ស្រ្តីក្នុងប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជារងគ្រោះខ្លាំងដោយការកើនឡើងកម្តៅផែនដី

រូបឯកសារ៖ ស្រ្តី​ម្នាក់​ដឹក​គោ​របស់​គាត់​ឲ្យ​ស៊ី​ស្មៅ​នៅ​វាល​លំហ​មួយ​នៅ​ភូមិ​អំពិល​ផ្អែម ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​១៣​ ខែ​ឧសភា​ ឆ្នាំ២០១៦។​

ក្រុម​អ្នកជំនាញលើកឡើង​រួម​គ្នាថា ​ស្រ្តី​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​និង​កំពុង​អភិវឌ្ឍន៍​ដែល​ងាយ​រង​គ្រោះ​ ​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារការ​កើនឡើង​កម្តៅ​ផែនដី​ដែលបណ្តាល​មក​ពីការ​ប្រែប្រួល​អាកាស​ធាតុ ហើយពួកគេ​បាន​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ជា​បន្ទាន់។

ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​ ដែល​រៀប​ចំដោយធនាគារ​អភិវឌ្ឍន៍​អាស៊ី ឬ ADB និង​មជ្ឈមណ្ឌល​មូលនិធិ​ភាព​ធន់​ Arsht-Rockefeller ស្តីពី​«ការ​កើនឡើងពីលើ​កម្តៅ៖ បង្កើតដំណោះ​ស្រាយ​ដែល​ដឹកនាំ​ដោយ​ស្រ្តី​ចំពោះភាព​តាន​តឹង​នៃ​កម្តៅ» ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុលើកទី​២៨ ដែល​កំពុង​ប្រព្រឹត្តទៅនៅទីក្រុង​ឌូបៃ​ ប្រទេស​អាមីរ៉ាតអារ៉ាប់​រួម។

ថ្លែង​ក្នុងកិច្ច​ពិភាក្សា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៣​ អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក និង​ជា​ឯកអគ្គរដ្ឋទូតសាកល Arsht-Rock ទទួល​បន្ទុក​ផ្នែក​កំដៅ សុខភាព​និង​យេនឌ័រ លោកស្រី ហ៊ីល​ឡារី រ៉ូដហាម គ្លីនតុន (Hillary Rodham Clinton) បាន​ថ្លែងក្នុង​កិច្ច​ពិភាក្សា​នោះថា ស្ត្រី​នៅ​ក្នុង​តំបន់​ងាយ​រងគ្រោះ ជារឿយៗ​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុ​ត​ដោយ​សារឥទ្ធិពល​នៃការ​កើនឡើង​កម្តៅ​ផែនដី។ លោកស្រី​ថា ​ជាទូទៅ​ស្រ្តីបាន​រួម​ចំណែក​តិចតួច​បំផុតក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការប្រែប្រួល​អាកាសធាតុ ប៉ុន្តែ​ពួកគេ​បែរ​ជា​ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ជាង​គេ​ទៅវិញ។

លោក​ស្រីបញ្ជាក់ថា៖ «ស្ត្រី​តំណាង​ឱ្យ ៨០​ភាគរយ​នៃ​ជន​ភៀសខ្លួន​បណ្តាល​មក​ពី​អាកាសធាតុ ហើយ​នៅពេល​ដែល​ស្ត្រីត្រូវ​បានផ្លាស់ទីលំនៅ ពួកគេ​មាន​ហានិភ័យ​កើន​ឡើង​នៃ​អំពើ​ហិង្សា ការជួញដូរ​មនុស្ស ការជាប់​គាំង និង​ប្រហែល​ជា​បាន​បញ្ចប់​ការសិក្សា និង​ឱកាស​ការងារ។ ហើយ​ស្ត្រី​ទំនង​ជា​ស្លាប់​ក្នុង​គ្រោះ​ធម្មជាតិ»។

លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងក្នុងកិច្ចពិភាក្សាមួយនៃសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ជាមួយ​គ្នា​នឹង​កិច្ច​ពិភាក្សា​នោះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ក៏បាន​ប្រកាស​សម្ពោធ​គម្រោង​ផ្តួច​ផ្តើម​ថ្មី​មួយ​ក្នុង​ទំហំ​ទឹកប្រាក់​ ៣.៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ សម្រាប់​ប្រទេស​ចំនួន​ ៥ ​ដែល​រួមមាន​កម្ពុជា​ផង​ ដើម្បីបង្កើនការ​យល់​ដឹង និង​បណ្តាក់ទុន​ក្នុងការ​សម្រប​ខ្លួន​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ភាព​តានតឹង​ដោយ​កម្តៅលើស្ត្រី​និងក្មេងស្រី។

បើតាម ADB កម្មវិធី​ជំនួយ​បច្ចេកទេស​ថ្មី​នេះនឹ​ងត្រូ​វ​អនុវត្តក្នុង​ប្រទេស​កម្ពុជា បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា និងតាជីគីស្ថាន​រយៈពេល​បី​ឆ្នាំ ដោយ​នឹង​ស្រាវជ្រាវ​ពី​ការគំរាម​កំហែង​នៃ​ភាពតាន​តឹង​កាន់​តែ​ខ្លាំង​ឡើងដែលប៉ះពាល់ដល់ស្ត្រី និង​កំណត់​គោល​នយោបាយ សកម្មភាព និង​ការវិនិយោគ​ជាក់លាក់​ដែល​អាចជួយ​រដ្ឋាភិបាល​ឱ្យ​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​កំដៅ​លើ​ស្ត្រី និង​កុមារី។

លោកស្រី ហ៊ីលឡារី គ្លីនតុន លើកឡើង​ថា សកម្មភាព​ជំនួយ​ផ្សេងៗ​ក្នុង​ការ​ទប់​ស្កាត់ និង​ដោះ​ស្រាយ​ការកើន​កម្តៅ ដោយសង្កត់ធ្ងន់​ជា​ពិសេស​លើ​ស្រ្តី និង​កុមារី ពិត​ជា​អាច​ជួយ​ជំរុញ​ឱ្យ​ស្ថានភាព​នេះ​ប្រសើរ​ឡើង។

ចំណែក​លោកស្រី អេលីនី មីរីវលី (Eleni Myrivli) ប្រធាន​ការិយាល័យ​ផ្នែក​កម្តៅ​សកល​នៃ UN-Habitat ប្រាប់វីអូអេ​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​នោះ​ថា ស្រ្តី​រងគ្រោះ​ខ្លាំង​ពីការ​កើនកម្តៅ​ដោយសារ​ការប្រែប្រួលអាកាស​ធាតុ​ ដោយសារ​ស្រ្តីជា​អ្នក​ចេញ​រក​ចំណូល​និង​ធ្វើ​កិច្ចការ​ផ្ទះ។ បន្ថែម​លើ​នេះ ពួកគេ​តែង​ជា​អ្នកមើល​ថែទាំ​សមាជិក​គ្រួសារ​ដែល​កាន់តែ​ងាយ​រងគ្រោះ​ ដូចជា​មនុស្ស​ចាស់ ​កុមារតូច និង​អ្នកជំងឺ​ជាដើម។

លោកស្រី​ថ្លែងថា៖ «​ស្រ្តី​តែងតែ​ជា​មនុស្ស​ដែល​ត្រូវតែ​មើលថែ​ពួកគេ លើសពី​អ្វីៗ​ផ្សេង​ទៀត​ដែល​ពួកគេ​ត្រូវ​ធ្វើ។ ដូច្នេះ ដោយសារ​អាកាសធាតុ​បង្កើត​លក្ខខណ្ឌ​ធ្ងន់ធ្ងរ​ជាង​មុន ស្ត្រី​ទទួលបន្ទុក​កាន់តែ​ច្រើន​ ហើយ​នៅពេល​ជាមួយគ្នា​នោះ ពួកគេ​ដាក់បន្ទុក​លើ​ខ្លួនឯង​កាន់តែច្រើន និង​ធ្វើឱ្យ​ខ្លួន​ឯង​ប្រឈម​នឹង​ហានិភ័យ​កាន់តែច្រើន»​។

លោក​ស្រី​ អេលីនី បន្ថែម​ថា រដ្ឋាភិបាល​នៃ​ប្រទេស​រងគ្រោះ​ទាំង​អស់គួរតែ​បង្កើត​គោល​នយោបាយ​ការពារ​ស្រ្តី និង​កុមារ​ឱ្យ​បាន​ច្រើន​ ហើយ​កសាងភាព​ធន់​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ទីក្រុង​ និង​ភាព​ធន់​នឹង​សង្គម។

លោក​ស្រី​បញ្ជាក់ថា៖ «ប្រសិនបើ​យើង​មិន​ផ្តោតលើការរួបរួមសង្គម និង​ការ​បង្កើត​ប្រព័ន្ធគាំទ្រ នៅ​ទីក្រុង និងក្នុងសហគមន៍ទេ នោះ​យើងនឹង​មាន​លទ្ធផល​កាន់តែ​អាក្រក់​ទៅៗ»។

លោកស្រី អេលីនី មីរីវលី (Eleni Myrivli) ប្រធានការិយាល័យផ្នែកកម្តៅសកលនៃ UN-Habitat ចូលរួមក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬ COP28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ការកើនកម្តៅ​ខ្លាំង​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹ​ងកា​របាត់បង់​កម្លាំង​ពលកម្ម​ប្រចាំ​ឆ្នាំជា​ង ៦៥០​ពាន់​លាន​ម៉ោង​ នៅ​ទូទាំង​ពិភពលោក ដែលស្មើនឹងប្រហែល​ ១៤៨​លានការងារពេញម៉ោង បើធៀបទៅ​នឹង​ជំងឺរាតត្បាតកូវីដ១៩។ ស្ត្រី​ត្រូវ​រងផល​ប៉ះពាល់​មិន​សមាមាត្រដោយ​ការកើនឡើង​សីតុណ្ហភាព​ ដែលប្រឈម​មុខ​នឹង​លក្ខខណ្ឌ​គំរាម​កំហែង​ដល់​អាយុ​ជីវិត និង​ការខាតបង់​សេដ្ឋកិច្ច​សង្គម​យ៉ាង​ច្រើន។ នេះ​បើតាម​ធនាគារ ADB។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន​កម្ពុជា ដែល​បាន​ចូលរួម​សន្និសីទ​ស្តីពីការ​ប្រែប្រួល​អាកាសធាតុលើកទី​២៨ នៅ​ទីក្រុង​ឌូបៃ​ដែរនោះ ​បាន​ប្រាប់​វីអូអេតាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា កម្ពុជា​មានគោលនយោបាយការពារ​ស្រ្តី និង​កុមារពី​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​រួច​ហើយ ប៉ុន្តែ​នៅត្រូវការការអនុវត្ត។

ឆ្លើយតប​នឹង​សំណួរថា​ តើ​នឹង​មាន​ការអនុវត្ត ឬការ​ប្តេជ្ញា​បែបណា​ខ្លះ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ស្រ្តី​ពី ការប្រែប្រួល​អាកាសធាតុ អ៊ាង សុផល្លែត​ ប្រាប់​ថា៖ «ក្រសួង​បរិស្ថាន​ដាក់​ចេញយុទ្ធសាស្ត្រចក្រា ភាព​ស្អាត កាត់​បន្ថយ​ការប្រើប្រាស់ថ​ង់ប្លាស្ទិក សំដៅ​ជួយ​ដល់​ផ្នែកអនាម័យ និងសុខភាពកុមារ និង​ស្ត្រី បង្ក​ភាពស្រស់ស្អាត​បង្កើត​បរិយាកាស​ស្រស់ស្រាយក្នុងគ្រួសារ កាត់បន្ថយអំពើហិ​ង្សា និង​ភាព​បៃតង។ ជួយ​ប្រជាសហគមន៍​ដាំដើម​ឈើ​ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដើម្បី​ទទួល​បាន​ផល​ជា​ស្បៀង​អាហារ ផលដំណាំ​សម្រាប់​លក់​នៅទីផ្សារ និង​ផលដំណាំ​សម្រាប់​បម្រើឱ្យ​ទេសចរណ៍ធម្មជាតិ ជួយ​លើកស្ទួយ​ជីវភាព​ប្រជាសហគមន៍​ជា​ស្រ្តី និងកុមារ។​ ទាំងនេះគ្រាន់​ជាឧទាហរណ៍​ពី​ជ្រុង​បរិស្ថាន​ប៉ុណ្ណោះ»។

កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រសួង​បរិស្ថាន​បាន​ប្រកាស​ដាក់ឲ្យ​ប្រើ​ «យុទ្ធសាស្ត្រចក្រា​វិស័យបរិស្ថាន ២០២៣-២០២៨» ដើម្បី​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។ ហើយ​ថ្មីៗនេះ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ប្រកាស​ពី​ការ​ប្តេជ្ញាចិត្ត​ចំនួន​ ៧​ចំណុច​នៅ​ក្នុង​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​លើក​ទី​២៨ នៅ​ទីក្រុងឌូបៃ ដើម្បី​កាត់​បន្ថយ​បញ្ហា​ជា​សកល​នេះ​ផង​ដែរ។​

វាគ្មិនកំពុងថ្លែងក្នុងកិច្ចពិភាក្សាមួយស្តីពីការកើនឡើងពីលើកម្តៅ ក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬ COP28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

បើតាមផ្សាយ​របស់​អង្គការសហប្រជាជាតិ កាល​ពី​ឆ្នាំ​ ២០២១ ​បង្ហាញ​ថា កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ជាង​គេ​ ខណៈ​ដែល​ប្រជាជន​មួយភាគ​ធំ​ពឹង​អាស្រ័យ​លើ​របរ​កសិកម្ម​សម្រាប់​ចិញ្ចឹម​ជីវិត និង​កំពុង​រស់នៅ​តំបន់​ដែល​ងាយ​ទទួល​រងទឹកជំនន់។ របបទឹ​កភ្លៀង​កំពុង​មាន​ការប្រែប្រួល និងពិបាក​ក្នុងកា​រ​ព្យាករណ៍​ដឹងមុន​ នាំ​ឱ្យ​មាន​ព្រឹត្តិការណ៍អាកាសធាតុ​ធ្ងន់ធ្ងរ​កាន់​តែ​ច្រើន​ឡើង ដូចជា ព្យុះត្រូពិច គ្រោះទឹកជំនន់ និង​គ្រោះរាំង​ស្ងួត​ជាដើម។

អង្គការ​សហប្រជាជាតិ​រក​ឃើញ​បន្ថែម​ថា បញ្ហា​ទាំងនេះ​បង្ក​ផល​ប៉ះពាល់យ៉ា​ង​ធំធេង​មក​លើ​សហគមន៍ និង​នាំ​ឱ្យ​មាន​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច ការជាប់​បំណុល ការកើន​ឡើងនូវវិសមភាព អសន្តិសុខ​ស្បៀង និង​ការបាត់បង់​អាយុ​ជីវិត ហើយកុមារ ស្រ្តី ជនមាន​ពិការភាព ចាស់ជរា និង​ក្រុម​ដែល​មាន​ឱកាស​តិចតួច​នៅ​ក្នុង​សង្គម ដូចជា សហគមន៍​ជន​ទេសន្តរ​ប្រវេសន៍​ជាដើម នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ៕

អត្ថបទ​នេះ​ត្រូវ​បាន​ផលិតឡើង​ជា​ផ្នែក​មួយ​នៃ​ភាព​ជាដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធនឹង​ការប្រែប្រួល​អា​កាស​ធាតុឆ្នាំ​២០២៣​ ដែល​ជា​អាហារូបករណ៍​ផ្នែកសារ​ព័ត៌មាន​រៀបចំ​ដោយ ​Earth Journalism Network របស់អង្គការ​ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។