មន្រ្ដីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន មន្រ្តីគណបក្សប្រឆាំង និងមន្រ្តីរដ្ឋាភិបាលកម្ពុជាបានបង្ហាញរបាយការណ៍ផ្សេងៗគ្នា នៅថ្ងៃសុក្រនេះទាក់ទងទៅនឹងការរំលោភបំពានលើពលការិនីកម្ពុជានៅប្រទេសម៉ាឡេស៊ី ស្របពេលដែលមិនទាន់មានដំណោះស្រាយសម្រាប់ជនរងគ្រោះរហូតដល់ស្លាប់ក្នុងពេលកំពុងបម្រើការងារនៅទីនោះនៅឡើយ។
មន្ដ្រីក្រសួងមហាផ្ទៃ អង្គការក្រៅរដ្ឋាភិបាលខ្លះ និងមន្ដ្រីគណបក្សជំទាស់អះអាងដូចគ្នាៗថា អំពើហិង្សាលើពលការិនីកម្ពុជាដែលជាស្ដី្របម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីមានការកើនឡើងគួរឲ្យព្រួយបារម្ភ។
លោកមឿង តុលា ប្រធានកម្មវិធីផែ្នកសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ បានឲ្យដឹងថា ចាប់ពីខែតុលាឆ្នាំ២០១១រហូតមកដល់ពេលនេះមជ្ឈមណ្ឌលទទួលបានពាក្យបណ្តឹងចំនួន៧០ករណី អំពីការទទួលរងទារុណកម្មរបស់ស្ត្រីបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលចំនួននេះមានការកើនឡើងទ្វេដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីចុងឆ្នាំ២០១០។
មន្ដ្រីអង្គការមិនមែនរដ្ឋាភិបាលដដែលបានបញ្ជាក់ថា ពាក្យបណ្តឹងទាំងនោះភាគច្រើនគឺការធ្វើទារុណកម្មខាងផ្លូវកាយនិងផ្លូវចិត្តដូចជាជេរប្រមាថមាក់ងាយ វាយដំ បង្អត់អាហារ និងមានការរំលោភបំពានផ្លូវភេទជាដើម។
«ស្រ្តីនិងកុមារខ្មែរយើងដែលទៅធ្វើការនៅក្រៅប្រទេស ជាពិសេសពលករដែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ីហ្នឹង នៅមិនទាន់បានធូរស្រាលនៅឡើយទេ ពាក់ព័ន្ធនឹងអំពើហិង្សាមកលើរាងកាយគាត់ ពាក់ព័ន្ធនឹងការគាបសង្កត់ផ្លូវចិត្ត ការបៀតបៀនផ្លូវភេទមួយចំនួនទៅលើខ្លួនគាត់នៅដដែល ហើយពួកគាត់នៅតែមិនអាចមានលទ្ធភាពទាក់ទងមកក្រុមគ្រួសារគាត់ ហើយក្នុងមួយរយៈនេះ គឺយើងទទួលបានពាក្យបណ្តឹងច្រើន។ យើងឃើញថា បញ្ហាពលករចំណាកស្រុកហ្នឹង មិនទាន់ស្រាកស្រាន្តនៅឡើយទេ»។
លោកមឿង តុលាបានឲ្យដឹងបន្តថា ពលការិនីរងអំពើហិង្សាទាំងនេះដោយសារតែប្រទេសម៉ាឡេស៊ីមិនទាន់មានច្បាប់ទទួលស្គាល់ពលករបម្រើការងារនៅតាមផ្ទះ។ ហើយនៅក្នុងឆ្នាំ២០១១នេះ ពលករដែលបម្រើការងារនៅតាមផ្ទះចំនួន៩នាក់បានស្លាប់ តែមូលហេតុការស្លាប់នេះស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ។
ជាមួយគ្នានេះដែរ លោកស្រីមួរ សុខហួរ តំណាងរាស្ត្រគណបក្សសមរង្ស៊ីបានឲ្យដឹងថា នៅក្នុងខែមករានេះ លោកស្រីទទួលបានពាក្យបណ្តឹងចំនួន១៥ករណីពីពលករបម្រើការងារនៅតាមផ្ទះនៅឯប្រទេសម៉ាឡេស៊ី។
លោកស្រ្តីបានចាត់ទុកថា អំពើហិង្សាលើពលករចំណាកស្រុក ដែលជាស្រ្តីនិងកុមារនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលត្រូវការពង្រឹងបន្ថែមលើការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព។
«មានតែកើនឡើង គឺវាឥតថយចុះទេ។ ហើយស្ថានភាពនៅតែធ្ងន់ធ្ងរ ពីព្រោះយើងឃើញថា បើទោះបីជាមានការផ្អាកក៏ដោយ ក៏ប៉ុន្តែស្រ្តីដែលធ្វើការនៅក្នុងផ្ទះហ្នឹង គឺយើងឥតមានយន្តការណានៅប្រទេសម៉ាឡេស៊ីដើម្បីត្រួតពិនិត្យទេ»។
លោកឧត្តមសេនីយ៍ត្រីជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃក្រសួងមហាផ្ទៃក៏បានបញ្ជាក់ដែរថា ពាក្យបណ្តឹងរបស់ស្រ្តីបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីមានការកើនឡើងក្នុងឆ្នាំ២០១១នេះ បើធៀបទៅនឹងឆ្នាំ២០១០ ជាពិសេសអំពើហិង្សា ដូចជាការទះកំភ្លៀង ការវាយ ទាត់ ធាក់ វាយនឹងវែកឆាក្នុងពេលកំពុងធ្វើម្ហូប ឬមានការមួលក្តិច ជាដើម។ ក៏ប៉ុន្ដែលោកមិនមានតួលេខជាក់លាក់ពីការកើនឡើងនោះទេ។
រដ្ឋាភិបាលបានប្រកាសផ្អាកការនាំពលករទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីពលករទាំងនោះភាគច្រើនត្រូវបានគេរាយការណ៍ថា ទទួលរងនូវអំពើហិង្សាពីម្ចាស់ផ្ទះ និងបន្ទាប់ពីមានការស្លាប់របស់ពលការិនី។ ហើយរហូតពេលនេះ រដ្ឋាភិបាលនៅមិនទាន់អនុញ្ញាតឲ្យមានការបញ្ជូនពលការិនីកម្ពុជាទៅកាន់ប្រទេសម៉ាស៊ីឡើងវិញនៅឡើយ។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកយ៉ា ណាវុធ នាយកប្រតិបត្តិអង្គការ ខារ៉ាកម្ពុជា បានអះអាងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីអំពើហិង្សាលើពលករទេសន្តប្រវេសន៍ស្រ្តី និងកុមារនៅថ្ងៃសុក្រនេះថា ស្ថានភាពនៃអំពើហិង្សាលើស្រ្តី និងកុមារជាទូទៅមានលក្ខណៈល្អប្រសើរជាងមុន។
«យើងឃើញថា មានលក្ខណៈល្អប្រសើរ ប្រសើរជាងមុន បើតាមការសង្កេតរបស់យើង។ ប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយ យើងត្រូវការប្រឹងប្រែង ការខិតខំការចូលរួមទាំងអស់គ្នា»។
ជាមួយគ្នានេះដែរ លោកស្រីសាន្ត អារុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារីក៏បានលើកឡើងក្នុងសិក្ខាសាលានោះដែរថា បញ្ហាអំពើហិង្សាលើស្រី្ត និងកុមារចំណាកស្រុកនេះនៅតែជាបញ្ហាកង្វល់នៅឡើយ។
លោកអន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា ធ្លាប់បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៥មក ជារៀងរាល់ឆ្នាំមានពលករចំណាកស្រុកស្របច្បាប់ប្រមាណជា៣ទៅ៤ម៉ឺននាក់ ទៅស្វែងរកការងារ ដូចបម្រើការនៅតាមផ្ទះ ធ្វើសំណង់ និងធ្វើការនៅតាមរោងចក្រជាដើម ហើយរហូតមកដល់ពេលនេះ មានពលករចំណាកស្រុកស្របច្បាប់យ៉ាងហោចណាស់ប្រមាណជា៨ម៉ឺននាក់ទៅប្រទេសជប៉ុន កូរ៉េ ថៃ និងម៉ាឡេស៊ី។ ក៏ប៉ុន្ដែលោកប៉ាន់ប្រមាណថា ពលករចំណាកស្រុកខុសច្បាប់អាចមានចំនួនរហូតដល់៣០ម៉ឺននាក់៕