ភរិយាសកម្មជនលោក នី ណាក់ ស្នើសុំអគ្គនាយកដ្ឋានពន្ធនាគារផ្លាស់ប្តូរស្វាមីខ្លួនពីមណ្ឌលអប់រំកែប្រែទី ៣ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំមកមណ្ឌលអប់រំកែប្រែទី ១ ព្រៃស រាជធានីភ្នំពេញវិញដោយហេតុផលទីតាំងឆ្ងាយពិបាកធ្វើដំណើរទៅសួរសុខទុក្ខ។ នេះបើតាមភរិយាលោក នី ណាក់ និងលោកមេធាវី ជួង ជូងី។
អ្នកស្រី សុខ ស៊ីណែត ភរិយារបស់លោក នី ណាក់ នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហោះសារជាវីដេអូនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយស្នើសុំអគ្គនាយកដ្ឋានពន្ធនាគារផ្លាស់ប្តូរស្វាមីអ្នកស្រីពីមណ្ឌលអប់រំកែប្រែទី ៣ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកមណ្ឌលអប់រំកែប្រែទី១នៅព្រៃសវិញ។
អ្នកស្រីប្រាប់វីអូអេបន្ថែមថា មណ្ឌលអប់រំកែប្រែទី ៣ ត្រពាំងផ្លុងនោះមានចម្ងាយឆ្ងាយរហូតដល់ទៅជាង ២០០ គីឡូម៉ែត្រពីផ្ទះអ្នកស្រីនៅរាជធានីភ្នំពេញ ដែលត្រូវប្រើប្រាស់ពេលវេលា និងចំណាយថវិកាច្រើនក្នុងពេលទៅសួរសុខទុក្ខម្តងៗ។ អ្នកស្រីឱ្យដឹងទៀតថា មេធាវីក៏ពិបាកក្នុងការទៅជួបជជែកជាមួយស្វាមីរបស់អ្នកស្រី រួមទាំងការដឹកជញ្ជូនមកសវនាការនៅរាជធានីភ្នំពេញដែរ។
អ្នកស្រី សុខ ស្រីណែត ថ្លែងថា៖« មណ្ឌលកែប្រែទី ៣ ម៣ ត្រពាំងផ្លុងវានៅឆ្ងាយពីផ្ទះយើងអូន ឆ្ងាយចង់ ២០០ គីឡូអ៊ីចឹងវាបង្កផលលំបាក។ ពេកដែលបងទៅសួរសុខទុក្ខគាត់ អ៊ីចឹងវាឆ្ងាយ និយាយទៅឆ្ងាយហើយយើងចំណាយថវិកាច្រើន ហើយវាមានផលវិបាកច្រើន។ មួយទៀតហ្នឹងមេធាវីដែលគាត់ត្រូវឡើងទៅជួបប្តីបងក៏គាត់ត្រូវធ្វើដំណើរឆ្ងាយអ៊ីចឹង»។
អ្នកស្រី សុខ ស៊ីណែត បង្ហាញក្តីសង្ឃឹមថានឹងមានដំណោះស្រាយ និងសុំការយោគ យល់ពីអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីឱ្យស្វាមីអាចផ្ទេរមកមណ្ឌលអប់រំកែប្រែទី ១ ព្រៃស ដូច្នេះអ្នកស្រីអាចកាត់បន្ថយថ្លៃចំណាយ និងងាយស្រួលក្នុងការទៅសួរសុខទុក្ខ។
សកម្មជនសង្គម លោក នី ណាក់ ត្រូវបានបញ្ជូនចេញពីពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤។ មន្រ្តីពន្ធនាគារបញ្ជាក់ថាការបញ្ជូនលោក នី ណាក់ ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ដោយសារមានកំណើនជនជាប់ឃុំច្រើននៅពន្ធនាគារព្រៃស។
ការបញ្ជូនលោក នី ណាក់ និងអ្នកជាប់ឃុំផ្សេងទៀតចេញគឺដើម្បីសម្រួលភាពចង្អៀតណែនក្នុងពន្ធនាគារព្រៃស។ នេះបើតាមការបញ្ជាក់របស់លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ។
លោកមេធាវី ជួង ជូងី មេធាវីការពារក្ដី លោក នី ណាក់ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកបានសរសេរលិខិតស្នើសុំទៅកាន់ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ ដោយស្នើសុំផ្ទេរកូនក្ដីរបស់ខ្លួនពីមណ្ឌលអប់រំកែប្រែ ៣ ត្រពាំងផ្លុង មកមណ្ឌលអប់រំកែប្រែ១ ព្រៃសវិញ ដោយសារបញ្ហាទីតាំងឆ្ងាយលំបាកក្នុងការធ្វើដំណើរ។ លោកបញ្ជាក់ថា មកទល់នឹងពេលនេះនៅមិនទាន់មានការឆ្លើយតបអ្វីនៅឡើយទេ។
លោក ជួង ជូងី ថ្លែងថា៖ «ប្រពន្ធគាត់ក៏ពិបាកធ្វើដំណើរទៅសួរសុខទុក្ខគាត់ ខ្ញុំជាមេធាវីក៏ពិបាកធ្វើដំណើរទៅ អញ្ចឹងខ្ញុំបានដាក់ពាក្យស្នើសុំទៅអគ្គនាយកដ្ឋានពន្ធនាគារ តាំងពីថ្ងៃទី ១ ខែ ៤ (មេសា)មកម្ល៉េះ។ ប៉ុន្ដែមកដល់ឥឡូវហ្នឹងអត់មានទទួលដំណឹងអ្វីសោះពីអគ្គនាយកដ្ឋានពន្ធនាគារ»។
យ៉ាងណាមិញ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាការស្នើសុំភរិយារបស់លោក នី ណាក់ ជាសិទ្ធិបុគ្គល និងមិនខុសច្បាប់អ្វីឡើយ។ លោកបន្តថាការសម្រេចអនុញ្ញាតក្នុងការផ្ទេរមកពន្ធនាគារមណ្ឌលអប់រំកែប្រែ តាមការស្នើសុំរបស់ភរិយាលោក នី ណាក់ អាស្រ័យលើការសម្រេចរបស់តុលាការ។
លោក នុត សវនា ថ្លែងថា៖ «បាទ! ការស្នើនេះវាជាសិទ្ធិរបស់គាត់ អត់មានខុសច្បាប់អីទេ គាត់ស្នើបាន[...]រឿងការសម្រេចនេះគឺស្ថិតនៅលើស្ថាប័នតុលាការ ព្រោះគាត់ជាម្ចាស់សំណុំរឿង»។
បើតាមលោកមេធាវី ជួង ជូងី ស្ថានភាពរបស់លោក នី ណាក់ នៅក្នុងពន្ធនាគារត្រពាំងផ្លុង មានភាពលំបាកជាងពេលស្ថិតនៅពន្ធនាគារព្រៃស។ លោកមេធាវីបន្ថែមថាលោកកំពុងព្យាយាមស្នើសុំឱ្យកូនក្ដីរបស់លោកអាចនៅក្រៅឃុំជាបណ្ដោះអាសន្ន និងកំពុងរង់ចាំការសម្រេចពីតុលាការ។
គួរបញ្ជាក់ថាលោក នី ណាក់ អាយុ ៤៦ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ ក្រោមបទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក។
លោក នី ណាក់ ម្ចាស់គណនីសង្គមហ្វេសប៊ុកឈ្មោះ IMan-KH ដែលមានជំនាញក្នុងវិស័យកសិកម្មតែងតែរិះគន់ចំណុចអវិជ្ជមាននានានៅក្នុងសង្គម ជាពិសេស ពាក់ព័ន្ធនឹងវិស័យកសិកម្ម តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក។
លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ ១៨ ខែ ពីបទ«ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីចុងឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងលក្ខណៈកំប្លែង រឿងទិញម៉ាស់ពាក់ឱ្យមាន់ អំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩៕