ពិព័រណ៍​«ការចងចាំ​ជនរងគ្រោះ​តាមរយៈ​សម្លៀកបំពាក់» ចូលរួម​ចំណែក​រំឭក​ដល់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម

សម្លៀកបំពាក់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​ពិព័រណ៍ «ការ​ចងចាំ​ជនរងគ្រោះ​តាមរយៈ​សម្លៀកបំពាក់» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ភ្នំពេញ — សម្លៀកបំពាក់​ខ្មៅ ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ឬ​អ្នក​ខ្លះ​ហៅ​ថា​«របប​ខោអាវ​ខ្មៅ» ពី​ឆ្នាំ​១៩៧៥-១៩៧៩។ សម្លៀកបំពាក់​ដែល​នៅ​សេស​សល់​ពី​របប​កាប់​សម្លាប់​មួយ​នេះ ដែល​មាន​រយៈ​ពេល​ ៤៧​ឆ្នាំ​មក​ហើយ ត្រូវ​បាន​យក​មក​អភិរក្ស ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ និង​ដឹង។

ក្រោយ​ពី​បញ្ចប់​គម្រោង​រក្សា​ទុក ​និង​ជួសជុលវាយនភណ្ឌ​ជន​រងគ្រោះ​កាល​ពី​ឆ្នាំ​២០២១ សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ​បាន​រៀបចំ​ជា​ពិព័រណ៍​មួយ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​កិច្ចប្រឹងប្រែងអភិរក្ស​សម្លៀកបំពាក់​ជន​រងគ្រោះ​នៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​ពី​ការ​រក្សាទុក​ភ័ស្តុតាង ដើម្បី​បង្ហាញ​ទៅ​ដល់​ជន​ជំនាន់​ក្រោយ។ ពិព័រណ៍​«ការ​ចងចាំ​ជនរងគ្រោះ​តាមរយៈ​សម្លៀកបំពាក់៖ ការ​អភិរក្ស​វាយនភណ្ឌ​នៅ​សារមន្ទីរ​ទួលស្លែង» ត្រូវ​បាន​សម្ពោធ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ២០២១។

នៅ​ក្នុង​ពិព័រណ៍​នេះ សម្លៀកបំពាក់​ស្លក​ពណ៌​និង​រេចរឹល​ដែល​ត្រូវ​បាន​ជួសជុល​រួច​ មួយ​ចំនួន ​ត្រូវ​បាន​ដាក់​លាត​បង្ហាញ​នៅ​ក្នុង​ទូកញ្ចក់ ដើម្បី​ធ្វើ​ជា​គំរូ​បង្ហាញ​ពី​សម្លៀកបំពាក់​ និង​គ្រឿង​វាយនភណ្ឌស្រដៀង​គ្នា​នេះ ដែល​ទទួល​បាន​ការ​ជួសជុល​និង​អភិរក្ស។ ពិព័រណ៍​ត្រូវ​បាន​រៀបចំ​ឡើងក្នុង​បន្ទប់​ចំនួន​ពីរ​បំភ្លឺ​ដោយ​ភ្លើង​ពណ៌​លឿង នៅ​ជាន់​ទី​ពីរ​នៃ​អគារ «ក» ក្នុង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង។

នៅ​ក្នុង​បន្ទប់​មួយ​ក្នុង​ចំណោម​នោះ គេ​ឃើញ​មាន​សម្លៀកបំពាក់​ជា​អៀម​ និង​ខោ​កូន​ក្មេង​ ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​បញ្ឈរ​នៅ​ក្នុង​ទូ​កញ្ចក់​នៅ​កណ្តាល​បន្ទប់​ផង​ដែរ។ ​

សម្លៀកបំពាក់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​ពិព័រណ៍​ «ការ​ចងចាំ​ជនរងគ្រោះ​តាមរយៈ​សម្លៀកបំពាក់» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

សម្លៀកបំពាក់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​ពិព័រណ៌៍ «ការ​ចងចាំ​ជនរងគ្រោះ​តាមរយៈ​សម្លៀកបំពាក់» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

នៅ​តាម​ជញ្ជាំង​មាន​ផ្ទាំង​ជារូបភាព​និង​លាយ​លក្ខណ៍​អក្សរ​ និង​អេក្រង់​បង្ហាញ​ជា​វីដេអូ​មួយ​រៀបរាប់​ពី​ដំណើរ​ការ​បច្ចេកទេស​នៅ​ក្នុង​ការ​ជួសជុល​វាយនភណ្ឌ គម្រោង​និង​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ជួសជុល​វាយនភណ្ឌ ប្រវត្តិ​នៃ​វាយនភណ្ឌ ក៏​ដូច​ជា​សារៈ​សំខាន់​ និង​គោលដៅ​នៃ​ការ​រក្សា​ទុក​និង​ថែទាំ។

តាម​រយៈ​ផ្ទាំង​ទាំង​នោះ អ្នក​ចូល​មើលអាច​យល់​ដឹង​លម្អិត​ពី​គម្រោង​និង​ផែន​ការ​នៃ​ការ​ជួសជុល​សម្លៀកបំពាក់ ការ​វិវត្ត និង​បច្ចេកទេស​ផ្សេងៗ​ជុំវិញ​ការ​អភិរក្ស​វាយនភណ្ឌ​របស់​ជន​រងគ្រោះ​នា​សម័យ​ខ្មែរ​ក្រហម។

លោក Rafael Matthews ជនជាតិ​ម៉ិកស៊ិក អាយុ​ ៥២​ឆ្នាំ ជា​ភ្ញៀវទេសចរ​ចូល​មក​មើល​ពិព័រណ៍​ខាង​លើ​នេះ។ លោក​និយាយ​ថា ពិព័រណ៍​នេះ ​គឺ​បង្ហាញ​ពី​ភាព​សោកសៅ និង​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ជន​ដែល​បាន​បាត់បង់​ជីវិត​នៅ​ជំនាន់​ខ្មែរ​ក្រហម។

លោកថ្លែង​ថា៖ «ឥឡូវ​នេះ​ អ្វី​ដែល​អ្នក​បាន​ឃើញ​នោះ​គឺ​ថា​ សម្លៀកបំពាក់​នីមួយៗ​ គឺ​កំពុង​ក្លាយ​ជា​ការ​ក្រើន​រំឭក​យ៉ាង​ស្ងប់​ស្ងាត់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​គ្រា​នោះ។ ហើយ​យើង​ថែម​ទាំង​អាច​យល់​ដឹង​ពី​រឿងរ៉ាវ​របស់​ជន​ដែល​ពាក់​សម្លៀកបំពាក់​ទាំង​នេះ គួបផ្សំ​នឹង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ផង​ដែរ»។

លោក​ Matthews ដែល​នេះ​ជា​លើក​ទី​ពីរ​ដែល​លោក​បាន​មក​លេង​ប្រទេស​កម្ពុជា បន្ទាប់​ពី​លើក​ដំបូង​កាល​ពី​២០​ឆ្នាំ​មុន ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សម្លៀកបំពាក់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​ទំហំ​រាងកាយ​ និង​រឿង​រ៉ាវ​របស់​បុគ្គល​ដែល​បាន​ស្លៀក​សម្លៀកបំពាក់​ទាំង​នោះ។

លោក​និយាយ​ថា៖ «ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផងដែរ​ក្នុង​ការ​ឃើញ​ពី​ទំហំ​សម្លៀកបំពាក់​ទាំង​នោះ។ ខ្ញុំ​យល់​ថា ក្រណាត់​សម្លៀកបំពាក់​ទាំង​នោះ​រួម​តូច ប៉ុន្តែ​អ្នក​អាច​ឃើញ​រឿង​ផ្សេងៗ​ ដែល​មិន​បាន​ផ្លាស់ប្តូរ​ខ្លាំង។ អ្នក​អាច​ស្រមៃ​ពី​ទំហំ​រាង​កាយ​របស់​ជន​ទាំង​នោះ។ នៅ​ទី​នេះ​ អ្នក​អាច​ឃើញ​អ្វី​ដែលជា​របស់​ជាប់​នឹង​ជន​ទាំង​នោះ និង​ដែល​បាន​ប៉ះពាល់សាច់​ស្បែក​របស់​ពួកគេ»។

ចំណែក​កញ្ញា Julia Heim អាយុ​៣១​ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​មួយ​រូប​ទៀត ​ដែលមក​មើល​ពិព័រណ៍ ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុនពេល​កញ្ញា​មក​មើលពិព័រណ៍​នេះ កញ្ញា​បាន​មើល​ភាពយន្តមួយ​ស្តី​ពី​ខ្មែរក្រហម​នៅ​លើ​គេហទំព័រ​ផ្សាយ​ភាពយន្ត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Netflix ដូច្នេះ​កញ្ញា​ដឹង​ថា ​ខ្លួន​រំពឹង​ថា​ នឹង​ឃើញ​អ្វី​នៅ​ពេល​មក​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង។

យ៉ាងណាក្តី នៅ​ពេលកញ្ញា​មក​ដល់​ ហើយ​បាន​ឃើញ​ផ្ទាល់​ភ្នែក ជា​ពិសេស​សម្លៀកបំពាក់​របស់​ជន​រងគ្រោះ វា​ពិតជាធ្វើ​ឲ្យ​កញ្ញា​រំជួល​ចិត្តយ៉ាង​ខ្លាំង។

កញ្ញាថ្លែង​ថា៖ «ខ្ញុំ​គិត​ថា វា​ជារឿង​សំខាន់​ ពីព្រោះ​ខ្ញុំ​គិត​ថា ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​មិន​ដឹង​ច្រើន​ពី​ប្រវត្តិសាស្រ្ត ឬ​មិន​ចង់ដឹង​ច្រើន ពីព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​វា​កើតឡើង​សាជាថ្មី ដោយសារ​តែ​ពួកគេ​ភ័យ​ខ្លាច។ ប៉ុន្តែ​ជា​ការ​សំខាន់​នៅ​ក្នុង​ការ​ថែរក្សា​ទុក​នូវ​អ្វីទាំង​អស់​នេះ ដើម្បី​ឲ្យ​ជន​ជំនាន់​ក្រោយ​បាន​ដឹង»។

ផ្ទាំង​រូបភាព​និង​លាយលក្ខណ៍អក្សរ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិរក្ស​និង​ជួសជុល​វាយនភណ្ឌ​ជនរងគ្រោះ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍ «ការ​ចងចាំ​ជនរងគ្រោះ​តាមរយៈ​សម្លៀកបំពាក់» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ពិព័រណ៍​ខាង​លើ​នេះ​ ចាប់​ផ្តើម​ចេញ​ពី​គម្រោង​អភិរក្ស​វាយនភណ្ឌ​នៅ​សារមន្ទី​ទួលស្លែង ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក និង​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

ដោយសារ​សម្លៀកបំពាក់ និង​វាយនភណ្ឌ​មួយ​ភាគ​ធំ​ មិន​ធ្លាប់​ត្រូវ​បាន​ប៉ះពាល់​អស់​រយៈ​ពេល​៤០ឆ្នាំ​មកហើយ វា​ចាប់​ផ្តើម​ពុកផុយ​ដោយ​សារ​ឥទ្ធិពល​ពី​អាកាស​ធាតុ និង​ការ​លើក​ដាក់​ចុះ​ឡើង។

នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​សម្លៀកបំពាក់​ត្រូវ​បាន​ញែក​ជា​ក្រុម​ រក្សា​ទុក និង​ត្រូវ​បាន​ដាក់បង្ហាញ​ជា​ផ្នែក​នៃ​ការ​រំឭក​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា​ចំនួន ១,៧លាន​នាក់​ ប្រមាណ​២៥%​នៃ​ចំនួន​ប្រជាជន​សរុប ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​នៅ​របប​ខ្មែរ​ក្រហម​ដឹកនាំ​ដោយ ​ប៉ុល ពត​ រវាង​ឆ្នាំ​១៩៧៥ និង​១៩៧៩។

គម្រោង​អភិរក្សរយៈពេល​បី​ឆ្នាំ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​២០១៨​នេះ​ រួម​មាន ​ការ​រក្សា​ទុក សិក្ខាសាលា​បណ្ដុះបណ្ដាល​ ការ​ដាក់​ចំណាត់​ថ្នាក់​ក្រណាត់​ ការ​ថែទាំ ការ​ចុះបញ្ជី​ និង​ការ​ជ្រើស​រើស​របស់របរ​សម្រាប់​ការ​ដាក់​បង្ហាញ​មាន​រយៈពេល​យូរ​នៃ​សម្លៀកបំពាក់របស់​ជន​រងគ្រោះដែល​នៅ​សេស​សល់​ចំនួនជាង​៥.០០០។

លោក ហង្ស និស្ស័យ​ ប្រធាន​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​វីអូអេ នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍​ទួលស្លែង​ លោក ហង្ស និស្ស័យ ​បញ្ជាក់ថា គោលដៅ​នៃ​ពិព័រណ៍​នេះ គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​«ការ​រក្សា​លក្ខខណ្ឌ​របស់​សម្លៀកបំពាក់​ឲ្យនៅ​ថេរ កុំ​ឲ្យ​មាន​ការ​បន្ត​ពុកផុយ» និង​ការ​ជំរុញឲ្យ​ជន​ជំនាន់​ក្រោយ​ចូលរួម​ថែរក្សា​វត្ថុតាង​ដែល​ជា​កំណត់ត្រាប្រវត្តិសាស្រ្តសំខាន់​មួយ។

លោកថ្លែង​ថា៖ «នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិរក្ស​វាយនភណ្ឌ​ ដែល​យើង​ធ្វើការ​តាំង​បង្ហាញ។ បាន​ន័យ​ថា ជា​ផ្នែក​នៃ​ការ​ពង្រីក​ចំណេះដឹង​អំពី​គុណតម្លៃ​នៃ​វាយនភណ្ឌ និង​ឲ្យ​សាធារណជន​យល់ដឹង​បន្ថែម​ទៀត​ពី​ការងារ​អភិរក្ស​វាយនភណ្ឌ។ ទីបី​ លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ចូលរួម​គ្នា​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​របស់​ប្រវត្តិសាស្រ្ត​ និងរបស់​ជាតិ​ដែល​យើង​មាន»។

ស្រប​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ មាន​សភាព​ធូរស្រាល​ជាង​មុន លោក​ស្នើ​ឲ្យ​ពលរដ្ឋខ្មែរ​កាន់​តែ​ច្រើន​ជាង​នេះ​មក​មើល​ពិព័រណ៍​វាយនភណ្ឌ ក៏ដូចជា​ពិព័រណ៍​អចិន្រ្តៃយ៍​ដទៃ​ទៀត​នៅ​សារមន្ទីរ​ទួលស្លែង ដើម្បី​ស្វែង​យល់​អំពី​ព្រឹត្តិការណ៍​សោកសៅ និង​អ្វី​ដែល​បាន​កើត​ឡើង​មក​លើ​ជនរង​គ្រោះ​នៅ​ជំនាន់​ខ្មែរ​ក្រហម។

អ្នកស្រី​ Julia Brennan ​ជនជាតិ​អាមេរិកាំង​និង​ជា​អ្នក​ដឹកនាំ​គម្រោង​អភិរក្ស​វាយនភណ្ឌ​ខាង​លើ និង​ក្រុម​អ្នក​ជំនាញ​ផ្នែក​ក្រណាត់​ បាន​ចំណាយ​ពេល​ជា​ច្រើនឆ្នាំ​ក្នុង​ការ​រៀបចំ និង​ជួសជុល​ឡើង​វិញ ដើម្បី​អាច​រក្សា​ទុក​សម្លៀកបំពាក់ និង​សាច់​ក្រណាត់​ ដែល​នៅ​សេស​សល់​នៅ​មន្ទីរ​ឃុំឃាំង​ដ៏​ធំ​ជាង​គេ​មួយ នា​សម័យ​ខ្មែរក្រហម។

នៅ​ក្នុង​សារ​អ៊ីមែល​ឆ្លើយ​តប​នឹង​វីអូអេ អ្នកស្រី​ Brennan និយាយ​ថា​ពិព័រណ៌​«ការ​ចងចាំ​ជនរង​គ្រោះ​តាម​រយៈ​សម្លៀកបំពាក់» ​ឆ្លុះ​បញ្ចាំង​ពី​ស្នាដៃ​នៃ​ការ​អភិរក្ស​ និង​ជួសជុល​រយៈពេល​ ប្រមាណ​៤​ឆ្នាំមក​នេះ​ចំពោះគ្រឿង​វាយ​នភណ្ឌ​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង។

អ្នកស្រីបន្ថែម​ថា ​គោល​បំណង និង​ក្តី​សង្ឃឹម​នៅ​ពី​ក្រោយ​ពិព័រណ៍​នេះ​គឺ​ថា​ជនវ័យក្មេង​នៅ​កម្ពុជា​អាច​មក​ទស្សនា​ ហើយ​ពួកគេ​អាច​យល់​ដឹង​អំពី​ប្រវត្តិ​សាស្រ្ត និង​ដឹង​ឮ​ពី​រឿងរ៉ាវ​លម្អិត​ពី​សម័យ​កាល​ដ៏​អាក្រក់​នៃ​របប​ខ្មែរ​ក្រហម។

អ្នកស្រី​ ខូ​ ចិន្តា អាយុ​៣២​ឆ្នាំ សមាជិក​ក្រុមការងារ​អភិរក្ស​វាយនភណ្ឌ​មួយ​រូប ឲ្យ​ដឹង​ថា ​ក្រោយ​ពី​ការ​បញ្ចប់​គម្រោង​ថែរក្សា​និង​ជួសជុល គ្រឿង​វាយនភណ្ឌ​របស់​ជនរងគ្រោះ​ពី​សម័យ​ខ្មែរក្រហម ត្រូវ​បាន​ទុក​ប្រអប់​សម្ងួត និង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ជា​រៀង​រាល់​ថ្ងៃ។ អ្នកស្រី​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​បន្ថែម​ពី​សំណាក់​យុវជន​និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​នៅ​ក្នុង​ការងារ​អភិរក្ស​វត្ថុតាង​ដែល​នៅ​សេស​សល់​ពី​សម័យ​ខ្មែរ​ក្រហម។

អ្នកស្រីថ្លែង​ថា៖ «ក្នុង​នាម​ខ្ញុំ​ជា​អ្នក​អភិរក្ស ខ្ញុំ​សុំ​ស្នើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ហ្នឹង​ គាត់​ចូលរួម​ មិន​ថាដោយ​កម្លាំង​កាយចិត្ត​ ឬ​ក៏​សកម្មភាព​ផ្ទាល់​នោះ​ទេ ពីព្រោះ​ចង់​និយាយ​ថា​ដោយ​សារ​ផ្នែក​ហ្នឹង​ វា​អត់​សូវ​មាន​អ្នក​ចូលរួម​ច្រើន​ ហើយ​ការ​អភិរក្ស​ហ្នឹង​ ក៏​មាន​តិច​តួច ហើយ​ក៏​ក្តី​សង្ឃឹម​របស់​ខ្ញុំ​ហ្នឹង​ សង្ឃឹម​ថា​នឹង​មាន​ការ​សហការ​ជាមួយ​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​យើង​ធ្វើ​ការ​អភិរក្ស​វត្ថុតាង ឬ​ក៏​វាយ​នភណ្ឌ​ហ្នឹង​បន្ត​ទៀត»។

សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​គ្រោង​ដាក់​តាំង​ពិព័រណ៍​«ការ​ចងចាំ​ជនរងគ្រោះ​តាមរយៈ​សម្លៀកបំពាក់៖ ការ​អភិរក្ស​វាយនភណ្ឌ​នៅ​សារមន្ទីរ​ទួលស្លែង» សម្រាប់​សាធារណជន ​និង​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា យ៉ាង​ហោច​ណាស់​រយៈ​ពេល​៦ខែ ក្រោយ​ពី​ការ​សម្ពោធ​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​មុន៕