅគួរតែលេងកីឡាទៅវាល្អប្រសើរ ហើយលេងឲ្យពូកែ យើងអាចមានកេរ្កិ៍ដណ្តើមពានរង្វាន់ជូនប្រទេសជាតិនោះរឹតតែអស្ចារ្យហើយអាចបញ្ជាក់ថា ស្រ្តីខ្មែរយើងក៏មានសមត្ថភាពដូចស្រ្តីផ្សេងទៀតនៅលើពិភពលោកដែលគេមានសមត្ថភាពអាចចូលរួមលេងកីឡាដូចបុរសដែរ»។
ទោះជាយ៉ាងណា ដោយសារតែនៅក្នុងផ្នត់គំនិតរបស់គ្រួសារខ្មែរភាគច្រើនដែលមិនសូវបណ្ដោយឱកាសដល់កូនស្រី អាចនៅតែជាឧបសគ្គមួយចំណែកដែរក្នុងការចូលរួមរបស់ស្ដ្រីកម្ពុជាក្នុងវិស័យកីឡាសម្រាប់ការប្រកួតយកពានរង្វាន់នោះ ក្នុងពេលនេះ ស្ដ្រីកម្ពុជាមានភាពផុលផុសក្នុងវិស័យកីឡាត្រឹមតែក្នុងមជ្ឈដ្ឋានសាលារៀនតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែនៅពេលដែលពួកគេឈានដល់ការសិក្សាថ្នាក់ឧត្តមសិក្សា ឬពួកគេឈប់ពីការសិក្សា ពួកគេកាន់តែឃ្លាតឆ្ងាយពីកីឡា ឬក៏បោះបង់ការនិយមកីឡាចោលតែម្ដង៕