ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានេះ លោកប្រធានសភាប្រជាជនចិនបានប្រកាសថា ប្រទេសចិនកំពុងប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើគម្រោងចំនួន ២៣ មានទឹកប្រាក់រាប់រយលានដុល្លារអាមេរិកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៥។ ប្រទេសកម្ពុជា និងប្រទេសចិនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៦ ដើម្បីខ្ចីប្រាក់ពីធនាគារនៃប្រទេសចិនសម្រាប់អភិវឌ្ឍធនធានទឹក កសាងផ្លូវ ស្ពាន កំពង់ផែ និងបច្ចេកវិទ្យាព័ត៌មាន។ ក្រុមអ្នកសេដ្ឋកិច្ចកម្ពុជាបានមើលឃើញថា វាជាសញ្ញាវិជ្ជមានសម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
នៅថ្ងៃសុក្រនេះ ក្រុមអ្នកវិភាគសេដ្ឋកិច្ចកម្ពុជាបានសម្តែងសុទិដ្ឋិនិយមលើការជំរុញកំណើនពាណិជ្ជកម្មសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ខណៈដែលប្រទេសចិនបានប្រកាសវិនិយោគទឹកប្រាក់ចំនួន ១៦០០ លានដុល្លារអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅក្នុងប្រទេសកម្ពុជា នៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វូ បាងហ្កូ (Wu Bangguo) ប្រធានសភាប្រជាជនចិននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា គម្រោងវារីអគ្គិសនី រ៉ែ ស្ពាន និងការតភ្ជាប់ផ្លូវរថភ្លើងបាន ស្ថិតនៅក្នុងការផ្តួចផ្តើមគំនិតនានា ដែលបានផ្តល់មូលនិធិដោយប្រទេសចិនរវាងពីឆ្នាំ២០១០ និង ២០១៥ ។
«ក្នុងរយៈពេល៥ឆ្នាំខាងមុខ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ ប្រទេសចិន និងប្រទេសកម្ពុជា មានគម្រោង សហប្រតិបត្តិការចំនួន២៣ គម្រោង ដែលមានតម្លៃទឹកប្រាក់ចំនួន ១៦០០ លានដុល្លារអាមេរិក ដើម្បីបង្កើនថែមទៀតលើផ្នែកផ្លូវ ស្ពាន ផែ ផ្លូវដែក បច្ចេកវិទ្យាព័ត៌មាន វារីអគ្គិសនី និងរ៉ែ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក វូ បាងហ្កូ ប្រធានសភាប្រជាជនចិន បានធ្វើជាសាក្សី នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៦ ដែលរួមមានកិច្ចព្រមព្រៀងកម្ចីបានរៀបចំឡើង ដោយធនាគារនៃប្រទេសចិន ដូចជា កិច្ចព្រមព្រៀងស្តីពីឥណទានសម្បទានគ្រោងអភិវឌ្ឍន៏ធនធាន ទឹកព្រែកស្ទឹងកែវ នៅខេត្តកំពត កិច្ចសន្យាស្តីពីកុងស៊ុលតង់លើគម្រោងសាងសង់ស្ពាន តាខ្មៅ កិច្ចសន្យាពាណិជ្ជកម្មស្តីពីគម្រោងអភិវឌ្ឍន៏ស្ទឹងពោធិ៏សាត់ និងកិច្ចព្រមព្រៀងឥណទានអនុគ្រោះសម្រាប់គម្រោងសាងសង់កំពង់ផែភ្នំពេញជាដើម។
លោក ខៀវ កាញារិទ្ធបានបញ្ជាក់ថា លោក វូ បាងហ្កូ បានសន្យាជំរុញឲ្យមានការវិនិយោគចិន ឲ្យវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត ខណៈដែលទុនវិនិយោគផ្ទាល់ពីប្រទេសចិននៅកម្ពុជា រហូតមកដល់ឆ្នាំនេះ មានត្រឹមតែ៦១០លានដុល្លារអាមេរិកប៉ុណ្ណោះ។
«លោក វូ បាងហ្កូ បានលើកឡើងចំណុចមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ពីព្រោះលោកបានគិតថា បើទំនាក់ទំនងសេដ្ឋកិច្ចល្អនឹងជួយជំរុញដល់ទំនាក់ទំនងផ្នែកនយោបាយ។ ទំនាក់ទំនងផ្នែកនយោបាយល្អនឹងជួយជំរុញដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម»។
លោកនូវ សីហា អ្នកសេដ្ឋកិច្ចនៅវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា បើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលទទួលបានជោគជ័យ វានឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
«វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពានដែក ផ្លូវថ្នល់ រ៉ែ និងវារីអគ្គិសនី ដែលសុទ្ធតែជាវិស័យចាំបាច់ដែលយើងត្រូវការ ពីព្រោះវាជាគ្រោងឆ្អឹងសេដ្ឋកិច្ច»។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានបញ្ជាក់ថា លោកមានសុទិដ្ឋិនិយមចំពោះទឹកប្រាក់វិនិយោគ១៦០០លានដុល្លារអាមេរិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ដែលជាតម្រូវការចាំបាច់របស់សេដ្ឋកិច្ចកម្ពុជា។
«ខ្ញុំយល់ និងជឿជាក់ថា ការវិនិយោគនេះពិតជាជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឈានទៅដល់ការកាត់បន្ថយភាពក្រីក្របានផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធ មានដូចជាផ្លូវថ្នល់ ផ្លូវដែក និងអគ្គិសនី ឬថាមពលនេះដែលហៅថា ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោក ចាន់ សុផលបានបញ្ជាក់ថា ទឹកប្រាក់វិនិយោគនេះ គឺជាឱកាសដ៏ល្អសម្រាប់ឲ្យប្រទេសកម្ពុជាធ្វើការអភិវឌ្ឍ ជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែរដ្ឋាភិបាលមានតួនាទីជួយកែសម្រួលការបែងចែកកំណើនសេដ្ឋកិច្ចជាតិឲ្យមានសមធ៌ម៕