ការផ្ទុះ​ឆ្លង​ខ្លាំង ការកំហិត និង​ជំនួយ​ចិន ជំរុញ​សន្ទុះ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​នៅ​កម្ពុជា

ប្រជាជន​នាំ​គ្នា​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)

យុទ្ធនាការ​ពង្រាយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩នៅ​កម្ពុជា ​បាន​ប្រព្រឹត្ត​ទៅ​ បាន​៣ខែ​ហើយ ដែល​បច្ចុប្បន្នមាន​មនុស្ស​ជិត​២​លាន​នាក់​ បាន​ទទួល​វ៉ាក់​សាំង​មួយ​ដូស​ឬ​ពីរ​ដូស​បញ្ចូល​គ្នា។

បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​១៥​លាន​៥​សែន​នាក់ អត្រា​ពលរដ្ឋ​ដែល​បាន​ទទួល​វ៉ាក់សាំងមាន​ប្រហែល​១១,​៧៣​%។ តែ​បើ​គេ​ធៀប​នឹង​ចំនួន​ពលរដ្ឋ​១០​លាន​នាក់​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ដែល​ត្រូវ​ទទួល​វ៉ាក់​សាំង អត្រា​អ្នក​ដែល​បាន​ចាក់​ហើយ ​មាន​ប្រមាណ​១៨%។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​របស់​លោក​មាន​គោល​ដៅ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឲ្យ​បាន​ដល់​១៣​លាន​នាក់។

ស្ថិតិ​ទាំង​នេះ​ បាន​នាំ​ឱ្យ​កម្ពុជា​ឈរ​លំដាប់​លេខ​ពីរ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ លើ​សូចនាករនៃ​អត្រា​ចាក់​វ៉ាក់​សាំង​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​របស់​ខ្លួន បន្ទាប់​ពី​ប្រទេស​សិង្ហបុរី​ ដែល​អត្រា​ចាក់​វ៉ាក់សាំង​មាន២៣,៣% ក្នុង​ចំណោម​ពលរដ្ឋ​សរុប។

ខណៈ​បណ្ដា​ប្រទេស​ក្រីក្រ​និង​ប្រទេស​ចំណូល​មធ្យម​ជា​ច្រើន ​កំពុង​ខ្វះ​ខាត​វ៉ាក់​សាំង​និង​កំពុងប្រឈម​ជាមួយការ​ឆ្លង​ខ្លាំង អត្រា​ចាក់​ខ្ពស់​និង​ល្បឿន​លឿន​នាំ​មុខនៃ​ការ​ចាក់វ៉ាក់​សាំង​ខាង​លើ​នៅ​ប្រទេសកំពុងអភិវឌ្ឍ​ដូច​ជា​កម្ពុជា ជា​ប្រការ​កម្រ​មួយ។

យ៉ាង​ណា​ក៏​ដោយ ឆ្លង​កាត់​រយៈ​ពេល​៣​ខែ​នៃ​យុទ្ធនាការ​វ៉ាក់សាំង ភាព​ភ័យ​ខ្លាច​របស់​មហាជនចំពោះការ​ឆ្លង​រាល​ដាល​ខ្លាំងក្នុង​សហគមន៍​មិន​ធ្លាប់​មាន​នៅ​កម្ពុជា ការ​កំហិត​នូវ«វ៉ាក់​សាំង​កាតព្វ​កិច្ច»ដែល​បាន​ចាប់​ផ្ដើម​ជា​បណ្ដើរៗ និង​ច្រក​ផ្គត់​ផ្គង់​វ៉ាក់សាំង​អាទិភាព​តម្រង់​ពី​ប្រទេស​ចិន ត្រូវ​បាន​គេ​យក​មក​ពន្យល់ថា ​ជា​កត្តា​រុញ​ច្រាន​ពី​ក្រោយ​នៃ​ល្បឿន​ចាក់​វ៉ាក់សាំង​ខាង​លើ​របស់​កម្ពុជា។

កម្ពុជា​បាន​ទទួល​ជំនួយ​វ៉ាក់​សាំង​ពី​ចិន​១​លាន ​៧​សែន​ដូស ជា​វ៉ាក់​សាំង BBIBIP-CorV ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​រដ្ឋ Sinopharm និង​បាន​ទិញ​វ៉ាក់សាំង ​CoronaVac ផលិត​ដោយ​ក្រុម​ហ៊ុន Sinovac ចំនួន​២​លាន ​៥​សែន​ដូស។ រដ្ឋ​មួយ​នេះ​ក៏បាន​ទទួល​វ៉ាក់​សាំង Covishield ផលិតដោយ​ក្រុមហ៊ុន AstraZeneca ចំនួន​៣២​ម៉ឺន​៤​ពាន់​ដូស ពី​កិច្ច​សម្រប​សម្រួល​សាកល​ COVAX ​ផង​ដែរ។

នៅ​មុន​ដំណាច់​ខែ​ឧសភា​នេះ វ៉ាក់​សាំង​ផលិត​ដោយ ​Sinovac សរុប​១​លាន​ ៥​សែន​ដូស​បន្ថែម​ទៀត គ្រោង​នឹង​ត្រូវ​ដឹក​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់ តាម​ការ​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​យោង​តាម​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល។

កត្តា​ព្រឹត្តិការណ៍​២០​កុម្ភៈ

វ៉ាក់​សាំង​ដែល​នឹង​មក​ដល់​ជា​បន្ត​បន្ទាប់​នេះ ធ្វើ​ឡើង​អំឡុង​ពេល​យុទ្ធនាការ​«ចាក់​ស្រោច»​វ៉ាក់​សាំង​នៅ​«តំបន់​ក្រហម»​ដែល​ជា​ទី​តាំង​បិទ​ខ្ទប់​តឹង​រ៉ឹង​ប្រឆាំង​ការ​រាល​ដាល​កូវីដ​១៩​នៅ​ភ្នំពេញ ខណៈ​កម្ពុជា​បាន​ជួប​ការ​ឆ្លង​ក្នុង​សហគមន៍​អាក្រក់​បំផុត​មិន​ធ្លាប់​មាន។

ការ​ផ្ទុះ​ឆ្ល​ង​បាន​កើន​ឡើង​ពី​រង្វង់​៥០​០​ករណី​នៅ​ខែ​កុម្ភៈ មក​ដល់​ប្រមាណ​២​ម៉ឺន​ករណី គិត​ត្រឹម​សប្ដាហ៍​នេះ។ អ្នក​ជំនាញនិយាយ​ថា​ការ​ឆ្លង​នេះ​បាន​ជំរុញមនុស្ស​ឱ្យ​ចាប់​ផ្ដើម​ទទួល​វ៉ាក់​សាំង។

រូបឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោក​វេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន-​វេជ្ជ​សាស្ត្រ-​ជីវសាស្ត្រ-​និង​កសិកម្ម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ​ពី​ដំបូង សាធារណជន​ហាក់​មាន​ការ​«អល់​អែក»​ជាមួយ​នឹងវ៉ាក់​សាំងផលិត​នៅ​ប្រទេស​ចិន តែ​ក្រោយ​មក​បាន​ទទួល​យក​ ព្រោះ​ដំណើរ​ការ​ចាក់វ៉ាក់សាំង​នេះ បានប្រព្រឹត្ត​ទៅ​ដោយ​រលូន។

អ្នក​ជំនាញ​រូប​នេះ​ បាន​ប្រាប់​វីអូអេ​អំពី​មូល​ហេតុ​ដែល​ប្រជាពលរដ្ឋចាប់​ផ្ដើម​ទទួល​យក​វ៉ាក់​សាំង​នេះ​ថា៖

«ទីមួយ ការ​ចាក់​វ៉ាក់​សាំង​បាន​ដំណើរ​ការ​សន្សឹមៗ។ ទី​ពីរ​នៅ​លើ​ពិភព​លោក​ក៏​មាន​ការ​ចាក់​វ៉ាក់​សាំង​ចិន។ ហើយ​ទី​បី សភាពការណ៍​នៅ​ក្នុង​ប្រទេស ការ​ឆ្ល​ង​សហគមន៍​២០​កុម្ភៈ​នេះ បាន​ផ្ទុះ​រាល​ដាល​ខ្លាំង ដូច្នេះ​ធ្វើ​ឱ្យ​ប្រជាជន​ហ្នឹង​គាត់​មាន​ការ​ភ័យ​ខ្លាច​ឆ្លង​កូវីដ​១៩​ ដូច្នេះ​គាត់បង្ខំ​ចិត្ត​ ​ទៅ​សម្រុក​ សម្រេច​ចិត្ត​ថា ​ជ្រើស​រើស​យក​វ៉ាក់សាំង​ចាក់»។

ការ​កំហិត​វ៉ាក់សាំង«កាតព្វកិច្ច»

អ្នក​តាម​ដាន​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ការ​កំណត់​ជា​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់ ទាំង​ជា​សម្ដី​របស់​មន្ត្រី​រដ្ឋ​ផង និង​ជា​លិខិត​លាយ​លក្ខណ៍​អក្សរ​ផង ចង់​មិន​ចង់ ​ក៏​បាន​ជំរុញ​ល្បឿន​ចាក់​នេះ​បាន​មួយ​ចំណែក​ដែរ។

កាល​ពី​ខែ​មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កំណត់​ថា​ ការ​ចាក់​វ៉ាក់​សាំងកូវីដ​១៩​ ជា​«កាតព្វកិច្ច» សម្រាប់​មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ជាប់​ឆ្នោត និង​មន្ត្រី​តុលាការ។​ អ្នក​បដិសេធ​វ៉ាក់សាំង​ក្នុង​ចំណោម​ក្រុម​នេះ​ អាច​រង​ពិន័យ​រហូត​បាត់​បង់​ការងារ។

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ក៏​ធ្លាប់​ប្រាប់​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​វីអូ​ឌី កាល​ពី​ដើម​ខែ​មេសា​ដែរថា​ កម្មករ​និយោជិក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង ​នៅ​ពេល​ការ​ចាក់​វ៉ាក់​សាំង​សម្រេច​ទូទាំង​ប្រទេស​រួចរាល់ អាច​នឹង​ត្រូវ​បាត់​បង់​ការងារ។

លោក ស៊ឹង សែន​ករុណា មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក បាន​លើក​ឡើង​ថា ​ការ​កំហិត​អាច​រាប់​ចូល​ជា​សម្ពាធ​លើ​ជម្រើស​សុខភាព​បុគ្គល​ដែល​រដ្ឋាភិបាល​គួរ​ចៀស​វាង។

«មាន​អ្នក​ខ្លះ​ក៏​គាត់​សម្រេច​ទៅ​ចាក់​វ៉ាក់​សាំង​ដោយ​ខ្លួន​ឯង​ផ្ទាល់ ហើយ​អ្នក​ខ្លះ​ក៏​មាន​ការ​រង​សម្ពាធ​អ្វី​ផ្សេងៗ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ឬ​ក៏​ថ្នាក់​ដឹក​នាំ​អ្វី​អ៊ីចឹង​ទៅ​ក៏​គាត់​សម្រេច​ចាក់​ទៅ»។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ​មាន​ជំ​នឿ​ថា ការ​ចាប់​ផ្ដើម​ទទួល​ស្គាល់​វ៉ាក់​សាំង​ចិន ពី​សំណាក់​អង្គ​ការ​សុខភាព​ពិភពលោក នឹង​បង្កើន​ល្បឿន​ចាក់​និង​ជំនឿ​ចិត្ត​ក្នុ​ង​ចំណោម​មហាជន​បន្ថែម។

ចំណែក​កាល​ពី​ចុង​សប្តាហ៍​មុន​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ​នៅ​ពេល​មាន​វ៉ាក់​សាំង​គ្រប់​គ្រាន់​ក្នុង​ប្រទេស​កម្ពុជា នោះ​ការ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់​សាំង​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នាប្រាកដ​ជា​មាន ដោយ​លោក​ថា ​អ្នក​ដែល​បដិសេធ​មិន​ទទួល​យក​វ៉ាក់សាំង «​នឹង​នៅ​ឯកោ ហើយ​ពុំ​មាន​ការងារ​ធ្វើ»។

ច្រក​ផ្គត់ផ្គង់​វ៉ាក់សាំង​មិន​ចេះ​រីង​ស្ងួត​ពី​ចិន

ដូច​មាន​ការ​បញ្ជាក់​ពី​តួលេខ ភាគ​ច្រើន​លើស​លប់​នៃ​វ៉ាក់​សាំង​ដែល​កម្ពុជា​ទទួល​បាន ជា​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​ចិន តាម​រយៈ​ក្រុមហ៊ុន Sinopharm និង​ក្រុមហ៊ុន​Sinovac។

រូបឯកសារ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី Hedy Ip នាយ​ផ្នែក​សុខាភិបាល​នៃ​ការិយា​ល័យ UNICEF ប្រចាំ​ប្រទេស​កម្ពុជា បាន​ផ្ដល់​ការ​អង្កេត​ថា​កម្ពុជា​បាន​ប្រើ​យុទ្ធសាស្ត្រ​ចរចា​ច្រើន​ផ្លូវ ​ដើម្បី​ទទួល​បាន​វ៉ាក់​សាំង​ទាំង​ពី​កិច្ច​សម្រប​សម្រួល ​COVAX ​ផង ទាំង​ពី​សំណាក់​ជំនួយ​ផង និង​ទាំង​ពី​ច្រក​ចរចាទិ​ញ​ទ្វេ​ភាគី​ផង។

មន្ត្រី​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​រូប​នេះ​បន្ថែម​ថា ​ការណ៍​ដែល​រដ្ឋាភិបាល​ប្រកាន់​យក​និយាម​ការ​ជាតិ មុន​និយាម​ការ​អន្តរ​ជាតិ ហើយ​ទទួល​វ៉ាក់​សាំ​ង​ផលិត​ដោយ​ក្រុម​ហ៊ុន ​Sinopharm និង​ក្រុម​ហ៊ុន Sinovac របស់​ចិន បង្ហាញ​ពី​ការ​ព្យាយាម​អស់​លទ្ធភាព​របស់​រដ្ឋ​មួយ​នេះ។

«នៅ​ចំពោះ​មុខ​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ទូទាំង​សកល​លោក​នៅ​មាន​កម្រិត ការ​ខ្វះខាត​ជា​សាកល​នូវ​វ៉ាក់​សាំង​និង​បញ្ហា​ប្រឈម​នៃ​ការ​ផ្គត់ផ្គត់ រដ្ឋាភិបាល​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ​ដើម្បីទទួល​វ៉ាក់​សាំង​ដែល​ស្រប​តាម​និយាម​និយ័តកម្ម​ជាតិ​បាន​ឆាប់​បំផុត​តាម​ដែល​ធ្វើ​បាន ក្នុង​ការ​ពិចារណា​មួយ​ដែល​ផល​ប្រយោជន៍​មាន​ទម្ងន់​ថ្លឹង​ថ្លែង​ធ្ងន់​ជាង​ហានិភ័យ»។

អ្នកស្រី Hedy Ip បាន​បន្ថែម​ថា៖ «ទោះ​បី​ជា​មាន​ការ​បិទ​ខ្ទប់​ទីតាំង​នានា ការ​បង្អាក់​ការ​ធ្វើ​ដំណើរ តួ​លេខ​ឆ្លង​ដែល​ចេះ​តែ​កើន​ឡើង និង​បញ្ហា​ប្រឈម​នៃ​ការ​ផ្គត់​ផ្គង់ ​[វ៉ាក់សាំង] កម្មវិធី​ផ្ដល់​វ៉ាក់​សាំង​នៅ​តែ​បន្ត ដែល​ជា​ពន្លក​នៃ​ក្ដី​សង្ឃឹម​អំឡុង​ពេល​ដ៏​លំបាក​លំបិន​របស់​កម្ពុជា»។

វេជ្ជ​បណ្ឌិត Khor Swee Kheng អ្នក​ជំនាញ​ឯករាជ្យ​លើ​កិច្ចការ​គោល​នយោបាយ​សុខមាល​ភាពនិង​សុខភាព​សកល បាន​លើក​ឡើង​ថា ការ​ពឹង​ពាក់​របស់​កម្ពុជា​តែ​លើ​ការ​ផ្គត់​ផ្គង់​វ៉ាក់​សាំង​ពី​ចិន​«មិន​ចម្លែក​ពេក​ទេ» ក្នុង​បរិបទ​នៃ​ការ​ផ្គត់​ផ្គង់​ជួប​បញ្ហា​ខ្វះ​ខាត​ទូទាំង​ពិភព​លោក។

អ្នក​ជំនាញ​គោល​នយោ​បាយ​វេជ្ជសាស្ត្រ​ម៉ាឡេស៊ី​រូប​នេះ ​បាន​ប្រាប់​វីអូអេតាម​សារ​អ៊ីមែល​ថា៖

«ភាគ​ច្រើន​លើស​លប់​នៃ​ការ​ពឹង​ផ្អែក​នេះ​បណ្ដាល​មក​ពី​សមត្ថភាព​ក្នុ​ង​ការ​ចាប់​យក​នូវ​ច្រក​ផ្គត់​ផ្គង់ បញ្ហា​តម្លៃ​និង​ការ​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​នឹង​អ្នក​ផ្គត់​ផ្គង់ ដែល​រួមផ្សំ​ដោយ​ផ្នែក​ដោយ​កត្តា​ភូមិ​សាស្ត្រ​នយោ​បាយ មនោគម​វិជ្ជា និង​គោល​នយោបាយ​ការ​បរទេស​របស់​រដ្ឋ​នីមួយៗ»។

វេជ្ជបណ្ឌិត Khor Swee Kheng លើក​ទឹក​ចិត្ត​ឱ្យ​កម្ពុជា​ដែល​សម្រេច​បាន​«សមិទ្ធផល​គួរ​ឱ្យ​ស្ងើច​សរសើរ»​លើ​ល្បឿន​ពង្រាយ​ចាក់​វ៉ាក់​សាំង​នេះ ខិត​ខំ​ធ្វើ​ពិពិធកម្ម​រក​ប្រភព​ផ្គត់ផ្គត់​បន្ថែម​ផ្សេង​ទៀត​នៃ​វ៉ាក់​សាំង ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​ផ្គត់​ផ្គង់​យឺត​ផង និង​លទ្ធភាព​ដែល​អ្នក​ផ្គត់​ផ្គង់​ផ្ដាច់​មុខ​អាច​មាន​ឥទ្ធិពល​ដំឡើង​ថ្លៃ និង​បច្ចេកទេស​ទាំង​ស្រុ​ង​ទៅ​ថ្ងៃ​មុខ​ក៏​ថា​បាន។

យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​រំពឹង​ថា​ នឹង​ចាក់​បាន​មនុស្ស​ជាង​៥​លាន​នាក់​ត្រឹម​ដំណាច់​ឆ្នាំ​២០២១ ក្នុង​គោល​ដៅបង្កើត​ភាព​ស៊ាំ​សហគមន៍​តប​នឹង​កូវីដ។នេះបើ​យោង​តាម​ឯកសារ​ស្តី​ពី​ផែន​ការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំងបង្ការ​ជំងឺកូវីដ​១៩ ដែល​រៀបចំ​ដោយ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ចេញ​ផ្សាយ​នា​សប្តាហ៍​មុន។ យុទ្ធសាស្ត្រ​នេះ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​បាន​ធ្វើ​នៅ សហ​រដ្ឋអាមេរិក អង់​គ្លេស និង​អ៊ីស្រា​អែល ដែល​មិន​ប្រើ​វ៉ាក់​សាំង​ចិន។

វាស់​វែង​ភាព​ស៊ាំ​សហគមន៍?

វេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន-​វេជ្ជ​សាស្ត្រ-​ជីវសាស្ត្រ-​និង​កសិកម្ម នៃ​រាជបណ្ឌិត្យសភាកម្ពុជា លើក​ឡើង​ថា​ភាព​ស៊ាំ​សហគមន៍​អាច​សម្រេច​បាន ដោយ​ការចាក់​វ៉ាក់សាំង​គ្រប់​គ្នា ការ​បន្ត​រស់​នៅ​ក្នុង​ជីវភាព​សាមញ្ញ​បែប​គន្លង​ថ្មី និង​ការ​គោរព​ច្បាប់​រដ្ឋ​ទាក់​ទងនឹង​សុខ​ភាព។ តែ​លោក​ថា ភាព​ស៊ាំ​សហគមន៍​ក៏​ត្រូវគួរ​តាម​ដាន​វាស់​វែង​ផងដែរ។

វិធី​វាស់​វែង​ភាព​ស៊ាំ​សហគមន៍​អាច​ពិនិត្យ​មើល​បាន លើ​អត្រា​តួលេខ​នៃ​ការ​ឆ្លង ក្រោយ​ចាក់​វ៉ាក់​សាំង​ទ្រង់​ទ្រាយ​ធំ និង​ការ​ធ្វើ​តេស្ដ​រក​អង្គ​បដិ​ប្រាណ (Antibody)​ដែល​បង្ក​ឡើង​ជា​កង​ការពារ​ក្នុង​ខ្លួ​ន​អ្នក​ចាក់​វ៉ាក់​សាំង​ហើយ។ នេះ​បើតាម​លោក​វេជ្ជ​បណ្ឌិត នុត សម្បត្តិ។

អ្នក​ជំនាញ​រូប​នេះ​លើក​ឡើង​ថា​បើ​សិន​ជា​រដ្ឋ​មាន​លទ្ធភាព រដ្ឋ​គួរ​សិក្សា​ធ្វើ​តេស្ដ​អង្គ​បដិ​ប្រាណ​លើ​អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​រួចរាល់​ហើយ ដើម្បី​ពិនិត្យ​ប្រសិទ្ធ​ភាព និង​ផែន​ការ​ចាក់​បន្ទាប់។

លោក​មាន​ប្រសាសន៍​ថា៖ «បាទ​គួរ​តែមាន​ការ​សិក្សា នៅ​ក្នុង​ការ​ឆ្លង​សហគមន៍​តំបន់​ក្រហម ដែល​បាន​ចាក់​វ៉ាក់សាំ​ងរួច​ហើយ ព្រោះ​ឥឡូវ​យើង​មាន​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម។ អ៊ីចឹង​យើង​ត្រូវ​សិក្សា​៣​ក្រុម​ហ្នឹង ចាក់​ទាំង​៣ក្រុម​ហ្នឹង ហើយ​យក​៣​ក្រុម​ហ្នឹង​មក​សិក្សា តើ​អ្ន​កឆ្ល​ង​ខ្លាំង ឆ្លង​មធ្យម និង​ឆ្លង​តិច​ហ្នឹង បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង សិក្សា​មើល​ភាព​ស៊ាំ​៣​ក្រុម​ហ្នឹង​ វា​យ៉ាង​ម៉េច អាហ្នឹង​ត្រូវ​តែ​មាន​ការ​សិក្សា តែ​ថវិកា​លទ្ធភាព​យ៉ាង​ណា នោះ​ជា​រឿងរដ្ឋាភិបាល»។

វេជ្ជ​បណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ​ការ​តាមដាន​ធ្វើ​តេស្ដ​រក​អង្គ​បដិ​ប្រាណ (Antibody) បង្ក​បង្កើត​ក្នុង​ខ្លួន​អ្នក​ចាក់​វ៉ាក់​សាំង​ហើយ មិន​មាន​ធ្វើ​នោះ​ទេ។

រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​ទទួល​បន្ទុក​រឿង​វ៉ាក់​សាំង​រូប​នេះ​បាន​ប្រាប់​វីអូអេ​ថា៖

«យើង​អត់​ធ្វើ អត់​មាន អត់​ធ្វើ អត់​មាន​គោល​ការណ៍​ធ្វើ​អាហ្នឹង​ទេ​អូន ... អត់​ទេ​ខ្ញុំ​អត់ Comment (អត្ថាធិប្បាយ)​ លើ​ហ្នឹង​ទេ ព្រោះ​យើង​អត់​មាន​គោល​ការណ៍ អត់​មាន​គោល​នយោបាយ​ទៅ​ធ្វើ​អាហ្នឹងផង អត់​ទាន់»។​

លោក​វេជ្ជបណ្ឌិត ឈា ឆវណ្ណ នាយកវិទ្យាស្ថាន​ជាតិសុខភាពសាធារណៈ បាន​ប្រាប់វីអូអេថា ការធ្វើ​តេស្ដរក​អង្គ​បដិប្រាណ មិន​ចាំ​បាច់​នោះ​ទេ តែ​គេ​គួរ​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​វិសាល​ភាព​ធំ​ធេង។

អ្នកជំនាញ​ដែល​ស្ថិត​ក្នុង​ចំណោម​សមាជិក​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩​ផងដែរ​នោះ បាន​សរសេរ​ថា៖

«វិសាលភាព​គ្រប​ដណ្ដប់​នៃ​ការ​ចាក់​វ៉ាក់សាំង​មាន​កាន់​តែ​ធំធេង ភាព​ស៊ាំ​សហគមន៍​នឹង​បង្កើត​បាន​កាន់​តែខ្លាំង»។

ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​ចាក់​វ៉ាក់​សាំង​កូវីដ​របស់​រដ្ឋាភិបាល ដាក់​គោល​ដៅ​បង្កើត​ភាព​ស៊ាំ​សង្គម​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ដោយពឹង​ផ្អែក​លើ​វ៉ាក់សាំង​ចិន​«ជា​ស្នូល​» តែ​ក៏​បាន​លើក​ឡើង​ពី​កត្តាហានិភ័យ​នៃ​សមត្ថភាព​ស្ថាប័ន​មាន​កម្រិត បូក​រួម​នឹង​វីរុស​បម្លែង​ថ្មី​ដែល​ស៊ាំ​នឹង​វ៉ាក់សាំង​ផងដែរ៕